តុលាការ​កំពូល​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​បក្ស​ប្រឆាំង​១០​នាក់

ដោយ ​មាន ឫទ្ធិ
2020-08-15
Share
តុលាការ កំពូល ៦២២ ​តុលាការ​កំពូល​ នៅ​រាជធានី​ភ្នំពេញ។
Photo: RFA

តុលាការ​កំពូល​បាន​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំបណ្ដោះអាសន្ន​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១០​នាក់ ដោយ​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ ទុក​ជា​បាន​ការ​ដដែល នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​សីហា​។ ជាមួយគ្នា​នេះ​ប្រពន្ធ និង​កូន​របស់​សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ​២០​នាក់ នាំគ្នា​តវ៉ា​នៅមុខ​តុលាការ​កំពូល ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្ដី និង​ឪពុក​របស់​គេ​ឱ្យ​មាន​សេរីភាព​វិញ។

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្សប្រឆាំង​ទាំង ១០​រូប លោក សំ សុគង់ មាន​ប្រសាសន៍​ថា លោក​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការសម្រេច​របស់​តុលាការ​កំពូល ដែល​បាន​តម្កល់​សំណុំរឿង​របស់​កូនក្ដី​លោក​ដោយ​ឥត​ចាត់ការ​នេះ។ លោក​ថា មេធាវី​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​តុលាការ​គួរតែ​យក​ជា​មូលដ្ឋាន ក្នុង​ការ​អនុញ្ញាត​ឱ្យ​កូនក្ដី​របស់​លោក​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន។ លោក​ចាត់​ទុក​ការសម្រេច​របស់​តុលាការ​នេះ​ថា ជា​ការ​ញាំញី​ធ្វើ​ឱ្យ​កូនក្ដី​របស់​លោក​ជួប​ការ​លំបាក​កាន់តែ​ខ្លាំង៖ «បើ​យោង​តាម​បញ្ញត្តិ​មាត្រា​២០៣ ២០៤ និង ២០៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ តុលាការ​កំពូល​គួរតែ​អនុញ្ញាត ឱ្យ​ពួកគាត់​បាន​នៅ​​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ដោយសារ​ពួកគាត់ ស្ថិតនៅ​ស្ថានភាព​មួយ​ត្រូវការ​នៅ​ក្រៅ​ឃុំ ដើម្បី​ជួយ​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ។ ម្យ៉ាងទៀត​បច្ចុប្បន្ន​នេះ​ដោយសារតែ បញ្ហា​ការ​រីក​រាលដាល​ជំងឺ​កូវីដ​១៩ ហើយ​ក្រុម​គ្រួសារ​គាត់​ហ្នឹង ត្រូវ​ពឹង​ផ្អែកលើ​ពួកគាត់​ទាំងស្រុង​តែម្ដង»

លោក​មេធាវី សំ សុគង់ បន្ត​ថា លោក​នឹង​ជួប​កូនក្ដី​របស់​លោក​ឆាប់ៗ​នេះ ដើម្បី​ពិភាក្សា​ថា តើ​នឹង​ប្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ម្តង​ទៀត​ឬក៏​យ៉ាងណា។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ទាំង ១០​នាក់ ដែល​ប្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ​មាន ដូចជា លោក សុខ ចាន់ថា លោក ញ៉ែម វាន លោក ជុំ ចាន់ លោក ឃុត ច្រិក លោក ថៃ គន្ធា លោក កែវ ថៃ និង​លោក ឃឹម ភាណា ជាដើម​។ ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ជា​បន្ត បន្ទាប់​ចាប់​តាំង​ពី​ខែ​មករា​រហូត​មក​។ តុលាការ បាន​ចោទប្រកាន់​ពួកគេ​ដូចៗ​គ្នា គឺ​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​ឲ្យ​យោធិន​មិន​ស្តាប់​បង្គាប់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ហើយ​ដាក់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយ​ចំពោះ​ការសម្រេច​របស់​តុលាការ​កំពូល ព្រោះ​សកម្មជន​ខ្លះ​មាន​ជំងឺ​ប្រចាំ​កាយ ដែល​ត្រូវ​ទទួល​ការ​ព្យាបាល​នៅ​ក្រៅ​ពន្ធនាគារ ហើយ​ម្យ៉ាងទៀត ពួកគាត់​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដែល​គួរ​បាន​នៅ​ក្រៅ​ឃុំ។

ស្រប​ពេល​តុលាការ​កំពូល​ប្រកាស​សាលដីកា​នេះ គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅមុខ​តុលាការ ដោយ​ពួកគាត់​ចង់​ជួប​ប្តី និង​ឪពុក ដែល​ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​បញ្ជូន​មក​ស្តាប់​សាលដីកា​។​

ទោះជា​យ៉ាងណា កង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​ប្រចាំ​នៅមុខ​តុលាការ​កំពូល បាន​ចេញ​មករា​រាំង ប្រពន្ធ​និង​កូន​សកម្មជន​នយោបាយ​ទាំងនោះ​មិន​ឱ្យ​ចូល​ទៅ​ក្នុង​បរិវេណ​តុលាការ​កំពូល​ឡើយ។

ប្រពន្ធ​ចៅសង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី សុខ បូលីម៉ា ថ្លែង​ថា ពួក​លោក​ស្រី​ចំនួន​៧​នាក់ ចង់​យក​បាយ​ម្ហូប និង​ថវិកា​ឱ្យ​ប្ដី​នៅ​ក្នុង​តុលាការ ប៉ុន្តែ​ក្រុម​សន្តិសុខ​ទាំងនោះ​មិន​អនុញ្ញាត​ឡើយ៖ «និយាយ​រួម​ទៅ រៀប​ថា​គេ​ចង់​យើង​ចេញពី​ត្រង់​ហ្នឹង តែ​ខ្ញុំ​អត់​ចេញ​ខ្ញុំ​ក្រាញ​យំ នៅមុខ​តុលាការ​ហ្នឹង។ ខ្ញុំ​អង្គុយ​សំពះ​សុំ​ប៉ូលិស​យាម​នៅ​ហ្នឹង​ក៏​គេ​មិន​ឱ្យ​ខ្ញុំ​ចូល​ទៅ​ដែរ គេ​ដេញ​ខ្ញុំ​ថា ចូល​ទៅ​ធ្វើ​អី ខ្ញុំ​ថា​យី​ប្ដី​ខ្ញុំ បើ​គេ​មិន​ឱ្យ​ខ្ញុំ​ចូល ប្ដី​ខ្ញុំ​ពេល​ខ្ញុំ​ទៅ​ជួប​ប្ដី​នៅ​ពន្ធនាគារ​ព្រៃ​ស​ម្ដង​ចំណាយ​លុយ​ច្រើន​ណាស់​ខ្ញុំ​មិន​មាន​លទ្ធភាព​ទេ បើ​នៅមុខ​តុលាការ ខ្ញុំ​បាន​ជួប​គាត់​ទៅ ខ្ញុំ​ហុច​លុយ​ឱ្យ​គាត់​ផ្ទាល់​ក៏​ខ្ញុំ​អស់ចិត្ត​ដែរ នេះ​អត់​ទាល់តែ​សោះ»

លោក​មេធាវី សំ សុគង់ ចាត់​ទុក​ការរារាំង​មិន​ឱ្យ​សាច់ញាតិ​ចូល​ជួប​ជន​ជាប់ឃុំ​នៅ​ក្នុង​តុលាការ​នេះ​ថា ជា​ទង្វើ​ខុសច្បាប់។

ប្រពន្ធ និង​កូន​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ​គ្រោង​នាំគ្នា​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្ដី និង​ឪពុក​របស់​ពួកគេ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​ក្រោយ​ទៀត ហើយ​ព្រមាន​ថា​នឹង​តវ៉ា​ជា​បន្តបន្ទាប់​រហូត​មាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល