សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ដាក់​ទោស​​ជនសង្ស័យ​រំលោភ​សម្លាប់​ក្មេង​នៅ​ខេត្ត​ព្រះសីហនុ​អស់​មួយ​ជីវិត

ដោយ សេក បណ្ឌិត
2019-06-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។
នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។
RFA

សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ករណី​រំលោភ​សម្លាប់​ក្មេង​ស្រី​ម្នាក់ និង​ប្អូន​ក្មេង​ស្រី​រងគ្រោះ ទៅ​តុលាការ​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​ដែល​នឹង​ឈាន​ដល់​ការ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ក្រោយ​ចាប់ខ្លួន។ សង្គម​ស៊ីវិល​ជំរុញ​ទៅ​តុលាការ​ខេត្ត​ព្រះសីហនុ ផ្ដន្ទាទោស​លើ​ជនសង្ស័យ​ក្នុង​ករណី​រំលោភ​សម្លាប់​ក្មេង​ពីរ​នាក់​នៅ​ខេត្ត​ព្រះសីហនុ​ក្នុង​កម្រិត​អតិបរមា ឬ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ​អ្នកស្រី ជៀប សុធារី ដែល​តាមដាន​ដំណើរ​រឿង​នេះ ប្រាប់​អាស៊ីសេរី​ថា សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ដោយ​សន្និដ្ឋាន​លើ​បទ​ចោទ​ចំនួន​ពីរ គឺ​រំលោភ​សម្លាប់ និង​មនុស្សឃាត​ដោយ​ចេតនា។ ចំណែក​ប្រពន្ធ​ជនសង្ស័យ អ្នកស្រី​មិន​ឃើញ​មានឈ្មោះ​ក្នុង​របាយការណ៍​របស់​សមត្ថកិច្ច​ឡើយ៖ «គេ​បញ្ជូន​មកដល់​តុលាការ​ហើយ ឃើញ​សមត្ថកិច្ច​នាំគ្នា​មក​ច្រើន​និង​ប្រើ​រថយន្ត​ពិសេស សមត្ថកិច្ច​បាន​យាម​នៅ​មាត់​ច្រក​ចូល​តុលាការ​គេ​មានការ​ប្រុងប្រយ័ត្ន»

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ នគរបាល​ខេត្ត​ព្រៃវែង និង​អង្គការ CPU ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ មាង វិចិត្រ អាយុ ២៦​ឆ្នាំ ជា​កម្មករ​សំណង់ កាលពី​ថ្ងៃ​ទី​២ ខែ​មិថុនា នៅ​ស្រុក​មេសាង ខេត្ត​ព្រៃវែង និង​បាន​បញ្ជូន​ទៅ​សួរចម្លើយ​បន្ត​នៅ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ក្រោយ​ជាប់​សង្ស័យ​ថា បាន​រំលោភ និង​សម្លាប់​កុមារ​ពីរ​នាក់​បងប្អូន​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លោក ជួន ណារិន្ទ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ទី៣ ខែ​មិថុនា ថា ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិត​បានជា​ធ្វើ​សកម្មភាព​រំលោភ​សម្លាប់​លើ​ក្មេង​ទាំងពីរ​នាក់​នេះ​មែន។ លោក ជួន ណារិន្ទ ឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​បាន​សារភាព​ទៀត​ថា កន្លង​មក ខ្លួន​បាន​ប្រព្រឹត្តិ​អំពើ​រំលោភ និង​បទល្មើស​ផ្សេងៗ​មួយ​ចំនួន​ទៀត និង​បាន​គេច​ខ្លួន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ជា​បន្តបន្ទាប់៖ «ជនសង្ស័យ​បាន​ប្រើប្រាស់​ថ្នាំញៀន​ជាប្រចាំ​ហើយ​កំពុង​ផឹក​ស្រា​ថ្នាំ​ពេល​ផឹក​ស្រា​ស្រវឹង​នឹង​ក៏​ទៅតាម​ប្រពន្ធ​ទៅ​ទិញ​ពង​ទា​កូន​ពេល​អើត​ឃើញ​កុមារី​រងគ្រោះ​នៅ​ក្នុង​ផ្ទះ​ក៏​ធ្វើ​សកម្មភាព​តែម្ដង​ទៅ»

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បញ្ជាក់​ទៀត​ថា ផ្អែក​តាម​ស្រាវជ្រាវ និង​សួរ​ចំឡើយ​ជំហាន​ដំបូង សមត្ថកិច្ច​រក​ឃើញ​ថា ប្រពន្ធ​របស់​ជនសង្ស័យ មិនមែន​ជា​សហចារី និង​មិនបាន​ផ្សំគំនិត​ជាមួយ​ជនសង្ស័យ​ក្នុង​បទល្មើស​នេះ​ទេ។

កុមារី​រងគ្រោះ អាយុ​ជិត​១០​ឆ្នាំ ត្រូវ​ជនសង្ស័យ​រំលោភ​សម្លាប់ រីឯ​ប្អូនប្រុស​កុមារី​រងគ្រោះ​នេះ​អាយុ ២​ឆ្នាំ ក៏​ត្រូវ​ជនសង្ស័យ​សម្លាប់​ជាមួយគ្នា ក្នុង​ផ្ទះ​ថ្ម​តូច​មួយ ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ស្ថិតនៅ​លើ​ដី​ឡូតិ៍​ធំ​ទូលាយ​មួយ​ដែល​មាន​របង​ថ្ម​កម្ពស់​ប្រហែល ២​ម៉ែត្រ​ព័ទ្ធជុំវិញ​ហើយ​ផ្ទះ​ពលរដ្ឋ​ផ្សេងៗ​ទៀត​នៅ​រប៉ាត់រប៉ាយ​ឆ្ងាយៗ​ពី​គ្នា​។ ផ្ទះថ្ម​តូច​នេះ គឺ​មេការ​សំណង់​ទើបតែ​អនុញ្ញាត​ឱ្យ​គ្រួសារ​ជនរងគ្រោះ​ចូល​ទៅ​រស់នៅ​បណ្ដោះអាសន្ន​បាន ៥​ថ្ងៃ​ប៉ុណ្ណោះ។

កុមារី​ជា​បង ត្រូវ​ឃាតក​ធ្វើ​ទារុណកម្ម​រំលោភ​រហូត​ដល់​ស្លាប់ ចំណែក​កុមារា​ជា​ប្អូនប្រុស ត្រូវ​ឃាតក​វាយ​សម្លាប់​ដើម្បី​បំបិទមាត់​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​ឧសភា នៅ​ពេល​ឪពុក​ចេញទៅ​ធ្វើការ​សំណង់​នៅ​ក្បែរ​ផ្ទះ ហើយ​ម្ដាយ​ចេញទៅ​ស៊ីឈ្នួល​លាងចាន​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ ដោយ​ទុក​ឱ្យ​កូន​នៅ​លេង​ក្នុង​ផ្ទះ​តែ​ពីរ​នាក់​បងប្អូន។

បងស្រី​របស់​ក្មេង​រងគ្រោះ លោកស្រី ផា ស្រស់ ប្រាប់​ថា ពេលនេះ​ក្រុម​គ្រួសារ​កំពុង​ធ្វើបុណ្យ​តាម​ប្រពៃណី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ប្អូន​ទាំងពីរ​នាក់​របស់​លោក​ស្រី ដែល​ជនសង្ស័យ​សម្លាប់​។ លោក​បន្ត​ទៀត​ថា ឪពុកម្ដាយ​របស់​លោក​ស្រី និង​រូប​លោកស្រី​ផ្ទាល់ ចង់​ឃើញ​តុលាការ​កាត់ទោស​ជនសង្ស័យ​ឱ្យ​ធ្ងន់ធ្ងរ​បំផុត៖ «ចង់​ឱ្យ​មានទោស​ប្រហារ​ជីវិត​ប៉ុន្តែ​ច្បាប់​គេ​អត់​ឱ្យ​មាន​ទោស​ណឹង​ផង​ព្រោះ​ប្រទេស​យើង​អត់​មាន​ច្បាប់​អ៊ីចឹង និយាយ​ទៅ​ដាក់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ដូច​ចិញ្ចឹម​វា​ដដែល​ហ្នឹង»

