ជនជាប់ចោទ​​​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​សុំ​ទោស​ចំពោះ​ទង្វើ​របស់​ខ្លួន

ដោយ ប្រាជ្ញ ចេវ
2016-05-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ឆ្វេង​ជួរ​មុខ) លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និង​លោក សុត វណ្ណនី ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev
(ពី​ឆ្វេង​ជួរ​មុខ) លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និង​លោក សុត វណ្ណនី ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

តុលាការ​ក្រុង​ភ្នំពេញ បាន​បញ្ចប់​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​វាយ​តំណាងរាស្ត្រ​ហើយ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា នេះ។ ជនជាប់ចោទ​ទាំង​បី​រូប​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​វាយ​តំណាងរាស្ត្រ​មែន ប៉ុន្តែ​គេ​មិន​ស្គាល់​ថា ជនរងគ្រោះ​នោះ​ជា​តំណាងរាស្ត្រ​ទេ​ពេល​ប្រព្រឹត្ត​ហិង្សា។ ពួកគេ​ស្នើ​ទៅ​តុលាការ​ទម្លាក់​បទ​ចោទ​មួយ​ចោល ក្នុង​ចំណោម​បទ​ចោទ​ចំនួន​ពីរ​ដែល​តុលាការ​បាន​ចោទ​ប្រកាន់។

នៅ​ក្នុង​សវនាការ​ជំនុំជម្រះ តុលាការ​សាកសួរ​ជនជាប់ចោទ​តែ​ពីរ​រូប​ទេ គឺ​លោក ម៉ៅ ហឿន និង​លោក សុត វណ្ណនី ខណៈ​លោក ចាយ សារិទ្ធ ត្រូវ​បាន​តុលាការ​សាកសួរ​រួច​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ ពួក​គេ​បាន​សារភាព​អំពី​មូលហេតុ​ដែល​ប្រើ​ហិង្សា​លើ​តំណាងរាស្ត្រ គឺ​ដោយសារ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ បាន​ជេរ​ពួកគេ​ថា "អា​យ៉ង​យួន"។ តុលាការ​ចោទ​អ្នក​ទាំង​បី ចំនួន​ពីរ​បទល្មើស គឺ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស និង​បំផ្លិចបំផ្លាញ​មាន​ស្ថាន​ទម្ងន់​ទោស។

ជនជាប់ចោទ​ទាំង​បី​រូប​សារភាព​ថា ពួកគេ​ធ្វើ​ការ​នៅ​ក្នុង​នាយកដ្ឋាន​កង​អង្គរក្ស ស្ថិត​នៅ​ក្នុង​ក្រុម​ដឺបេ (2B) (ការិយាល័យ​ទី​២​ទទួលបន្ទុក​យក​ព័ត៌មាន) ប៉ុន្តែ​មិន​បញ្ជាក់​លំអិត​អំពី​ការ​ព័ត៌មាន​ទាក់ទង​កន្លែង​ធ្វើ​ការងារ​ឡើយ។

លោក ម៉ៅ ហឿន ដែល​ដៃ​ទាំង​ពីរ​ជាប់​ខ្នោះ​ស្ថិត​ក្នុង​សំលៀកបំពាក់​ពណ៌​ស្លា​ទំ ព្រម​ទាំង​ជក់​បារី​ពេល​ចុះ​ពីលើ​ឡាន​ផង​នោះ ត្រូវ​តុលាការ​សាកសួរ​មុន​គេ។ ជនសង្ស័យ​រូប​នេះ បំភ្លឺ​នៅ​ក្នុង​សវនាការ​ថា បាន​បម្រើ​ការងារ​ជា​អង្គរក្ស​បាន​ជាង ៣​ឆ្នាំ​មក​ហើយ ព្រមទាំង​បាន​ទៅ​រៀន​នៅ​ប្រទេស​វៀតណាម ផង​ដែរ ប៉ុន្តែ​មិន​បញ្ជាក់​ទៅ​រៀន​ផ្នែក​អី​នោះ​ទេ។

