រដ្ឋមន្ត្រី​មហាផ្ទៃ​ថា ការ​ប្រើ​កម្លាំង​យោធា​​នៅ​​ពេល​​អនុវត្ត​​សាលដីកា​​ក្នុង​​វិវាទ​​ដីធ្លី​​ជា​​រឿង​​ខុសច្បាប់

ដោយ ហេង រស្មី
2019.02.14
ស ខេង ២០១៦ ៦២២ នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។
RFA

ក្រោយពី​មាន​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​ពី​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​លើ​ប្រជាពលរដ្ឋ​ដែល​មាន​មាន​វិវាទ​ដីធ្លី​ជាមួយ​ឧកញ៉ា ស៊ីវ គង់ទ្រីវ នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ពេល​កន្លងមក រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រតិកម្ម​ថា ការ​ប្រើ​កម្លាំងយោធា​ចូលរួម​ក្នុង​ការ​អនុវត្ត​សាលដីកា​តុលាការ​នោះ​ជា​រឿង​ខុសច្បាប់។ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស សម្ដែង​ការ​សាទរ​ចំពោះ​ការ​លើកឡើង​នេះ ប៉ុន្តែ​ស្នើ​ឱ្យ​ការស៊ើបអង្កេត​ដោយ​ឯករាជ​មួយ ដើម្បី​ស្វែងរក​ជន​ដៃដល់ ដែល​បាន​ប្រើ​ហិង្សា​និង​បាញ់​កាំ​គ្រាប់​ភ្លើង​ពិត​បង្ក​ឱ្យ​ពលរដ្ឋ​រង​បួស យក​ទៅ​​ផ្ដន្ទាទោស​តាមច្បាប់។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែង​ថា ការប្រើប្រាស់​កម្លាំងយោធា​ទៅ​​អនុវត្ត​សេចក្ដី​សម្រេច​​របស់​​តុលាការ​​កំពូល នៅ​ក្នុង​រឿង​ជម្លោះដីធ្លី ទាំង​នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ខេត្ត​ក្រចេះ កាល​​ពី​​ពេល​​កន្លង​ទៅ​​នោះ ​គឺ​ជា​​អំពើ​​ខុស​ច្បាប់។ លោក ស ខេង បាន​បន្ត​ថា មន្ត្រី​ដែល​អនុវត្ត​ច្បាប់ មានតែ​នគរបាល កងរាជអាវុធហត្ថ និង​ព្រះរាជអាជ្ញា គឺ​មិន​ត្រូវ​កម្លាំង​ទាហាន​នោះ​ទេ។ លោក ស ខេង ស្នើ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ទាំងអស់ ស្វែងរក​វិធី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។ ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​រូប​នេះ ធ្វើឡើង​នៅ​ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៨ លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​៖ «គេ​មិន​យក​កម្លាំងយោធា​ទៅ​អនុវត្ត​ដីកា​ទេ​។ រឿង​ហ្នឹង​កើត​នៅ​ក្រចេះ​មួយ និង​ខេត្ត​ព្រះសីហនុ​មួយ​។ ហ្នឹង​មានន័យថា នោះ​យើង​រដ្ឋបាល​ខេត្ត​ប៉ុនណា​ណី អត់​ដឹង​ច្បាប់​។ នែ៎ ប្រយ័ត្ន​ដល់​ខេត្ត​ផ្សេងទៀត បើ​មិនបាន​ប្រាប់​អ៊ីចឹង ក៏​រមៀល​ទៅ​អ៊ីចឹង​ទៀត មានអី​នឹកឃើញ​យោធា ទៅ​អនុវត្ត​ច្បាប់​អន្តរធាន​ហើយ។ សាលដីកា​របស់​តុលាការ បើ​យើង​មិន​ធ្វើ​ខុស​ហើយ​។ ប៉ុន្តែ​យើង​ទៅ​ធ្វើ​មាន ព្យសនកម្ម គេ​អនុញ្ញាត ច្បាប់​អនុញ្ញាត​ឱ្យ​យើង​ដកឃ្លា​សិន​ដើម្បី​ពិចារណា​រក​វិធី​ដោះស្រាយ។ យើង​តែមួយ​ជ្រុង​ថា​យើង​កាន់អំណាច វា​មិនមែន​អាង​តែ​លើ​កាំភ្លើង​ហ្នឹង​ទេ​។ ស្ថានការណ៍​ឥឡូវនេះ យើង​លេង​អ៊ីចឹង​អត់​បានទេ ហើយ​ទោ​មុខ​ទៀត​នេះ រឹតតែ​មាន​ទៀត»

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត សាទរ​ចំពោះ​ការ​លើកឡើង​នេះ​។ លោក អំ សំអាត ពន្យល់​ថា កម្លាំងយោធា គឺ​មិន​បាន​ទទួល​ការ​ហ្វឹកហាត់​ផ្នែក​ច្បាប់​ដូច​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​នោះ​ឡើយ ព្រោះថា​យោធា​ដឹង​តែ​ពី​យុទ្ធសាស្ត្រ​ក្នុង​កិច្ចការពារ​ប្រទេសជាតិ។ លោក អំ សំអាត នៅតែ​ទទូច​ស្នើ​ឱ្យ​មានការ​ស៊ើបអង្កេត​មួយ ដើម្បី​ស្វែងរក​ជន​ដែល​បាន​ប្រើ​ហិង្សា​លើ​ពលរដ្ឋ និង​បាញ់​កាំភ្លើង​បង្ក​ឱ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ យក​ទៅ​ផ្ដន្ទាទោស​តាមច្បាប់៖ «ការប្រើប្រាស់​អំពើ​ហិង្សា បើ​សិន​មាន​មនុស្ស​ស្លាប់ រង​របួស​ដោយ​ការបាញ់ ដោយ​ការ​វាយ ហើយ​យើង​ធ្វើការ​ស៊ើបអង្កេត​ដើម្បី​រក​ជន​ដៃដល់​យក​ទៅ​អនុវត្ត​ទៅតាម​ផ្លូវច្បាប់ ហ្នឹង​វា​ក្លាយ​ជា​វប្បធម៌​និទ្ទណ្ឌភាព វប្បធម៌​មួយ​ដ៏​អាក្រក់​ដែល​មិន​អាច​នឹង​ធ្វើ​ការបញ្ឈប់​នូវ​វប្បធម៌​ហ្នឹង​បាន​។ បើសិនជា​យើង​មិន​ធ្វើការ​ស៊ើបអង្កេត​ដោយ​តម្លាភាព យុត្តិធម៌​រក​ជន​ដៃដល់​ហ្នឹង យក​ទៅ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ដើម្បី​ជា​គំរូ​កុំ​ឱ្យ​អ្នក​ក្លាយ​អនុវត្ត​បន្ត​ទៅ​ទៀត»

នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​កងកម្លាំង​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី២៤ ខែ​មករា តាមរយៈ​វីដេអូ​ឃ្លិប​មួយ ដែល​ត្រូវ​បាន​ចែកចាយ​បន្ត​គ្នា​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក បង្ហាញ​ឱ្យ​ឃើញ​ទាហាន​ម្នាក់ កាន់​កាំភ្លើង​អាកា​៤៧ (AK-47) ដើរ​សំដៅ​ទៅ​វាយ​បុរស​ម្នាក់​នឹង​ស្នូក​កាំភ្លើង ខណៈ​ពលរដ្ឋ​រូប​នោះ ត្រូវ​បាន​ចង់​ដៃ​ព័ន្ធ​ទៅ​ក្រោយ ហើយ​អង្គុយ​លត់​ជង្គង់​ផ្ទាល់​នឹង​ដី​។​

ក្នុង​ហេតុការណ៍​នៅ​ពេល​នោះ សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ បាន​ចុះ​បាញ់​បង្ក្រាប និង​ចាប់ខ្លួន​ពលរដ្ឋ​ចំនួន ៦​នាក់ ដែល​តវ៉ា​ការ​ចុះ​អនុវត្ត​សាលដីកា​តុលាការ​កំពូល លើ​ដីធ្លី​វិវាទ​មួយ​កន្លែង ជាមួយ​ឧកញ៉ា ឈ្មោះ ស៊ី គង់ទ្រីវ នៅ​ទីតាំង​ក្បែរ​វត្ត​អូរ​ត្រេះ ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់។

ចំណែក​ការ​ប៉ះទង្គិច​គ្នា​នៅ​ខេត្ត​ក្រចេះ កាលពី​ទី​៨ មិនា ឆ្នាំ​២០១៨ វិញ មាន​ការ​បាញ់​បង្ក្រាប​ពី​កងកម្លាំង​សមត្ថកិច្ច ក្នុង​នោះ​ក្រុម​ទាហាន​ដែល​ការពារ​ដី​ឱ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​នឹង​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ រស់នៅ​ឃុំ​ពីរ​ធ្នូ ស្រុក​ស្នួល ខែត្រ​ក្រចេះ។ ក្នុង​ហេតុការណ៍​នោះ ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ​ជាច្រើន​រស់នៅ​ភូមិ​ជើង​ឃ្លេ ឃុំ​ពីរ​ធ្នូ ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ថា លោក​បាន​ប្រទះឃើញ​ពលរដ្ឋ​ពីរ​នាក់ ត្រូវ​គ្រាប់កាំភ្លើង​ចំពោះ ធ្លាយ​ដល់​ខ្នង ហើយ​ម្នាក់ទៀត​ត្រូវ​គ្រាប់កាំភ្លើង ចំ​គល់​ដោះ ធ្លាយ​ដល់​ឆ្អឹងខ្នង​ដែរ បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង។ ចំណែក​អ្នក​តវ៉ា​មិន​ហាន​ចូល​ជួយ​នោះ​ទេ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព និង​បាន​រត់គេច​រៀងៗ​ខ្លួន​។ ក៏ប៉ុន្តែ​ព័ត៌មាន​នេះ ត្រូវ​បាន​សាលាខេត្ត​ក្រចេះ ចេញ​សេចក្ដីប្រកាស​ព័ត៌មាន បដិសេធ ភ្លាមៗ ចំពោះ​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន អំពី​ការ​បាញ់​សម្លាប់​អ្នកភូមិ​ក្នុង​ពេល​តវ៉ា​ករណី​ដីធ្លី នៅ​ស្រុក​ស្នួល​ក្នុង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​នោះ​ថា​ជា​រឿង​មិន​ពិត​។ អាជ្ញាធរ​អះអាង​ថា ហេតុការណ៍​ប៉ះទង្គិច​ក្នុង​ខេត្ត​ក្រចេះ​នោះ មានតែ​មនុស្ស ៩​នាក់ ប៉ុណ្ណោះ របួស ក្នុង​នោះ ៧​នាក់​ជា​សមត្ថកិច្ច។

អង្គការ​សង្គម​ស៊ីវិល​រកឃើញ​ថា បញ្ហា​វិវាទ​ដីធ្លី​នៅ​តំបន់​ខ្លះ ដូចជា​នៅ​ខេត្ត​ព្រះវិហារ មក​ដល់​ពេល​នេះ នៅតែ​មាន​ការ​ប្រើ​កម្លាំងយោធា ដើម្បី​ការពារ​ដីធ្លី​ឱ្យ​ខាង​ក្រុមហ៊ុន​ឯកជន​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ពលរដ្ឋ។ សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចុះ​ធ្វើ​អធិការកិច្ច​ចំពោះ​កម្លាំងយោធា ទាំងនោះ​ដែល​ឈរជើង​ការពារ​ដី​ឱ្យ​ក្រុមហ៊ុន​ឯកជន ទៅតាម​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ​នៃ​ប្រទេស​កម្ពុជា។ អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស ក៏​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ធ្វើ​យ៉ាងណា​ដោះស្រាយ​ជម្លោះដីធ្លី​ឱ្យ​ពលរដ្ឋ​ដោយ​សន្តិវិធី ដើម្បី​ជៀសវាង​ការប្រើប្រាស់ អំពើ​ហិង្សា។ ប្រសិនបើ​ជៀសវាង​ប្រើ​កម្លាំង​សមត្ថកិច្ច​មិន​បានទេ សង្គម​ស៊ីវិល ស្នើ​ឱ្យ​ប្រើប្រាស់​កម្លាំង​ដែល​មាន​ចំនួន​សមាមាត្រ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ទាប​បំផុត​ដែល​មិន​ប៉ះពាល់​ដល់ រូប​កាយ ឬក៏​អាយុជីវិត​របស់​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។