មេធាវី​អាមេរិក​ថា អាជ្ញាធរ​កម្ពុជា​ព្យាយាម​បិទបាំង​ព័ត៌មាន​ពិតប្រាកដ​នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី

ដោយ មាន ឫទ្ធិ
2019-07-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សព​លោក កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ Star Mart ស្តុប​បូកគោ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។
សព​លោក កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ Star Mart ស្តុប​បូកគោ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។
Photo: RFA

មេធាវី​ការពារ​ក្តី​ឱ្យ​លោក សម រង្ស៊ី ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ឱ្យ​ក្រុមហ៊ុន​ឆេវរ៉ុន (Chevron) បញ្ចេញ​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លោក កែម ឡី នៅ​ឯ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ស្តារម៉ាត កាល់តិច (Caltex) សន្និដ្ឋាន​ថា អាជ្ញាធរ​កម្ពុជា បាន​ព្យាយាម​បិទ​បាំង​ព័ត៌មាន​ពិតប្រាកដ​នៅ​ពីក្រោយ​ហេតុការណ៍​ឃាតកម្ម​នេះ និង​បាន​ធ្វើ​ឱ្យ​សាធារណជន​មានការ​ភ័ន្តច្រឡំ ដោយសារតែ​មិន​បញ្ចេញ​ខ្សែអាត់​វីដេអូ​ទាំងស្រុង​ជុំវិញ​ករណី​នេះ។

ការ​សន្និដ្ឋាន​នេះ កើតមានឡើង​ក្រោយពេល​តុលាការ​អាមេរិក​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក បាន​កាត់​ក្ដី​ឱ្យ​កូន​ក្តី​លោក​ឈ្នះ​ក្រុមហ៊ុន Chevron ដែល​ជា​មេក្រុម​ធំ​របស់​ក្រុមហ៊ុន​សាំង​កាល់តិច ដោយ​តុលាការ​បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​នេះ ប្រគល់​ឯកសារ​ភស្តុតាង ដែល​ខ្លួន​មាន ទៅ​ឱ្យ​ដើម​បណ្ដឹង។ មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ការពារ​ថា ការណ៍​ដែល​តុលាការ​ក្រុង​ភ្នំពេញ​មិន​បញ្ចេញ​ខ្សែអាត់​វីដេអូ​ទាំងស្រុង​នេះ គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ដើម្បី​រក្សា​ការសម្ងាត់​ដល់​ការ​បំបែកសំណុំរឿង​ទី​ពីរ ដែល​លោក​អះអាង​ថា បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ជន​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស។

អស់​រយៈពេល​ជាង​បី​ឆ្នាំ​មក​ហើយ​ដែល​សំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​លើ​លោក កែម ឡី កាត់​ក្តី​ដោយ​តុលាការ​នៃ​របប​លោក ហ៊ុន សែន នៅតែ​មិនបាន​ធ្វើ​ឱ្យ​សាធារណជន​ជឿជាក់ និង​ទុកចិត្ត​នៅឡើយ បើ​ទោះ​ជា​រឿង​ក្តី​នេះ តុលាការ​បាន​ផ្ដន្ទាទោស​ជនដៃ​ដល់​ឈ្មោះ ជួប សម្លាប់ ឬ អឿត អាង ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​ក៏ដោយ​។ ក្រោយ​បិទ​បញ្ចប់​ការ​កាត់ក្តី​លើ​ឈ្មោះ ជួប សម្លាប់ ហើយ​ដោយសារតែ​មាន​ការ​រិះគន់​ខ្លាំង អាជ្ញាធរ​កម្ពុជា​បាន​បង្ខំចិត្ត​បញ្ចេញ​ខ្សែអាត់​វីដេអូ​រយៈពេល​ខ្លី​មួយ​ជ្រុង ប៉ុន្តែ​មិន​បាន​បញ្ចេញ​ខ្សែអាត់​វីដេអូ​ទាំងស្រុង​គ្រប់​ជ្រុងជ្រោយ ដែល​ខ្លួន​បាន​រឹបអូស​ពី​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់​តិច ឱ្យ​សាធារណជន​បាន​ឃើញ​នោះ​ទេ។

ជួបសម្លាប់

សេចក្តី​សន្និដ្ឋាន​របស់​មេធាវី​អាមេរិកាំង​ការពារ​ក្តី​ឲ្យ​លោក​ សម​ រង្ស៊ី​៖ «រដ្ឋាភិបាល​បន្ត​បិទបាំង​ព័ត៌មាន​»

