យុវជន​រិះគន់​ការ​អនុវត្ត​ស្តង់ដារ​ពីរ​ចំពោះ​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មាន​លុយ​មានអំណាច

ដោយ យ៉ង ចាន់តារា
2023.08.20
យុវជន​រិះគន់​ការ​អនុវត្ត​ស្តង់ដារ​ពីរ​ចំពោះ​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មាន​លុយ​មានអំណាច (ពីឆ្វេង) អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស, មេក្លោងគ្រឿងញៀន ​ជនជាតិ​តៃវ៉ាន់​ម្នាក់​ឈ្មោះ ឆេន ស៊ីនហាន (Chen Hsin Han) ដែលទើបត្រូវបានរំដោះ និងគេចខ្លួន, ឧកញ៉ា ថោង សារ៉ាត់ ដែល​ត្រូវ​​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ។
Photo Courtesy

អតីត​អ្នក​ជាប់ឃុំ​រិះគន់​អាជ្ញាធរ​ពន្ធនាគារ និង​តុលាការ​នៅតែ​អនុវត្ត​ស្តង់ដារ​ពីរ​ចំពោះ​អ្នក​ជាប់ឃុំ ដោយសារ​ពួកគេ​មើលឃើញ​ថា អ្នក​ជាប់ឃុំ​ខ្លះ​ដែល​ជា​ឧក្រិដ្ឋជន​មាន​លុយ​អាច​ទទួល​បានការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ ស្របពេល​អ្នកទោស​មនសិការ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​មិន​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងក្រៅ។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា ការ​អនុវត្ត​មិន​ស្មើភាព​គឺជា​ទង្វើ​គ្មាន​មនុស្សធម៌​ដែល​បំពាន​ច្បាប់ និង​សិទ្ធិ​របស់​ជន​ជាប់ឃុំ​ទាំងនោះ។

យុវជន​ដែល​រិះគន់​អាជ្ញាធរ​ចំពោះ​ការ​បញ្ជូន​អ្នក​ជាប់ឃុំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រៅ​ពន្ធនាគារ​អនុវត្ត​មិន​ស្មើភាព​គ្នា​លើ​អ្នក​ជាប់ឃុំ​ដោយសារ​មូលហេតុ​នយោបាយ និង​ឧក្រិដ្ឋជន​មាន​លុយ​មាន​អំណាច។

អតីត​អ្នក​ទោស​មនសិការ និង​ជា​អតីត​សកម្មជន​គណបក្ស​ភ្លើងទៀន​លោក គង់ រៃយ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បារម្ភ​ពី​ជីវិត​អ្នក​ជាប់ឃុំ​ដោយសារ​មូលហេតុ​នយោបាយ និង​អ្នកទោស​តូចតាច​ក្នុង​ពន្ធនាគារ នៅតែ​ជួប​បញ្ហា​បន្ទប់​ចង្អៀត​ណែន និង​គ្មាន​អនាម័យ គ្មាន​ថ្នាំ​ព្យាបាល ជាពិសេស​គ្មាន​ឱកាស​ទទួល បាន​ការ​ព្យាបាល​ជំងឺ​ជាដើម។ លោក​រំឮក​ថា ករណី​យឺតយ៉ាវ​ក្នុង​ការ​ព្យាបាល​ជំងឺ​ដល់​អ្នក​ជាប់ឃុំ​បាន​ធ្វើ​ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ឈ្មោះ យា ថុង បាន​ស្លាប់​បន្ទាប់ពី​ចេញពី​ពន្ធនាគារ​ប្រមាណ​តែ​បី​ខែ​ក្នុង​អំឡុង​ឆ្នាំ​២០១៩ ដោយសារ​កាលនោះ​សកម្មជន​រូប​នេះ​នៅ​ជាប់​ឃុំ​ដោយ​មន្ត្រី​ពន្ធនាគារ​មិន​ព្រម​អនុញ្ញាត​ទៅ​ព្យាបាល​ខាងក្រៅ​។ ប៉ុន្តែ​លោក​ថា ឧក្រិដ្ឋជន​មាន​លុយ និង​អ្នកទោស​បរទេស​ពិសេស​ជនជាតិ​ចិន​វិញ ពួកគេ អាច​ទទួល​បាន​ព្យាបាល​ជំងឺ​ខាងក្រៅ​រហូតដល់​ថ្ងៃ​ចេញ ឬ​ទទួល​បាន​សិទ្ធិ​សេរីភាព​ច្រើន​លើសលុប​នៅ​ក្នុង​ពន្ធនាគារ។ លោក​ចាត់ទុក​ការ​ដែល​មន្ត្រី​ពន្ធនាគារ​អនុវត្ត​លម្អៀង​បែបនេះ គឺជា​ចេតនា​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

