នៅឯប្រទេសថៃឯណោះវិញ តុលាការប្រទេសនេះសម្រេចបដិសេធបណ្ដឹងសមូហភាពរបស់ប្រជាពលរដ្ឋខ្មែរដែលរួមគ្នាប្ដឹងក្រុមហ៊ុនស្ករអំពៅថៃមិត្រផុន (Mitr Phol) ដែលបានរំលោភយកដីធ្លីនិងដុតផ្ទះសម្បែងរបស់ពួកគេក្នុងភូមិសាស្ត្រស្រុកសំរោង ខេត្តឧត្តរមានជ័យ កាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥។ ពលរដ្ឋខ្មែរជាដើមបណ្ដឹងសម្ដែងការខកចិត្ត និងត្រៀមប្ដឹងករណីនេះទៅឧទ្ធរណ៍បន្តទៀត។
តុលាការផ្នែករដ្ឋប្បវេណីនៅទីក្រុងបាងកកប្រទេសថៃ បានប្រកាសសាលក្រមនៅថ្ងៃទី៤ ខែកក្កដាដោយបដិសេធបណ្ដឹងសមូហភាពរបស់ពលរដ្ឋខ្មែរនៅខេត្តឧត្តរមានជ័យ ដែលប្ដឹងក្រុមហ៊ុនស្ករអំពៅថៃដ៏ធំមួយឈ្មោះមិត្រផុន បន្ទាប់ពីតុលាការនេះបានបើកសវនាការចំនួន ៣លើករួចមក។
មេធាវីតំណាងឱ្យជនរងគ្រោះគឺអ្នកស្រី សរ រតនាម៉ានីផនក្លា (Sor RattanamaneePolkla) ប្រាប់អាស៊ីសេរីថាមូលហេតុដែលភាគីដើមបណ្តឹងបរាជ័យក្នុងការស្នើសុំឱ្យតុលាការថៃទទួលយកបណ្ដឹងសមូហភាពរបស់ពលរដ្ឋខ្មែរនោះព្រោះតុលាការថៃ យល់ថា បណ្ដឹងសមូហភាពនេះវាមានលក្ខណៈស្មុគស្មាញចំពោះនីតិវិធី។ ប៉ុន្តែដើមបណ្តឹងនៅតែមានសិទ្ធិប្ដឹងឧទ្ធរណ៍បន្តទៀតដើម្បីទាមទារឱ្យតុលាការថៃទទួលបណ្ដឹងសមូហភាពនេះ ដូច្នេះភាគីជនរងគ្រោះមិនទាន់អស់សង្ឃឹមទាំងស្រុងនោះឡើយ។ អ្នកស្រីមេធាវីបញ្ជាក់ថា អ្នកស្រី កំពុងជជែកជាមួយកូនក្តីដើម្បីដាក់បណ្តឹងឧទ្ធរណ៍ព្រោះមានរយៈពេល៧ថ្ងៃក្រោយការប្រកាសសាលក្រមនេះ៖ «តាមពិតទៅ ! លំដាប់លំដោយនៃបណ្ដឹងសមូហភាពនេះពីព្រោះករណីនេះ យើងប្ដឹងជាករណីរដ្ឋប្បវេណី ហើយនៅក្រោមច្បាប់របស់ថៃករណីរដ្ឋប្បវេណី យើងអាចតម្រូវឱ្យតុលាការទទួលយកបណ្ដឹងជាសមូហភាពទៅពិចារណាបានដែលខុសគ្នាពីបណ្ដឹងជាបុគ្គលឯកជនម្នាក់ៗ។ ថ្ងៃនេះតុលាការបានបដិសេធការទទួលយកបណ្ដឹងសមូហភាពនេះដោយសារតុលាការយល់ឃើញថា ករណីនេះ យើងប្រើជាករណីសមូហភាពវានឹងមានឧបសគ្គចំពោះនីតិវិធីហើយវានឹងមិនងាយស្រួលជាងបណ្ដឹងធម្មតាឡើយ»។
បណ្ដឹងសមូហភាពគឺជាបណ្ដុំនៃដើមបណ្ដឹងជាច្រើននាក់ ដែលយល់ថា ខ្លួនរងការខូចខាតដូចគ្នា ឬស្រដៀងគ្នាពីអំពើណាមួយដែលអំពើទាំងនោះប្រព្រឹត្តឡើងដោយអ្នកមានឥទ្ធិពលដូចជាស្ថាប័នរដ្ឋាភិបាលក្រុមហ៊ុនឯកជន ឬសាជីវកម្មជាដើម។
អ្នកភូមិបីនាក់ដែលតំណាងឱ្យជនរងគ្រោះដីធ្លី ៧០០គ្រួសារ ពីខេត្តឧត្តរមានជ័យបានចូលរួមស្ដាប់ការប្រកាសសាលក្រមរបស់តុលាការថៃនេះ។
តំណាងពលរដ្ឋរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះថ្លែងថា លោកស្រីខកចិត្តនៅពេលតុលាការថៃមិនទទួលយកបណ្ដឹងសមូហភាពរបស់ខ្លួនក្រោមហេតុផលថា ដោយសារតែជាពលរដ្ឋខ្មែរមិនចេះ ភាសាថៃ និងជាអ្នកក្រីក្រគ្មានសមត្ថភាពអាចប្ដឹងបន្តទៀតបាន។ លោកស្រីបន្តថា ពួកគាត់បានបាត់បង់ផ្ទះសម្បែងដីស្រែចម្ការ ដោយសារតែក្រុមហ៊ុនថៃទៅវិនិយោគទីនោះ ដូច្នេះតុលាការថៃគួរតែរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរដែលរងគ្រោះ៖ «ខ្ញុំមិនពេញចិត្តនឹងតុលាការដូចថា គាត់រើសអើងដូចជាពួកខ្ញុំក្រីក្រ មកពីខ្មែរគ្មានសមត្ថភាពនឹងប្ដឹងបន្ត។ ខ្ញុំចង់ប្ដឹងឧទ្ធរណ៍ទៀតដើម្បីឱ្យតុលាការទទួលបណ្ដឹងសមូហភាពរបស់ពួកខ្ញុំ។ ខ្ញុំចង់ប្ដឹងសមូហភាពទាំងអស់គ្នា ព្រោះវាប៉ះពាល់ធំធេងដែរដូចជាដុតផ្ទះសម្បែង បាត់បង់របស់ទ្រព្យចាប់ដាក់ពន្ធនាគារ កូនខានរៀនប្រជាជនចំណាកស្រុក និងបញ្ហាច្រើនទៀត។ ខ្ញុំមកប្តឹងនៅប្រទេសថៃនេះដោយសារប្រជាជនគាត់លំបាកវេទនាមែនទែនដោយសារក្រុមហ៊ុននេះ រំលោភផ្ទះសម្បែងយកដីពីប្រជាពលរដ្ឋ»។
មន្ត្រីសិទ្ធិមនុស្សឱ្យដឹងថា មូលហេតុដែលពលរដ្ឋរងគ្រោះដាក់បណ្ដឹងសមូហភាពនៅតុលាការប្រទេសថៃ ហើយតុលាការបានបើកសវនាការពិនិត្យមើលបណ្ដឹងនេះ គឺដោយសារតែប្រទេសថៃគឺជាហត្ថលេខីនៃសេចក្ដីប្រកាសជាសាកល ស្ដីពីសិទ្ធិមនុស្សនិងធុរកិច្ចរបស់អង្គការសហប្រជាជាតិដូច្នេះរាល់ធុរកិច្ច ឬរាល់គម្រោងវិនិយោគទាំងឡាយត្រូវតែគិតគូរដល់សិទ្ធិមនុស្សមិនថា នៅទីណានោះទេ។
ប្រធានអង្គការសមធម៌កម្ពុជាលោក អៀង វុទ្ធី ដែលតាមដានករណីនេះមានប្រសាសន៍ថា តុលាការថៃបដិសេធបណ្ដឹងសមូហភាពនេះ ដោយចង់ពិចារណាករណីនេះទៅជាបណ្ដឹងធម្មតា ឬបណ្ដឹងបុគ្គលឯកជនម្នាក់ៗវិញ ប៉ុន្តែពលរដ្ឋខ្មែរនៅតែចង់ប្ដឹងជាសមូហភាពព្រោះជនរងគ្រោះជួបបញ្ហាដូចៗគ្នា និងមិនចាំបាច់ចំណាយប្រាក់ច្រើនសម្រាប់ថ្លៃមេធាវី។ លោកយល់ថា ករណីជម្លោះដីធ្លីដែលបង្កផលប៉ះពាល់ធំធេងដល់ការរស់នៅ និងជីវភាពពលរដ្ឋខ្មែរនេះគឺតុលាការ គួរតែទទួលបណ្ដឹងសមូហភាពនេះ៖ «យើងយល់ឃើញថា បណ្ដឹងសមូហភាពនេះវាសមស្របជាងបណ្ដឹងឯកជនម្នាក់ៗ។ តែអ្វីក៏ដោយវាជាឆន្ទានុសិទ្ធិរបស់តុលាការ។ អីចឹងយើងពិបាកក្នុងការវិនិច្ឆ័យដោយសារគាត់មានមូលហេតុពីខាងក្រោយអ៊ីចឹងទៅ។ ធម្មតាយើងមិនទាន់ចប់នីតិវិធីទេ គឺផ្អែកតាម ច្បាប់ នៅថៃខាងមេធាវីរបស់ប្រជាពលរដ្ឋគាត់មានសិទ្ធិប្ដឹងឧទ្ធរណ៍»។
ជម្លោះដីធ្លីរវាងពលរដ្ឋខ្មែរជាមួយក្រុមហ៊ុនមិត្រផុន ចាប់ផ្ដើមនៅឆ្នាំ២០០៨ នៅពេលក្រុមហ៊ុនស្ករអំពៅថៃមួយនេះទទួលបានដីសម្បទានសេដ្ឋកិច្ចជិត ២០.០០០(ពីរម៉ឺន) ហិកតារដើម្បីវិនិយោគដំណាំអំពៅចំនួន ៧០ឆ្នាំ នៅខេត្តឧត្តរមានជ័យ។ ការវិនិយោគដំណាំអំពៅរបស់ក្រុមហ៊ុនថៃនេះបានធ្វើឱ្យប៉ះពាល់ភូមិចំនួនប្រាំរួមមាន ភូមិតាម៉ាន ភូមិត្រពាំងវែង ភូមិខ្ទុំ ភូមិអូរបាត់មាន់ ភូមិបុស្សឃុំកូនក្រៀល ក្នុងក្រុងសំរោង។ ការប៉ះទង្គិចរវាងកម្លាំងប្រដាប់អាវុធដែលការពារឱ្យក្រុមហ៊ុនជាមួយអ្នកភូមិក៏កើតមានឡើង។ ផ្ទះសម្បែងពលរដ្ឋ២២៣ខ្នង នៅភូមិអូរបាត់មាន់ ត្រូវបានកម្លាំងរបស់ក្រុមហ៊ុនដុតបំផ្លាញចោលទាំងស្រុង ដើម្បីបង្ខំឱ្យអ្នកភូមិចាកចេញ។ រយៈពេលជាច្រើនឆ្នាំមកនេះពលរដ្ឋដែលរងគ្រោះគ្មានដីធ្វើស្រែចម្ការបណ្ដាលឱ្យប៉ះពាល់ជីវភាពរស់នៅសុខភាព ការរៀនសូត្ររបស់កូនចៅ និងការចំណាកស្រុកកើនឡើង ហើយអ្នកភូមិ ៤នាក់ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារទៀតផង។ ដូច្នេះការដាក់បណ្ដឹងសមូហភាពនៅតុលាការថៃនេះ គឺដើម្បីទារសំណងប៉ះប៉ូវការខូចខាតទាំងនោះ។ តំណាងពលរដ្ឋរងគ្រោះដីធ្លីអំពាវនាវឱ្យតុលាការថៃជួយរកយុត្តិធម៌ជូនដល់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