មេធាវី​អាមេរិកាំង​ការពារ​ក្តី​ឱ្យ​លោក សម រង្ស៊ី ក្នុង​សំណុំរឿង​ប្ដឹង​សុំ​ឱ្យ​ក្រុមហ៊ុន​ប្រេង​ឥន្ទនៈ Chevron បញ្ចេញ​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ គឺ​លោក ន័រ ហេហ្គី (Noah Hagey) ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក ថ្មីៗ​នេះ​ថា ក្រោយ​បាន​ឈ្នះ​ក្តី​លើ​ក្រុមហ៊ុន Chevron តុលាការ​អាមេរិក​បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ បញ្ចេញ​នូវ​ឯកសារ​រាប់​រយ​ទំព័រ ជុំវិញ​ករណី​ឃាតកម្ម​លោក កែម ឡី ។ លោក​បន្ត​ថា សារសំខាន់​នៃ​ឯកសារ​ភស្តុតាង​ផ្ដល់​ឱ្យ​ដោយ​ក្រុមហ៊ុន Chevron នេះ បង្ហាញ​ឱ្យ​ឃើញ​ថា ក្រុមហ៊ុន​បាន​ផ្តល់​នូវ​ខ្សែអាត់​វីដេអូ​ថត​បាន ទៅ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ក្នុង​នោះ​រួមមាន​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព ថត​ពី​កាមេរ៉ា​វីដេអូ​ចំនួន ១៤ កាមេរ៉ា ក្នុង​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦ នៅ​ពេល​លោក កែម ឡី ត្រូវ​គេ​ធ្វើឃាត។ លោក​ថា ឧបករណ៍​រក្សាទុក​ខ្សែអាត់​វីដេអូ​ថត​បាន​ពី​កាមេរ៉ា​សុវត្ថិភាព​នេះ មាន​ទិន្នន័យ​រហូតដល់​ទៅ​១៤​ថ្ងៃ ពី​ចន្លោះ​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០១៦ រហូតដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ហើយ​ខ្សែអាត់​វីដេអូ​នេះ គឺ​រក្សាទុក​នៅ​ក្នុង​ម៉ាស៊ីន​ផ្ទុក​ទិន្នន័យ Hard Drive ដែល​បាន​ប្រគល់​ទៅ​ឱ្យ​រដ្ឋាភិបាល។ លោក​បន្ត​ថា ខ្សែអាត់​វីដេអូ​ថត​បាន​ពី​កាមេរ៉ា​សុវត្ថិភាព​ទាំងនេះ អាច​នឹង​លាតត្រដាង​ឱ្យ​ឃើញ​ពី​វត្ថ​មាន​របស់​ជន​ដៃដល់ និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ដែល​បាន​ជួយ​ទំនុកបម្រុង​ក្នុង​សកម្មភាព​បាញ់សម្លាប់​បណ្ឌិត កែម ឡី។

មេធាវី​អាមេរិកាំង​រូប​នេះ បញ្ជាក់​ថា រដ្ឋាភិបាល​មាន​ក្នុង​ដៃ​នូវ​ខ្សែអាត់​វីដេអូ​ទាំងអស់​ជុំវិញ​ព្រឹត្តិការណ៍​នោះ ប៉ុន្តែ​រដ្ឋាភិបាល​មិនបាន​បង្ហាញ​ខ្សែអាត់​វីដេអូ​ទាំងនេះ​ជា​សាធារណៈ ដែល​បញ្ជាក់​ថា រដ្ឋាភិបាល​បន្ត​បិទបាំង​ព័ត៌មាន​ដែល​ជា​ភស្តុតាង​សំខាន់​ពាក់ព័ន្ធ​ឃាតកម្ម​លើ​លោក កែម ឡី នេះ៖ «បញ្ហា​សំខាន់​បំផុត​នោះ​គឺ​នៅ​ត្រង់​ថា ការ​មិន​បង្ហាញ​ខ្សែអាត់​វីដេអូ​ដែល​រដ្ឋាភិបាល​រក្សាទុក ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នោះ ទាំង​នៅ​រយៈពេល​ប៉ុន្មាន​ម៉ោង​មុន​ឈាន​ទៅ​ដល់​ឃាតកម្ម និង​ក្រោយ​ឃាតកម្ម​នេះ វា​ជា​រឿង​សមស្រប​ដែល​គេ​អាច​និយាយ​បាន​ថា ទិដ្ឋភាព​ពិតប្រាកដ​នៃ​រឿងរ៉ាវ​ដែល​បាន​កើតមានឡើង​នោះ មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឱ្យ​ដឹង​ជា​សាធារណៈ​នោះ​ឡើយ»

មេធាវី​អាមេរិកាំង​រូប​នេះ​អះអាង​ថា ខ្សែអាត់​វីដេអូ​ខ្លី​ដែល​អាជ្ញាធរ​កម្ពុជា​បាន​បញ្ចេញ​នោះ គឺ​ពិតជា​មានការ​កាត់ត​ហើយ​មាន​គោលដៅ​បំភ័ន្ត​សាធារណមតិ៖ «បញ្ហា​ជាមួយ​នឹង​វីដេអូ​ខ្លីប​ដែល​រដ្ឋាភិបាល​បាន​បញ្ចេញ​នោះ គឺ​នៅ​ត្រង់ថា វា​ត្រូវ​បាន​គេ​យក​ទៅ​កាត់ត ហើយ​មិន​គ្រប់​ជ្រុងជ្រោយ​ទាល់តែសោះ​។ យើង​ដឹង​ថា មាន​ខ្សែអាត់​វីដេអូ​ដល់​ទៅ​រាប់​រយ​ម៉ោង ថត​ចេញពី​ទីតាំង​ជាង​១២​ទីតាំង​ផ្សេងៗ​គ្នា ហើយ​បាន​រក្សា និង​ថត​ទុក​នៅ​ក្នុង​ប្រព័ន្ធ​នោះ ហើយ​ដែល​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​អាជ្ញាធរ​កម្ពុជា​។ អាជ្ញាធរ​បាន​បញ្ចេញ​វីដេអូ​ខ្លីប​ខ្លី​មែនទែន ដែល​ជា​ការ​ព្យាយាម​បំភ័ន្ត​ការពិត»

ប្រតិកម្ម​តប​របស់​មន្ត្រី​រដ្ឋាភិបាល​ទៅ​នឹង​ការ​កាត់ត​ខ្សែអាត់​វីដេអូ​ឃាតកម្ម​លោក​ កែម​ ឡី​ និង​មូលហេតុ​នៃ​ការ​មិនព្រម​បញ្ចេញ​ខ្សែអាត់​វីដេអូ​ទាំងស្រុង​

Chinmalin

ជុំវិញ​ការ​អះអាង​នេះ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​អាស៊ីសេរី​តាម​ប្រព័ន្ធ WhatsApp កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ទទួល​ស្គាល់​ថា ពិតជា​មានការ​កាត់ត​ខ្សែអាត់​វីដេអូ ដែល​អាជ្ញាធរ​បាន​បញ្ចេញ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ​មែន​។ ក៏ប៉ុន្តែ លោក​ថា ការ​កាត់ត​នេះ គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបអង្កេត ដើម្បី​រក្សា​ការសម្ងាត់​នៃ​ការស៊ើបអង្កេត ខណៈ​មានការ​បំបែក​សំណុំ​នេះ ដើម្បី​រឿង​ស្វែង​រកមុខ​ជន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នេះ មក​ផ្ដន្ទាទោស៖ «ដូចជា​ខ្សែអាត់​វីដេអូ​នេះ​ជាដើម គឺ​សមត្ថកិច្ច​អាច​ប្រើប្រាស់​វត្ថុតាង​ទាំងអស់​នេះ គឺ​ក្នុង​គោលបំណង​នៃ​ការ​បំបែក​សំណុំរឿង ដើម្បី​បញ្ចប់​នៃ​ដំណើរការ​ស៊ើបសួរ​របស់​ខ្លួន។ មិនមែន​ដើម្បី​ជា​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ​ទេ​។ រឿង​ការ​ផ្សព្វផ្សាយ​ត្រឹម​ចំណុច​ណា ការ​កាត់​ចំណុច​ណា​យក​ទៅ​ផ្សព្វផ្សាយ ការ​ផ្សព្វផ្សាយ​ដោយ​របៀប​ម៉េច នោះ​គឺជា​អំណាច​ឆន្ទានុសិទ្ធិ ជា​ការ​សម្រេច​របស់​ចៅក្រម ស៊ើបសួរ​ដើម្បី​ជា​ប្រយោជន៍​ដល់​ភាព​សម្ងាត់​នៃ​សំណុំរឿង​។ គាត់​អាច​ផ្សព្វ​ផ្សាយ​បាន ក៏ប៉ុន្តែ ផ្សព្វផ្សាយ​ហ្នឹង គឺ​មិនមែន​ទាំងអស់​នោះ​ទេ តែ​អាច​ផ្សព្វផ្សាយ​ផ្នែក​ណាមួយ ឬក៏​កាត់​ផ្នែក​ណាមួយ​យក​ទៅ​ផ្សព្វផ្សាយ នោះ​គឺជា​ការសម្រេច​របស់​គាត់​ដើម្បី​ជា​ប្រយោជន៍​នៃ​ដំណើរការ​នៃ​ការ​ស៊ើបសួរ​របស់​គាត់»

លោក ជិន ម៉ាលីន បន្ត​អះអាង​ថា ច្បាប់​មិនបាន​តម្រូវ ឬ​ចាប់​បង្ខំ​តុលាការ ត្រូវតែ​បង្ហាញ​នូវ​វត្ថុ​តាង​គ្រប់​បែបយ៉ាង​ទាំងអស់​ដែល​មាន​ពាក់ព័ន្ធ​នឹង​សំណុំរឿង នៅ​ពេល​ដែល​សំណុំរឿង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ស៊ើបសួរ​នៅឡើយ​នោះ។ លោក​ថា ប្រសិនបើ​ភាគី​ពាក់ព័ន្ធ ក្នុង​នោះ​រួមមាន មេធាវី ឬ​សាច់ញាតិ​ជនរងគ្រោះ ចង់បាន​វត្ថុតាង​ទាំងនោះ ពួកគេ​អាច​ធ្វើ​ការ​ស្នើសុំ​ជា​ផ្លូវការ ទៅ​ចៅក្រម​ស៊ើបសួរ​បាន ហើយ​វា​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ ក្នុង​ការ​សម្រេច​ថា តើ​អាច​ឱ្យ​ភាគី​ស្នើសុំ​នោះ ពិនិត្យមើល​លើ​វត្ថុតាង​ទាំងអស់​នោះ បាន​ដែរ​ឬទេ ក្នុង​កម្រិត​ណា ឬ​ផ្នែក​ណាមួយ​នោះ៖ «មិនមែន​សាធារណជន​សុំ​មើល​វត្ថុតាង​ទាំងអស់​ហ្នឹង ហើយ​ត្រូវតែ​ឱ្យ​មើល​នោះ​ទេ​។ នេះ គោលការណ៍​ច្បាប់​ប្រទេស​ណា ក៏​គេ​មិនដែល​តម្រូវ​ដូច្នេះ​ដែរ​។ វា​ផ្អែក​ទៅ​លើ ដើម្បី​ជា​ប្រយោជន៍​នៃ​ការ​បំបែក​សំណុំរឿង​។ ក៏ប៉ុន្តែ កន្លង​មក​ជា​ផ្លូវការ តាម​ដឹង ដូច​មិនដែល​មានការ​ស្នើសុំ​ជា​ផ្លូវការ​អី​នោះ​ទេ​។ មានតែ​ការ​អត្ថាធិប្បាយ​តាម​សារព័ត៌មាន និង​មានតែ​ការ​ស្នើ​សុំ​ជា​សាធារណៈ​ពី​ភាគី​ដែល​មិន​ពាក់ព័ន្ធ​តែប៉ុណ្ណោះ»

ប្រតិកម្ម​របស់​ភរិយា​លោក​ កែម​ ឡី​ លោកស្រី​ ប៊ូ​ រចនា​, លោក​ សម​ រង្ស៊ី​ និង​មេធាវី​

គ្រួសារ​បណ្ឌិត​ កែម ឡី

ឆ្លើយតប​នឹង​ការ​មិន​ដាក់ពាក្យ​ប្តឹង​ទៅ​តុលាការ​ក្រុងភ្នំពេញ​ដើម្បី​សុំ​ពិនិត្យ​ភស្តុតាង ភរិយា​លោក កែម ឡី លោកស្រី ប៊ូ រចនា ប្រាប់​អាស៊ីសេរី​ថា លោកស្រី​មិន​មាន​ជំនឿ​ទៅលើ​តុលាការ​នៅ​កម្ពុជា​ទេ៖ «បើសិនជា​អាជ្ញាធរ​ពិតជា​ត្រឹមត្រូវ ពិតជា​យុត្តិធម៌ ពិតជា​ការពារ​ប្រជាពលរដ្ឋ​មែន អាជ្ញាធរ​ត្រូវ​ឱ្យ​ម្ចាស់​ម៉ាត​ហ្នុង បើក​កាមេរ៉ា​ក្នុង​ពេល​កើតហេតុ​ភ្លាមៗ​ហើយ មិនមែន​រហូតដល់​អាជ្ញាធរ​ទៅ​ដកហូត​យក​កាមេរ៉ា​ទុក​ឡើង​រាប់​ខែ បាន​យក​មក​បញ្ចេញ​ជា​សាធារណៈ យក​ទៅ​កាត់ត​រូបភាព​ដែល​មិន​គួរ​ឱ្យ​ទទួលស្គាល់ ព្រោះ​ឃាតក​នៅ​ក្នុង​កាមេរ៉ា​នេះ គឺជា​ឃាតក​ដែល​រៀបចំ ឃាតក​ដែល​រត់​ដូច​កូនក្មេង​រត់​បិទពួន​អ៊ីចឹង។ ខ្ញុំ​មិន​យល់​ហេតុអ្វី​បានជា​អាជ្ញាធរ​មិន​មាន​សមត្ថភាព ក្នុង​ការ​បើក​កាមេរ៉ា​ភ្លាមៗ​នោះ​។ ហើយ​ខ្ញុំ​ក៏​មិន​មាន​សង្ឃឹម ក្នុង​ការ​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ដែរ ពីព្រោះ​យើង​ឃើញ​ហើយ នៅ​ក្នុង​ហេតុការណ៍​ដែល​ឃាតកម្ម​នេះ​កើតឡើង មិន​មាន​មន្ត្រី​អាជ្ញាធរ​ណា​មក​ជួយ​ការពារ សម្រាប់​ឱ្យ​ខ្ញុំ​ដឹក​សព​ស្វាមី ទៅ​ធ្វើ​បុណ្យ​យ៉ាងណា​នោះ​ទេ គឺ​មាន​តែ​ការ​រារាំង​ទាំងអស់​។ ក្នុង​គ្រួសារ​ដែល​កំពុង​តែ​មាន​រឿង ឃាតកម្ម​កើតឡើង គ្នា​ត្រូវ​ការ​ជួប​ស្វាមី ត្រូវ​ការ​ជួប​ប្ដី​ដែល​ដេក​ក្នុង​ថ្លុក​ឈាម ហេតុ​អី បាន​អាជ្ញាធរ​មិន​ឱ្យ​ខ្ញុំ​ចូល? មិន​ឱ្យ​សាច់ញាតិ​ជា​ប្រពន្ធ​ចូល​ទៅ​មើល​ប្ដី? បិទបាំង​សូម្បីតែ​ខ្ញុំ​ជា​ប្រពន្ធ ក៏​មិន​ឱ្យ​ខ្ញុំ​ចូល​ដែរ​...»។

លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ ធ្លាប់​អះអាង​ប្រាប់​អាស៊ីសេរី​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ភស្តុតាង​ដែល​ក្រុមហ៊ុន Chevron ផ្ដល់​ឱ្យ​នេះ អាច​បញ្ជាក់​បន្ថែម​ថា របប​លោក ហ៊ុន សែន ជា​អ្នក​នៅ​ពីក្រោយ​សំណុំរឿង​ឃាតកម្ម​មួយ​នេះ៖ «យើង​អាច​នឹង​បញ្ចេញ​អ្វី​ដែល​ក្រុមហ៊ុន Chevron បាន​ផ្ដល់​មក​ឱ្យ​យើង។ ហើយ​ខ្ញុំ​គ្រាន់តែ​សង្ខេប​អ្វី​ដែល​ក្រុមហ៊ុន Chevron បាន​ផ្តល់​មក​ឱ្យ​យើង ហើយ​ដែល​អាជ្ញាធរ​នៃ​ក្រុងភ្នំពេញ​អត់​មាន​នោះ គឺ​មាន​ឯកសារ​មួយ​ចំនួន​ដែល​បង្ហាញ​កាន់តែ​ច្បាស់​ឡើង​ថែមទៀត គឺ​គ្មាន​នរណា​ក្រៅពី​រដ្ឋអំណាច អ្នកដឹកនាំ​កម្ពុជា​សព្វថ្ងៃ​នេះ​ទេ ដែល​រៀបចំ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី»។