លោក គង់ រៃយ៉ា៖ «ការ​អនុវត្ត​ហ្នឹង​មិន​ស្មើភាព​គ្នា​ចំពោះ​ជន​ជាប់ឃុំ​ទូទៅ​ទេ ចំពោះ​ជន​ជាប់ឃុំ​នយោបាយ​ដែល​មាន​ជំងឺ​មិនអាច​ចេញ​មក​ពិនិត្យ​ជំងឺ​នៅ​ខាងក្រៅ​បាន គឺ​ខ្ញុំ​បារម្ភ​មែនទែន ជាទូទៅ​បើសិន​យើង​សួរ​មន្ត្រី​ពន្ធនាគារ គឺ​គេ​តែងតែ​លើក​ហេតុផល​នេះ ហេតុផល​នោះ​ដើម្បី​រាំង​ស្ទះ​សកម្មជន​ក៏​ដូច​មន្ត្រី​បក្ស​ប្រឆាំង​មិន​ឱ្យ​ព្យាបាល​ទេ ខ្ញុំ​យល់​ថា នេះ​ជា​ចេតនា​មួយ​ធ្វើទុក្ខបុកម្នេញ​លើ​អាយុជីវិត​របស់​មន្ត្រី​បក្ស​ប្រឆាំង​ទាំងអស់​ហ្នឹង»

ស្រដៀង​គ្នា​នេះ​ដែរ អតីត​អ្នកទោស​មនសិការ​ម្នាក់ទៀត​កញ្ញា អេង ម៉ាឡៃ ឬ​ហៅ សូ មេត្តា ដែល​ធ្លាប់​រងគ្រោះ​នៅក្នុង​ពន្ធនាគារ​ថ្លែង​ថា កញ្ញា​សោកស្តាយ​ចំពោះ​មន្ត្រី​ពន្ធនាគារ និង​តុលាការ​ដែល​បាន​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ទទួល​ការ​ព្យាបាល​ជំងឺ​នៅ​ខាងក្រៅ​បាន​ដោយ​សេរី ខណៈ​អ្នក​ជាប់ឃុំ​ដោយសារ​រឿង​នយោបាយ​ដែល​កំពុង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ពុំ​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​ត្រឹមត្រូវ​ពី​គ្រូពេទ្យ​ជំនាញ​នោះ​ឡើយ។ កញ្ញា​មើល​ឃើញ​ថា ពន្ធនាគារ​បច្ចុប្បន្ន​ជា​កន្លែង​ធ្វើបាប​ផ្លូវ​កាយ​និង​ចិត្ត​សកម្មជន​ដែល​មាន​ទស្សនៈ​មិន​ស្រប​នឹង​រដ្ឋាភិបាល ស្រប​ពេល​ឆ្មាំ​គុក​វិញ​មិន​បាន​ផ្ដល់​តម្លៃ​ជីវិត​អ្នក​ជាប់ឃុំ​នោះ​ទេ។

