សាច់​ញាតិ​​សកម្មជន​​បក្ស​​ប្រឆាំង ស្នើ​សុំ​ព្រះ​មហា​ក្សត្រ​ព្រះរាជ​អន្តរាគមន៍​ ឲ្យ​ដោះលែង​គ្រួសារ​របស់​ពួកគេ

0:00 / 0:00

សាច់​ញាតិ​សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ​ជិត ២០នាក់ នៅ​ថ្ងៃ​ទី៦ វិច្ឆិកា ប្រមូល​ផ្ដុំ​គ្នា​តវ៉ា ដោយ​កាន់​បដា ចាន ឆ្នាំង​ជាដើម ស្រែក​ទាមទារ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ ដោះ​លែង​សាច់​ញាតិ​របស់​ពួក​គេ​វិញ។ បន្ទាប់​មក ពួក​គេ​បាន​ដង្ហែ​ញត្តិ​ទៅ​កាន់​ព្រះ​បរម​រាជវាំង ដើម្បី​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​ក្រុម​អាជ្ញាធរ និង​ក្រុម​សន្តិសុខ​ខណ្ឌ ៧​មករា ជា​ច្រើន​នាក់។

ញត្តិ​របស់​ក្រុម​ស្ត្រី​ដែល​គ្រោង​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​នោះ រៀបរាប់​ថា ពួក​គាត់​កំពុង​កើត​ទុក្ខ​មិន​សុខ​ចិត្តនឹង​តុលាការ និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដែល​បាន​ចាប់​គ្រួសារ​ពួក​គាត់​ដាក់​ពន្ធនាគារ ដែល​ធ្វើ​ឲ្យ​ពួកគេ​ជួប​ការ​លំបាក​ក្នុង​ជីវភាព ​គ្មាន​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ ហើយ​កូនៗ ត្រូវ​បោះបង់​ការ​សិក្សា​ជា​ដើម។ ពួក​គាត់​អះអាង​ថា ប្តី ឪពុក និង​កូន​របស់​ពួក​គាត់ ជា​សកម្មជន​មូលដ្ឋាន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ពុំ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់ ខុស​រដ្ឋ​ធម្មនុញ្ញ​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។

ក្រុម​ស្ត្រី​ទាំង​នោះ​ស្នើ​សុំ​ឲ្យ​ព្រះ​មហាក្សត្រ​មាន​ព្រះ​រាជ​តម្រិះ​លើក​លែង​ទោស ចំពោះ​អ្នក​ដែល​មាន​សាល​ក្រម​ហើយ​ និង​ស្នើ​ឲ្យ​ព្រះ​អង្គ​ព្រះ​រាជ​អន្តរាគមន៍​ទៅ​តុលាការ​ទម្លាក់​ចោល​រាល់​បទ​ចោទ និង​ដោះ​លែង​គ្រួសារ​របស់​ពួកគាត់​ឱ្យ​មាន​សេរីភាព​វិញ។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​វាំង​មិន​បាន​ទទួល​យក​ញត្តិ​របស់​ក្រុម​ស្ត្រី​ទាំង​នេះ​ទេ ដោយ​ប្រាប់​ឱ្យ​ពួក​គាត់​ឱ្យ​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាប័ន​រដ្ឋាភិបាល ឬ​សភា​វិញ។

