អ្នកច្បាប់ថា ឧកញ៉ា ឌួង ងៀប ដែលចេញមុខបកអាក្រាតអំពើពុករលួយក្នុងប្រព័ន្ធតុលាការ ក៏នឹងចៀសមិនផុតពីជាប់ទោសនោះដែរ ប្រសិនបើតុលាការចាត់ការរឿងនេះ ព្រោះក្នុងច្បាប់កម្ពុជា ទាំងអ្នកសូក និងអ្នកស៊ីសំណូក សុទ្ធតែមានទោសដូចគ្នា។
អ្នកច្បាប់ ថាគ្មានជនណាម្នាក់អាចរួចខ្លួនពីទោសទណ្ឌ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជាអំពីអំពើពុករលួយបាននោះឡើយ ប្រសិនបើមានការស៊ើបអង្កេតល្អិតល្អន់ រហូតតុលាការឈានទៅរកឃើញភ័ស្តុតាងគ្រប់គ្រាន់ បញ្ជាក់ថាជននោះ ពិតជាបានប្រព្រឹត្តអំពើនេះមែន។
ក្នុងករណីនេះ ប្រធានក្រុមអ្នកច្បាប់អមរិន្ទ និងជាទីប្រឹក្សាអង្គការតម្លាភាពកម្ពុជា លោកមេធាវី សុក សំអឿន ថាទាំងឧកញ៉ា ឌួង ងៀប និងចៅក្រមទាំងអម្បាលមាល ដែលយកលុយសំណូកពីលោក ឌួង ងៀប គឺសុទ្ធតែត្រូវជាប់ទោស៖ « បើយើងនិយាយពីភស្តុតាងមែនទែន គាត់សារភាពថាគាត់បានទៅសូកប៉ាន់គេ។ ដូច្នេះគាត់ត្រូវមានទោសពីបទសូកប៉ាន់។ ក៏ប៉ុន្តែ តាមធម្មតាបើយើងចាប់បានអ្នកសូកហើយ ចុះអាណាអ្នកស៊ី ?»។
ឥឡូវនេះទាំងអ្នកសូក និងអ្នកស៊ីសំណូក សុទ្ធតែមិនទាន់ត្រូវបានចោទប្រកាន់ ឬចាប់ខ្លួនមកផ្តន្ទាទោស អំពីអំពើពុករលួយនេះនៅឡើយទេ។ តុលាការបានចាប់ឃុំខ្លួនលោក ឌួង ងៀប ដាក់ពន្ធនាគារ កាលពីពាក់កណ្តាលខែ កុម្ភៈ។ ប៉ុន្តែមិនមែនដាក់ឃុំលោក ពីបទសូកប៉ាន់មន្រ្តីតុលាការនោះទេ គឺដាក់ឃុំលោកពាក់ព័ន្ធនឹងបទឆបោកជនជាតិចិនតៃវ៉ាន់ រឿងចេញសែកស្អុយ (ឬសែកអត់លុយ) នោះទៅវិញ។
លោក ឌួង ងៀប ដែលជាឧត្តមសេនីយ៍នៃក្រសួងមហាផ្ទៃ ពាក់ផ្កាយបី និងជាមន្រ្តីគណបក្សប្រជាជនកម្ពុជាផងនោះ បានធ្វើដំណើរទៅមុខគុកព្រៃស កាលពីដើមខែ កុម្ភៈ ដើម្បីថ្លែងសារបកអាក្រាតអំពើពុករលួយក្នុងប្រព័ន្ធតុលាការ។ លោកថាលោកតែងតែសូកលុយចៅក្រមរាល់លើក ឲ្យតែលោកត្រូវចូលទៅជួបចៅក្រមតាមការកោះហៅ ដើម្បីជាថ្នូរនឹងការមិនឃុំខ្លួនលោកបណ្តោះអាសន្ន។ ប៉ុន្តែ លោកថាលោកចំណាយលុយសូកចៅក្រមច្រើនពេក រហូតខ្សោះអស់ពីខ្លួន ទើបលោកសម្រេចចិត្តដើរទៅមុខគុក ដើម្បីឲ្យចៅក្រមចាប់លោកដាក់គុកតែម្តងទៅ៖ «ទៅទាល់តែកាន់លុយទៅ បើមិនអ៊ីចឹងទេរួចខ្លួនតែឥឡូវ ខែក្រោយទៀតហើយ។ តិចនិករបស់គាត់ចេញមករបៀបថាពន្យារពេលការឃុំខ្លួន ចាប់ខ្លួនឃុំខ្លួនចាប់ខ្លួន ក្រោមការឃុំខ្លួន។ ខ្ញុំទ្រាំលែងបានហើយ។ ខ្ញុំអស់លុយឲ្យគាត់ទៀតហើយ» ។
លោក ឌួង ងៀប មិនបានបញ្ជាក់ថា តើលោកបានសូកលុយចៅក្រមតុលាការ អស់ប្រាក់ចំនួនប៉ុន្មានឲ្យពិតប្រាកដនោះឡើយ។ ប៉ុន្តែលើកចុងក្រោយមុនលោកចេញវីដេអូបកអាក្រាតរឿងនេះ លោកអះអាងថាចៅក្រមតុលាការសាលាដំបូង បង្ខំឲ្យលោកដាក់ប្រាក់តម្កល់ចំនួន ៥ លានដុល្លារ ជាថ្នូរនឹងការមិនឃុំខ្លួន។ បើកុំតែប្រាក់នេះច្រើនពេក កុំអីលោកអះអាងថាលោកនឹងអាចលៃលករកបានទៀត៖ «៥លាន ( ដុល្លារ ) ខ្ញុំមានលុយឯណាតម្កល់ឲ្យគេ។ ខ្ញុំបានអង្វរទៅចៅក្រមថា ខ្ញុំអត់មានលុយទេ។ បើត្រឹមបួនប្រាំម៉ឺន ដប់ម៉ឺន ( ដុល្លារ ) ខ្ញុំអាចទៅខ្ចីគេបាន។ បើលានៗ ខ្ញុំយកលុយមកពីណា ?» ។
លោកឧកញ៉ា ឌួង ងៀប ជាអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់។ លោកមានស្ថានីយ៍ប្រេងតូតាល់។ លោកជាម្ចាស់បុរី ឌួង ងៀប នៅទួលពង្រ និងរោងចក្រចំនួនបីកន្លែង ព្រមទាំងកំពុងរកស៊ីមុខជំនួញផ្សេងៗទៀតជាមួយជនជាតិចិន។ បន្ថែមពីនោះ លោកមានដីជាច្រើនកន្លែងទៀត ដែលមានតម្លៃខ្ទង់លានដុល្លារ។
ទោសទណ្ឌនៃអំពើសូកប៉ាន់ ប៉ះពាល់ដល់ស្ថាប័នយុត្តិធម៌ ត្រង់មាត្រា ៥១៨ មានចែងអំពីបទសូកប៉ាន់ចំពោះចៅក្រម ដែលអ្នកសូកត្រូវមានទោសជាប់ពន្ធនាគារពី ៥ឆ្នាំដល់ ១០ឆ្នាំ។ ចំពោះបទស៊ីសំណូកប្រព្រឹត្តដោយចៅក្រមវិញ ត្រង់មាត្រា ៥១៧ ចែងថា ចៅក្រមដែលទទួលសំណូក ត្រូវមានទោសធ្ងន់ជាងអ្នកសូក ដោយត្រូវជាប់ពន្ធនាគារពី ៧ឆ្នាំ ដល់ ១៥ឆ្នាំ។ ប៉ុន្តែទោសទណ្ឌទាំងនេះ អាចកើតមានទៅបាន គឺទាល់តែស្ថាប័នពាក់ព័ន្ធ រួមគ្នាចាត់ការស៊ើបអង្កេតលើករណីនេះ។ លោកមេធាវី សុក សំអឿន ថាដើម្បីឲ្យករណីនេះចូលដល់ដៃតុលាការ គឺអាចភាគីអ្នកសូកប៉ាន់ គឺលោក ឌួង ងៀប អាចដាក់បណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ឬតុលាការ។ ឬបើមិនដូច្នោះទេ ខាងអង្គភាពប្រឆាំងអំពើពុករលួយ (ឬអេស៊ីយូ (ACU)) ក្រោយបានឮការចោទប្រកាន់នេះហើយ ក៏អាចចាប់ផ្តើមការស៊ើបអង្កេតមួយបានដែរ៖ «បើយើងនិយាយអំពីតួនាទីរបស់អេស៊ីយូ កាលណាមានព័ត៌មានអេស៊ីយូ ត្រូវស៊ើបអង្កេតឲ្យបានច្បាស់លាស់ហើយ»។
ប៉ុន្តែ រហូតមកដល់ពេលនេះគ្មានសេចក្ដីរាយការណ៍ណាមួយ ថាអង្គភាពប្រឆាំងអំពើពុករលួយបានចាត់ការរឿងនេះនៅឡើយទេ។ វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺជុំវិញរឿងនេះ ពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បាននៅឡើយដែរ។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីនដែរ ប៉ុន្តែលោកមិនឆ្លើយ។ ប៉ុន្តែកាលពីខែ កុម្ភៈ លោកអះអាងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ឧត្តមកុ្រមប្រឹក្សានៃអង្គចៅក្រម ដែលមានតួនាទីដាក់វិន័យ ឬទណ្ឌកម្មដល់ចៅក្រម ឬមន្ត្រីតុលាការនោះ បានទទួលបណ្តឹងរបស់លោក ឌួង ងៀប ជុំវិញរឿងនេះហើយ។
ទោះជាយ៉ាងនេះក្ដី រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយ ថាតើចំណាត់ការលើបណ្តឹងនោះ ដំណើរការដល់ណាទៅហើយនោះដែរ។ វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺជុំវិញរឿងនេះ ពីអគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលោក សម ប្រជាមានិត បាននៅឡើយដែរ។
ចំណាត់ការលើការចោទប្រកាន់អំពីអំពើសូកប៉ាន់នៅពេលនេះ មានសភាពស្ងប់ស្ងាត់ និងមិនសកម្មដូចកាលពីតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ ចាត់ការលើមន្រ្តីសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) បួនរូប មានលោក លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និងលោក នី សុខា និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា កាលពីឆ្នាំ ២០១៦ ពាក់ព័ន្ធនឹងប្រាក់ចំនួន ២៤០ ដុល្លារ ដែលសមាគមសិទ្ធិមនុស្សអាដហុកផ្តល់ឲ្យនាង ខុម ចាន់តារាទី ហៅស្រីមុំ នោះទេ។ ពួកគាត់ត្រូវជាប់ពន្ធនាគារពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដែលជាបទចោទត្រូវមជ្ឈដ្ឋានជាតិ និងអន្តរជាតិមើលឃើញថា ជាលេសដើម្បីបង្ក្រាបក្រុមសិទ្ធិមនុស្ស និងបក្សប្រឆាំង។
មន្រ្តីសង្គមស៊ីវិលផ្នែកប្រឆាំងអំពើពុករលួយ កំពុងព្រួយបារម្ភអំពីភាពខ្វះចំណាត់ការរបស់ស្ថាប័នពាក់ព័ន្ធ ជុំវិញករណីអំពើពុករលួយ ដែលលោក ឌួង ងៀប បានបកអាក្រាតនោះ។ នាយិកានៃអង្គការគណៈកម្មាធិការប្រឆាំងអំពើពុករលួយអ្នកស្រី ម៉ម ស៊ីថា ថាតាមពិតពេលបានឮសាររបស់លោ ឌួង ងៀប វាគឺជាពន្លឺសម្រាប់ឲ្យស្ថាប័នមានសមត្ថកិច្ចបើកការស៊ើបអង្កេត ឲ្យបានច្បាស់លាស់ កុំបន្លែបន្លំ៖ «ព្រោះយើងកំពុងតែខ្វាយខ្វល់នឹងអំពើពុករលួយ ដែលញាំញីដោយប្រព័ន្ធតុលាការ។ ដូច្នេះយើងពិបាកនឹងទទួលយក ព្រោះតុលាការគឺជាកន្លែងផ្តល់យុត្តិធម៌ ហើយក៏ជាកន្លែងបញ្ជាក់នូវសង្គមមាននីតិរដ្ឋ ឬគ្មាននីតិរដ្ឋ គឺគេមើលតែតុលាការទេ។ បើតុលាការមានការពាក់ព័ន្ធ ដូចការចោទប្រកាន់របស់លោកឧកញ៉ា ឌួង ងៀបហ្នឹង គឺពិបាកនឹងទទួលយកបានណាស់។ ដូច្នេះគួរតែមានវិធានការដែរ»។
ដូចគ្នានេះដែរ ទាំងប្រធានអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី និងប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ ថាពួកគាត់ក៏បានជំរុញឲ្យមានការស៊ើបង្កេតណាមួយដោយឯករាជ្យ និងមានតម្លាភាព ដើម្បីស្វែងរកការពិតក្នុងរឿងនេះដែរ។
ករណីលោក ឌួង ងៀប ត្រូវគេមើលឃើញថាជាករណីពាលស៊ីពាល ព្រោះក្រោយពេលលោកថាអស់លុយសូកចៅក្រម និងហ៊ានចេញបកអាក្រាតចៅក្រមទាំងនោះ ស្រាប់តែតុលាការចាប់ឃុំខ្លួនលោកភ្លាម ពីបទឆបោកជនជាតិតៃវ៉ាន់នោះ ដែលតាមពិតសំណុំរឿងឆបោកនេះ អូសបន្លាយពេលយូរមកហើយ ប៉ុន្តែតុលាការមិនដែលឃុំខ្លួនលោក ឌួង ងៀប ម្តងណានោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។