ជនជាប់ចោទ​ដដែល​បន្ត​ថា មូលហេតុ​ដែល​គេ​ទៅ​មុខ​វិមាន​រដ្ឋសភា​កាល​ពី​ចុង​ខែ​តុលា ព្រោះ​ទៅ​ប្រមូល​ព័ត៌មាន​ដើម្បី​ផ្ដល់​របាយការណ៍​ទៅ​អង្គការ​ប្រជុំ​រៀងរាល់ថ្ងៃ​ចុង​សប្ដាហ៍។ ​លោក​បន្ត​ថា បាន​ជិះ​ម៉ូតូ​ទៅ​មុខ​រដ្ឋ​សភា​ជាមួយ​លោក សុត វណ្ណនី ប៉ុន្តែ​ពេល​ទៅ​ដល់​កន្លែង​កើត​ហេតុ គេ​មិន​បាន​នៅ​ជាមួយ​គ្នា​ទេ។ លោក​ថា មូលហេតុ​ដែល​ឈាន​ដល់​ការ​ប្រើ​ហិង្សា​លើ​តំណាងរាស្ត្រ ព្រោះ​តំណាង​នោះ​បាន​ជេរ​គេ​ថា "អា​យ៉ង​យួន" ហើយ​គោលបំណង​វាយ​នេះ គឺ​ជា​ការ​ព្រមាន​ដើម្បី​កុំ​ឲ្យ​ជេរ​គេ​ជេរ​ឯង​តាម​ផ្លូវ​ទៀត។

បុរស​មាន​សម្បុរ​ខ្មៅ​ដែល​អះអាង​ថា​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៤ សារភាព​ថា លោក​សម្រេច​ចិត្ត​មក​សារភាព​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ ព្រោះ​មាន​អ្នក​កាប់​អុស​ម្នាក់​ជា​អ្នក​ជិត​ខាង​របស់​លោក​ប្រាប់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​ជន​ប្រព្រឹត្ត​ចូល​ខ្លួន​មក​សារភាព​ទើប​លោក​ចេញ​មក​សារភាព។

សវនាការ​ជំនុំជម្រះ​ពេញ​មួយ​ថ្ងៃ​ទី​១០ ខែ​ឧសភា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក  ហេង សុខណា អនុញ្ញាត​ឲ្យ​សាក្សី​ពីរ​នាក់​ចូល​ផ្ដល់​ចម្លើយ ម្នាក់​ជា​សន្តិសុខ​មក​ពី​រដ្ឋសភា និង​ម្នាក់​ទៀត​ជា​អ្នក​រត់​ម៉ូតូ​កង់​បី ខណៈ​សាក្សី​មួយ​ចំនួន​ទៀត​អវត្តមាន ក្នុង​នោះ​ក៏​មាន​អ្នក​បើក​ឡាន​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​ការ​វាយ​ប្រហារ​គឺ​លោក គង់ សភា។ ក្រៅ​ពី​សាក្សី​ក៏​មាន​បង្ហាញ​ភស្តុតាង​ជា​សំណាក​ឈាម និង​បំណែក​កញ្ចក់​ឡាន​ដែល​រង​ការ​វាយ​កម្ទេច ការ​ផ្ដល់​ចម្លើយ​របស់​ក្រុម​សមត្ថកិច្ច និង​ចុង​ក្រោយ​គឺ​ការ​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​វាយ​តំណាងរាស្ត្រ។

ជន​ជាប់​ចោទ សុត វណ្ណនី បាន​សារភាព​នៅ​ពេល​នេះ​ដែរ​ថា គេ​បាន​បម្រើ​ការងារ​ជា​អង្គរក្ស ២០​ឆ្នាំ​មក​ហើយ។ មូលហេតុ​លោក សុត វណ្ណនី ទៅ​កន្លែង​កើត​ហេតុ​ដូច​លោក ម៉ៅ ហឿន ដើម្បី​សង្កេតការណ៍ និង​ប្រមូល​ព័ត៌មាន។ លោក​ថា ក្នុង​ពេល​មាន​មនុស្ស​វាយ​តំណាងរាស្ត្រ លោក​ចូល​ទៅ​ឃាត់​ទេ ប៉ុន្តែ​ក្នុង​តំណាងរាស្ត្រ​ដដែល​នោះ​នៅ​តែ​ជេរ​ថា "ពួក​អា​យ៉ង​យួន" ដដែល​នោះ ធ្វើ​ឲ្យ​ទប់​កំហឹង​មិន​ជាប់​ក៏​ទាត់​បី​ជើង ប៉ុន្តែ​ទាត់​ត្រូវ​តែ​មួយ​ជើង​ទេ ចំ​ឆ្អឹងជំនី និង​វាយ​មួយ​ដៃ។ ជន​ជាប់​ចោទ​ដដែល​សារភាព​ទៀត​ថា មូលហេតុ​ដែល​លោក​ចេញ​មក​សារភាព ព្រោះ​ឃើញ​គេ​បង្ហោះ​តាម​ហ្វេសប៊ុក ទើប​លោក​សម្រេច​មក​សារភាព ដោយសារ​មិន​ចង់​រត់​គេច​បន្ត​ទៀត។

