តុលាការ​ខេត្ត​ត្បូងឃ្មុំ​ផ្ដន្ទាទោស​សកម្មជន​១៤​នាក់​ដាក់​ពន្ធនាគារ​១​ឆ្នាំ

ដោយ ហេង រស្មី
2021-07-02
Share
តុលាការ​ខេត្ត​ត្បូងឃ្មុំ​ផ្ដន្ទាទោស​សកម្មជន​១៤​នាក់​ដាក់​ពន្ធនាគារ​១​ឆ្នាំ សាលាដំបូង​ខេត្ត​ត្បូងឃ្ញុំ។
រូប​ពី​ហ្វេសប៊ុក

តុលាការខេត្ត​ត្បូងឃ្មុំ​សម្រេច​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​ដីធ្លី សរុប​១៤​នាក់​ដាក់​ពន្ធនាគារ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២ ទៅ ៤​លាន​រៀល។ ក្រុម​គ្រួសារ​សកម្មជន​ទាំងនោះ​ចាត់ទុក​សេចក្តី​សម្រេច​នេះ​ថា ជា​រឿង​អយុត្តិធម៌ ខណៈ​មន្ត្រី​សង្គម​ស៊ីវិល​ចាត់ទុកថា នេះ​ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី២ កក្កដា ដោយ​សម្រេច​ផ្ដន្ទាទោស​សកម្មជន​នយោបាយ​១២​នាក់ និង​សកម្មជន​ដីធ្លី​២​នាក់ ដាក់​ពន្ធនាគារ​ម្នាក់​មួយឆ្នាំ​ពី​បទ​ផ្តើម​គំនិត សមគំនិត និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្សប្រឆាំង​លោក សំ សុគង់ យល់​ថា សេចក្តី​សម្រេច​របស់​តុលាការ​នេះ​អយុត្តិធម៌​សម្រាប់​កូន​ក្តី​របស់​លោក ព្រោះ​ពួកគេ​មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​អ្វី​ឡើយ​។ លោក​បញ្ជាក់​ថា ក្រុម​មេធាវី​នឹង​ពិភាក្សា​ជាមួយ​កូន​ក្តី​ដើម្បី​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការខេត្ត​ត្បូងឃ្មុំ​នេះ៖ «ក្រុម​មេធាវី​ការពារ​យល់​ឃើញ​ថា ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ​១​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​ទៅ​៤​លាន​រៀល​នេះ គឺ​ក្រុម​មេធាវី​យល់​ឃើញ​ថា​មិនទាន់​ទទួល​យក​បាន​ដោយសារ​មិនទាន់​ផ្តល់​ភាព​យុត្តិធម៌​ដល់​កូន​ក្តី ដោយសារ​កូន​ក្តី​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ទេ​ទីមួយ ទី​ពីរ​ពាក់ព័ន្ធ​ទៅ​នឹង​អង្គ​ហេតុនេះ​គឺ​មិន​មាន​អង្គហេតុ​ណា​ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​ហើយក៏​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​ឬក៏​គាំទ្រ​ចំពោះ​ការចោទប្រកាន់​ពី​បទ​ញុះញង់​ដែរ»

ក្នុងចំណោម​មនុស្ស​ទាំង ១៤​នាក់​ដែល​តុលាការ​បាន​ផ្ដន្ទាទោស​នេះ មាន ៨​នាក់ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ ហើយ ៦​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​។ ក្នុង​ចំណោម​អ្នក​ជាប់ឃុំ​ទាំង ៨​នាក់ មាន ៦​នាក់ គឺជា​សកម្មជន​បក្ស​ប្រឆាំង មាន​ជាអាទិ៍ លោក ស៊ូ យាន លោក ម៉ក់ សំអាន និង​លោកស្រី ខន ទន។ ចំណែក​ពីរ​នាក់​ទៀត ពួកគាត់​ជា​តំណាង​សហគមន៍​កសិករ និង​សកម្មជន​ដីធ្លី រួមមាន លោក ផុន សុផល និង​លោក សែម ចំណាន​។ អាជ្ញាធរ​បាន​ចាប់ខ្លួន​ពួកគេ​ជា​បន្តបន្ទាប់​តាំងពី​ចុងឆ្នាំ​២០២០ រហូត​ដល់​ខែ​មករា ឆ្នាំ​២០២១ ដោយសារ​រឿង​ពាក់អាវ​ដែល​មាន​ពាក្យ​ថា អរគុណ​សន្តិភាព​តែ​ត្រូវ​គោរព​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ និង​ការ​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅមុខ​ស្ថានទូត​ចិន នៅ​រាជធានី​ភ្នំពេញ អំឡុង​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា។

ជុំវិញ​រឿង​នេះ ប្រពន្ធ​សកម្មជន​គណបក្សប្រឆាំង​កំពុង​ជាប់ឃុំ​លោក ស៊ូ យ៉ាន គឺ​លោកស្រី ស្រី សៀត ខកចិត្ត​ជា​ខ្លាំង​ដែល​តុលាការខេត្ត​ត្បូងឃ្មុំ​សម្រេច​ផ្ដន្ទាទោស​ប្តី​លោកស្រី​ដាក់​ពន្ធនាគារ​មួយឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ជា​ប្រាក់​៤​លាន​រៀល។ ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ថា ប្តី​លោកស្រី​មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​ដូច​ការចោទប្រកាន់​របស់​តុលាការ​នោះ​ទេ ហើយ​លោកស្រី​ចាត់ទុក​សាលក្រម​នេះ​ជា​រឿង​អយុត្តិធម៌​។ លោក​ស្នើ​សុំ​ឱ្យ​តុលាការ​ជាន់ខ្ពស់​ទំលាក់​ចោលការ​ចោទប្រកាន់ និង​ដោះលែង​ប្តី​លោកស្រី​ឱ្យ​មាន​សេរីភាព​ឡើងវិញ ព្រោះ​ប្តី​លោកស្រី​ក៏​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​នៅក្នុង​ពន្ធនាគារ​ដែល​ត្រូវការ​ព្យាបាល​និង​យកចិត្តទុកដាក់​ពី​គ្រួសារ​៖ « ចា៎​ខ្ញុំ​សូម​សំណូម​ពារ​ឱ្យ​អន្តរជាតិ​និង​អង្គការ​នានា​ជួយ​វិភាគ​មើល​ប្តី​ខ្ញុំ​ផង​ថា​តើ​ប្តី​ខ្ញុំ​ខុស​អី​ធ្ងន់ធ្ងរ​ដែរ​អត់ ប្តី​ខ្ញុំ​ជាប់ទោស​មួយឆ្នាំ​បង់លុយ​៤​លាន​ដោយសារ​នយោបាយ អយុត្តិធម៌​មែន​ព្រោះ​ប្តី​ខ្ញុំ​មិន​ខុស​អី​ផង ទំលាក់​ចោទប្រកាន់​នានា​កុំឱ្យ​ចោទប្រកាន់​ប្តី​ខ្ញុំ​ព្រោះ​ប្តី​ខ្ញុំ​គ្មាន​ទោសកំហុស​អី​ទេ​ចា៎»

ស្រដៀង​គ្នា​នេះ​ដែរ ម្តាយ​សកម្មជន​ដីធ្លី កំពុង​ជាប់ឃុំ​លោក ផុន សុផល គឺ​លោកស្រី ភឹម វឹត លើកឡើង​ថា លោកស្រី​មិនអាច​ទទួលយក​សេចក្តី​សម្រេច​របស់​តុលាការខេត្ត​ត្បូងឃ្មុំ​បាន​នោះ​ទេ ព្រោះ​កូនប្រុស​លោកស្រី​មិន​មាន​កំហុស​ដូច​ការចោទប្រកាន់​របស់​តុលាការខេត្ត​នេះ​ឡើយ​។ ស្ត្រី​វ័យ​៥៥​ឆ្នាំ​រូប​នេះ បន្ថែម​ថា ការ​ផ្ដន្ទាទោស​និង​បន្ត​ឃុំខ្លួន​កូនលោក​ស្រី​បែបនេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ ជាពិសេស​កូន​ប្រសារ​និង​ចៅ​របស់​លោកស្រី កំពុង​រស់នៅ​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​ដោយសារ​បាត់បង់​មេ​គ្រួសារ៖ «ខ្ញុំ​ថាឱ្យ​ដោះលែង​មក​បើ​មិន​មិន​ដោះលែង​ខ្ញុំ​មិន​ព្រម​ទេ និយាយ​អ៊ីចឹង​កូន​ខ្ញុំ​គ្មាន​កំហុស​អី​ទេ ខ្ញុំ​ពិបាក​ណាស់​ខ្ញុំ​ប្រាប់​ដោយ​ត្រង់​កូន​ខ្ញុំ​ក៏​ឈឺ​ខ្ញុំ​ក៏​ឈឺ​ហើយ​ប្រពន្ធ​វា​ក៏​កូនខ្ចី​មិន​ដឹង​រកអី​ដាក់​អី​ទេ ស៊ី​តែ​ឈ្នួល​គេ​ទេ​ទំរាំ​បាន​ហូប ខ្ញុំ​បាន​អី​បើ​ឱ្យ​កូន​រាល់​ខែ​ខ្ញុំ​ឯនេះ​រកតែ​ហូប​មិន​បាន​ផង»

ដូចគ្នា​នឹង​មេធាវី និង​គ្រួសារ​របស់​សកម្មជន​ទាំង​នោះ​ដែរ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​សោកស្តាយ​ចំពោះ​ការសម្រេច​របស់​តុលាការខេត្ត​ត្បូងឃ្មុំ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែន​ករុណា មាន​ប្រសាសន៍ សកម្មជន​ទាំងនោះ​មិនបាន​ប្រព្រឹត្ត​បទល្មើស​អ្វី​នោះ​ទេ ហើយ​សកម្មភាព​របស់​ពួកគាត់​គឺជា​ការប្រើប្រាស់​សិទ្ធិ​ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ចូលរួម​ជីវភាព​នយោបាយ និង​សម្ដែង​មតិស្រប​តាមច្បាប់៖ « រឿង​សកម្មជន​នយោបាយ ក៏​ដូច​សកម្មជន​សង្គម ឬ​សកម្មជន​បរិស្ថាន​ទាំងអស់​ហ្នឹង​ខាង​សង្គម​ស៊ីវិល​យើង​តែង​ចាត់​ទុក្ខ​ថា ជា​ករណី​នយោបាយ​ជាង​ករណី​អនុវត្ត​ច្បាប់ មិន​សម​ណា​នឹង​ពួកគាត់​មាន​ទោស​ទណ្ឌ​អ្វី​នោះ​ទេ ពីព្រោះ​រឿង​ទាំងអស់​នេះ​ពួកគាត់​បាន​អនុវត្ត​នូវ​សិទ្ធិ​របស់​ពួក​កាត់​ក្នុងនាម​ជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្គម​លទ្ធិ​ប្រជាធិបតេយ្យ​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ខ្លួន​ដែល​ផ្តល់​សិទ្ធិ​ឱ្យ​ពួកគាត់​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ជីវភាព​នយោបាយ​សេដ្ឋកិច្ច​ទាំងអស់​ហ្នឹង»

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២០ មកដល់​ខែ​មិថុនា ឆ្នាំ​២០២១ នេះ អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន ព្រះសង្ឃ​ខ្មែរ​ថាវរៈ សកម្មជន​សង្គម និង​ក្រុម​យុវជន​ចំនួន​ប្រមាណ​៨០​នាក់​ហើយ​ដាក់​ពន្ធនាគារ។ តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ រួមគំនិត​ក្បត់ ញុះញង់ និង​បទ​ប្រមាថ​ថ្នាក់ដឹកនាំ ដែល​ជា​បទ​ចោទ​ពេញនិយម​របស់​ព្រះរាជអាជ្ញា ហើយ​ត្រូវ​បាន​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​មើល​ឃើញ​ថា ជា​ការ​ចោទប្រកាន់​តាម​ទំនើងចិត្ត។

សហគមន៍​ជាតិ និង​អន្តរជាតិ រួម​ទាំង​ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​ផង បាន​បញ្ចេញ​ប្រតិកម្ម​ថ្កោលទោស​ករណី​ទាំងនេះ និង​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​បទចោទប្រកាន់ និង​ដោះលែង​អ្នក​ជាប់ឃុំ​ក្នុង​សំណុំរឿង​នយោបាយ​ទាំងនោះ​ឱ្យ​មាន​សេរីភាព​វិញ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល