តុលាការខេត្តកំពត នៅថ្ងៃពុធ ទី១៣ ខែមករា នឹងប្រកាសសាលក្រមសំណុំរឿងបាក់អគាររលំ បណ្ដាលឲ្យមនុស្ស៣៦នាក់ ស្លាប់ នៅខេត្តកែប។
ប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់រដ្ឋាភិបាល លោក គី តិច ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា សំណុំរឿងនេះស្មុគស្មាញណាស់ ទើបអូសបន្លាយយូរ ដោយសារមានជនរងគ្រោះស្លាប់ច្រើន។ លោក គី តិច បន្តថា សាលាដំបូងខេត្តកំពត បានធ្វើសវនាការរួចអស់ហើយ និងគ្រោងប្រកាសសាលក្រមនៅថ្ងៃពុធនេះ ហើយប្រសិនបើភាគីពាក់ព័ន្ធណាមួយមិនសុខចិត្ត គឺអាចប្តឹងតវ៉ាទៅសាលាឧទ្ធរណ៍បន្ថែមទៀត។
ការបាក់ដួលរំលំអគារ៧ជាន់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ ២០២០ នៅក្រុងកែប បណ្ដាលឲ្យកម្មករស្លាប់ចំនួន ៣៦នាក់ និងរងរបួស២៣នាក់ផ្សេងទៀត ហើយមូលហេតុដោយសារកំហុសបច្ចេកទេស និងការប្រើប្រាស់ដែកសាងសង់មិនត្រឹមត្រូវ។ ម្ចាស់សំណង់ឈ្មោះ ឯក សារុន និងភរិយាត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ប៉ុន្តែត្រូវបានដោះលែងវិញ បន្ទាប់ពីតម្កល់ប្រាក់ធានានៅក្រៅឃុំ។
ករណីបាក់រលំអគារនៅខេត្តកែបនេះ ជាសោកនាដកម្ម លើកទី៣ហើយ។ លើកទី១ កើតឡើងកាលពីចុងខែមិថុនា ឆ្នាំ២០១៩ អគារខុនដូ កម្ពស់៧ជាន់ ក្នុងក្រុងព្រះសីហនុ ដែលសាងសង់ដោយគ្មានច្បាប់អនុញ្ញាត និងវិនិយោគដោយជនជាតិចិន បានបាក់រលំបណ្ដាលឱ្យកម្មករសំណង់ស្លាប់ ២៨នាក់ និងរបួស ២៦នាក់។ លើកទី២ អគារសាលាឆាន់មួយ ក្នុងវត្តប្រាសាទគោកចក ខេត្តសៀមរាប បានបាក់រលំ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់ និង ១៣នាក់ផ្សេងទៀតរងរបួស ដោយសារការធ្វេសប្រហែសរបស់ក្រុមជាងសំណង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។