មន្ត្រីពន្ធនាគារបានដោះលែងកញ្ញា យិន ឃុនម៉ី ហៅ យិន ម៉ាណា កាលពីល្ងាចថ្ងៃទី២៧ ឧសភាហើយ ក្រោយឃុំខ្លួនបាន ២ខែគត់។ ការដោះលែងនេះ ត្រូវបានអ្នកនាំពាក្យពន្ធនាគារអះអាងថា ធ្វើឡើងតាមបញ្ជារបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលកំណត់ឱ្យជាប់ពន្ធនាគារតែ ២ខែ ក្នុងករណីកញ្ញាបើកឡានស៊េរីទំនើបបុកមនុស្សស្លាប់។ អ្នកឃ្លាំមើលរិះគន់ថា នេះជាការសម្រេចដោយគ្មានវិជ្ជាជីវៈរបស់ព្រះរាជអាជ្ញា។
តំណាងក្រុមប្រឹក្សាឃ្លាំមើលសង្គម និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន រិះគន់ថា មន្ត្រីតុលាការតែងអនុវត្តស្តង់ដារពីរ ទើបបណ្ដាលឱ្យមន្ត្រីទាំងនោះ រងការរិះគន់ថា គ្មានវិជ្ជាជីវៈចំពោះការងាររបស់ខ្លួន។ លោកថា អ្នកមានលុយ មានអំណាច ទោះបើកឡានបុកសម្លាប់មនុស្ស ដូចករណីកញ្ញា យិន ម៉ាណា នេះ ក៏អាចជាប់ទោសត្រឹមរយៈពេលខ្លីបំផុត។ ចំណែកអ្នកគ្មានប្រាក់ និងអ្នកធ្វើការសង្គម ឬហ៊ានតស៊ូមតិ មិនរណបគណបក្សកាន់អំណាច តែងប្រឈមការជាប់ពន្ធនាគារយូរ។
លោក រ៉ុង ឈុន លើកទឹកចិត្តឱ្យមន្ត្រីតុលាការហ៊ានដោះលែងប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី ព្រោះលោកគ្មានប្រព្រឹត្តិទោសអ្វីស្មើនឹងការបើកឡានបុកមនុស្សស្លាប់នោះទេ តែត្រូវទទួលរងទោសយូរជាងអ្នកបើកឡានបុកមនុស្សស្លាប់ទៅទៀត៖ «ឱ្យតែអ្នកមានឥទ្ធិពល អ្នកមានលុយទោះបីជននោះប្រព្រឹត្តិបទឧក្រិដ្ឋយ៉ាងណាក៏ដោយ មិនយូរមិនឆាប់ត្រូវមានសេរីភាព។ ប៉ុន្តែដោយឡែកសម្រាប់អ្នកធ្វើការងារសង្គម ដូចលោក រ៉ាត់ រ័ត្នមុនី ក្ដី ហើយនឹងសកម្មជនគណបក្ស សង្គ្រោះជាតិ ក្ដី ដែលបានធ្វើកិច្ចការសង្គមហ្នឹង តែងតែទទួលរងគ្រោះជាប់ពន្ធនាគារមិនត្រូវបានលើកលែងឱ្យមានសេរីភាពទេ ដូចករណី លោក រ៉ាត់ រ័ត្នមុនី ជាដើម»។
ប្រតិកម្មនេះ ធ្វើឡើងក្រោយពេលមន្ត្រីពន្ធនាគារបានដោះលែងកញ្ញា យិន ម៉ាណា កាលពីម៉ោង ៥ល្ងាច ថ្ងៃទី២៧ ឧសភា គឺបន្ទាប់ពីកូនស្រីរបស់សមាជិកក្រុមប្រឹក្សាអាជ្ញាធរអប្សរារូបនេះ អនុវត្តទោសជាប់ពន្ធនាគារបាន ២ខែ ក្នុងសំណុំរឿងបើកឡានបុកនិស្សិតស្រីម្នាក់ស្លាប់ កាលពីចុងខែមីនា នៅខណ្ឌទួលគោក។
ប្រព័ន្ធឃោសនាក្នុងស្រុក (Freshnews) ស្រង់សំដីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា ចុះផ្សាយថា ការដោះលែងធ្វើតាមបញ្ជារបស់ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក សេង គឹមឡាក់ ដែលចេញដីកាបង្គាប់ឱ្យដោះលែង កញ្ញា យិន ម៉ាណា នៅថ្ងៃទី២៧ ឧសភា។
កញ្ញា យិន ម៉ាណា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទបើកបរដោយធ្វេសប្រហែលបណ្ដាលឱ្យអ្នកដទៃស្លាប់ និងត្រូវបានឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) រយៈពេល ២ខែកន្លងទៅនេះ។ កាលណោះ ចៅក្រមបានសម្រេចដាក់ទោសពន្ធនាគារ កញ្ញា យិន ម៉ាណា ១ឆ្នាំ។ ប៉ុន្តែ លុះដល់ថ្ងៃទី១៧ ឧសភា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ុក សុវណ្ណារិទ្ធិ សម្រេចសម្រួលឱ្យអនុវត្តទោសពន្ធនាគារ ២ខែ និងព្យួរទោសដែលនៅសល់។
មាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចែងថា ជនណាបើកបរដោយធ្វេសប្រហែល ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្ដាលឱ្យអ្នកដទៃស្លាប់ ត្រូវផ្ដន្ទាទោសពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ទៅ ១០លានរៀល។ ករណីជនបង្កបើកបរ ដោយគ្មានប័ណ្ណបើកបរ និងបើកបរក្នុងស្ថានភាពស្រវឹង ហើយបណ្ដាលឱ្យស្លាប់ច្រើននាក់ ឬបើករត់គេចពីកន្លែងកើតហេតុ ដើម្បីគេចពីការទទួលខុសត្រូវ គឺត្រូវផ្ដន្ទាទោស ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ ២៥លានរៀលព្រមទាំងហាមបើកបររយៈពេល ៥ឆ្នាំ។
មេធាវីការពារក្ដីឱ្យកញ្ញា យិន ម៉ាណា គឺអ្នកស្រីមេធាវី ស្រី សុផាន់ណារ៉ា ប្រាប់សារព័ត៌មានក្នុងស្រុក (Thmeythmey.com) ថា កូនក្ដីអ្នកស្រីត្រូវបានតុលាការហាមមិនឱ្យបើកបរ ៣ឆ្នាំ។ អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពី មេធាវីការពារក្ដី របស់កញ្ញា យិន ម៉ាណា បន្ថែមបានទេ នៅថ្ងៃទី២៨ ឧសភា ដោយសារទូរស័ព្ទមិនចូល។
ចំណែកនាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថា សំណុំរឿង កញ្ញា យិន ម៉ាណា មានភាពមិនប្រក្រតីតាំងពីដំបូងមកម្ល៉េះ ប៉ុន្តែដោយសារមានការជំរុញពីក្រុមអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុក ទើបសមត្ថកិច្ច និងតុលាការបង្ខំចិត្តដំណើរការនីតិវិធី។ លោកថា ការដោះលែងនេះ ជាការធ្វើឱ្យបាត់បង់តម្លៃរបស់មន្ត្រីតុលាការខ្លួនឯងបន្ថែមទៀត។
ពលរដ្ឋទាមទារឱ្យស្ថាប័នមានសមត្ថកិច្ច ស៊ើបអង្កេតលើចៅក្រម លោក អ៊ុក សុវណ្ណារិទ្ធិ ដែលសម្រេចក្ដីបែបនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
