មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី សម្រេច​ចូលរួម​សវនាការ

ដោយ ម៉ម មុនីរតន៍
2017.02.25
ជួប សម្លាប់ អឿត អាង ២០១៦ ៨៥៥ ជន​ត្រូវ​ចោទ ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង ពេល​នាំ​ចេញ​ក្រោយ​សាកសួរ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA

មេធាវី​ដែល​គណៈ​មេធាវី​តម្រូវ​ឲ្យ​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែល​ដំបូង​ឡើយ​បញ្ជាក់​ជំហរ​ថា ខ្លួន​អាច​នឹង​ដាក់​ពាក្យ​ពន្យារ​ពេល​ចូលរួម​សវនាការ ពេល​នេះ លុប​ចោល​គម្រោង​នោះ​​វិញ ដោយ​លើក​ហេតុ​ផល​ថា រឿង​ក្ដី​នេះ​ពុំ​មាន​ភាព​ស្មុគស្មាញ​ឡើយ។ គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ឲ្យ​ដឹង​ថា ថ្ងៃ​សវនាការ​ដែល​គ្រោង​នឹង​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​១ ខែ​មីនា ដ៏​សំខាន់​នេះ ពួក​គេ​នឹង​ចូលរួម​ស្ដាប់ និង​ឃ្លាំមើល​​ការ​ជំនុំជម្រះ​នេះ​ដែរ។

មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ​ក្នុង​រឿង​ក្ដី​ឧក្រិដ្ឋ​ជុំវិញ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នៅ​ពុំ​ទាន់​អាច​ប៉ាន់ស្មាន​ទុក​ជា​មុន​បាន​ថា មាន​សង្ឃឹម​ដោះ​បន្ទុក​ឲ្យ​កូន​ក្ដី​របស់​ខ្លួន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​នេះ​បាន​កម្រិត​ណា​នៅ​ឡើយ​នោះ​ទេ។

លោក យុង ផានិត ដែល​គណៈ​មេធាវី​តម្រូវ​ឲ្យ​ចូល​ខ្លួន​ការពារ​ក្តី​ជន​សង្ស័យ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ និយាយ​ថា លោក​សម្រេច​ចូលរួម​ការពារ​ក្ដី​ដោយ​ផ្ទាល់​ទៅ​តាម​ដីកា​ជូន​ដំណឹង​ស្ដីពី​ថ្ងៃ​ជំនុំជម្រះ​របស់​តុលាការ​ក្រុង​ភ្នំពេញ ហើយ។ បើ​ទោះ​ជា​បែប​ណា លោក​នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ ថា​តើ​ក្នុង​សំណុំរឿង​នៃ​បទឧក្រិដ្ឋ​នេះ លោក​មាន​លទ្ធភាព​គ្រប់គ្រាន់​ប៉ុណ្ណា​ក្នុង​ការ​ដោះបន្ទុក​ប្រឆាំង​បទ​ចោទ​នេះ​ទេ៖ «មក​ដល់​ពេល​នេះ គឺ​ថ្ងៃ​ទី​១​ហ្នឹង ខ្ញុំ​ចូលរួម​សវនាការ។ រឿង​ហ្នឹង​ខ្ញុំ​អត់​អាច​បរិយាយ​បាន អា​ហ្នឹង​យើង​អាច​ជួប​គ្នា​ពេល​សវនាការ​ទៅ រួច​អស់​លោក​ដែល​ចូលរួម​វាយ​តម្លៃ​នៅ​ពេល​យើង​យើង​សួរ​ដេញដោល»

គិត​ចាប់​ពី​ថ្ងៃ​ដែល​តុលាការ​ក្រុង​ភ្នំពេញ ជូន​ដំណឹង​ស្ដីពី​ការ​បិទ​បញ្ចប់​ការ​ស៊ើបសួរ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ គឺ​មាន​ជន​សង្ស័យ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នេះ​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស។

អ្នក​ឃ្លាំមើល​ពី​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា មិន​ជឿ​លើ​ការ​ស៊ើប​អង្កេត​នេះ ថា​អាច​ជា​ជនសង្ស័យ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ តែ​ម្នាក់ឯង​អាច​ធ្វើ​សកម្មភាព​បាន​នោះ​ទេ។