ប្រពន្ធ​​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រំ ចន្ថា ដែល​រង​របួស​ដោយសារ​ការ​រុញ​ច្រាន​របស់​អាជ្ញាធរ រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា លោក​ស្រី​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង ដែល​មន្ត្រី​រាជ​វាំង​បដិសេធ​​មិន​ព្រម​ទទួល​ញត្តិ។ លោក​ស្រី​ថា មន្ត្រី​វាំង​បាន​ប្រាប់​ថា ព្រះមហាក្សត្រ​មិន​គង់​នៅ​ក្នុង​ប្រទេស​ឡើយ ហើយ​ក៏​ពុំ​មាន​តំណាង​ព្រះ​បរម​រាជ​វាំង​ចាំ​ទទួល​ញត្តិ​នោះ​ដែរ។ លោក​ស្រី​បន្ត​ថា អាជ្ញាធរ​នៅ​ទី​នោះ​បាន​ចោទ​ក្រុម​លោក​ស្រី​ថា ដាក់​ញត្តិ​ដោយ​ខុស​នីតិ​វិធី ហើយ​ណែ​នាំ​ឲ្យ​ពួកគេ​ដាក់​ញត្តិ​នោះ​ទៅ​កាន់​តំណាង​រដ្ឋាភិបាល ឬ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​ជាមុន​សិន។ លោកស្រី​រៀប​រាប់​ទាំង​អស់​សង្ឃឹម​ថា លោក​ស្រី​ពុំ​មាន​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​តុលាការ រដ្ឋាភិបាល និង​ស្ថាប័ន​ទាំង​អស់​នៅ​កម្ពុជា​ឡើយ ទើប​លោក​ស្រី​សុំ​ក្ដី​មេត្តា​ពី​ព្រះ​មហា​ក្សត្រ​ឲ្យ​ជួយ​អន្តរាគមន៍​រឿង​នេះ៖ « បង​នោះ​ផ្កាយ​៣ ស្លៀក​ពាក់​ប៉ូលិស​នៅ​បរម​រាជ​វាំង គ្រាន់​តែ​ខ្ញុំ​ចង់​សួរ​ថា ឥឡូវ​លោក​ចង់​ឲ្យ​ខ្ញុំ​រង់ចាំ​ប៉ុន្មាន​នាទី ប៉ុន្មាន​ម៉ោង​ទៀត​ទទួល​ញត្តិ​ខ្ញុំ​បាន យាយ​ទៅ​ដេញ​ខ្ញុំ​ហ្មង។ អត់​ឲ្យ​ខ្ញុំ​សូម្បី​តែ​ខ្ញុំ​ទៅ​ជិត អា​ប៉ុស្តិ៍​ក្នុង​គេ​យាម​ក៏​គេ​មិន​ឲ្យ​ទៅ​ជិត​ដែរ។ និយាយៗ រួម​ខ្ញុំ​ស្ត្រី​ទន់​ខ្សោយ ខ្ញុំ​មាន​ស្អី ? ខ្ញុំ​មាន​គ្រាប់​បែក​ក្នុង​ដៃ​មែន បាន​ដូច​ជា​ខ្លាច​ម្លឹងៗ វា​ដូច​ខ្លាច​ហួស​ពេល​ហ្មង​ហាស៎។ និយាយ​ទៅ​ថា អត់​ដូច​ប្រទេស​ដទៃ គេ​មាន​តែ​ការពារ​ប្រជា​ពលរដ្ឋ​ គេ​មាន​តែ​ទទួល​ប្រជា​ពលរដ្ឋ និយាយ​ទៅ​គេ​មាន​តែ​ការពារ​ពលរដ្ឋ​ហ្មង គឺ​យក​ប្រជា​ពលរដ្ឋ​ជា​ធំ។ អានេះ​អត់​ទេ គឺ​ធ្វើ​បាប​ប្រជា​ពលរដ្ឋ​សព្វ​សារ​ពើ សព្វ​ទាំង​អស់​ហ្មង សំដី​សំដៅ​ក៏​អសុរស ដេញ​យើង​ដូច​ឆ្កែ ដូច​ឆ្មា និយាយ​រួម​ទៅ​អន់​ហ្មង »

មុន​ធ្វើ​ដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​ព្រះ​បរម​រាជ​វាំង​នេះ ក្រុម​ស្ត្រី​បាន​នាំគ្នា​ប្រមូល​ផ្ដុំ​ស្រែក​តវ៉ា​នៅមុខ​តុលា​ការ​ក្រុង​ភ្នំពេញ ទាម​ទារ​ឱ្យ​តុលាការ​ដោះលែង​ប្ដី​របស់​ពួក​គាត់។ ដូច​សព្វ​ដង អាជ្ញាធរ និង​ក្រុម​សន្តិ​សុខ​សាលា​រាជ​ធានី​ភ្នំ​ពេញ បាន​ចេញ​មក​រារាំង និង​រុញ​ច្រាន​ បណ្ដាល​ឱ្យ​អ្នក​តវ៉ា​មួយ​ចំនួន​រង​របួស។

ប្រពន្ធ​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ធន់ គឺ​លោក​ស្រី សេង ចាន់ថន បញ្ជាក់​ថា អាជ្ញាធរ​បាន​រុញ​ច្រាន​ប្រជា​ពលរដ្ឋ និង​ដណ្ដើម​យក​របស់​របរ​របស់​ក្រុម​លោកស្រី​ទៅ​បាត់ ហើយ​បាន​ប្រើ​ពាក្យ​សម្ដី​ប្រមាថ​មើល​ងាយ​ក្រុម​លោកស្រី​ថា បង្ក​ឲ្យ​ខូច​សណ្ដាប់ធ្នាប់ ធ្វើ​ឲ្យ​កកស្ទះ​ចរាចរ និង​ជា​ក្រុម​បំ​ពុល​សង្គម​​ ជាដើម។ លោកស្រី​ស្នើ​ឲ្យ​ព្រះ​មហាក្សត្រ ជួយ​លើក​លែង​ទោស​ឲ្យ​ប្ដី​លោក​ស្រី និង​សកម្មជន​ដទៃ​ទៀត ឲ្យ​មាន​សេរីភាព​ ឬ​អនុញ្ញាត​ឲ្យ​ពួកគេ​បាន​នៅ​ក្រៅ​ឃុំ ដើម្បី​ជួប​ជុំ​គ្រួសារ​វិញ៖ « ខ្ញុំ​កាន់​ចាន កាន់​ស្លាប​ព្រា កាន់​វែក​អី​ហ្នឹង​ទៅ គឺ​តំណាង​ឲ្យ​ថា ខ្ញុំ​រស់​រាល់​ថ្ងៃ ប្រជា​ពលរដ្ឋ ក្រុម​គ្រួសារ​ខ្ញុំ​រស់​រាល់​ថ្ងៃ​សង្ឃឹម​ទៅ​លើ​ឆ្នាំ​បាយ ត្រូវ​មាន​មេ​គ្រួសារ ត្រូវ​មាន​គ្រួសារ​រក​ដើម្បី​ចិញ្ចឹម​ជីវិត​តទៅ​ថ្ងៃ​មុខ​ទៀត ដើម្បី​គ្រួសារ អនាគត​កូន​បាន​រៀន​បាន​សូត្រ ហើយ​ចុះ​បើ​គេ​ផ្កាប់​ឆ្នាំង​បាយ​ខ្ញុំ គេ​ចាប់​ស្វាមី​ខ្ញុំ ហាក់​ដូចជា​ឆ្នាំង​បាយ​ខ្ញុំ​អញ្ចឹង គេ​ចាប់​ពួកគាត់​ទៅ​ខ្ញុំ តើ​ខ្ញុំ​បាន​អង្ករ​ណា​ច្រក​នឹង​ឆ្នាំង​ហ្នឹង​ទៀត អញ្ចឹង​ខ្ញុំ​យក​ឆ្នាំង​ហ្នឹង គឺ​តំណាង​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួក​ខ្ញុំ ពួក​ខ្ញុំ​រស់​ដោយ​សារ​បាយ ដោយសារ​ហូប​ចុក​ជា​រៀង​រាល់​ថ្ងៃ​ប្រចាំ​ថ្ងៃនេះ និង​ការ​រៀន​សូត្រ​សព្វ​បែប សព្វ​យ៉ាង​ចំពោះ​កូន​នេះ »

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ លោក​វរសេនីយ៍​ឯក សាន សុខសីហា លើក​ឡើង​ថា ការ​តវ៉ា​របស់​ក្រុម​ស្ត្រី​សាច់​ញាតិ​​សកម្មជន​​បក្ស​​ប្រឆាំង គឺជា​ការ​តវ៉ា​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ពុំ​បាន​ជូន​ដំណឹង​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ​នោះ​ទេ។ លោក​បន្ត​ថា ការ​ដាក់​កម្លាំង​ប៉ូលិស និង​កង​សន្តិសុខ​ខណ្ឌ​នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ​នោះ គឺជា​ការ​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ ដោយ​ពុំ​មាន​ការ​រុញ​ច្រាន ឬ​រារាំង​អ្វី​នោះ​ទេ៖ « ខ្ញុំ​ទទួល​ព័ត៌មាន​មក​ដូចជា​គ្មាន​ការ​ប៉ះ​ទង្គិច រុញ​ច្រាន​អី​ទេ គ្រាន់​តែ​ជា​ការ​រក្សា​ការពារ​សន្តិ​សុខ សណ្ដាប់ធ្នាប់​នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​តែ​ប៉ុណ្ណឹង​ទេ ហើយ​ម្យ៉ាង​ទៀត​ការ​ធ្វើការ​តវ៉ា​នេះ ក៏​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ ឬក៏​ពី​សាលា​រាជធានី​ភ្នំពេញ។ ធម្មតា ការ​ធ្វើការ​ជួប​ជុំ ការ​ធ្វើការ​តវ៉ា​ផ្សេងៗ គឺ​ត្រូវតែ​មាន​ការ​អនុញ្ញាត​ពី​សាលា​រាជ​ធានី​ភ្នំពេញ »

