អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើកឡើងថា សេចក្ដីព្រាងច្បាប់សណ្ដាប់ធ្នាប់សាធារណៈ គឺជាការរំលោភបំពានលើសិទ្ធិសេរីភាពរបស់ស្ត្រី និង រំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជាខ្លួនឯង ទាក់ទងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ចោទសួររបបក្រុងភ្នំពេញថា តើគោលនយោបាយ និងផែនការលើកកម្ពស់សិទ្ធិរបស់ស្ត្រីទាំងនោះ គ្រាន់តែបង្កើតឡើងដើម្បីយកទៅបង្ហាញនៅក្នុងវេទិការបស់អង្គការសហប្រជាជាតិទេ ឬក៏យ៉ាងណា?
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ប្រាប់អាស៊ីសេរីតាមអ៊ីមែលនៅថ្ងៃទី២៨ សីហាថា សេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់ សាធារណៈនេះ គឺបង្ហាញពីចក្ខុវិស័យដ៏ខ្មៅងងឹតរបស់រដ្ឋាភិបាលក្នុងការរឹតត្បិត និងរំលោភសិទ្ធិដើម្បីគ្រប់គ្រង់សង្គមប្រឆាំងនឹងពលរដ្ឋកម្ពុជា។ លោកបន្តថា សេចក្ដីព្រាងច្បាប់នេះ កំពុងស្វែងរកការដកហូតសិទ្ធិសេរីភាពរបស់ស្ត្រី និងកំពុងបន្ថែមនូវអំពើហិង្សាប្រឆាំងនឹងភេទ ព្រមទាំងការរើសរើសអើងប្រឆាំងនឹងស្ត្រីនៅក្នុងទិដ្ឋភាពជីវិតសេដ្ឋកិច្ច សង្គម និងនយោបាយ។ លោក ហ្វីល រ៉ូបឺតសុន បន្ថែមថា យូមែន រ៉ៃត៍ វ៉ច្ឆ យល់ស្របជាមួយក្រុមអង្គការមិនមែនរដ្ឋាភិបាលចំនួន៣៦ស្ថាប័នដែលបានចេញសេចក្តីថ្លែងការណ៍រួមគ្នាថា សេចក្តីព្រាងច្បាប់នេះអាក្រក់ខ្លាំងណាស់ ដែលមិនចាំបាច់ជជែកកែលម្អអ្វីទៀត គឺត្រូវតែទម្លាក់ចោលជាបន្ទាន់តែម្ដង។
ទាក់ទងនឹងករណីនេះ អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់ និងជាអ្នកនាំពាក្យក្រសួងកិច្ចការនារី អ្នកស្រី ស ស៊ីណែត ថ្លែងយ៉ាងខ្លីថា ក្រសួងកិច្ចការនារី មិនហ៊ាននិយាយអ្វីទេ ក្នុងដំណាក់កាលនេះ ហើយអ្នកស្រី តម្រូវឲ្យអាស៊ីសេរី ដាក់លិខិតជាផ្លូវការទៅក្រសួង ដើម្បីឲ្យក្រសួងពិនិត្យមើលសំណួរដើម្បីឆ្លើយតប។ ចំណែកអនុប្រធានក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃ លោក មុនី វីរៈ ថ្លែងថា លោកជាប់រវល់មិនអាចឆ្លើយតបអ្វីបានទេ។ ទោះយ៉ាងណា លោក មុនី វីរៈ ប្រាប់អាស៊ីសេរីនៅមុននេះមួយថ្ងៃថា សេចក្ដីព្រាងច្បាប់នេះមានគោលដៅរក្សាសណ្ដាប់ធ្នាប់ និងការពារសេចក្ដីថ្លៃថ្នូររបស់ពលរដ្ឋ ហើយសេចក្ដីព្រាងច្បាប់នេះទើបចាប់ផ្ដើមជំហ៊ានដំបូងដែលមិនទាន់បើកឲ្យមានការពិគ្រោះនិងផ្ដល់យោបល់ពីភាគីផ្សេងៗនៅឡើយទេ។
ទោះជាយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន ៣៦ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមគ្នានៅថ្ងៃទី២៧ សីហា ទាមទារឲ្យរដ្ឋាភិបាលទម្លាក់ចោលសេចក្ដីព្រាងច្បាប់នេះ ដោយសារពិនិត្យឃើញថា មានមាត្រាជាច្រើន ប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ស្ត្រី ទាំងជម្រើសនៃការស្លៀកពាក់ និងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ស្ត្រី ដែលផ្ទុយពីអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។