ជុំវិញ​ករណី​នេះ សាធារណជន និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន បាន​ទាមទារ​ឱ្យ​កាត់ទោស​ប្រហារ​ជីវិត​លើ​ជនសង្ស័យ ដែល​ពួកគេ​ចាត់ទុកថា ទង្វើ​នេះ​សាហាវ​ឃោរឃៅ​ព្រៃផ្សៃ​មិន​គួរ​ឱ្យ​លើកលែង។ កាល​ពី​ដើម​ឆ្នាំ​២០១៩ លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ផ្ដួចផ្ដើម​កែ​ច្បាប់​ដើម្បី​អាច​កាត់ទោស​ប្រហារ​ជីវិត​លើ​ជន​ណា​ដែល​រំលោភ​សម្លាប់​កុមារ។ ប៉ុន្តែ​ក្រោយមក​លោក​លុបចោល​គម្រោង​នេះ​វិញ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត លើកឡើង​ថា បើ​ពិនិត្យមើល​ទង្វើ និង​សកម្មភាព​របស់​ជនសង្ស័យ មិន​គួរ​មាន​ស្ថាន​សម្រាល​ទោស​ណាមួយ​លើ​ជន​នេះ​ទេ​។ លោក​យល់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​ឬ​តុលា​ការគួរ​ផ្ដន្ទាទោស​លើ​ជនសង្ស័យ​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត៖ «ទោះបីជា​យើង​ឃើញ​ថា ប្រពល​រដ្ឋ​មិន​ពេញ​ចិត្តនឹង​ការ​ដាក់ទោស​អស់​មួយ​ជីវិត​អ៊ីចឹង​ក៏ដោយ ប៉ុន្តែ​នេះ​ដោយសារ​រដ្ឋធម្មនុញ្ញ​របស់​យើង​ចែងថា​ទោស​ប្រហារ​ជីវិត​ឱ្យ​មាន​ទេ អ៊ីចឹង​ការ​ដាក់ទោស​មួយ​ជីវិត​ក៏​អាច​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ក៏​ដូច​ប្រជាពលរដ្ឋ​យើង​ហ្នឹង​ស្ងប់​អារម្មណ៍​ផង​ដែរ»

ស្រដៀង​គ្នា​នេះ ដែរ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ ខេត្ត​ព្រះសីហនុ​អ្នកស្រី ជៀប សុធារី ក៏​ចង់​ឃើញ​តុលាការ​ផ្ដន្ទាទោស​លើ​ជនសង្ស័យ​ទៅតាម​ច្បាប់​របស់​កម្ពុជា​ដែល​មាន​ស្រាប់។

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​កុមារ ខណៈ​ពួកគេ​សង្កេត​ឃើញ​ថា ការរំលោភ​កុមារ រហូត​ឈាន​ដល់​ការ​សម្លាប់​កុមារ នៅតែ​បន្ត​កើតមាន​នៅ​ក្នុង​សង្គម​កម្ពុជា។ លោក អំ សំអាត លោក​យល់ថា បញ្ហា​នេះ​បណ្តាល​មក​ពី​បញ្ហា​មួយ​ចំនួន​ដូចជា បញ្ហា​គ្រឿងញៀន គ្រឿង​ស្រវឹង ការអនុវត្ត​ច្បាប់​នៅ​មាន​ភាព​ធូរ​លុង មិនទាន់​យល់​ដឹង​បាន​ទូលំទូលាយ​ពី​ការ​ការពារ​លើ​ស្ត្រី និង​កុមារ សីលធម៌​សង្គម​ធ្លាក់​ចុះ និង​បញ្ហា​មួយ​ចំនួន។

របាយការណ៍​៦​ខែ​ចុងក្រោយ​របស់​អង្គការ​លីកាដូ បង្ហាញ​ថា ការរំលោភ​លើ​កុមារ​មាន​ជាង​៥០​ករណី ហើយ​ករណី​ធ្ងន់ធ្ងរ និង​ឃោរឃៅ​ជាងគេ គឺ​ការរំលោភ​សម្លាប់​កុមារ​ពី​នាក់​បងប្អូន​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល