សហព័ន្ធសហជីពសេរី កម្មករ នឹងនៅតែបន្តរៀបចំពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា គម្រប់ខួបលើកទី១៦ នៅថ្ងៃទី២២ ខែមករា ខាងមុខនេះ ដើម្បីរំលឹកដឹងគុណចំពោះការលះ បង់ដ៏ធំធេងរបស់លោកក្នុងបុព្វហេតុសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិការងាររបស់កម្មករ។ មកទល់ពេលនេះ រដ្ឋាភិបាលលោក ហ៊ុន សែន មិនទាន់ស្វែងរកឃាតកបាញ់សម្លាប់លោក ជា វិជ្ជា ទាំងកណ្ដាលថ្ងៃបាននៅឡើយទេ។
អនុប្រធានសហព័ន្ធសហជីពសេរីកម្មករ លោក ម៉ាន់ សេងហាក់ ប្រាប់អាស៊ីសេរីថា អាជ្ញាធរសាលារាជធានីភ្នំពេញ បានអនុញ្ញាតតាមការស្នើសុំដោយឱ្យសហជីពរបស់លោកជួបជុំគ្នានៅមុខរូបសំណាករបស់លោក ជា វិជ្ជា នៅក្បែរវិមានឯករាជ្យ នៅថ្ងៃទី២២ ខែមករា ខាងមុខនេះ ដើម្បីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសម្រាប់គម្រប់ខួប ១៦ឆ្នាំនៃឃាតកម្មលើលោក ជា វិជ្ជា។ លោក ម៉ាន់ សេងហាក់ រំពឹងថា ពិធីគោរពវិញ្ញាណលោក ជា វិជ្ជា ដែលលោកហៅថា ជាវីរជនកម្មករនេះ នឹងមានអ្នកចូលរួមលើសពី ១៥០នាក់ ក្នុងនោះមានកម្មករ-កម្មការិនីថ្នាក់ដឹកនាំ សហជីពនានាព្រម ទាំងសាច់ញាតិក្រុមគ្រួសាររបស់លោក ជា វិជ្ជា ផងដែរ។ មន្ត្រីសហជីពរូបនេះ បន្តថា ពួកលោក និងក្រុមគ្រួសាររបស់លោក ជា វិជ្ជា នៅតែទទូចឱ្យអាជ្ញាធររដ្ឋាភិបាល ស្វែងរកចាប់ខ្លួនឃាតកពិតមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ៖ «ពេលនេះយើងមិនទាន់មានព័ត៌មានជាផ្លូវការណាមួយដែលមន្ត្រីរដ្ឋាភិបាលរួមទាំងតុលាការ ឱ្យតម្រុយនៃឃាតកនោះនៅឡើយទេ។ ប៉ុន្តែយើងសង្ឃឹមថា នឹងមានយុត្តិធម៌ ប៉ុន្តែមិនមែននៅពេលនេះ គឺនៅពេលក្រោយៗទៀត ព្រោះយើងនៅតែទន្ទឹងរង់ចាំយុត្តិធម៌»។
លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់នៅតូបលក់កាសែតជិតវត្តលង្កា ក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ក្នុងពេលដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិនយោបាយរវាងគណបក្សចំនួន៣ ក្រោយពេលបោះឆ្នោត ឆ្នាំ២០០៣ គឺគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្ស៊ី។ លោក ជា វិជ្ជា ក្រៅពីជាមេដឹកនាំសហជីពនោះ លោកក៏ជាសកម្ម ជនគណបក្ស សម រង្ស៊ី ដែរ។ លោកតែងតែដឹកនាំកម្មករធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដើម្បីទាមទារផលប្រយោជន៍ផ្សេងៗជូនកម្មករ។
គិតរហូតពេលនេះ មានរយៈពេល ១៦ឆ្នាំហើយ ដែលសំណុំរឿងឃាតកម្មដ៏កក្រើកមួយនេះ មិន ទាន់ត្រូវបានរបបក្រុងភ្នំពេញ វែកមុខរកឃាតកឃើញនៅឡើយ ក្រោយរងការរិះគន់ថា បានព្យាយាមបង្កើតឃាតកសិប្បនិមិត្ត។ រដ្ឋាភិបាល លោក ហ៊ុន សែន នៅតែអះអាងថា សំណុំរឿងនេះ នៅមិនទាន់បិទបញ្ចប់នៅឡើយទេ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំមិនដែលបានបង្ហាញពីការវិវឌ្ឍន៍បន្តិច ណាមួយនៃលទ្ធផលស៊ើបអង្កេតនោះទេ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា សំណុំរឿងឃាតកម្ម របស់លោក ជា វិជ្ជា គឺស្ថិតក្នុងដៃតុលាការនៅឡើយ ហើយលោកថា ប្រសិនបើនរណាចង់បាន យុត្តិធម៌សម្រាប់លោក ជា វិជ្ជា គឺត្រូវស្វែងរកភស្តុតាងថ្មីៗដាក់ជូនតុលាការដោយខ្លួនឯង ចំណែក រដ្ឋាភិបាល គ្មានតួនាទីស៊ើបអង្កេតរកភស្តុតាងរឿងនោះទេ។ លោកក៏ព្រមានប្តឹងចំពោះជននរណា ដែលចោទថា រដ្ឋាភិបាល ជាអ្នកនៅពីក្រោយខ្នងឃាតកម្មនេះដោយគ្មានភស្តុតាងច្បាស់លាស់ផងដែរ៖ «ឥឡូវនេះវាអត់មានអី មានតែយុទ្ធនាការធ្វើនយោបាយដើម្បីរកយុត្តិធម៌។ យុទ្ធនាការធ្វើនយោបាយដើម្បីរកយុត្តិធម៌នេះ ប៉ុន្មានសតវត្សទៀត ក៏មិនបានដែរ ដូច្នេះតុលាការ ត្រូវការភស្តុតាងថ្មី។ សូមអំពាវនាវឱ្យអ្នកដែលស្រលាញ់ងាប់រស់ជាមួយ ជា វិជ្ជា នោះ ដាក់ភស្តុតាងថ្មីមក បើរកឃើញមានតម្រុយណាមួយ ដាក់ជូនតុលាការ ដើម្បីយើងបើកការស៊ើបអង្កេតតទៅទៀត ព្រោះករណីឃាតកម្មនេះ មិនមានអាជ្ញាយុកាលណា»។
ផ្ទុយពីការលើកឡើងនេះ អនុប្រធានសហព័ន្ធសហជីពសេរីកម្មករ ថ្លែងថា លោក ផៃ ស៊ផាន មិនគួរ ចេះតែនិយាយឱ្យតែរួចពីមាត់នោះទេ ព្រោះថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ រដ្ឋាភិបាលលោក ហ៊ុន សែន បានបង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើឃាតកម្មសម្លាប់លោក ជា វិជ្ជា និងមេសហជីពពីររូបផ្សេងទៀត គឺលោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត ដូច្នេះរដ្ឋាភិបាល មានតួនាទីខ្ពស់ក្នុងការស៊ើបអង្កេត និងដឹងឮរឿងនេះ ។ លោក ម៉ាន់ សេងហាក់ យល់ថា សមត្ថកិច្ចរដ្ឋាភិបាល មានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វែងរកឃាតកសម្លាប់ លោក ជា វិជ្ជា ក៏ប៉ុន្តែសំខាន់នៅត្រង់ថា តើរដ្ឋាភិបាលមានឆន្ទៈក្នុងការស្វែងរកចាប់ខ្លួនដែរឬអត់៖ «បើសិនជារដ្ឋាភិបាលមានឆន្ទៈនឹងរកឃើញឃាតកហើយ ប៉ុន្តែបើរដ្ឋាភិបាល មិនមានឆន្ទៈទេ នៅតែថា គេមិនទាន់បិទ គេនៅតែរក ប៉ុន្តែគ្មានឆន្ទៈដូច្នេះ ១០ទៅ ២០ឆ្នាំទៀត ក៏រកមិនឃើញដែរ។ បច្ចុប្បន្ន យើងឃើញហើយថា អ្នកស្លាប់ដោយសារនយោបាយ ពុំដែលរកឃាតកឃើញនោះទេ ប៉ុន្តែអ្នកសម្លាប់ដូចជារឿងស្រីញី រឿងស្នេហាត្រីកោណ គឺរកតែ មួយភ្លែតឃើញឃាតកភ្លាម»។
រីឯអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា តុលាការ នៅតែបើកចំហសំណុំរឿងនេះ ដដែល និងបានបង្វិលឱ្យគណៈកម្មការចម្រុះដឹកនាំដោយក្រសួងមហាផ្ទៃ ដែលរដ្ឋាភិបាលបង្កើត ឡើង បន្តស៊ើបអង្កេតបន្ថែមទៀត ប៉ុន្តែមកទល់ពេលនេះ លោក ក៏មិនដឹងថា មានលទ្ធផលបែប ណានោះទេ៖ «តុលាការ បានប្រគល់ដំណើរការស៊ើបអង្កេតនេះទៅគណៈកម្មការចម្រុះដើម្បីផ្ដល់លទ្ធផលនេះមកកាន់តុលាការនឹងដំណើរការតាមនីតិវិធី ដូច្នេះអាចទាក់ទងទៅក្រសួងមហាផ្ទៃអំពីលទ្ធផលនៃការស៊ើបអង្កេតនេះ»។
អាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ជាច្រើនលើក តែ គ្មានអ្នកទទួល។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលជាមនុស្សជិតស្និទ្ធជាមួយលោក ជា វិជ្ជា លើកឡើងថា ក្រុមសហជីព និងកម្មករ នៅតែចង់ឃើញរដ្ឋាភិបាល ស្វែងរកយុត្តិធម៌ជូនក្រុម គ្រួសាររបស់លោក ជា វិជ្ជា ព្រោះរយៈពេល ១៦ឆ្នាំនេះ ពួកគេបានរស់នៅក្នុងភាពឈឺចាប់ដោយសារគ្មានពន្លឺយុត្តិធម៌ទាល់តែសោះ៖ «បើយើងមើល ១៦ឆ្នាំហើយ ពុំមានពន្លឺយុត្តិធម៌បន្តិចសោះ មានន័យថា ឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា មិនចង់វែកមុខរកឃាតកនិងអ្នកនៅពីក្រោយខ្នង ព្រោះករណីឃាតកម្មលើមេសហជីពដ៏ល្បីរូបនេះ ដែលកន្លងមកយើងធ្លាប់ដឹងថា មានការពាក់ព័ន្ធនឹងមន្ត្រីថ្នាក់ធំក្នុងជួររដ្ឋាភិបាល ដូច្នេះហើយទើបករណីនេះមិនវែកមុខរកឃាតកនិងអ្នក នៅពីក្រោយខ្នងយកមកផ្ដន្ទាទោសរហូតដល់អូសបន្លាយពេល១៦ឆ្នាំ»។
នៅក្នុងខែកក្កដា ឆ្នាំ២០០៣ លោក ជា វិជ្ជា ត្រូវបានគេគំរាមសម្លាប់តាមទូរស័ព្ទ បន្ទាប់ពីលោកប្រកាសឱ្យសមាជិកសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់គាំទ្រគណបក្ស សម រង្ស៉ី។ ពេលនោះ លោក ជា វិជ្ជា ធ្លាប់បានទៅជួបប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីយកលេខទូរស័ព្ទឱ្យជួយស្រាវជ្រាវ ប៉ុន្តែប៉ូលិស ឆ្លើយថា មិនហ៊ានប៉ះពាល់ទេ ព្រោះអ្នកគំរាមនោះជាមន្ត្រីមានឋានៈធំណាស់។ ដូច្នេះជម្រើសល្អ គឺលោក ជា វិជ្ជា ត្រូវរកកន្លែងមានសុវត្ថិភាព។ ទោះបីមានសារគំរាមសម្លាប់ក្ដី លោក ជា វិជ្ជា មិនព្រមចាកចេញពីប្រទេសកម្ពុជាឡើយ ព្រោះលោកចង់តស៊ូដើម្បីផលប្រយោជន៍កម្មករ សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្រោយការស្លាប់របស់លោក ជា វិជ្ជា គឺមានការពុះកញ្ជ្រោលយ៉ាងខ្លាំងពីសហគមន៍ជាតិ និងអន្តរជាតិក្នុងការទាមទារឱ្យរដ្ឋាភិបាលស្វែងចាប់ខ្លួនឃាតក។ មន្ត្រីសិទ្ធិមនុស្សលើកឡើងថា ដើម្បីទប់ស្ថានការណ៍បានខ្លះនៅកាលណោះ សមត្ថកិច្ចបានចាប់ឃាតកសិប្បនិមិត្ត គឺ ប៊ន សំណាង និង សុខ សំអឿន ក្នុងការបង្វែរពីការស្វែងរកឃាតកពិត និងដើម្បីឱ្យសាធារណជនស្ងប់ចិត្ត។ ទីបំផុត តុលាការកំពូល ក៏បានសម្រេចចិត្តដោះលែងអ្នកទាំងពីរវិញ ហើយបង្វែរសំណុំរឿងឱ្យសាលា ឧទ្ធរណ៍ស៊ើបអង្កេតសំណុំរឿងនេះឡើងវិញ។
អតីតស្នងការរាជធានីភ្នំពេញ លោក ហេង ពៅ ធ្លាប់ប្រាប់កាសែតបរទេស មុនពេលលោក ហ៊ុន សែន មិនទាន់ចាប់ខ្លួនលោកពីប្រទេសម៉ាឡេស៊ី ថា អតីតអគ្គស្នងការនគរបាលជាតិកម្ពុជា លោក ហុក ឡងឌី បានបញ្ជាឱ្យលោកចាប់ សុខ សំអឿន និង ប៊ន សំណាង។ តែមន្ត្រីលោក ហ៊ុន សែន បានបដិសេធការអះអាងរបស់លោក ហេង ពៅ នៅពេលនោះ។
មជ្ឈដ្ឋានមួយចំនួន បានចោទប្រកាន់ថា មូលហេតុដែលរបបលោក ហ៊ុន សែន គ្មានឆន្ទៈស្វែងរក ឃាតកពិតនេះ គឺដោយសាររបបលោក ហ៊ុន សែន ជាអ្នកនៅក្រោយខ្នងការសម្លាប់លោក ជា វិជ្ជា ព្រោះលោក ជា វិជ្ជា គឺជាវីរជនកម្មករ និងជាសកម្មជនគណបក្សប្រឆាំងផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។