ទោះជា​យ៉ាង​ណា ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​តវ៉ា​ដែល​មាន​ទ្រង់​ទ្រាយ​តូច​នៅ​តាម​ទី​សាធារណៈ​ពុំ​តម្រូវ​ឲ្យ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​នោះ​ទេ។ លោក​បន្ត​ថា ការ​លើក​ឡើង​របស់​អាជ្ញាធរ​បែប​នេះ គឺជា​លេស​ប៉ុណ្ណោះ ព្រោះ​អាជ្ញាធរ​មិន​ដែល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ប្រមូល​ផ្ដុំ​តវ៉ា​ដោយ​សន្តិវិធី​នោះ​ទេ ទោះ​ជា​ពួក​គាត់​ជូន​ដំណឹង ឬ​សុំ​ច្បាប់​ក៏ដោយ។ លោក នី សុខា បន្ថែម​ទៀត​ថា ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ណា​មួយ​ដែល​ពួកគេ​មាន​ជំនឿ​ទុក​ចិត្ត​ថា អាច​ដោះ​ស្រាយ​ឲ្យ​ពួកគេ​បាន។ លោក​ថា ប្រសិន​បើ​ស្ថាប័ន​នោះ​បដិសេធ​មិន​ទទួល​ញត្តិ​របស់​ប្រជា​ពលរដ្ឋ នោះ​បង្ហាញ​ឲ្យ​សាធារណៈ​ជន​ឃើញ​ថា ស្ថាប័ន​នោះ ខ្វះ​ភាព​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដោះ​ស្រាយ​កង្វល់​របស់​ប្រជា​ពលរដ្ឋ៖ « យើង​ដឹង​ហើយ​ថា រឿង​នេះ​វា​ជា​រឿង​នយោបាយ​ច្រើន​ជាង​រឿង​ការ​អនុវត្ត​ច្បាប់ ដូច្នេះ​មាន​តែ​ការ​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​នយោបាយ ការ​សម្រុះ​សម្រួល​តាម​ផ្លូវ​នយោបាយ ការ​រក​វិធី​ក្នុង​ការ​សម្រប​សម្រួល​គ្នា​រវាង​គណបក្ស​នយោបាយ​ទាំង​អស់​ហ្នឹង។ ជា​ពិសេស​គឺ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ហ្នឹង ឲ្យ​បាន​លឿន ដើម្បី​បន្ធូរ​បន្ថយ​បរិយាកាស​នយោបាយ ដើម្បី​ឈាន​ទៅ​ដល់​ដោះ​លែង​អ្នក​នយោបាយ​មួយ​ចំនួន​ដែល​ជាប់​ពន្ធនាគារ​ហ្នឹង »

ចាប់​តាំងពី​ខែ​មករា រហូត​ដល់​ចុង​ខែ​តុលា​នេះ របប​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​​ អ្នក​នយោបាយ សកម្មជន យុវជន ព្រះសង្ឃ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យ៉ាង​ហោច​ណាស់​ក៏​ជាង ៣០នាក់​ដែរ។ សកម្ម​ជន​បក្ស​ប្រឆាំង​ច្រើន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់​មិន​ឱ្យ​យោធិន​ស្ដាប់​បញ្ជា និង​ប្រមាថ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល។ ចំណែក ក្រុម​សកម្មជន អ្នក​នយោបាយ​មិន​មែន​បក្ស​សង្គ្រោះ​ជាតិ និង​យុវជន​វិញ រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់។

ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិ រួម​ទាំង​ទីភ្នាក់ងារ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ផង បាន​ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​នេះ​វិញ ព្រោះ​ការ​សម្ដែង​មតិ និង​អនុវត្ត​សិទ្ធិ​នយោបាយ មិន​មែន​ជា​បទល្មើស​នោះ​ទេ តែ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​ធានា​ឱ្យ​បាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។