មន្ត្រី​សង្គម​ស៊ីវិល ថា​រឿង​ក្ដី​លោក កឹម សុខា ជា​រឿង​នយោបាយ​សុទ្ធសាធ គួរ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ

ដោយ មួង ណារ៉េត
2020-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុង​ថ្ងៃ​សវនាការ នា​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០។
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុង​ថ្ងៃ​សវនាការ នា​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០។
RFA

មន្ត្រី​សង្គម​ស៊ីវិល យល់ស្រប​គ្នា ថា​រឿង​ក្តី​លោក កឹម សុខា គឺជា​រឿង​នយោបាយ​សុទ្ធសាធ ដូច្នេះ​គួរតែ​នាំគ្នា​រក​ដំណោះស្រាយ​បញ្ចប់​រឿង​នេះ តាម​ផ្លូវ​នយោបាយ ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​អន្តរជាតិ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​ដំណើរការ​ក្ដី​លោក កឹម សុខា យល់ស្រប​គ្នា​ថា រឿង​ក្តី​ប្រធាន​គណបក្ស​ប្រឆាំង​នេះ មាន​ចរិត​នយោបាយ ដែល​មិន​ត្រូវ​អូស​បន្លាយ​ពេលវេលា ក្នុង​ការ​កាត់​ក្ដី​នោះ​ទេ។

មន្ត្រី​ជាន់ខ្ពស់​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត ដែល​បាន​ចូល​ស្តាប់​សវនាការ​ដោយ​ផ្ទាល់ ក្នុង​ថ្ងៃ​សវនាការ​សប្ដាហ៍​ទី​បី កាលពី​ថ្ងៃ​ទី២៩ ខែ មករា ឱ្យ​អាស៊ីសេរី​ដឹង​ថា លោក កឹម សុខា គឺជា​អ្នកនយោបាយ​។ ដូច្នេះ​រាល់​ពាក្យពេចន៍ នៃ​ការ​ថ្លែង​នៅ​ក្នុង​វេទិកា​សាធារណៈ គឺជា​សម្ដី​របស់​អ្នកនយោបាយ ដែល​មិន​គួរ​យក​ស្ថាប័ន​តុលាការ មក​ឡូកឡំ ក្នុង​ការ​ដោះស្រាយ​រឿង​នេះ​នោះ​ទេ៖ «ជុំវិញ​រឿង​វីដេអូ​ឃ្លី​ប​នេះ យើង​មើល​ទៅ យើង​យកពាក្យ​វោហារសាស្ត្រ​របស់​អ្នកនយោបាយ យើង​មក​លាយឡំ​ជាមួយ​នឹង​ស្ថាប័ន​ឯករាជ្យ​របស់​តុលាការ យើង​មើល​ទៅ វា​ពិបាក​ក្នុង​ការ​សម្រេចចិត្ត​ណាស់»

អ្នកនយោបាយ​នៅ​ទីនេះ លោក យី សុខសាន្ត សំដៅ​លើ​ថ្នាក់ដឹកនាំ​ទាំងពីរ​គណបក្ស គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​បន្ថែម​ថា ការ​ធ្វើទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង​បែបនេះ គឺ​ធ្វើ​ឱ្យ​សង្គមជាតិ​មាន​ភាព​បែកបាក់​គ្នា ដែល​មិន​ចំណេញ​អ្វី​ដល់​ប្រយោជន៍​ជាតិខ្មែរ​ទាំងមូល​នោះ​ទេ​។ ម្យ៉ាងទៀត លោក​ថា សហភាព​អឺរ៉ុប ឯណោះ ក៏​កាន់តែ​កៀក​ដល់​ថ្ងៃ​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ណាស់​ទៅ​ហើយ៖ «គួរតែ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ ដើម្បី​កេង​ចំណេញ​អំពី​ការ​ដាក់​ទណ្ឌកម្ម ពី​សហគមន៍​អឺរ៉ុប ដែល​ធ្វើ​ឱ្យ​បាត់បង់​ប្រាក់ចំណូល​។ ជាពិសេស​រដ្ឋាភិបាល គ្មាន​ការងារ​ធ្វើ​ដល់​និយោជិក ដែល​ប្រឈមមុខ​នា​ពេល​ខាងមុខនេះ បើសិនជា​យើង​មិន​ត្រូវរ៉ូវ​គ្នា ពាក់ព័ន្ធ​នឹង​រឿង​ក្តី​នេះ»

ប្រតិកម្ម​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សវនាការ​ជំនុំជម្រះ​ក្តី​ករណី​លោក កឹម សុខា ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​នោះ ឈាន​ចូល​ដល់​សប្ដាហ៍​ទី​៣។ នៅ​ថ្ងៃ​ទី២៩ ខែ​មករា ដែល​ជា​ថ្ងៃ​ដំបូង នៃ​សវនាការ​សប្ដាហ៍​ទី​បី​នេះ ភាគី​ពាក់ព័ន្ធ​បន្ត​សួរដេញដោល​លោក កឹម សុខា អំពី​ពាក្យពេចន៍​ដែល​លោក​និយាយ ក្នុង​សុន្ទរកថា​នៅ​ប្រទេស​អូស្ត្រាលី កាលពី​ខែ វិច្ឆិកា ឆ្នាំ ២០១៣​នោះ​។ ការ​សួរដេញ​ដោល​នេះ បាន​ឈាន​ដល់​អំឡុង​ឆ្នាំ ២០០៧-២០១២ ដែល​ជា​អំឡុង​ពេល​លោក កឹម សុខា ក្លាយ​ជា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស។

សំណួរ​ផ្ដោត​ខ្លាំង​ទៅលើ​ទំនាក់ទំនង​របស់​លោក កឹម សុខា ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិល​របស់​អាមេរិក​ធំៗ ជាពិសេស​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) និង​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) ដែល​ទទួល​ជំនួយ​ឧបត្ថម្ភ ពី​អង្គការ​ភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)

ទម្រង់​នៃ​ការ​សួរ​សំណួរ​ទាំងនេះ ទំនងជា​ចង់​ភ្ជាប់​លោក កឹម សុខា ទៅ​នឹង​អង្គការ​អាមេរិក និង​សហរដ្ឋអាមេរិក ដែល​ជា​រដ្ឋ​បរទេស ឱ្យ​ស្រប​ទៅ​នឹង​បទ​ចោទ​ពី​បទ​សន្ទិដ្ឋិភាព ឬ​ត្រូវរ៉ូវ​គ្នា​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​។ ទោះជា​យ៉ាង​នេះ​ក្តី មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា ថា​សកម្មភាព​របស់​លោក កឹម សុខា ជាមួយ​អង្គការ​ទាំងនេះ គ្មាន​អ្វី​ជា​រឿង​សម្ងាត់​នោះ​ទេ ព្រោះ​លោក កឹម សុខា ក្នុងនាម​ជា​ប្រធាន​គណបក្ស​នយោបាយ ជា​តំណាងរាស្ត្រ និង​ជា​ប្រធាន​គណៈកម្មាធិការ​មួយ របស់​រដ្ឋសភា​ផង មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជា​ធម្មតា ជាមួយ​អង្គការ​ទាំងនេះ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ជួយ​ពង្រឹង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ និង​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ទោះជា​ខាង​ព្រះរាជអាជ្ញា និង​មេធាវី​តំណាង​រដ្ឋាភិបាល ព្យាយាម​ភ្ជាប់​លោក កឹម សុខា ទៅ​នឹង​រដ្ឋ​បរទេស ដែល​ក្នុង​ករណី​នេះ គឺ​សហរដ្ឋអាមេរិក​ក៏ដោយ ក៏​រហូត​មក​ដល់​ពេល​នេះ តុលាការ​នៅតែ​មិន​ទាន់​កោះហៅ​ពលរដ្ឋ​អាមេរិក ឬ​មន្ត្រី​រដ្ឋាភិបាល​អាមេរិក ដើម្បី​ចូលខ្លួន​មក​បំភ្លឺ​រឿង​នេះ​នោះ​ឡើយ។

លោក​មេធាវី ចាន់ ចេន ថា លោក កឹម សុខា ក៏​មាន​សំណូមពរ ឱ្យ​តុលាការ​កោះហៅ​ជនបរទេស ឬ​មន្ត្រី​រដ្ឋាភិបាល​បរទេស ដែល​ខាង​អយ្យការ​បាន​ចោទប្រកាន់​លោក ថា​បាន​ឃុបឃិត​គ្នា ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ដែរ៖ «នៅ​ក្នុង​អង្គ​សវនាការ​ថ្មីៗ​ហ្នឹង លោក កឹម សុខា គាត់​បាន​មានប្រសាសន៍​ហើយ ថា​បើ​មិន​ជឿ​ថា គាត់​ជា​បុគ្គល​ស្អាតស្អំ គាត់​មិន​បាន​ប្រព្រឹត្ត​ទេ គាត់​និយាយ​ឱ្យ​ចំ សុំ​ហៅ​អាមេរិក​មក បើ​មិន​ជឿ​គាត់»

ការ​ខក​ខាន​ក្នុង​ការ​កោះហៅ​តំណាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​ជា​ធាតុ​ផ្សំ​សំខាន់​មិន​អាច​ខ្វះ​បាន​មួយ ក្នុង​បទចោទប្រកាន់​អំពី​អំពើ​ក្បត់ជាតិ​នេះ ធ្វើ​ឱ្យ​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា យល់​ឃើញ​ថា រឿង​នេះ​រឹតតែ​បញ្ជាក់​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​អំពី​ចរិត​នយោបាយ នៃ​ដំណើរការ​ក្តី​នេះ ហើយ​ថា តុលាការ​បង្ហាញ​ឱ្យ​ឃើញ​អំពី​មន្ទិល​ជុំវិញ​ឯករាជ្យភាព​របស់​ខ្លួន៖ «ប្រសិន​បើ​ជា​តុលាការ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ ត្រូវតែ​កោះហៅ ត្រូវតែ​មាន​សេចក្ដី​ក្លាហាន ព្រោះ​ក្នុង​បណ្ដឹង​ចោទ​ថា ពាក់ព័ន្ធ​ជាមួយ​បរទេស ដូច្នេះ​ត្រូវតែ​កោះហៅ​បរទេស​នោះ​មក​ចូលរួម»

ជុំវិញ​ការ​កោះហៅ​តំណាង​រដ្ឋ​បរទេស​នេះ ខាង​មេធាវី​តំណាង​រដ្ឋាភិបាល មានការ​ប្រយ័ត្នប្រយែង​ខ្ពស់ ដោយ​លោក​មេធាវី គី តិច ថែមទាំង​ស្នើ​ឱ្យ​តុលាការ​ប្រើ​ឈ្មោះ​រដ្ឋ​បរទេស ដែល​លោក​អះអាង​ថា ជាប់​ពាក់ព័ន្ធ​ក្នុង​រឿងក្តី​នេះ ដោយ​តាង​ជា​អក្សរ​តំណាង ជាជាង​ប្រើ​ឈ្មោះ​ចំ ដោយ​លោក​អះអាង​បន្ថែម​ថា ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​រដ្ឋ​បរទេស​ទាំងនោះ។ ទោះជា​លោក គី តិច ដំបូង​ឡើយ​ថា មាន​រដ្ឋ​បរទេស ៩ រួម​ទាំង​សហគមន៍​អឺរ៉ុប និង​តៃវ៉ាន់ ផង​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ក្តី​នេះ ក្រោយមក​លោក​កែ​សម្តី​នេះ​វិញ ដោយ​ថា​គ្មាន​រដ្ឋ​បរទេស​ណា​ពាក់ព័ន្ធ ក្នុង​ការ​ឃុបឃិត​គ្នា​ជាមួយ​លោក កឹម សុខា ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ គ្រាន់តែ​រដ្ឋ​ទាំងនោះ មាន​ឈ្មោះ​ក្នុង​ឯកសារយោង​ប៉ុណ្ណោះ។

ទោះជា​យ៉ាង​នេះ​ក្តី នៅ​ក្នុង​សវនាការ​កាលពី​ថ្ងៃ​ទី២៩ ខែ មករា លោក គី តិច ចោទ​លោក កឹម សុខា ថា កំពុង​ព្យាយាម​គេចវេះ​ពី​ការទទួលខុសត្រូវ ដោយ​ទម្លាក់កំហុស​ទៅលើ​អ្នកដទៃ​។ លោក​សំដៅ​លើ ពាក្យ “​គេ​” នៅ​ក្នុង​វីដេអូ​នៃ​សុន្ទរកថា​លោក កឹម សុខា ដែល​ថា គេ​ឱ្យ​គាត់​ធ្វើ​នេះ គេ​ឱ្យ​គាត់​ធ្វើ​នោះ នោះ​គឺ គេ​នេះ​សំដៅ​លើ​រដ្ឋ​ប្រទេស តែ​លោក​ចោទ​ថា លោក កឹម សុខា ថា​មិនមែន៖ «ឥឡូវ​នេះ​ជនជាប់ចោទ កឹម សុខា គាត់​កំពុងតែ​ដោះ​បញ្ហា ដែល​ត្រូវ​បាន​ខាង​អយ្យការ​ដាក់​ការចោទប្រកាន់​ហ្នឹង​ចង់​បង្វែរ ថា ប្រជាជន​ទេ​ដែល​បង្គាប់​ឱ្យ​លោក​មក​ធ្វើ​សកម្មភាព​ហ្នឹង ចង់​ចោទ​ទៅ​បងប្អូន​ខ្មែរ​យើង​បរទេស​ថា ចង់​ឱ្យ​គាត់​ធ្វើ​មិនមែន​រដ្ឋ​ទេ​។ នេះ​គ្រាន់តែ​ជា​ការ​ប្រកែក​របស់​ជនជាប់ចោទ កឹម សុខា ទេ​។ តែ​មាន​ភស្តុតាង​ច្រើន​ទៀត»

ប៉ុន្តែ មេធាវី​ការពារ​ក្តី​លោក កឹម សុខា តប​វិញ​ថា លោក កឹម សុខា មិនបាន​ទម្លាក់កំហុស​ទៅលើ​នរណា​ម្នាក់​នោះ​ទេ​។ ហើយ​ពាក្យ “​គេ​” គឺ​លោក កឹម សុខា ចង់​សំដៅ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដែល​មាន​សំណូមពរ​ឱ្យ​លោក​ធ្វើ ដើម្បី​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជា​មាន មាន​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា តាមរយៈ​ការបោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុតិ្តធម៌​ប៉ុណ្ណោះ។

ពាក្យ "​គេ​" នេះ លោក កឹម សុខា ប្រើ​ច្រើនដង នៅ​ពេល​ថ្លែង​នៅមុខ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី កាលពី​ឆ្នាំ ២០១៣​នោះ ដោយ​ជួនកាល​លោក កឹម សុខា ប្រើ​ពាក្យ​គេ​នេះ នៅ​ក្នុង​ឃ្លា​ដូចជា គេ​បាន​ឱ្យ​លោក​ដក​ខ្លួន​មួយ​រយៈ មក​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស ។ល។

ទោះបីជា​សវនាការ​ដេញ​ដោល​គ្នា យ៉ាង​តឹង​សរសៃក ដែល​មេធាវី​ខាង​រដ្ឋាភិបាល អះអាង​ថា ជា​ការ​អនុវត្ត​តាម​នីតិវិធី​ច្បាប់ នៃ​តុលាការ​ឯករាជ្យ​យ៉ាង​ណា​ក្តី ក៏​សូម្បីតែ​ក្រុម​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ក៏​ចាត់​ទុក​សំណុំរឿង​លោក កឹម សុខា នេះ​មាន​ចរិត​នយោបាយ និង​រំលោភ​នីតិវិធី​តុលាការ តាំងតែ​ពី​ចាប់ និង​ឃុំខ្លួន​លោក កឹម សុខា ពី​ដំបូង នៅ​កណ្ដាល​អាធ្រាត្រ កាលពី​ដើម​ខែ កញ្ញា ឆ្នាំ ២០១៧ មក​ម្ល៉េះ។

ប៉ុន្តែ សវនាការ​នេះ នៅតែ​ប្រព្រឹត្ត​ទៅតាម​ការ​គ្រោងទុក ដោយ​តុលាការ​គ្រោង​នឹង​បើ​សវនាការ​បី​ខែ ដោយ​មួយ​សប្ដាហ៍​កាត់ក្តី​ពីរ​ថ្ងៃ​។ សវនាការ​ថ្ងៃ​ទី​២ នៃ​សប្ដាហ៍​ទី ៣ នឹង​បន្ត​នៅ​ថ្ងៃ​នេះ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ហេតុអីក៏ឃើញអាមួយនេះនៅជាប់ស្អិតជាមួយលោក គិម សុខា
រាល់ពេលយ៉ាងនេះ?

Jan 30, 2020 07:41 AM

គេហទំព័រ​ទាំងមូល