ព្រឹទ្ធសភា​អនុម័ត​សេចក្ដីព្រាងច្បាប់ ស្ដីពី​សញ្ជាតិ​តែ​មួយ

0:00 / 0:00

គណៈកម្មការ​ជំនាញ​នៃ​ព្រឹទ្ធសភា​នឹង​ថ្វាយ​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​សញ្ជាតិ​តែ​មួយ ទៅ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា នៅ​ថ្ងៃ​ទី៣ វិច្ឆិកា ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ។

នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពេល ព្រឹទ្ធសភា​អនុម័ត​សេចក្ដីព្រាងច្បាប់ ស្ដីពី​សញ្ជាតិ​តែ​មួយ ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ កាល​ពី​ថ្ងៃ​ទី២ វិច្ឆិកា។

ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ កំណត់​សញ្ជាតិ​តែ​មួយ សម្រាប់​មេដឹកនាំ​ស្ថាប័ន​កំពូលៗ រួមមាន ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា នាយក​រដ្ឋមន្ត្រី និង​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នេះ គឺ​ជា​ការ​ធ្វើ​ឡើង ដើម្បី​សងសឹក​ទៅ​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី តែ​ប៉ុណ្ណោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌ លោក កើត រិទ្ធ រៀបចំ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី «វិសោធនកម្ម​រដ្ឋធម្មនុញ្ញ» កំណត់​ឱ្យ​នាយក​រដ្ឋមន្ត្រី ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា និង​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​កាល​ពី​ថ្ងៃ​ទី៦ តុលា។ ការ​ស្នើ​នេះ ក្រោយ​ពេល​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​ប្រកាន់​លោក ហ៊ុន សែន មាន​គម្រោង​រត់​ចោល​ស្រុក។

លោក សម រង្ស៊ី ធ្លាប់​អះអាង​ថា លោក នឹង​លា​សញ្ជាតិ​បារាំង​នៅ​ពេល​ណា​ក៏​បាន បើ​សិន​ជា​ស្ថានភាព​ចាំបាច់​តម្រូវ ដើម្បី​ចូលរួម​ដឹក​នាំ​ប្រទេស៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។