តំណាង​អយ្យការ​បើក​ការស្រាវជ្រាវ​សំណុំរឿង​ចោទ​ប្រកាន់​ករណី​ប្រឡងសិស្ស​ចៅក្រម

0:00 / 0:00

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ស៊ើបអង្កេត បណ្ដឹង​ចំនួន​ពីរ​ប្រឆាំង​នឹង​បេក្ខជន​តវ៉ា​លទ្ធផល​ប្រឡង​ចៅក្រម ដែល​ត្រូវ​រង​ការ​ចោទប្រកាន់​ថា មាន​ភាព​មិន​ប្រក្រតី។

បេក្ខជន​តវ៉ា​លទ្ធផល​សិស្ស​ចៅក្រម លោក គង់ ប៊ុនរិទ្ធិ និង​ជា​ចុង​បណ្ដឹង មាន​ប្រសាសន៍​ថា លោក​ពេញ​ចិត្តនឹង​ការសម្រេច​របស់​តំណាង​អយ្យការ ដែល​បន្ត​ការស្រាវជ្រាវ​បន្ត​ទៀត​។ លោក​សន្យា​ថា នឹង​ចូលខ្លួន​គ្រប់​ពេល ដើម្បី​ជ្រោមជ្រែង​ដល់​ការស្រាវជ្រាវ​របស់​តំណាង​អយ្យការ ព្រមទាំង​បាន​ប្រគល់​ទូរស័ព្ទ និង​កុំព្យូទ័រ​យួរ​ដៃ​របស់​លោក ឱ្យ​តំណាង​អយ្យការ​ថែរក្សា​ទុក តាម​សំណើ​របស់ ព្រះរាជអាជ្ញា​រង ដើម្បី​បង្ហាញ​ដល់​ការ​គាំទ្រ ឱ្យ​បើក​ការស្រាវជ្រាវ​បន្ត​។ លោក គង់ ប៊ុនរិទ្ធិ ប្រាប់​ថា នីតិវិធី​ចូល​ឆ្លើយ​បំភ្លឺ​ពេញ​មួយថ្ងៃ ទី​១៤ កុម្ភៈ​ លោក​បាន​ឆ្លើយ​បំភ្លឺ​ល្អិតល្អន់ ក្បោះក្បាយ និង​សង្ឃឹមថា តុលាការ​អាច​បង្ហាញ​តម្លាភាព៖ «ក្នុងនាម​ខ្ញុំ​ជា​ជនសង្ស័យ​ហ្នឹង ក៏​ខ្ញុំ​ចង់​ឱ្យ​លោក​ព្រះរាជអាជ្ញា​បន្ត​ការ បើក​ការស៊ើបអង្កេត​ហ្នឹង ដើម្បី​រក​ឱ្យ​ឃើញ​ការពិត​នៅ​ក្នុង​ករណី អាន​សារ​របស់ខ្ញុំ​។ អ៊ីចឹង​ទៅ លោក​ព្រះរាជអាជ្ញា​បាន​បង្ហាញ​ឆន្ទៈ​ថា ចង់​រក​ការពិត​ឱ្យ​ឃើញ​ដូចគ្នា​។ អ៊ីចឹង​ហើយ ក្នុង​នាម​ខ្ញុំ ចង់តែ​រក​ការពិត​នៅ​ក្នុង​ករណី​ហ្នឹង អ៊ីចឹង​ខ្ញុំ​ក៏​បង្ហាញ​ឆន្ទៈ​ចង់​ចូលរួម​ជាមួយ​លោក​ព្រះរាជអាជ្ញា ឱ្យ​ដល់​ទី​បញ្ចប់​ផង​ដែរ»។

នីតិវិធី​សាកសួរ​ឱ្យ​ឆ្លើយ​បំភ្លឺ​លើ​លោក គង់ ប៊ុនរិទ្ធិ ត្រូវ​បាន​ធ្វើឡើង ជិត​ ១០​ម៉ោង គឺ​ពេញ​មួយ​ថ្ងៃ​ទី​១៤ កុម្ភៈ តាំងពី​ម៉ោង​៩​កន្លះ ព្រឹក​ដល់​ម៉ោង​៦​ល្ងាច ដោយ​គ្មាន​ការ​ចេញ​ក្រៅ​សម្រាក។

លោក គង់ ប៊ុនរិទ្ធិ រង​បទ​ចោទ ​២​សំណុំរឿង គឺ សំណុំរឿង​ទី​១ (​លេខ​សំណុំរឿង​ ៦២១) មាន​បទ​ចោទ​២ គឺ​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បរិហារ​បង្កាច់​កេរ្តិ៍ និង​សំណុំរឿង​ទី​២ (​លេខ​សំណុំរឿង ​៦២២) មាន​បទ​ចោទ ​២​ទៀត គឺ​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​មានការ​រើសអើង។

សំណុំរឿង​ទី​១ ប្ដឹង​ដោយ​មន្ត្រី​ក្នុង​ក្រសួង​យុត្តិធម៌ ចំនួន ​៣​នាក់ ដែល​មាន​ឈ្មោះ ក្នុង​វីដេអូ​របស់ លោក គង់ ប៊ុនរិទ្ធិ ថា ជា​អ្នកធ្វើ​សកម្មភាព​ផ្ទាល់ ក្នុង​ការ​ទទួល​លុយ​សំណូក​ពី​បេក្ខជន​ប្រឡង​ចូល​សាលា​ភូមិន្ទ​ចៅក្រម គឺ ឈ្មោះ ពៅ វិបុល សុង សំនិត និង តូច វិចិត្រ​។ ឯ​សំណុំរឿង​ទី​២ ប្ដឹង​ដោយ​តំណាង​សិស្ស​ជ័យ​លាភី ជាប់​ចៅក្រម​ជំនាន់​ទី​១០ ចំនួន ​៦​នាក់។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ព្រះរាជអាជ្ញា​រង លោក សាយ ណូរ៉ា ដែល​កាន់​សំណុំរឿង​បាន​ទេ ដោយសារ​មិន​ទទួល​ទូរស័ព្ទ។ ចំណែក​ដើមបណ្ដឹង​ម្នាក់ ក្នុង​ចំណោម ​៣​នាក់ នៃ​សំណុំរឿង​ទី​១ ឈ្មោះ ពៅ វិបុល ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ដែរ ដោយសារ​អ្នក​លើក​ទូរស័ព្ទ​ប្រាប់​ថា ច្រឡំ​លេខ។