កញ្ញា អេង ម៉ាឡៃ៖ «រដ្ឋាភិបាល និង​មន្ត្រី​ពន្ធនាគារ​ពាក់ព័ន្ធ​ទាំងអស់​បើក​ចិត្ត​ឱ្យ​ទូលាយ​ចំពោះ​សកម្មជន​ដោយ​មិន​ត្រូវ​គិតថា​ពួកគាត់​នៅ​ខាង​ណា បើសិន​គាត់​ឈឺ​នាំ​គាត់​ទៅ​ពេទ្យ​ព្យាបាល​គាត់​ទៅ បើ​ធំ​បំផុត​នោះ​គឺ​គួរ​ដោះលែង​ពួកគាត់ ដោយ​អនុវត្ត​ច្បាប់​ឱ្យ​ស្មើភាព​គ្នា កុំ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ អ្នក​មាន​លុយ​បញ្ជូន​ទៅ​ព្យាបាល ចំណែក​អ្នកទោស​មនសិការ​អត់​នាំ​ចេញ​ទៅ​ព្យាបាល វា​ជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​រាស្ត្រ ហើយ​កុំ​បង្ហាញ​រូបភាព​ឱ្យ​រាស្ត្រ​កាន់តែ​ឈឺចាប់ យើង​គួរ​កែ​លម្អ​ចំណុច​ខ្វះខាត»

ការ​រិះគន់​របស់​អតីត​អ្នក​ជាប់ឃុំ​ទាំងនេះ​ធ្វើឡើង​បន្ទាប់ពី​ពួកគេ​មើល​ឃើញ​ថា អាជ្ញាធរ​របស់​លោក ហ៊ុន សែន អនុវត្ត​ស្តង់ដារ​ពីរ​ចំពោះ​អ្នក​ជាប់ឃុំ​ដែល​ក្រីក្រ និង​អ្នកមាន​លុយ​មានអំណាច​។ អ្នក​ជាប់ឃុំ​ក្រីក្រ និង​អ្នកទោស​មនសិការ មិន​ងាយ​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ឡើយ ទោះជា​ពួកគេ​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬក៏​ស្នើសុំ​ច្រើនដង​បែប​ណា​ក្ដី​។ ផ្ទុយទៅវិញ អ្នក​ជាប់ឃុំ​ខ្លះ​ដែល​ជា​ឧក្រិដ្ឋជន តែ​មាន​លុយ ឬ​មានអំណាច អាច​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ។

ជា​ឧទាហរណ៍ ឧកញ៉ា ថោង សារ៉ាត់ ដែល​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​រឿង​ក្តី​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ កាល​ពី​ឆ្នាំ​២០១៥ នោះ បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​មិន​ដល់​មួយ​សប្តាហ៍​ផង រួច​ក៏​ត្រូវ​បាន​គេ​បញ្ជូន​មក​ស្នាក់នៅ​បន្ទប់​វីអាយ​ភី (VIP) ក្នុង​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ​វិញ រហូត​ទាល់តែ​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៩​។ រីឯ​បងប្រុស​បង្កើត​របស់​ឧកញ៉ា គិត ម៉េង គឺ​ឧកញ៉ា គិត ធាង វិញ តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ ៤​ឆ្នាំ ក្នុងករណី​ជួញដូរ​គ្រឿងញៀន​ជិត ៥០​គីឡូក្រាម ប៉ុន្តែ​លោក​ជាប់ឃុំ​ប្រមាណ​កន្លះ​ខែ ក៏​ត្រូវ​បាន​គេ​បញ្ជូន​ឱ្យទៅ​ស្នាក់​នៅក្នុង​បន្ទប់​វីអាយភី (VIP) នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ​ដែរ រហូត​ទាល់តែ​សាលាឧទ្ធរណ៍​កាត់​តម្រឹម​ទោស​ត្រឹម ២​ឆ្នាំ ហើយ​ដោះលែង​លោក​នៅ​ឆ្នាំ​២០២១។ ឧកញ៉ា​ទាំង​ពីរ​រូប​អាច​រស់នៅ​ក្រៅ​ពន្ធនាគារ​បាន​យូរ​តាមចិត្ត​ចង់ ដោយសារតែ​ហេតុផល​សុខភាព​។ លើស​ពី​នេះ ករណី​ថ្មីៗ​នេះ​មន្ត្រី​ពន្ធនាគារ​អនុញ្ញាត​ឱ្យ​អ្នកទោស​គ្រឿងញៀន​ជនជាតិ​តៃវ៉ាន់ (Taiwanese) ម្នាក់​ទទួល​បាន​ការ​ព្យាបាល​ធ្មេញ​នៅ​គ្លីនិក​ធ្មេញ​ឯកជន​រហូត​ត្រូវ​បាន​ខ្មាន់​កាំភ្លើង ចូល​ទៅ​រំដោះ​ហើយ​រត់​គេច​ខ្លួន​បាត់។

ជុំវិញ​រឿង​ប្រពន្ធ​សកម្មជន​គណបក្សប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​ពន្ធនាគារ​ព្រៃស​លោក វឿង សំណាង គឺ​លោកស្រី ទៀង ចិន្តា ឱ្យ​ដឹង​ថា ជំងឺ​ប្តី​លោកស្រី​នៅតែ​ធ្វើទុក្ខ​ត្រង់​ស្នាមរបួស​ចាស់​ដែល​អាជ្ញាធរ​វាយ​កាល​ពី​១០​ឆ្នាំមុន។ លោកស្រី​ព្រួយបារម្ភ​ពី​សុខភាព​ប្ដី​លោកស្រី​នៅ​ពេល​នេះ ពីព្រោះ​មន្ត្រី​ពន្ធនាគារ​មិន​ព្រមឱ្យ​ប្ដី​លោកស្រី​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ខាងក្រៅ​នោះ​ទេ។

លោក វឿង សំណាង៖ «អ្នកទោស​គ្រឿងញៀន​មាន​លុយ​អី​បាន​ចេញ​ព្យាបាល​ជំងឺ ដល់​ពេល​ខាង​ប្តី​របស់ខ្ញុំ​សុទ្ធ​អ្នក​ឈឺ​ច្រើន ហើយ​ធ្ងន់ៗ​ទៀត គឺ​អាជ្ញាធរ​អត់ឱ្យ​ពួកគាត់​ទៅ​ពេទ្យ​ដើម្បី​មើលជំងឺ​ទេ ខ្ញុំ​សុំ​ពន្ធនាគារ​ធ្វើ​អ្វី​ក៏ដោយ​ឱ្យ​ស្មើភាព​គ្នា កុំ​ទាល់តែ​អ្នកទោស​នោះ​មាន​លុយ​បាន​ទៅ​ពេទ្យ​ព្យាបាល​ជំងឺ ដល់ពេល​អ្នកទោស​មនសិការ​អត់​លុយ​អត់ឱ្យ​ទៅ​ពេទ្យ»

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​លោក នុត សវនា ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​នៅ​ថ្ងៃទី​១៩ ខែសីហា ដោយ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នកទទួល​។​

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា មតិ​រិះគន់​របស់​អតីត​អ្នក​ជាប់ឃុំ និង​គ្រួសារ​របស់​អ្នក​ជាប់ឃុំ​ជា​រឿង​ត្រឹមត្រូវ​ដែល​បាន​កើតឡើង​ពិតប្រាកដ ពីព្រោះ​អង្គការសិទ្ធិមនុស្ស​តែងតែ​ផ្តល់​អនុសាសន៍​ដល់​មន្ត្រី​ពាក់ព័ន្ធ​កែ​លម្អ​ចំណុច​ខ្វះខាត​នេះ​ដែរ ប៉ុន្តែ​បញ្ហា​នេះ​មិនបាន​ដោះស្រាយ​នោះ​ទេ​។ លោក​ស្នើ​ដល់​មន្ត្រី​ពន្ធនាគារ​អនុវត្ត​ឲ្យ​បាន​ស្មើគ្នា​ចំពោះ​អ្នក​ជាប់ឃុំ ឬ​អ្នកទោស​ទាំងអស់ ដោយ​មិន​ត្រូវ​រឹតត្បិត​លើ​អ្នក​ទោស​នយោបាយ ហើយ​ផ្តល់​សិទ្ធិ​សេរីភាព​ឲ្យ​ឧក្រិដ្ឋជន​ដែល​មាន​លុយ​រស់នៅ​យ៉ាង​ស្រួល ខុសពី​អ្នក​ជាប់ឃុំ​ធម្មតា​នោះ​ទេ។