ហិង្សា​នេះ​បាន​កើត​បន្ទាប់​ពី​មាន​បាតុកម្ម​ដែល​ព្យាយាម​ទម្លាក់​លោក កឹម សុខា ពី​អនុប្រធាន​ទី​១ រដ្ឋ​សភា នៅ​មុខ​វិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។ បាតុកម្ម​កាល​នោះ ត្រូវ​គេ​កត់សំគាល់​ឃើញ​ថា គឺ​ភាគ​ច្រើន​ជា​កម្លាំង​សន្តិសុខ​តាម​ខណ្ឌ និង​កង​អង្គរក្ស​ច្រើន​ជាង​ពលរដ្ឋ។ ការ​ទាមទារ​នៅ​ពេល​នោះ កម្លាំង​អ្នក​តវ៉ា គឺ​ជា​បុរស​ដ៏​ច្រើន​លើសលប់​ខុស​ពី​បាតុកម្ម​តវ៉ា​រឿង​ដីធ្លី និង​ទាមទារ​ដំឡើង​ប្រាក់ខែ​ជាដើម។

ជនជាប់ចោទ​ទាំង​៣​នេះ បាន​ចូល​ខ្លួន​សារភាព​ទទួល​កំហុស​ថា ខ្លួន​ជា​អ្នក​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន និង​លោក គង់ សភា ក្រោយ​ពី​លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​អ្នក​ប្រព្រឹត្ត​បទល្មើស​ចូល​សារភាព​កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦។

​តំណាងរាស្ត្រ​ទាំង​ពីរ​រូប​ស្នើ​ទៅ​តុលាការ​ឲ្យ​ផ្ដន្ទាទោស​ឲ្យ​សម​នឹង​ទង្វើ​របស់​ពាក្យ​ពួកគេ ព្រមទាំង​ទាម​ប្ដឹង​ទាមទារ​សំណង​ជា​ទឹក​ប្រាក់​ចំនួន ១០០​លាន​រៀល។ តំណាងរាស្ត្រ​ទាំង​ពីរ​រូប​មិន​មាន​វត្តមាន​នៅ​ក្នុង​បន្ទប់​សវនាការ​ទេ។

បើ​ទោះ​ជនជាប់ចោទ​ទាំង​បី​នាក់​ទទួល​ស្គាល់​ថា ពួកគេ​បាន​ប្រើ​ហិង្សា​លើ​តំណាងរាស្ត្រ​មែន ប៉ុន្តែ​បដិសេធ​ថា មិន​បាន​វាយដំ ឬ​បំផ្លិចបំផ្លាញ​ឡាន​របស់​តំណាងរាស្ត្រ​ទាំង​ពីរ​គ្រឿង​នោះ​ទេ។

ចុង​បញ្ចប់​នៃ​សវនាការ មេធាវី​ការពារ​ក្តី​ជនរងគ្រោះ​ស្នើ​ទៅ​តុលាការ​ឲ្យ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ជន​ប្រព្រឹត្ត​ជា​អតិបរមា និង​បន្ត​ទាមទារ​សំ​ជំងឺ​ចិត្ត​ជា​ទឹក​ប្រាក់ ១០០​លាន​រៀល​ដដែល ដោយ​ប្រកាន់​ថា អ្នក​ទាំង ៣​រូប​ធ្វើ​ការ​ជា​ក្រុម។ ប៉ុន្តែ​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​ស្នើ​តុលាការ​ឲ្យ​បន្ធូរបន្ថយ​ទោស ដោយ​លើក​ហេតុផល​ថា ក្តី​របស់​ខ្លួន​បាន​ចេញ​មក​សារភាព​កំហុស។

​ក្រោយ​បញ្ចប់​សវនាការ មេធាវី​ការពារ​ក្ដី​ជនរងគ្រោះ ជូង ជូងី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ថា លោក​យល់​ថា កូន​ក្ដី​របស់​លោក​នឹង​ទទួល​បាន​យុត្តិធម៌៖ «ខ្ញុំ​មាន​ជំនឿ​ថា ទទួល​បាន​យុត្តិធម៌ ប៉ុន្តែ​មិន​បាន​ពេញលេញ​អី​ប៉ុន្មាន​ទេ ព្រោះ​ផល់​ប៉ះពាល់​លើ​តំណាងរាស្ត្រ​ធ្ងន់ ហើយ​បញ្ហា​ផ្លូវ​ចិត្ត និង​សុខភាព​មិន​អាច​យក​លុយ​មក​ទិញ​បាន»

ចំណែក​ជនជាប់ចោទ​ម្នាក់​ឈ្មោះ សុត វណ្ណនី ក្នុង​ចំណោម ៣​នាក់ បាន​ផ្ដល់​បទសម្ភាសន៍​មក​វិទ្យុ​អាស៊ីសេរី ថា លោក​សុំទោស និង​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​ខ្លួន​ដែល​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង៖ «ស្នើ​ទៅ​តុលាការ​មេត្តា​បន្ធូរបន្ថយ​ទោស​ដល់​រូប​ខ្ញុំ​បាទ ខ្ញុំ​បាទ​ដឹង​កំហុស​ហើយ។ ខ្ញុំ​មាន​ពាក្យ​និយាយ​ទៅ​កាន់​តំណាងរាស្ត្រ​ដែល​ខ្ញុំ​វាយ​ដែរ ខ្ញុំ​សូមទោស​គាត់»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (8)
Share

អ្នក​អាន​អនាមិក

ពួកជនពាល ទាំងនេះ មានទាំង អៃកូមទាក់ទង វ៉ៃ តំណាងរាស្ត្រ ហើយថា មិនដឹង ទៀត មានតែ សត្វតិរិច្ឆាន ទើប ជឿ !

May 10, 2016 10:38 PM

អ្នក​អាន​អនាមិក

មើលមុខអ្នកទោសទាំងនេះដូចជាមានមោតនភាពណាស់ពេលយកមក
កាត់ទោសមិនដូចអ្នកទោសដទៃទៀតដែលយំស្រែកទាំងពូជ។ ភាព
អន់ខ្សោយគឺនៅទីនេះព្រោះតួសំដែងមិនចាំធ្វើទឹកមុខកំសត់នៅពេល
ឈុតឆាកដល់សាច់រឿងព្រាត់ព្រាស់។ តួសំដែងបែរជាញញឹមនៅ
ពេលឃើញម្តាយខ្លួនត្រូវគេសម្លាប់ទៅវិញ។ បើជំនាន់ស្តេចវិញទី
ព្រឹក្សារៀបចំរឿងបែបនេះនឹងត្រូវប្រហាជិវិតដល់ទៅ៧ពូជឯណោះ។

May 10, 2016 09:08 PM

អ្នក​អាន​អនាមិក

ការពិត ប្រជាពលរដ្ឋ មើលឃើញ ..
តំណាងរាស្ត្រ គាត់មិនបាន ជេរ ទេ ( បើ ជេរ ពួកជនពាលនេះ ថតសម្លេងចាក់អោយស្តាប់ហើយ )
គឹតៗទៅ សារជាតិបក្សពួក ហ៊ុន សែន ទាំងមេ ទាំងកូន នេះពូកែ មួលបង្កាច់ គេណាស់ !
_ សូមជួយពិចារណា !

May 10, 2016 08:41 PM

អ្នក​អាន​អនាមិក

So if these thugs didn't know the victims, lawmakers, who did they think they were hitting, fruit sellers? These thugs statement make me think they just go around hit anyone for no reason.

So what are these flying tiger hidden dragons occupation? Are they thugs for hire?

May 10, 2016 10:56 AM

វង

ពី កំពត

ពួកទាំងបីនាក់នេះមុខញញឹមក្មានបរម្មអ្វីបន្តិចសោះ។បានន័យថាគេនឹងគ្មានទោសអ្វីធំដុំពីព្រោះអីមាន CPP នៅពីក្រោយចាំជួយ។
សក់ក៏មិនកោរដូចអ្នកជាប់ទោសដ៏ទៃ។មិនធម្មតាទេពួកត្មាតទាំងបីនេះ។

May 10, 2016 10:54 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល