ពលរដ្ឋ​ប្រមាណ​៣០០​នាក់​ទាមទារ​ដោះ​លែង​អតីត​អ្នក​បើកបរ​ឡាន​ក្រុមហ៊ុន​កាពីតូល​ពីរ​នាក់

ដោយ សុជីវី
2016-02-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​អតីត​អ្នក​បើក​រថយន្ត​ក្រុង​ឲ្យ​ក្រុមហ៊ុន​កាពីតូល និង​សហជីព​កម្មករ​ផ្នែក​កាត់ដេរ និង​កម្មករ វិស័យ​សំណង់ តវ៉ា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
ក្រុម​អតីត​អ្នក​បើក​រថយន្ត​ក្រុង​ឲ្យ​ក្រុមហ៊ុន​កាពីតូល និង​សហជីព​កម្មករ​ផ្នែក​កាត់ដេរ និង​កម្មករ វិស័យ​សំណង់ តវ៉ា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA/So Chivy

ក្រុម​សហជីព​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ និង​សំណង់ អតីត​អ្នក​បើកបរ​ឲ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​កាពីតូល (CAPITOL) និង​ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ ដែល​មាន​ចំនួន​សរុប​ប្រមាណ ៣០០​នាក់ នាំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃ​ស និង​នៅ​ខាង​មុខ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ។ ពួក​គេ​ទាមទារ​ឲ្យ​តុលាការ ពិចារណា​ដោះ​លែង​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​កាពីតូល ពីរ​នាក់​ឲ្យ​មាន​សេរីភាព និង​ស្វែងរក​យុត្តិធម៌​សម្រាប់​អ្នក​ដែល​រង​របួស ស្រប​ពេល​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ច្រាន​ចោល​សំណើសុំ​នៅ​ឃុំ​របស់​អ្នក​ទាំង​ពីរ។

សំឡេង​ស្រែក​តវ៉ា​នៅ​ខាង​មុខ​តុលាការ៖ «សូម​សំពះ​អង្វរ​តុលាការ សូម​តុលាការ​ដោះ​លែង​អ្នក​ទាំង​ពីរ​មក​វិញ​មក...»

អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​កាពីតូល ទាំង ២​នាក់ ដែល​ក្រុម​អ្នក​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​នោះ​មាន លោក រស់ ស៊ីផៃ និង​លោក នន វណ្ណា។ អ្នក​ទាំង​ពីរ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ។

នៅ​រសៀល​ថ្ងៃ​ទី​២៣ កុម្ភៈ ដែល​ពួក​គេ​កំពុង​តវ៉ា​នេះ ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏​កំពុង​សាកសួរ​ជា​ថ្មី​ទៀត​ចំពោះ​អតីត​អ្នក​បើកបរ​ឡាន​ក្រុង​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ គឺ​លោក នន វណ្ណា។

នៅ​មុន​ពេល​ពួក​គេ​ទៅ​តវ៉ា​នៅ​ខាង​មុខ​សាលា​ដំបូង​នេះ គឺ​នៅ​ពេល​ព្រឹក ពួក​គេ​បាន​ទៅ​តវ៉ា​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃ​ស

ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ ក៏​បាន​ស្រែក​ទាមទារ​ឲ្យ​អ្នក​ទាំង ២​នាក់​បាន​នៅ​ក្រៅ​ឃុំ ក្រោយ​ចេញ​ពី​សួរ​សុខ​ទុក្ខ​អ្នក​ទាំង​ពីរ​ក្នុង​ពន្ធនាគារ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ

ម្ដាយ​របស់ លោក នន វណ្ណា លោកស្រី អ៊ឹម សុខុម បាន​អំពាវនាវ​ឲ្យ​តុលាការ ដោះ​លែង​កូន​ប្រុស​ឲ្យ​មាន​សេរីភាព៖ «កូន​ខ្ញុំ​រងគ្រោះ​ដោយ​អយុត្តិធម៌ កូន​ខ្ញុំ​តៃកុង​ឡាន កម្មករ កូន​កសិករ រក​ស៊ី​ចិញ្ចឹម​ជីវិត​ដោយ​សុចរិត​ទៀង​ត្រង់។ ហេតុ​អ្វី​កូន​ខ្ញុំ​ត្រូវ​ជាប់​ឃុំ​ដោយ​អយុត្តិធម៌​ចឹង»

ចំណែក​ម្ដាយ​របស់ លោក រស់ ស៊ីផៃ គឺ​លោកស្រី សួន រី។ លោកស្រី​បាន​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​ដោះស្រាយ​ករណី​នេះ៖ «ហួស​ចិត្ត​ពេក​អាណិត​កូន។ សូម​ឲ្យ​អង្គការ​ជួយ និង​រដ្ឋាភិបាល​គ្រប់​ស្ថាប័ន​ទាំងអស់ ជួយ​កូន​ខ្ញុំ​ឲ្យ​ឆាប់​រួច​ផុត​ផង»

លោក រស់ ស៊ីផៃ និង​លោក នន វណ្ណា ត្រូវ​បាន​ចោទ​ប្រកាន់​ចំនួន ៣​បទល្មើស តាម​ក្រម​ព្រហ្មទណ្ឌ និង​ច្បាប់​ចរាចរណ៍ គឺ​ទី​១ បង្ក​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស។ ទី​២ ប្រឆាំង​អ្នក​រាជការ មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ចោទ​ទី​៣ បង្ក​ឧបសគ្គ​រារាំង​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។

ប្រធាន​សហភាព​ការងារ​កម្ពុជា ហៅ​កាត់​ថា ស៊ី.អិល.ស៊ី (CLC) លោក អាត់ ធន់ ថ្លែង​ថា ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​បើកបរ​ឡាន​ក្រុង​ទាំង​ពីរ​រូប គឺ​ជា​រឿង​អយុត្តិធម៌៖ «វាសនា​អនាគត​របស់​គាត់​សង្ឃឹម​លើ​អី? បើ​សិន​ជា​សង្គម​ទាំង​មូល​មិន​អាច​រក​យុត្តិធម៌​ឲ្យ​គាត់​បាន។ យើង​មើល​អំពើ​ហិង្សា​កណ្ដាល​រាជធានី​ភ្នំពេញ មិន​អាច​ចាប់​ជន​ល្មើស​បាន។ ជន​ល្មើស​កាន់​ដំបង​ដែក បំពង់​ទីប រូប​ថត​វីដេអូ​បង្ហោះ​គ្រប់​មួយ​ប្រទេស មិន​អាច​ចាប់​ជន​ល្មើស​បាន។ តើ​យុត្តិធម៌​កន្លែង​ណា? មិន​ត្រឹម​តែ​ប៉ុណ្ណោះ គឺ​មន្ត្រី​តុលាការ ចោទ​ប្រកាន់​ដោយ​មិន​បាន​ចុះ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់»

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ដើម្បី​រក​ឃើញ​យុត្តិធម៌​ក្នុង​សំណុំ​រឿង​នេះ តុលាការ​ត្រូវ​តែ​សាកសួរ​គ្រប់​ភាគី​ពាក់ព័ន្ធ៖ «យើង​ត្រូវ​តែ​ស្វែង​រក​នរណា​ជា​អ្នក​បង្ក​អំពើ​ហិង្សា? នរណា​ខ្លះ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា? ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត ហើយ​ស្វែងរក​ចាប់​ជន​ដៃ​ដល់​ទាំងអស់​ហ្នឹង​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់ ហើយ​ដោះ​លែង​ជន​រងគ្រោះ»

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ដដែល​នេះ បាន​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ជាប់​ឃុំ​ទាំង​ពីរ​នាក់។ ករណី​នេះ មេធាវី​ការពារ​ក្ដី នឹង​បន្ត​ទៅ​ដាក់​ពាក្យ​បណ្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​ទៀត​ពី​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​នេះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ។

ក្រុម​អ្នក​តវ៉ា បាន​រំសាយ​ទៅ​វិញ​បន្ទាប់​ពី​ស្រែក​ទាមទារ​រយៈពេល​ជាង ២​ម៉ោង។ រីឯ​អតីត​អ្នក​បើកបរ​ឡាន​ក្រុង លោក នន វណ្ណា ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ។

អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​កាពីតូល បាន​តវ៉ា​ប្រមាណ ២​ខែ​មក​ហើយ បន្ទាប់​ពី​ថៅកែ​បញ្ឈប់​អ្នក​បើកបរ​រថយន្ត​ក្រុង ៤៥​នាក់ ដោយ​ចោទ​ពី​បទ​រំលោភ​កិច្ចសន្យា​ការងារ​ជាមួយ​ក្រុមហ៊ុន រំលោភ​បទបញ្ជា​ផ្ទៃ​ក្នុង​ដែល​បាន​លួច​កិបកេង​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន និង​រំលោភ​ច្បាប់​ការងារ។ ករណី​អំពើ​ហិង្សា​កើត​ឡើង​ក្នុង​ពេល​តវ៉ា​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ។

ក្រុម​អ្នក​តវ៉ា បាន​ចោទ​ប្រកាន់​ថា អំពើ​ហិង្សា​នោះ​ផ្ដើម​ដោយ​សមាជិក​សមាគម​រួប​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា ស៊ី.ស៊ី.ឌី.អេ (CCDA) ប៉ុន្តែ​ត្រូវ​ប្រធាន​សមាគម​នេះ​បដិសេធ។ ក្រុម​អ្នក​តវ៉ា​អះអាង​ថា អំពើ​ហិង្សា​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ១៤​នាក់​រង​របួស រួម​មាន​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង និង​អ្នក​គាំទ្រ​ជាច្រើន​នាក់ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ម្នាក់ និង​មន្ត្រី​នគរបាល​ម្នាក់ ដែល​ពួក​គេ​ខ្លះ​បាន​របួស​បាក់​ដៃ និង​ច្រើន​នាក់​ផ្សេង​ទៀត​រង​របួស​មុខ និង​ក្បាល។ ចំណែក​ប្រធាន​សមាគម​រួប​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា លោក ឯ សុភាស់ អះអាង​ថា អំពើ​ហិង្សា​នោះ​បណ្ដាល​ឲ្យ​សមាជិក​លោក ២០​នាក់​របួស​ដែរ។ ក្នុង​សំណុំ​រឿង​នេះ មាន​អ្នក​ដឹក​នាំ​សហជីព​ចំនួន ៤​រូប​ផ្សេង​ទៀត ត្រូវ​ចោទ​ប្រកាន់​ចំនួន ៣​បទ​ចោទ​ដូច​អ្នក​ដែល​កំពុង​ជាប់​ឃុំ​ទាំង ២​នាក់​ដែរ។

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥០​ស្ថាប័ន គាំទ្រ​ការ​មិន​ប្រើប្រាស់​សេវាកម្ម​ក្រុមហ៊ុន​កាពីតូល

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥០​ស្ថាប័ន ប្រកាស​គាំទ្រ​ក្រុម​សហជីព​កម្មករ​ដែល​អំពាវនាវ​ឲ្យ​សាធារណជន ពហិការ​ប្រើប្រាស់​សេវាកម្ម​ក្រុមហ៊ុន​កាពីតូល ដឹក​ជញ្ជូន​អ្នក​ដំណើរ។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ចេញ​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ បាន​ថ្កោលទោស​ករណី​អំពើ​ហិង្សា​លើ​អតីត​អ្នក​បើកបរ​ឡាន និង​សមាជិក​សហជីព ថា​ជា​អំពើ​ឃោរឃៅ។ ពួក​គេ​ក៏​ទទូច​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទម្លាក់​បទ​ចោទ​ចំពោះ​អ្នក​គ្មាន​កំហុស និង​ស្វែងរក​អ្នក​បង្ក​ហិង្សា​មក​ផ្ដន្ទាទោស។ អង្គការ​សង្គម​ស៊ីវិល បាន​ភ្ជាប់​សមាជិក​សមាគម​រួប​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ទៅ​ក្នុង​ការ​បង្ក​អំពើ​ហិង្សា ចំណែក​កម្លាំង​សមត្ថកិច្ច គឺ​ពុំ​បាន​រារាំង​បញ្ឈប់​អំពើ​ហិង្សា។

ជំនួយការ​អគ្គនាយក​ក្រុមហ៊ុន​ទេសចរណ៍​កាពីតូល លោក ភូ កុកវ៉ាន់ មាន​ប្រសាសន៍​ឆ្លើយ​តប​ថា ការ​អំពាវនាវ​នេះ គឺ​ជា​សេរីភាព​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​នោះ ប៉ុន្តែ​សាធារណជន​ទូទៅ បាន​ដឹង​ពី​បញ្ហា​ដែល​ធ្លាប់​កើត​ឡើង​ក្នុង​សេវាកម្ម​របស់​ក្រុមហ៊ុន​លោក​នា​ពេល​កន្លង​ទៅ៖ «សំខាន់ គឺ​ឋិត​នៅ​លើ​ហេតុ​ផល និង​ភស្តុតាង​ច្បាស់លាស់​ថា អ្នក​ណា​ជា​អ្នក​ខុស? អ្នក​ណា​ជា​អ្នក​បំពាន​ច្បាប់? ចឹង​អតិថិជន​គាត់​ជា​អ្នក​ដឹង​ច្បាស់​ជាង​ក្រុមហ៊ុន​ទៀត ព្រោះ​ថា អតិថិជន​គាត់​នៅ​ជាមួយ​គាត់ ធ្វើ​ដំណើរ​ជាមួយ​តៃកុង​ឡាន​ច្រើន​ជាង​តៃកុង​ឡាន​នៅ​ជាមួយ​ក្រុមហ៊ុន​ទៅ​ទៀត។ ចឹង​អ្នក​ណា​ខូច មិន​ខូច? អតិថិជន​គាត់​អាច​ដឹង​ច្បាស់​ជាង​គេ។ ចំពោះ​អ្នក​ដែល​ត្រូវ​បណ្ដេញ​ចេញ គឺ​អ្វីៗ​យើង​បាន​ធ្វើ​តាម​ក្របខ័ណ្ឌ​ច្បាប់​អស់​ហើយ។ យើង​បណ្ដេញ​ពួក​គាត់​ចេញ​ដោយសារ​តែ​ពួក​គាត់​បាន​ប្រព្រឹត្ត​កំហុស»

លើស​ពី​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​កាពីតូល ទទួល​យក​អតីត​អ្នក​បើកបរ​ទាំង ៤៥​នាក់ ត្រឡប់​ចូល​ធ្វើ​ការ​វិញ និង​ទម្លាក់​ចោល​បទ​ចោទ​លើ​អតីត​អ្នក​បើកបរ​ឡាន​ដែល​កំពុង​ជាប់​ឃុំ និង​ថ្នាក់​ដឹក​នាំ​សហជីព​ចំនួន ៤​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ករណី​អំពើ​ហិង្សា​ដដែល​នេះ។ ការ​ទាមទារ​ឲ្យ​ទទួល​យក​អតីត​អ្នក​បើកបរ​ឡាន ចូល​ធ្វើ​ការ​ឡើង​វិញ​នេះ លោក ភូ កុកវ៉ាន់ ឆ្លើយ​ថា ក្រុមហ៊ុន​រក្សា​ជំហរ​ដដែល ដ្បិត​ការ​បណ្ដេញ​ចេញ​នោះ ក្រុមហ៊ុន​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល