នគរបាល​ខេត្ត​ពោធិ៍សាត់​ឃុំ​ខ្លួន​ជាង​ថត​រូប​ម្នាក់ បន្ត​នៅ​ស្នងការ ១យប់​ទៀត មុន​បញ្ជូន​ទៅ​តុលាការ រឿង​​បង្ហោះ​សារ​ជេរ​ប្រមាថ​លោក ហ៊ុន សែន

0:00 / 0:00

សមត្ថកិច្ច​​ស្រុក​វាលវែង​ បញ្ជូន​ខ្លួន​ជាង​ថត​រូប​ម្នាក់ ឈ្មោះ មុត សាមាន ដែល​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៣ កុម្ភៈ ពី​បទ​បង្ហោះ​សារ​ជេរ​ប្រមាថ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ ទៅ​ស្នងការដ្ឋាន​ខេត្ត​ពោធិ៍សាត់ នៅ​រសៀល​ថ្ងៃ​ទី៥ កុម្ភៈ។ សាច់​ញាតិ​ និង​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស ទាមទារ​ឲ្យ​នគរបាល​ដោះលែង​លោក មុត សាមាន។

បងស្រី​របស់​លោក មុត សាមាន គឺ​លោកស្រី ផាវ សុផុន ថ្លែង​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ថា សមត្ថកិច្ច​ចោទ​ប្អូន​ប្រុស​លោកស្រី​ពី​បទ បង្ហោះ​សារ​ជេរ​ប្រមាថ​រដ្ឋាភិបាល។ ប៉ុន្តែ ​ខ្លឹមសារ​ជេរ​ប្រមាថ​បែប​ណា​នោះ លោកស្រី​មិន​ដឹង​ទេ ដោយសារ​លោកស្រី​មិន​យល់​ដឹង​ពី​ប្រព័ន្ធ​ហ្វេសប៊ុក (facebook)។

លោកស្រី ផាវ សុផុន ឲ្យ​ដឹង​ថា លោក មុត សាមាន បាន​បញ្ជាក់​ប្រាប់​នគរបាល​ក្រុង​ពោធិ៍សាត់ រួច​ហើយ​ថា គាត់​ពិត​ជា​បាន​បង្ហោះ​សារ​មែន ប៉ុន្តែ​គ្មាន​ចេតនា​ជេរ​ប្រមាថ​ទេ និង​មិន​ដឹង​ថា សារ​នោះ​ជា​ការ​ជេរ​ប្រមាថ​ទេ។ លោកស្រី​ស្នើសុំ​សមត្ថកិច្ច​ឱ្យ​ដោះលែង លោក មុត សាមាន វិញ ដើម្បី​ឲ្យ​ប្អូន​ប្រុស​បន្ត​អាជីព​ជាង​ថត​រូប​តាម​រោង​ការ៖ «សំណូមពរ​ដល់​លោក ឯក​ឧត្ដម អ្វី​ទាំង​អស់​ហ្នឹង​ថា សុខ​ចិត្ត​សារភាព​ថា ទទួល​ខ្លួន​ខុស ពិត​ជា​បាន​ធ្វើ​មែន។ ប៉ុន្តែ ថា ទទួល​ខ្លួន​ខុស​ ហើយ​សូម​ទទួល​កំហុស​ឈប់​ធ្វើ​អ៊ីចឹង​ទៀត​ហើយ។ ឈប់​ហើយ ព្រោះ​និយាយ​ទៅ​ដូច​ថា គ្នា​ហ្នឹង​វា​ លេង​ទៅ​ដូច វា​រាង​ជ្រុល​ដែរ​ហ្នឹង​ណា​អូន។ ដឹង​ខ្លួន​ដែរ។ ដឹង​ខ្លួន​ថា លេង​ទៅ​វា​រាង​ជ្រុល ថា​អ៊ីចឹង ហើយ​មិន​មែន​ថា គិត​ថា ចង់​មើល​ងាយ​ទេ ប៉ុន្តែ​ព្រោះ​ថា លេង​ទៅ​វា​រាង​ជ្រុល សុខ​ចិត្ត​ទទួល​ស្គាល់​កំហុស ហើយ​ថ្ងៃ​ក្រោយ​អត់​មាន​អ៊ីចឹង​ទៀត​ដែរ»

នគរបាល​ស្រុក​វាលវែង បាន​ចាប់​ខ្លួន​លោក មុត សាមាន នៅ​ភូមិ​ផ្ចឹក​ជ្រុំ ឃុំ​ប្រមោយ​ កាល​ពី​ថ្ងៃ​ទី៣ កុម្ភៈ ក្នុង​ពេល​លោក​កំពុង​ថត​រូប​ឲ្យ​កូន​ក្រមុំ​កូន​កំលោះ ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មួយ។

ជាង​ថត​រូប​ម្នាក់​នេះ​មាន​អាយុ ៣៤ឆ្នាំ ជា​អ្នក​ភូមិ​អូរ​បាក់​ត្រា ឃុំ​ព្រងិល ស្រុក​ភ្នំ​ក្រវាញ។ របាយការណ៍​របស់​នគរបាល​​ស្រុក​វាលវែង បាន​ចោទ​ប្រកាន់​ថា លោក មុត សាមាន ពាក់ព័ន្ធ​នឹង​ករណី​បង្ហោះ​សារ​តាម​ហ្វេសប៊ុក ជេរ​ប្រមាថ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ព័ត៌មាន​​នេះ ពី​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ លោក សារុន ចាន់ធី បាន​ទេ នៅ​ថ្ងៃ​ទី៥ កុម្ភៈ ដោយសារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​លើក។ ប៉ុន្តែ នៅ​ម៉ោង​ជាង ៤រសៀល ​ថ្ងៃ​ទី៥ កុម្ភៈ​ដដែល លោកស្រី ផាវ សុផុន ឲ្យ​ដឹង​ថា នគរបាល​មិន​ទាន់​បញ្ជូន​លោក មុត សាមាន ទៅ​សាលា​​ដំបូង​ខេត្ត​ពោធិ៍សាត់​ទេ ដោយ​ប្រាប់​គ្រួសារ​ថា នឹង​បន្ត​ឃុំ​ខ្លួន​ក្នុង​ស្នងការ ១យប់​ទៀត។

ទោះ​ជា​យ៉ាង​ណា បើ​តាម​សារ​ព័ត៌មាន​ក្នុង​ស្រុក ​នគរបាល​ស្រុក​វាលវែង​បាន​ចោទ លោក មុត សាមាន ថា បាន​បង្ហោះ​សារ​ជេរ​ប្រមាថ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

បុគ្គលិក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក កែម គីមស្រ៊ន់ យល់​ថា ប្រសិន​បើ​មាន​ការ​បង្ហោះ​សារ​ជេរ​ប្រមាថ​មែន នគរបាល​គ្រប់​ជាន់​ថ្នាក់ គួរ​តែ​សម្រប​សម្រួល​ឲ្យ​លោក មុត សាមាន ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព មិន​គួរ​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ទេ។ អ្នក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​រូប​នេះ​យល់​ថា ប្រសិន​បើ​សមត្ថកិច្ច​បញ្ជូន​លោក មុត សាមាន ទៅ​តុលាការ​មែន នេះ​ជា​ការ​បំភិត​បំភ័យ​ដល់​ពលរដ្ឋ​ផ្សេង​ទៀត៖ «អាជ្ញាធរ​ពាក់ព័ន្ធ​ឈាន​យក​រូប​គាត់​ទៅ​ដល់​ដាក់​ពន្ធនាគារ បើ​សិន​ករណី​ហ្នឹង​កើត​អ៊ីចឹង​មែន វា​អត់​ត្រឹមត្រូវ​ទេ។ ហ្នឹង​ប្រសិន​​ជា​យក​ទៅ​អនុវត្ត​បែប​ហ្នឹង​ណា។ ខាង​យើង​សង្ឃឹម​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់ គាត់​នឹង​យល់ ហើយ​គាត់​នឹង​សម្រេច​ដោះ​លែង​គាត់​ឲ្យ​មាន​សេរីភាព​វិញ។ អ្វី​ដែល​ធ្វើ​ចំពោះ​គាត់ បើ​សិន​មាន​ការ​ចោទ​ប្រកាន់​ខុស ដូច​ការ​ចោទ​ប្រកាន់ ទាក់ទង​នឹង​ការ​ជេរ​ប្រមាថ​ថ្នាក់​ដឹក​នាំ​ពិត​មែន គ្រាន់​តែ​ធ្វើ​កិច្ច​សន្យា​អប់រំ ណែនាំ​គាត់​ទៅ។ ខ្ញុំ​យល់​ថា រឿង​មួយ​ដែល​សម​ស្រប​ក្នុង​ការ​អនុវត្ត​ច្បាប់»

ទោះ​ជា​យ៉ាង​ណា អាស៊ី​សេរី​មិន​ទាន់​ដឹង​ខ្លឹម​សារ​ជេរ​ប្រមាថ ដែល​សមត្ថិកិច្ច​ចោទ​លោក មុត សាមាន ថា បាន​បង្ហោះ​លើ​ហ្វេសប៊ុក​នោះ មាន​ខ្លឹមសារ​លំអិត​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយសារ​មិន​ទាន់​អាច​ទាក់ទង​សមត្ថកិច្ច​បាន​នៅ​ឡើយ​មក​ដល់​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។