អ្នក​ឃ្លាំមើល​រឹត​តែ​មន្ទិល​រឿង​ក្ដី​លោក កឹម សុខា ក្រោយ​តំណាង​អយ្យការ​យោង​ឯកសារ​អនាមិក ជា​​ប្រភព​ភស្តុតាង

0:00 / 0:00

អ្នកឃ្លាំមើល​សវនាការ​ជំនុំ​ជម្រះ​ក្តី ករណី​លោក កឹម សុខា រឹត​តែ​មាន​មន្ទិល អំពី​ដំណើរការ​ក្តី​ប្រធាន​គណបក្ស​ប្រឆាំង​នេះ ក្រោយ​តំណាង​អយ្យការ ដែល​ជា​ភាគី​ចោទប្រកាន់ យក​ឯកសារ​អនាមិក ពី​បណ្តាញ​សង្គម​ហ្វេសប៊ុក ជា​ប្រភព​ភស្តុតាង ក្នុង​ការ​សួរដេញដោល ដាក់​បន្ទុក​លើ​លោក កឹម សុខា។

មន្ត្រី​នាំ​ពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ដែល​បាន​ចូលរួម​តាមដាន​សវនាការ​ដោយ​ផ្ទាល់ ក្នុង​ការ​ជំនុំជម្រះ​ក្តី​លោក កឹម សុខា ថ្ងៃ​ទី​មួយ សប្ដាហ៍​ទី ៤ ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី៥ ខែ កុម្ភៈ ម្សិលមិញ​នេះ ថា លោក​កាន់តែ​បារម្ភ​អំពី​ភាព​មិន​ប្រក្រតី នៃ​កិច្ច​ដំណើរការ​នីតិវិធី​តុលាការ ដែល​កំពុង​រង​ការរិះគន់ ថា មាន​ចរិត​នយោបាយ​ស្រាប់​នេះ។

ការ​កាន់តែ​ព្រួយបារម្ភ​របស់​អ្នកឃ្លាំមើល​ដំណើរការ​ក្ដី​តុលាការ រឿង​លោក កឹម សុខា រូប​នេះ កើត​មាន​ឡើង ក្រោយ​តំណាង​ព្រះរាជអាជ្ញា ផ្ដើម​ចោទសួរ​លោក កឹម សុខា ដោយ​យោង​ទៅលើ​ការ​បង្ហោះ​សារ និង​ឯកសារ​របស់​គណនី​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​គ្មាន​អត្តសញ្ញាណ​ពិតប្រាកដ​មួយ ឈ្មោះថា "​កូន​ខ្មែរ"។

ការ​យោង​ទៅ​លើ​ប្រភព​អនាមិក​បែបនេះ លោក ស៊ឹង សែន ករុណា យល់​ថា ជា​ការ​បង្ហាញ​ពី​ភាព​មិន​ច្បាស់លាស់​ដំណើរការ​ក្តី​ទាំងមូល៖ «គ្រាន់តែ​ឮឈ្មោះ​ថា​កូន​ខ្មែរ យើង​មិន​ដឹង​ថា បុគ្គល​ដែល​ជា​ម្ចាស់​អាខោន (account) នោះ​ជា​នរណា​ឱ្យ​ប្រាកដ​ផង​ហ្នឹង​ ! ខ្ញុំ​យល់ថា ក្នុងនាម​ជា​អ្នកច្បាប់ គួរតែ​លើក​នូវ​ចំណុច ឬក៏​ភស្តុតាង​ដែល​ជា​ការ​ដាក់​បន្ទុក ឱ្យ​មាន​ភាព​ច្បាស់​លាស់​បន្តិច​។ ការ​លើកឡើង​បែបនេះ ហាក់​ដូចជា​ការ​វាយ​ប្រហារ​ទៅលើ​ជនជាប់សង្ស័យ​។ ការ​លើក​ឡើង​បែបនេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការអនុវត្ត​ច្បាប់​របស់​តំណាង​អយ្យការ​ហ្នឹង»។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នៅ​ខាង​ក្រៅ​របង​សាលាឧទ្ធរណ៍ កាល​ពីថ្ងៃ​ទី២១ មិថុនា ២០១៩។
អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នៅ​ខាង​ក្រៅ​របង​សាលាឧទ្ធរណ៍ កាល​ពីថ្ងៃ​ទី២១ មិថុនា ២០១៩។ (Radio Free Asia)

ការ​យក​ប្រភព​ភស្តុតាង​ពី​គណនី​ហ្វេសប៊ុក​អនាមិក ដែល​គ្មាន​អត្តសញ្ញាណ​ច្បាស់លាស់​នេះ លោក ស៊ឹង សែនករុណា បន្ថែម​ថា វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ការអនុវត្ត​ច្បាប់​ក្នុង​ប្រព័ន្ធ​តុលាការ​នោះ​ទេ ប៉ុន្តែ​វា​ធ្វើ​ឱ្យ​ខាត​ពេលវេលា​នៃ​ការ​ជំនុំជម្រះ​ក្តី​នេះ​ផង​ដែរ។

បន្ថែម​លើ​ការ​យោង​លើ​គណនី​ហ្វេសប៊ុក ដែល​គ្មាន​ម្ចាស់​ច្បាស់លាស់​នេះ ខាង​តំណាង​អយ្យការ​ក៏បាន​យក​រូបថត​មួយ​ចំនួន ក្នុង​នោះ​មាន​រូបថត​មួយ​សន្លឹក ដែល​មាន​កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា និង​សមាជិក​គ្រួសារ​លោក អង្គុយ​ទទួលទាន​អាហារ​ជាមួយ​ជនបរទេស​មួយ​រូប ដើម្បី​ចោទសួរ​លោក កឹម សុខា។

សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា គឺ​លោក ផែង ហេង ថា លោក កឹម សុខា ប្រតិកម្ម​តប​ទៅ​ខាង​ព្រះរាជអាជ្ញា ដែល​យក​រឿង​ជីវិត​ឯកជន​របស់​គ្រួសារ​លោក មក​ចោទសួរ​ក្នុង​សវនាការ​នេះ ដែល​លោក​ចាត់ទុកថា ជា​ការ​ខ្វះ​សុជីវធម៌។ ចំណុច​នេះ លោក ផែង ហេង ថា លោក កឹម សុខា មិន​ចង់​ឆ្លើយឆ្លង​ជាមួយ​ខាង​តំណាង​ព្រះរាជអាជ្ញា​នោះ​ឡើយ។

លោក ផែង ហេង មេធាវី​ការពារក្ដី​ឲ្យ​លោក កឹម សុខា ប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ។
លោក ផែង ហេង មេធាវី​ការពារក្ដី​ឲ្យ​លោក កឹម សុខា ប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ។ (រូប៖ ហ្វេសប៊ុក​លោក ផែង ហេង)

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ខាង​ព្រះរាជអាជ្ញា​បានទេ ជុំវិញ​រឿង​នេះ​។ អាស៊ីសេរី ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មេធាវី​តំណាង​រដ្ឋាភិបាល គឺ​លោក គី តិច បាន​នោះ​ដែរ ដោយសារតែ​ទូរស័ព្ទ​ចូល គ្មាន​អ្នក​ទទួល។

តែ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក គី តិច បាន​អះអាង​ថា ដំណើរការ​ក្តី​នៅ​តុលាការ​នេះ គឺជា​បង្ហាញ​ឱ្យ​ឃើញច្បាស់ ថា​កម្ពុជា​កំពុង​អនុវត្ត​ច្បាប់​ត្រឹមត្រូវ ក្នុង​ប្រព័ន្ធ​តុលាការ​ឯករាជ្យ។

ទោះជា​យ៉ាង​នេះ​ក្តី ដំណើរការ​ក្តី​លោក កឹម សុខា នេះ​រង​ការរិះគន់​ជុំ​ទិស ថា មាន​ចរិត​នយោបាយ ដោយ​គណបក្ស​កាន់​អំណាច ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ធ្វើជា​ឧបករណ៍​ដើម្បី​ធ្វើទុក្ខបុកម្នេញ​បំបិទ​សំឡេង​ប្រឆាំង​ប៉ុណ្ណោះ។

សវនាការ​បាន​ប្រព្រឹត្តទៅ ចូល​ដល់​សប្ដាហ៍​ទី​បួន​ទៅ​ហើយ ខាង​សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា នៅតែ​អះអាង​ថា ខាង​ភាគី​ដើមចោទ នៅតែ​មិនទាន់​បាន​បង្ហាញ​អង្គហេតុ ដើម្បី​គាំទ្រ​ការ​ចោទប្រកាន់​លោក កឹម សុខា ពី​បទ​សន្ទិដ្ឋិភាព ឬ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ឡើយ​។ ពួកគាត់​អះអាង​ថា អង្គហេតុ​នៃ​ការចោទប្រកាន់ អំពី​ការ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​បរទេស និង​ចោទ​ថា លោក កឹម សុខា មាន​គោលបំណង​ទុច្ចរិត​ជាដើម​នោះ នៅតែ​មិន​ឃើញ​មាន​យក​មក​បង្ហាញ នៅ​ក្នុង​សវនាការ។

ទោះ​យ៉ាងណា សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ថា ក្រុម​មេធាវី នឹង​បន្ត​ប្ដេជ្ញា​តស៊ូ​ការពារ​ក្តី​លោក កឹម សុខា ដល់​ទី​បញ្ចប់ ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ​របស់​លោក កឹម សុខា ផង និង​តតាំង​ទៅ​នឹង​ភាព​មិន​ត្រឹម​ត្រូវ​នៃ​កិច្ច​ដំណើរការ​នីតិវិធី​ផង។

ក្រុម​មេធាវី​លោក កឹម សុខា បាន​ដាក់​ភស្តុតាង​ដោះ​បន្ទុក​បន្ថែម ១៦​ចំណុច​ទៀត បន្ថែម​ទៅលើ​ភស្តុតាង​ចំនួន ៣៥ ដែល​បាន​ដាក់​កាលពី​ពាក់​កណ្ដាល​ខែ មករា​។ ភស្តុតាង​ទាំងនេះ នឹង​ត្រូវ​លើក​យក​មក​ជជែក​ដេញដោល​គ្នា នៅ​ក្នុង​សវនាការ​ថ្ងៃ ព្រហស្បតិ៍ ទី ៦ ខែ​កុម្ភៈ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។