លោក ស៊ឹង សែនករុណា៖ «ការ​លើកឡើង​របស់​គ្រួសារ​ជនរងគ្រោះ ឬ​យុវជន​ដែល​ធ្លាប់​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ទាំងអស់​នេះ វា​សុទ្ធ​សឹង​ជា​តឹកតាង​បញ្ជាក់​ច្បាស់​ថា ករណី​ដែល​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​នយោបាយ គឺ​ផ្ទុយ​វិញ​ពួក​ឧក្រិដ្ឋជន​ដែល​បំផ្លាញ​មនុស្សជាតិ បំផ្លាញ​សង្គម​ទាំងអស់​នេះ នេះ​វា​ជា​រឿង​បង្ហាញ​អំពើ​អគុណធម៌​សម្រាប់​ការ​បំពេញ​តួនាទី និង​ការងារ​របស់​មន្ត្រី​ទាំង​ហ្នឹង»

មក​ដល់​ពេល​នេះ​អ្នក​ជាប់ឃុំ​ក្រោម​ហេតុផល​នយោបាយ​យ៉ាងតិច​៣​នាក់​កំពុង​ធ្លាក់ខ្លួន​ធ្ងន់ និង​មាន​សកម្មជន​ផ្សេងទៀត​មាន​ជំងឺ​ច្រើន​មុខ ដោយសារ​បរិយាកាស​រស់​នៅក្នុង​ពន្ធនាគារ​គ្មាន​អនាម័យ និង​មិនបាន​យកចិត្តទុកដាក់​ចំពោះ​សុខភាព​អ្នក​ជាប់ឃុំ។ ក្នុង​នោះ​អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក ថាច់ សេដ្ឋា កំពុង​មាន​ជំងឺ​បេះដូង ឡើង​ជាតិ​អាស៊ីដ និង​លើស​ជាតិ​ស្ករ។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ពីរ​នាក់​ទៀត​រួមមាន​លោក តូច ថឹង មាន​ជំងឺ​ភ្នែក​ទាំងសងខាង រីឯ​លោក វឿង សំណាង វិញ ឈឺ​ចុកចាប់​ក្បាល​ត្រង់​ស្នាម​ចាស់​ដែល​ត្រូវ​កងទ័ព​ឆ័ត្រ​យោង​វាយ​បង្ក្រាប​កាលពី​១០​ឆ្នាំមុន​។ ករណី​ទាំងនោះ​ទោះបី​ក្រុម​គ្រួសារ និង​អ្នក​ជាប់ឃុំ​ស្នើសុំ​យ៉ាង​ទទូច​ណា​ក្តី ក៏​អាជ្ញាធរ​ពន្ធនាគារ​មិន​អនុញ្ញាត​ឱ្យ​ពួកគាត់​បាន​ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ខាងក្រៅ​ពន្ធនាគារ​ឡើយ។

មន្ត្រី​សិទ្ធិមនុស្ស និង​អតីត​អ្នកទោស​មនសិការ​អំពាវនាវ​ដល់​រដ្ឋាភិបាល ពិសេស​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ត្រូវ​គិតគូរ​កែប្រែ យកចិត្តទុកដាក់​លើ​ស្ថានភាព​ពន្ធនាគារ និង​យកចិត្តទុកដាក់​ផ្តល់​សេវា​សុខភាព​ដល់​ជន​ជាប់ឃុំ​ទាំងអស់​ដោយ​ស្មើភាព ដោយ​គ្មាន​ការរើសអើង​និន្នាការ​នយោបាយ ស្របតាម​បទដ្ឋាន​របស់​អង្គការសហប្រជាជាតិ ដើម្បី​កុំ​ឲ្យ​គុក​ក្លាយជា​ទីកន្លែង​ធ្វើ​ទារុណកម្ម​អ្នក​ទោស​នយោបាយ អ្នក​ទោស​មនសិការ​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។