លោក គង់ ប៊ុនរិទ្ធិ បាន​បង្ហោះ​សារ ក្នុង​ហ្វេសប៊ុក (facebook) កាលពី​ថ្ងៃ​ទី​២៦ មករា​ថា ការ​ប្រឡងប្រជែង​សិស្ស​ចៅក្រម​ជំនាន់​ទី​១០ មាន​ភាព​មិន​ប្រក្រតី ដោយ​អំពើពុករលួយ ជា​ប្រព័ន្ធ​។ ភាព​មិន​ប្រក្រតី នោះ លោក គង់ ប៊ុនរិទ្ធិ ទទួល​បាន​ព័ត៌មាន​ថា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា បាន​ដាក់​បញ្ជា​ឱ្យ​មន្ត្រី​សរុប ៥​នាក់ ត្រូវ​ប្រមូល​ប្រាក់​សំណូក។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក គង់ ប៊ុនរិទ្ធិ គឺ លោក មេធាវី ពុធ ឌីម៉ង់ យល់​ថា ខាង​តំណាង​អយ្យការ​ពិតជា​បាន​បង្ហាញ​ឆន្ទៈ ចង់​រក​ឱ្យ​ឃើញ​ការពិត នៅ​ក្នុង​សំណុំរឿង​ទាំង​២​នេះ មែន​។ លោក​មេធាវី ពុធ ឌីម៉ង់ ដែល​ស្ម័គ្រចិត្ត​ស្មាក្ដី ឱ្យ លោក គង់ ប៊ុនរិទ្ធិ ភ្លាមៗ ដោយ​មិន​យក​កម្រៃ យល់​ថា ត្បិត​នីតិវិធី​ចូល​ឆ្លើយ​បំភ្លឺ នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ អូស​បន្លាយ​ពេល​យូរ តែ​វា​មាន​ភាព​ល្អិតល្អន់ និង​ទទួល​យក​បាន៖ «លោក​ព្រះរាជអាជ្ញា គឺ​គាត់​សួរ​ព្យាយាម​សួរ​លម្អិត​បំផុត ហើយ​មិន​ព្យាយាម​ឱ្យ​មាន​ចន្លោះប្រហោង ខ្លាច ប៊ុនរិទ្ធិ ឆ្លើយ​ទៅ មានការ​ច្រឡំ​នឹង​សំណួរ​។ អ៊ីចឹង​ណា​បង ដូច្នេះ​ហើយ គាត់​ព្យាយាម​ថា ដល់ពេល​សួរ​ហើយ គង់ ប៊ុនរិទ្ធិ មិន​យល់ មិន​ច្បាស់ គឺ​គាត់​នៅតែ​ព្យាយាម​បកស្រាយ​ឱ្យ​យល់​ច្បាស់ បាន​កត់​សំណួរ កត់​នៅ​ក្នុង​ចម្លើយ ចូល​នៅ​ក្នុង​កំណត់ហេតុ​នៅ​ក្នុង​តុលាការ​ ... ព្រះរាជអាជ្ញា សាយ ណូរ៉ា គាត់​ព្យាយាម​ស្វែងរក​នូវ​ភាព​ពិតប្រាកដ​ថា តើ​រឿងហេតុ​វា​យ៉ាង​ម្ដេច បាន​ទៅជា​យ៉ាងហ្នឹង»។

លោក​មេធាវី ក៏​សង្ឃឹមថា តំណាង​អយ្យការ អាច​បន្ត​ការស្រាវជ្រាវ​រក​ឃើញ ការពិត​នៃ​ការចោទប្រកាន់​លើ​កូនក្ដី។

បើ​ទោះ​ជា​យ៉ាងណា គណៈកម្មការ​រៀបចំ​ការ​ប្រឡង​សិស្ស​ចៅក្រម និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ធ្លាប់​បាន​ឆ្លើយ​បំភ្លឺ​នៅ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​រួចហើយ ដោយ​អះអាង​ថា មិន​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ​កើតឡើង​ឡើយ ក្នុង​ការ​ប្រឡង​សិស្ស​ចៅក្រម​ជំនាន់​ទី​១០។

ប៉ុន្តែ លោក គង់ ប៊ុនរិទ្ធិ មិន​ជឿ​លើ​ការ​បំភ្លឺ​នេះ​ទេ ដោយ​នៅតែ​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍​ដដែល ដើម្បី​​ទាមទារ​​ឱ្យ​គណៈកម្មការ​រៀបចំ​កា​រ​ប្រឡង បង្ហាញ​ពិន្ទុ​លើ​សន្លឹក​កិច្ចការ​សរសេរ បង្ហាញ​ពិន្ទុ​លើ​វិញ្ញាសា​ផ្ទាល់​មាត់ បញ្ជាក់​ភាព​ស្អាតស្អំ​នៃ​ការ​ប្រឡង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។