មេធាវី​អាមេរិកាំង​ការពារ​ក្ដី​ឱ្យ​លោក សម រង្ស៊ី ឱ្យ​អាស៊ីសេរី​ដឹង​បន្ថែម​ថា លោក និង​កូន​ក្តី​លោក អាច​នឹង​ពិចារណា​បញ្ចេញ​ឯកសារ​ភស្តុតាង​ណាមួយ ដែល​មិនមែន​ជា​ព័ត៌មាន​សម្ងាត់​តម្រូវ​ឱ្យ​រក្សា​ការពារ​ដោយ​តុលាការ ក្នុង​ពេលវេលា​សមស្រប​ដ៏​ខ្លី​ខាងមុខនេះ ប្រសិនបើ​យល់ថា មិន​មាន​ការ​ប៉ះពាល់​ដល់​សុវត្ថិភាព និង​សន្តិសុខ​ជា​ចម្បង​របស់​ក្រុម​គ្រួសារ ជាពិសេស​ភរិយា និង​កូនៗ​របស់​លោក កែម ឡី នោះ។

ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ ភរិយា​លោក កែម ឡី លោកស្រី ប៊ូ រចនា ស្នើ​ឱ្យ​មានការ​បញ្ចេញ​ឯកសារ​ភស្តុតាង​ទទួល​បាន​ពី​ក្រុមហ៊ុន Chevron នេះ ព្រោះ​អ្នកស្រី​ក៏​ចង់​ដឹង​ពី​ការពិត​បន្ថែម​ជុំវិញ​ករណី​ឃាតកម្ម​នេះ​។ លោកស្រី​ថា នៅ​ពេល​នេះ នៅ​លើ​ទឹកដី​អូស្ត្រាលី លោកស្រី​លែង​បារម្ភ​ពី​រឿង​សុវត្ថិភាព និង​សន្តិសុខ​គ្រួសារ​ទៀតហើយ ដោយសារ​អូស្ត្រាលី​ជា​ប្រទេស​គោរព​ច្បាប់៖ «និយាយ​រួម​ទៅ ខ្ញុំ​ដូចជា​មិន​មាន​អ្វី ដែល​ដូច​ថា ប៉ះពាល់​សុវត្ថិភាព​ខ្ញុំ​ទេ ពី​ព្រោះ​ថា ខ្ញុំ​មកដល់​ប្រទេស​នេះ​ហើយ គេ​មិន​ហ៊ាន​ធ្វើ​អ្វី​ផ្ដេសផ្ដាស​នោះ​ទេ ពីព្រោះ​ប្រទេស​មាន​ច្បាប់ មិន​ដូច​នៅ​ស្រុក​ខ្មែរ​ដែល​ចង់​ធ្វើ​អ្វី​ធ្វើតាម​អំពើ​ចិត្ត​នោះ​ទេ​។ ហ្នឹងហើយ ខ្ញុំ​ក៏​មាន​គំនិត​មួយ​ចង់បាន ចង់​ឱ្យ​គាត់​បង្ហាញ​ពី​រឿង​ដែល​ជា​ការពិត​នេះឯង»

មេធាវី​អាមេរិកាំង​ការពារ​ក្ដី​ឱ្យ​លោក សម រង្ស៊ី ឱ្យ​ដឹង​ទៀត តាមរយៈ​ព័ត៌មាន​ដែល​ប្រមូល​បាន ផ្ទៃក្នុង​របស់​ក្រុមហ៊ុន Chevron ក្រុមហ៊ុន​ក៏​ទំនងជា​យល់ស្រប ដូច​ទៅ​នឹង​ការយល់ឃើញ​របស់​សាធារណជន និង​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ដែរ ដែល​ថា ករណី​ឃាតកម្ម​នេះ​ជា​រឿង​នយោបាយ និង​ថា​រឿង​នេះ មិនមែន​ជា​ករណី​ឃាតកម្ម​ធម្មតា ឬ​ឧក្រិដ្ឋកម្ម​តាម​ចិញ្ចើម​ថ្នល់​នោះ​ទេ​។ លោក​បង្ហើប​ថា ដោយសារ​ការយល់ឃើញ​បែបនេះ ទើប​មនុស្ស​នៅ​ក្នុង​ក្រុមហ៊ុន Chevron ក៏បាន​ទាក់ទង​ប្រាប់​ទៅ​រដ្ឋាភិបាល​អាមេរិក តាមរយៈ​ក្រសួងការបរទេស​អាមេរិក​ដែរ ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ​។ ក៏ប៉ុន្តែ លោក​បដិសេធ​ពន្យល់​លម្អិត​អំពី​ខ្លឹមសារ​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​នេះ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ទំនាក់ទំនង​កិច្ចការ​ក្រៅ​ប្រទេស​របស់​ក្រុមហ៊ុន Chevron លោក ប្រេឌិន រែឌល (Braden Reddall) បដិសេធ​ឆ្លើយ​សំណួរ​របស់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក ថា​តើ​ក្រុមហ៊ុន Chevron ពិតជា​បាន​ជូនដំណឹង ឬ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​អាមេរិក ជួយ​នៅ​ក្នុង​ករណី​ឃាតកម្ម​នេះ​ដែរ ឬ​យ៉ាងណា​នោះ​ទេ។

ប្រតិកម្ម​របស់ក្រ​សួង​ការបរទេស​អាមេរិក​៖ «ការ​សម្លាប់​ដ៏​កំសាក​»

ក្រសួង​ការបរទេស​អាមេរិក មិន​ឆ្លើយតប​នឹង​សំណួរ​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ជុំវិញ​ខ្លឹមសារ​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​ក្រុមហ៊ុន Chevron និង​រដ្ឋាភិបាល​អាមេរិក ក្រោយ​កើតមាន​ឃាតកម្ម​នេះ​ទេ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​អាមេរិក ហៅ​ករណី​ឃាតកម្ម​លើ​លោក កែម ឡី នេះ ថា​ជា​ការ​សម្លាប់​ដ៏​កំសាក និង​មិន​សម​ហេតុផល ហើយ​នៅតែ​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើការ​ស៊ើបអង្កេត​ឱ្យ​បាន​ពេញលេញ ប្រកបដោយ​តម្លាភាព និង​គួរ​ឱ្យ​ទុកចិត្ត​បាន។

ប្រវត្តិ​នៃ​ការ​ប្តឹងផ្តល់​ឲ្យ​ក្រុមហ៊ុន​ Chevron​ បញ្ចេញ​ភស្តុតាង​ ទៅ​តុលាការ​អាមេរិក​

កាលពី​ចុង​ឆ្នាំ​២០១៦ មេធាវី​លោក សម រង្ស៊ី និង​មេធាវី​តំណាង​ឱ្យ​ពលរដ្ឋ​កម្ពុជា​ដែល​រងគ្រោះ​ពី​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ពាក់ព័ន្ធ​នឹង​បណ្ដឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC បាន​ដាក់​ពាក្យ​ប្ដឹង​ស្នើសុំ​ឱ្យ​តុលាការ​អាមេរិក​ចេញ​ដីកា​បង្គាប់បញ្ជា​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម Chevron បញ្ចេញ​ភស្តុតាង​ទាំងអស់​ដែល​ខ្លួន​មាន​ទាក់ទង​នឹង​ករណី​ឃាតកម្ម​លោក កែម ឡី កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ លោក សម រង្ស៊ី បាន​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ ដោយសារតែ​លោក ហ៊ុន សែន បាន​ប្ដឹង​លោក​ពី​បទ​បរិហារកេរ្តិ៍ ជុំវិញ​ករណី​ដែល​លោក សម រង្ស៊ី ធ្លាប់​ចោទ​ថា រដ្ឋាភិបាល​កម្ពុជា​ជា​អ្នក​នៅ​ពីក្រោយ​ករណី​ឃាតកម្ម​លោក កែម ឡី នេះ​។ ដោយឡែក ក្រុម​មេធាវី​តំណាង​ឱ្យ​ពលរដ្ឋ​កម្ពុជា ដែល​រងគ្រោះ​ពី​ការ​រំលោភបំពាន​សិទ្ធិមនុស្ស ពាក់ព័ន្ធ​នឹង​បណ្ដឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) វិញ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ពាក្យ​បណ្តឹង​នេះ ក៏​ដោយសារតែ​ពួកគេ​យល់ថា ភស្តុតាង​បន្ថែម​ដែល​ពួកគេ​អាច​ទទួល​បាន​ពី​ក្រុមហ៊ុន Chevron នឹង​ជួយ​ដាក់​បន្ទុក​បន្ថែម ដល់​សំណុំរឿង​របស់​ពួកគេ​នៅ​ឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC

នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៧ តុលាការ​សហរដ្ឋអាមេរិក នៃ​រដ្ឋ​កាលីហ្វ័រញ៉ា (Northern District of California) បានសម្រេច​កាត់​ក្តី​ឱ្យ​លោក សម រង្ស៊ី និង​មេធាវី​តំណាង​ឱ្យ​ពលរដ្ឋ​កម្ពុជា​ដែល​រងគ្រោះ​ពី​ការ​រំលោភបំពាន​សិទ្ធិមនុស្ស ឈ្នះ​ក្តី​។ ក្នុង​សេចក្តី​សម្រេច​ថ្ងៃ​ទី​៩ កុម្ភៈ តុលាការ​បាន​យល់ព្រម​បង្គាប់​ឱ្យ​ក្រុមហ៊ុន Chevron ប្រគល់​ភស្តុតាង ដែល​ខ្លួន​មាន​ទៅ​ឱ្យ​ភាគី​ដើម​បណ្តឹង​។ ភស្តុតាង​ដែល​តុលាការ​បង្គាប់​ឱ្យ​ក្រុមហ៊ុន Chevron ប្រគល់​ទៅ​ឱ្យ​លោក សម រង្ស៊ី និង​មេធាវី​តំណាង​ឱ្យ​ពលរដ្ឋ​កម្ពុជា​រងគ្រោះ​ពី​ការ​រំលោភបំពាន​សិទ្ធិមនុស្ស ចែកចេញជា​៦​ជំពូក ក្នុង​នោះ​រួមមាន ឯកសារ​ដែល​រួមបញ្ចូល​ទាំង​ខ្សែអាត់​សំឡេង និង​ខ្សែអាត់​វីដេអូ​ថត​បាន​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ថានីយប្រេងឥន្ធនៈ​កាល់តិច ឯកសារ និង​សារ​ប្រាស្រ័យ​ទាក់ទង​ពាក់ព័ន្ធ​នឹង​ខ្សែអាត់​វីដេអូ​ថត​ទុក ឯកសារ​របស់​នាយក​គ្រប់គ្រង​ក្រុមហ៊ុន កាល់តិច និង​បុគ្គលិក ព្រមទាំង​ឯកសារ និង​ការ​ប្រាស្រ័យ​ទាក់ទង​ជុំវិញ​ករណី​ឃាតកម្ម​លោក កែម ឡី។