ក្រោយ​ការ​បាញ់​ប្រហារ​អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ អោយ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦ គឺ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ជន​ជាប់​ចោទ​ក្នុង​រឿង​ក្ដី​ឧក្រិដ្ឋ​នេះ​បាន​តែ​ម្នាក់​គឺ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់។ នៅ​ថ្ងៃ​ទី​១ ខែ​មីនា តុលាការ​ក្រុង​ភ្នំពេញ នឹង​ចាប់​ដំណើរ​ការ​ជំនុំជម្រះ​បន្ទាប់​ពី​បើក​ការ​ស៊ើបសួរ​ទៅ​លើ​ជន​ជាប់​ចោទ​អស់​ពេល​ប្រមាណ ៧​ខែ។

ទាក់ទិន​នឹង​បទ​ចោទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​នេះ គឺ​មាន​លោក លាង សំណាត់ ជា​ចៅក្រម​ជំនុំជម្រះ និង​លោក លី សុផាណា ជា​តំណាង​អយ្យការ។

លោក សៅ កុសល គណៈកម្មការ​កសាង​ចេតិយ​សម្រាប់​សព​​លោក​បណ្ឌិត កែម ឡី ធ្លាប់​បញ្ជាក់​ថា ​លោក​នឹង​ចូលរួម​ស្ដាប់​សវនាការ​នេះ។ ប៉ុន្តែ​លោក​ហាក់​ពុំ​មាន​ជំនឿ​ថា នឹង​ផ្ដល់​ភាព​យុត្តិធម៌​សម្រាប់​សព​លោក​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ​បាន​ទេ៖ «យើង​ឃើញ​ថា មហាជន​មិន​យល់​ស្រប​ថា ជួប សម្លាប់ ហ្នឹង​ជា​ឃាតក​ពិត​ទេ។ បើ​យើង​វិភាគ​ទៅ​តាម​ការ​ទំនាក់ទំនង​គ្នា​រវាង​លោក​បណ្ឌិត កែម ឡី ជាមួយ ជួប សម្លាប់ អត់​មាន​សោះ​ទី​មួយ។ ពាក់ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច​យើង​ឃើញ​ថា វា​មិន​អាច​លោក ជួប សម្លាប់ មាន​លទ្ធភាព​ឲ្យ​លុយ​លោក​បណ្ឌិត​ខ្ចី ឬ​មាន​លុយ​ទិញ​កាំភ្លើង​ដើម្បី​សម្លាប់​កូន​បំណុល​ទេ»

ដោយ​ឡែក សាច់ញាតិ​លោក​បណ្ឌិត កែម ឡី និង​ភរិយា បាន​បោះបង់​សិទ្ធិ​ក្នុង​នាម​ជា​ដើម​បណ្ដឹង និង​ចូលរួម​ស្ដាប់​សវនាការ ដោយសារ​តែ​ពុំ​មាន​ជំនឿ​លើ​ការ​រក​យុត្តិធម៌​នេះ។ អ្នក​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម​ដ៏​មាន​ប្រជាប្រិយភាព ​ត្រូវ​ឃាតក​បាញ់​សម្លាប់ ២​ថ្ងៃ​ក្រោយ​លោក​វិភាគ​លើ​របាយការណ៍​ដ៏​ស៊ី​ជម្រៅ​មួយ​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) ដែល​និយាយ​ពី​អាណាចក្រ​ជំនួញ​ត្រកូល "ហ៊ុន"។

ទាក់ទង​រឿង​ក្ដី​ដ៏​រសើប​នេះ អ្នក​ដែល​ហ៊ាន​រិះគន់ ឬ​ចោទ​ប្រកាន់​ថា លោក​នាយករដ្ឋមន្ត្រី ឬ​បក្ស​កាន់​អំណាច​មាន​ជាប់​ទាក់ទិន​សំណុំរឿង​នេះ បើ​មិន​ត្រូវ​ភៀស​ខ្លួន​ក៏​ជាប់​គុក​ដែរ។

សមាជិក​ព្រឹទ្ធ​សភា អ្នកស្រី ថាក់ ឡានី និង​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​រត់​ចោល​ស្រុក ដោយ​ឡែក​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​វ័យ​ក្មេង​ គឺ​លោក គឹម សុខ ត្រូវ​ជាប់​ពន្ធនាគារ​ដោយ​ត្រូវ​លោក ហ៊ុន សែន ប្ដឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។