លោក សម រង្ស៊ី ស្វាគមន៍​សាលក្រម​ផ្ដន្ទា​ទោស​លោក ​រឿង​បរិហារកេរ្តិ៍

ដោយ មួង ណារ៉េត
2017-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
Photo: RFA

លោក សម រង្ស៊ី ស្វាគមន៍​សាលក្រម​ផ្ដន្ទាទោស​លោក រឿង​បរិហារកេរ្តិ៍​ដែល​លោក ហ៊ុន សែន ប្តឹង​លោក ព្រោះ​ជា​ឱកាស​ឲ្យ​លោក​បាន​លាតត្រដាង​ការពិត​កាន់​តែ​ច្រើន​អំពី​អំពើ​អាក្រក់​របស់​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា។ អ្នក​វិភាគ​នយោបាយ​ចាត់​ទុក​ចំណាត់​ការ​របស់​តុលាការ គឺ​ជា​បំណង​ប្រាថ្នា​របស់​បក្ស​កាន់​អំណាច​ដើម្បី​រារាំង​កុំ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​តែប៉ុណ្ណោះ។

​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មិន​ខ្វល់​នឹង​សាលក្រម​តុលាការ ដែល​ផ្ដន្ទាទោស​លោក​ឲ្យ​បង់​ប្រាក់​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រហូត​ដល់​លាន​ដុល្លារ​ក្នុង​បណ្ដឹង​បរិហារកេរ្តិ៍​ដែល​លោក ហ៊ុន សែន ប្តឹង​លោក​នោះ​ទេ ព្រោះ​លោក​ចាត់​ទុក​ថា មន្ត្រី​តុលាការ​កម្ពុជា គ្មាន​ឯករាជ្យ និង​មិន​សូវ​ដឹង​អ្វី​នោះ​ទេ ដោយ​ធ្វើ​អ្វីៗ​តាម​តែ​បញ្ជា​ថ្នាក់​លើ៖ «ហើយ​ថ្នាក់​លើ​ហ្នឹង ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត ហើយ​ខ្លួន​ស្មាន​ថា​អាច​បិទ​ការពិត​បាន។ អ៊ីចឹង​ខ្ញុំ​សប្បាយ​ចិត្ត​ទៅ​វិញ​ទេ ជា​ឱកាស​មួយ​ដើម្បី​យើង​លាតត្រដាង​ឲ្យ​បាន​កាន់តែ​ច្បាស់​លាស់​ថែម​ទៀត អ្វី​ដែល​ថ្នាក់ដឹកនាំ​ប្រទេស និង​គូកន​របស់​គេ​ធ្វើ​ប៉ះពាល់​ដល់​ថវិកា​ជាតិ​កិត្តិយស​របស់​ប្រទេស​ជាតិ។ គេ​នឹក​ស្មាន​ថា​ធ្វើ​អ្វី​បាន​តាម​ចិត្ត ប៉ុន្តែ​បន្តិច​ទៀត​នេះ នឹង​កាន់​តែ​ខ្មាស​គេ​ទៅៗ»

​បណ្ដឹង​បរិហារកេរ្តិ៍​នេះ  ត្រូវ​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច ប្ដឹង​លោក សម រង្ស៊ី ទៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧ ក្រោយ​ពី​លោក សម រង្ស៊ី បាន​ថ្លែង​ថា លោក ហ៊ុន សែន សូក​ប៉ាន់​កញ្ញា ធី សុវណ្ណថា ចំនួន ១​លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​វាយ​ប្រហារ​បក្ស​ប្រឆាំង បន្ទាប់ពី​នាង​ឈប់​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ហើយ​ងាក​មក​ស្និទ្ធ​ជាមួយ​លោក ហ៊ុន សែន និង​ចាប់​ផ្ដើម​វាយ​ប្រហារ​បក្ស​សង្គ្រោះ​ជាតិ ឥត​សំចៃ​មាត់។

កញ្ញា ធី សុវណ្ណថា ក៏​បាន​ប្ដឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពី​បទ​បរិហារកេរ្តិ៍​មួយ​ទៀត​ផង​ដែរ។ ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រម្លាយ​បាន​សម្រេច​ដោយ​លោក ហ៊ុន សែន កញ្ញា ធី សុវណ្ណថា បាន​គ្រោង​ដាក់​ពាក្យ​ប្ដឹង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ជាង ៥.០០០​នាក់ ក្រោយ​អ្នក​ទាំង​នោះ​ក្រាញននៀល មិន​ព្រម​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា។

ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​សំណុំរឿង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លើក​នេះ គឺ​នរណា​ក៏​ដឹង​ដែរ​ថា មិន​មាន​លទ្ធផល​ប្លែក​ខុស​គ្នា​ពី​សំណុំរឿង​ជា​ច្រើន​ផ្សេង​ទៀត​នោះ​ទេ ដ្បិតអី​ឲ្យ​តែ​លោក ហ៊ុន សែន និង​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្ដឹង​ទៅ​តុលាការ​ហើយ ជា​ទូទៅ​គឺ​សេចក្ដី​សម្រេច​របស់​តុលាការ​មិន​ដែល​ឃើញ​ធ្វើ​ឲ្យ​ដើម​បណ្ដឹង​ខក​ចិត្ត​ម្ដងណា​​ឡើយ ព្រោះ​តុលាការ​តែង​តែ​មាន​ចំណាត់​ការ​យ៉ាង​លឿន និង​ផ្ដន្ទាទោស​លើ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​យ៉ាង​ធ្ងន់ធ្ងរ​តាម​ការ​ចង់​បាន​របស់​ភាគី​អ្នក​ប្ដឹង។

​មេធាវី​ការពារ​ក្តី​ឱ្យ​លោក សម រង្ស៊ី គឺ​លោក សំ សុគង់ ថ្លែង​ថា  លោក​មិន​អាច​ទទួល​យក​សាលក្រម​នេះ​បាន​ទេ ព្រោះ​ពុំ​បាន​ផ្ដល់​យុត្តិធម៌​ជូន​កូន​ក្ដី​របស់​លោក។ មេធាវី​រូប​នេះ​បន្ត​ថា ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​នេះ គឺ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ឡើយ ហើយ​ការ​ទាមទារ​សំណង​គឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត។

លោក សំ សុគង់ បញ្ជាក់​ថា លោក​នឹង​ពិចារណា​ជាមួយ​កូនក្ដី​អំពី​ការ​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​នេះ៖ «ចំពោះ​មេធាវី​ការពារ​ឯកឧត្ដម សម រង្ស៊ី  យើង​មិន​អាច​ទទួល​យក​បាន​ទេ ដោយសារ​សាលក្រម​មិន​បាន​ផ្ដល់​ភាព​យុត្តិធម៌​ដល់​លោក សម រង្ស៊ី។  ជំហាន​បន្ទាប់​ទៀត មេធាវី​ការពារ​នឹង​ពិភាក្សា ឬ​ពី​បញ្ហា​ផ្លូវ​ច្បាប់ ជាពិសេស​សិទ្ធិ​ក្នុង​ធ្វើ​បណ្ដឹង​ឧទ្ធរណ៍ ដើម្បី​សាលាឧទ្ធរណ៍​ពិនិត្យ​អំពី​សេចក្ដី​សម្រេច​នេះ​ឡើង​វិញ ទាំង​អង្គហេតុ និង​អង្គច្បាប់»

​កាលពី​ចុង​ឆ្នាំ​២០១៦ សារ​ឆ្លើយឆ្លង​គ្នា​ជា​ច្រើន​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ដែល​ជា​ការ​សន្ទនា​គ្នា​រវាង “តា​និង​ចៅ” អំពី​យុទ្ធសាស្ត្រ​បំបែកបំបាក់​គណបក្ស​សង្គ្រោះ​ជាតិ។ "តា" នៅ​ក្នុង​សារ​នេះ គឺ​សំដៅ​លើ​លោក ហ៊ុន សែន ចំណែក​ឯ​ចៅ គឺ​កញ្ញា ធី សុវណ្ណថា ដែល​តា​បាន​ផ្ដល់​លុយ​ជិត ១​លាន​ដុល្លារ​ឲ្យ​កញ្ញា ធី សុវណ្ណថា ដើម្បី​ធ្វើ​ឲ្យ​មេដឹកនាំ​ទាំង​ពីរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បែកបាក់​គ្នា។

លោក សម រង្ស៊ី បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ថា លោក​នឹង​លាតត្រដាង​សារ​ឆ្លើយ​ឆ្លង​គ្នា​រវាង "តា​និង​ចៅ" នេះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក៖ «ដូច្នេះ​រឿង​នេះ ជា​រឿង​ពិត​ទាំង​អស់។ យើង​ក៏​មាន​មធ្យោបាយ និង​បច្ចេកទេស​ឲ្យ​ក្រុមហ៊ុន​ឲ្យ​អ្នក​ជំនាញ​ខាង​ហ្វេសប៊ុក ខាង​សារ​ឆ្លើយឆ្លង​គ្នា ដើម្បី​គេ​អាច​ស្រាវជ្រាវ និង​បញ្ជាក់​អំពី​ភាព​ពិត​របស់​សារ​នេះ។ អ្នក​ដែល​ចង់​ប្ដឹង​ខ្ញុំ ប្រហែល​មិន​សូវ​យល់ ឬ​ស្មាន​ថា​អ្នក​ដទៃ​ទៀត​ល្ងង់។ សម័យ​នេះ​អ្នក​បច្ចេកទេស អ្នក​វិទ្យាសាស្ត្រ អាច​បញ្ជាក់​ការពិត​រឿង​លោក ហ៊ុន សែន ឧបត្ថម្ភ ១​លាន​ដុល្លារ​ឲ្យ​នាង ធី សុវណ្ណថា ធ្វើ​សកម្មភាព​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ»

រហូត​មក​ទល់​នឹង​ពេល​នេះ លោក សម រង្ស៊ី កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ជិត ១០​បណ្ដឹង ដែល​ភាគច្រើន​បណ្ដឹង​បរិហារកេរ្តិ៍​លើ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា។ អ្នក​វិភាគ​នយោបាយ​ចាត់​ទុក​បណ្ដឹង​ខាង​លើ​ថា ជា​សម្ពាធ​សម្រាប់​លោក សម រង្ស៊ី ក្នុង​ការ​រឹតត្បិត​ជីវិត​នយោបាយ​នៅ​កម្ពុជា។ ពួកគេ​មើល​ឃើញ​ថា ចំណាត់ការ​របស់​តុលាការ គឺ​ជា​បំណង​ប្រាថ្នា​របស់​បក្ស​កាន់​អំណាច ដើម្បី​រារាំង​កុំ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​តែប៉ុណ្ណោះ។ ប៉ុន្តែ​វិធានការ​ទាំង​នេះ​នឹង​កាន់តែ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​បក្ស​កាន់​អំណាច​ធ្លាក់​ចុះ​ខ្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

នយោបាយ តាចាស់ ហ៑ុន សែន ពុករលួយជាប្រព័ន្ធ ដែលមានតុលាការ ធ្វើជាអាយ៉ង .
ដូច្នេះ អ្នកនិយាយការពិត ងាយរងគ្រោះ .

Dec 29, 2017 11:57 PM

អ្នក​អាន​អនាមិក

. សូម រំលឹក រឿងចាស់ : អាណិត លោក ថាក់ សុីន ចង់ធ្វើដូចលោក ហ៑ុន សែន ពុករលួយបានតាមចិត្ត (ស្តេចខ្មែរមិនហ៑ានចាត់ការ) ទីបំផុត (ប្រទេសថៃ មិនដូចប្រទេសខ្មែរ) អ្វីៗ ត្រូវចប់ ទោះជាប្អូន ក៏ជួយមិនរួចដែរ !
. ប្រទេសថៃ រីកចំរើនគ្រប់វិស័យ ដោយសារបក្សពួកពុករលួយ ជាប្រព័ន្ធដូចនៅប្រទេសខ្មែរ ត្រូវបានកំចាត់ចោល !
សូមជួយពិចារណា .

Dec 29, 2017 11:43 AM

អ្នក​អាន​អនាមិក

_ ស្រុកស្មែរ សម័យដែកជោរ សែន = អ្នកមានអំណាចប្តឹង តុលាការ ចាត់ការលឿន ហើយឈ្នះរហូត មិនចេះចាញ់ (តាមមើលជីវិតអមតៈមិនចេះង៉ាប់ទៀតផង)
_ នៅក្នុងតុលាការ សំណុំរឿងប្រជាពលរដ្ឋប្តឹង គរដូចភ្នំ ប៉ុន្តែ តុលាការមិនចាត់ការ (ដោយសារអ្នកប្តឹងអោយលុយតិចពេក)

Dec 29, 2017 11:07 AM

អ្នក​អាន​អនាមិក

ម្នាក់ ពូកែប្តឹង ម្នាក់ពូកែបើកកេរ្ត៍
ឱបមា តាចាស់ ហ៑ុន សែន អស់អំណាច តើតុលាការ កាត់ក្តី យ៉ាងម៉េចវិញ ?

Dec 29, 2017 10:45 AM

គេហទំព័រ​ទាំងមូល