យ៉ាងណាក៏ដោយ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ទំនាក់ទំនង​កិច្ចការ​ក្រៅ​ប្រទេស​របស់​ក្រុមហ៊ុន Chevron លោក ប្រេឌិន រែឌល ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​យ៉ាង​ខ្លី​ថា អាជ្ញាធរ​កម្ពុជា បាន​រឹបអូស​យក​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព ថត​បាន​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​នោះ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ហេតុការណ៍​បាញ់សម្លាប់​លោក កែម ឡី។ លោក​ថា ក្រុមហ៊ុន Chevron បាន​អនុលោម​តាម​កិច្ចព្រមព្រៀង​តាម​ស្ម័គ្រ​របស់​ខ្លួន ក្នុង​ការ​ស្វែងរក និង​ប្រគល់​ឯកសារ​សម្ភារៈ​ពាក់ព័ន្ធ​ដល់​ភាគី​អ្នក​ដាក់​ពាក្យសុំ ស្របតាម​ដីកា​របស់​តុលាការ​អាមេរិក​នេះ​ហើយ។

ផ្អែក​តាម​សេចក្ដី​ប្រកាស​ជា​លាយលក្ខណ៍អក្សរ​របស់​លោក ដានីញ៉ែល វ៉ាង (Daniel Hwang) នាយក​ផ្នែក​លក់រាយ​ឱ្យ​ក្រុមហ៊ុន Chevron កម្ពុជា (Chevron Cambodia Limited) ចុះហត្ថលេខា​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៧ ដើម្បី​ដាក់​ជូន​តុលាការ​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែល​អាស៊ីសេរី​ទទួល​បាន លោក ដានីញ៉ែល វ៉ាង អះអាង​ថា ខ្សែអាត់​វីដេអូ​ដែល​ថត​បាន​ពី​កាម៉េរា​សុវត្ថិភាព​ទាំង​១៤ កាមេរ៉ា​នោះ មិន​ត្រូវ​បាន​រក្សាទុក ឬ​ថតចម្លង​ជា​ស្វ័យប្រវត្តិ​ទៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​បញ្ជូន​បន្ត​ទៅ​ប្រព័ន្ធ​នៅ​ទីតាំង​ដទៃ​ឡើយ លើកលែងតែ​រក្សាទុក​ក្នុង​ម៉ាស៊ីន​កាមេរ៉ា​សុវត្ថិភាព​ម៉ាក Tele Eye Machine DVR ដែល​មាន​អាយុកាល ៩​ឆ្នាំ​ហើយ​។ លោក​ថា នៅ​ថ្ងៃ​កើត​ហេតុ​ទី​១០ កក្កដា ឆ្នាំ​២០១៦ កាមេរ៉ា​សុវត្ថិភាព​ទាំងអស់​មានដំណើរ​ការ​ធម្មតា ហើយ​ខ្សែអាត់​វីដេអូ​ដែល​ថត​បាន បាន​ថត​ទុក​ទៅលើ​ម៉ាស៊ីន​ខាងលើ​។ នៅ​វេលា​ម៉ោងជាង ៩៖០០ ព្រឹក នៅ​ថ្ងៃ​ដដែល លោក កែម ឡី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​ក្នុង​ហាង​ស្តារ​ម៉ាត នៃ​ស្ថានីយប្រេងឥន្ធនៈ​កាល់តិច​នេះ។ បន្ទាប់​មក នៅ​វេលា​ម៉ោងជាង ៩៖២០​នាទី អាជ្ញាធរ​បាន​មក​ដល់​ទីតាំង​កើតហេតុ ហើយ​បាន​ទាមទារ​ពិនិត្យមើល​ខ្សែអាត់​ដែល​ថត​បាន​ពី​កាមេរ៉ា​សុវត្ថិភាព ក្នុង​ពេល​កំពុង​ស៊ើបអង្កេត​នោះ។ ក្រោយ​ពី​បាន​ពិនិត្យមើល​ខ្សែអាត់​វីដេអូ​ដែល​ថត​បាន​នោះ​ហើយ អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ប្រគល់​ម៉ាស៊ីន​ថត​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​ទាំងនោះ​ឱ្យ​ពួកគេ ហើយ​បុគ្គលិក​ក្រុមហ៊ុន​បាន​ធ្វើតាម​ការ​បញ្ជា​នេះ​។ ឧបករណ៍​ដែល​អាជ្ញាធរ​បាន​រឹបអូស​យក​ទៅ​នោះ ត្រូវ​បាន​ជំនួស​មកវិញ​ដោយ​ឧបករណ៍​ថ្មី​នៅ​ថ្ងៃ​ដដែល​នោះ​។ លោក ដានីញ៉ែល វ៉ាង នាយក​ផ្នែក​លក់រាយ​ឱ្យ​ក្រុមហ៊ុន Chevron កម្ពុជា បន្ត​ថា អាជ្ញាធរ​មិនដែល​ប្រគល់​ឧបករណ៍​នៃ​ម៉ាស៊ីន​កាមេរ៉ា​សុវត្ថិភាព​ទាំងនោះ មក​ឱ្យ​ក្រុមហ៊ុន Chevron កម្ពុជា​វិញ​ឡើយ។

