រដ្ឋសភា បានអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ក្នុងសម័យប្រជុំពេញអង្គលើកទី៥ នីតិកាលទី៦ កាលពីថ្ងៃចន្ទ ទី៥ ខែតុលា ហើយបច្ចុប្បន្នព្រឹទ្ធសភា កំពុងពិនិត្យលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ប្រាប់អាស៊ីសេរីតាមទូរស័ព្ទ កាលពីយប់ថ្ងៃអង្គារ ទី៦ ខែតុលាថា គោលបំណងសំខាន់នៃសេចក្ដីព្រាងច្បាប់នេះ គឺដើម្បីពង្រឹងការគ្រប់គ្រងកន្លែងកាស៊ីណូ ជាពិសេសនៅតាមព្រំដែន ពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងទាក់ទាញភ្ញៀវទេសចរបរទេសឲ្យបានច្រើនថែមទៀតមកកម្ពុជា៖ « ទី១ គឺចំណេញលុយ បានមកពីល្បែងកាស៊ីណូហ្នឹង។ ទី២ ទីតាំងកាស៊ីណូ ភាគច្រើននៅតាមព្រំដែន អ៊ីចឹង គឺការពារទឹកដី ហើយអ្នកមានប្រាក់គេមានលុយ គេមកលេង ហើយគេបងកម្រៃជូនដល់រដ្ឋ អ៊ីចឹងទាក់ទាញអ្នកទេសចរ។ បន្ថែមពីនេះ ក្រុមហ៊ុន ឬអ្នកទៅលេង មិនអាចលាងលុយតាមរយៈការលេងល្បែងនោះទេ »។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរត្ន ប្រាប់កាសែតចិន ស៊ីនហួរ ថា សេចក្ដីព្រាងច្បាប់ថ្មីនេះ ក៏ជួយបង្កើនប្រាក់ចំណូលដល់ថវិកាជាតិ។ លោកបន្តថា សេចក្ដីព្រាងច្បាប់នេះ ក៏បានកំណត់ពីតម្រូវការដើមទុនអប្បបរមា សម្រាប់ការវិនិយោគនៅក្នុងគម្រោងកាស៊ីណូ និងវិធានការពិសេស ដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងការផ្តល់ថវិកាដល់ក្រុមភេរវករតាមរយៈកាស៊ីណូ។
បច្ចុប្បន្ន កាស៊ីណូ មានអាជ្ញាប័ណ្ណ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា គឺមានចំនួន ១៩៣ កន្លែង។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យកាស៊ីណូចំនួន ១០ រាប់ទាំង កាស៊ីណូ ណាហ្កា វើលដ៍ ផង អាចបើកដំណើរការឡើងវិញបាន ក្រោយពីបានបិទមួយរយៈ ដោយសារបារម្ភពីការរាលដាលសកល នៃជំងឺកូវិត១៩ (Covid-19)។កាលពីថ្ងៃទី៤ ខែតុលា ក្រុមហ៊ុនសាជីវកម្ម ណាហ្គា (Naga Corp Ltd.) បានប្រកាសថា កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ទទួលបានប្រាក់ចំណូលសរុបចំនួន ជិត ២៩៤ដុល្លារ ក្នុងអំឡុងពេល ៩ខែ ដើមឆ្នាំ២០២០ នេះ ហើយបើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ គឺសរុបចំនួនជាង ៦១៦,៣លានដុល្លារអាមេរិក។
ក្រុមហ៊ុនកាស៊ីណូដ៏ធំមួយនេះ កាលពីអំឡុងឆ្នាំ២០១៩ ទទួលបានប្រាក់ចំណូលចំនួនជិត ២ពាន់លានដុល្លារ (១,៧៥ពាន់លាន) ក្នុងនោះគឺ ទទួលបានប្រាក់ចំណេញ ៥៧១,៨លានដុល្លារ ហើយក្រោយពីការបង់ពន្ធទៅរដ្ឋាភិបាលកម្ពុជាហើយ គឺនៅទទួលបានប្រាក់ចំណេញចំនួន ៥២១,៣លានដុល្លារ។ ចំណែករបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបង្ហាញផងដែរថា កម្ពុជាទទួលបានប្រាក់ចំណូលពន្ធពីវិស័យកាស៊ីណូសរុបទូទាំងប្រទេស មានចំនួនជាង ៥៦លានដុល្លារ ក្នុងឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។