ក្រោយ​មក​ទៀត ក្រុមហ៊ុន Chevron បាន​ប្ដឹង​សុំ​ឱ្យ​តុលាការ​ដដែល​នេះ ចេញ​ដីកា​រក្សា​ការពារ​ភាព​សម្ងាត់​ចំពោះ​ឯកសារ​ព័ត៌មាន​មួយ​ចំនួន ដែល​ខ្លួន​ប្រគល់​ទៅ​ឱ្យ​ភាគី​ដើម​បណ្ដឹង ក្រោម​ហេតុផល​ថា ដើម្បី​ការពារ​ព័ត៌មាន​សម្ងាត់ និង​ព័ត៌មាន​រសើប​ពាក់ព័ន្ធ​នឹង​បុគ្គលិក​របស់​ខ្លួន​។ នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​បាន​យល់ព្រម​ចេញ​ដីកា​រក្សា​ការពារ​ព័ត៌មាន​សម្ងាត់ ដូច​តាម​ការ​ស្នើសុំ​របស់​ក្រុមហ៊ុន Chevron​។ ក្នុង​ដីកា​នោះ តុលាការ​បញ្ជាក់​ថា ភាគី​ដើម​បណ្ដឹង មាន​សិទ្ធិ​ប្រើប្រាស់​ឯកសារ​ប្រគល់​ដោយ​ក្រុមហ៊ុន Chevron ទាំងឡាយ​ណា​ដែល​កំណត់​ថា ជា​ឯកសារ​សម្ងាត់ នៅ​ក្នុង​រាល់​ដំណើរការ​តតាំង​ក្តី​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លោក កែម ឡី នេះ និង​ថា​ភាគី​ដើម​បណ្តឹង នៅតែ​អាច​ចែកចាយ​ព័ត៌មាន​ទាំងឡាយ​ណា​ដែល​មិន​ត្រូវ​បាន​ចាត់ទុកថា ជា​ព័ត៌មាន​សម្ងាត់ ជាមួយ​ភាគី​ពាក់ព័ន្ធ​របស់​ខ្លួន​បាន​ដដែល។ តុលាការ​បង្គាប់​ថា ភាគី​ដើម​បណ្ដឹង មិន​ត្រូវ​បញ្ចេញ​នូវ​រាល់​ព័ត៌មាន​សម្ងាត់​ទៅ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ឡើយ លុះត្រាតែ​រាល់​ព័ត៌មាន​អំពី​អត្តសញ្ញាណ​បុគ្គល​ទាំងអស់​ពាក់ព័ន្ធ​នឹង​បុគ្គលិក​របស់​ក្រុមហ៊ុន Chevron ដែល​កំណត់​ថា ជា​ព័ត៌មាន​សម្ងាត់ ត្រូវ​បាន​លុបចោល ឬ​ដក​ចេញពី​ឯកសារ​ទាំងនោះ។

សេចក្តី​សន្និដ្ឋាន​ចុងក្រោយ​របស់​មេធាវី​អាមេរិកាំង​ការពារ​ក្តី​ឲ្យ​លោក​ សម​ រង្ស៊ី​

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក សម រង្ស៊ី សង្កត់​ធ្ងន់ៗ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា ពិត​ជា​មាន​ចេតនា​ពិតប្រាកដ​ចង់​ដោះស្រាយ​សំណុំរឿង​ឧក្រិដ្ឋកម្ម​មួយ​នេះ​មែន នោះ​រដ្ឋាភិបាល​ប្រាកដជា​នឹង​ចែកចាយ​ខ្សែអាត់​វីដេអូ​ថត​បាន​ពី​កាមេរ៉ា​សុវត្ថិភាព​ទាំងនោះ ឱ្យ​សាធារណជន និង​សហគមន៍​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ឃើញ​ហើយ​។ លោក​ថា អស់​រយៈពេល​បី​ឆ្នាំ​ហើយ ដែល​លោក កែម ឡី ត្រូវ​បាន​គេ​ធ្វើឃាត ក៏ប៉ុន្តែ គិត​រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​នៅតែ​បដិសេធ​បញ្ចេញ​ខ្សែអាត់​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ទាំងនោះ ហើយ​បាន​ប៉ុនប៉ង​ការពារ​មិន​ឱ្យ​ភាគី​ទី​បី អាច​មាន​សិទ្ធិ​ទទួល​បាន​ភស្តុតាង​ជុំវិញ​សំណុំរឿង​នេះ​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ថា រដ្ឋាភិបាល​បាន​ចាប់​ដាក់​ពន្ធនាគារ និង​កាត់ទោស​ពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ណា ដែល​បាន​ចេញមុខ​តវ៉ា​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​លោក កែម ឡី ដែល​ករណី​នេះ រឹតតែ​បញ្ជាក់​ថា អាជ្ញាធរ​កម្ពុជា​ពិតជា​មានការ​ព្រួយបារម្ភ​ជុំវិញ​អ្វី​ដែល​ភស្តុតាង​ពិតប្រាកដ​អាច​បង្ហាញ​ឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល