កម្មករ​រោងចក្រ​អ៊ឹមវ៉េ​តវ៉ា​ចំពោះ​ការ​ចេញ​ដីកា​សម្រេច​ការពារ

កម្មករ​រោងចក្រ​កាត់ដេរ អ៊ឹមវ៉េ (M&V International) បាន​តវ៉ា​ចំពោះ​ចៅក្រម​តុលាការ​ខេត្ត​កំពង់ឆ្នាំង ថា បាន​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​ដោយ​មិន​បាន​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ។

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​តុលា ឆ្នាំ​២០១១ ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ទៀង សុថា បាន​កោះ​ហៅ​កម្មការិនី ៩​រូប ដែល​បាន​ធ្វើការ​ប្ដឹង​ជំទាស់​ដីកា​សម្រេច​រក្សា​ការពារ​លេខ​៥៨ក ចុះ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១១ របស់​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង មក​សាកសួរ។

កម្មការិនី​ឈ្មោះ ទឹម ស៊ីឡាក់ បាន​ឲ្យ​ដឹង​បន្ទាប់​ចេញ​ពី​តុលាការ​ថា ចៅក្រម​សាលា​ដំបូង​បាន​សាកសួរ​អ្នកស្រី​ពី​មូលហេតុ​ដែល​អ្នកស្រី​បាន​ប្ដឹង​ជំទាស់។ អ្នកស្រី​បាន​ឆ្លើយ​ថា មក​ពី​ដីកា​សម្រេច​រក្សា​ការពារ​លេខ​៥៨ក ចុះ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១១ របស់​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង សម្រេច​ដោយ​មិន​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ការ​ពិត។

អ្នកស្រី​បន្ត​ថា អ្នកស្រី​បាន​ធ្វើ​ការ​ក្នុង​រោងចក្រ​អ៊ឹមវ៉េ រយៈពេល ៤​ឆ្នាំ​ហើយ តែ​ថៅកែ​រោងចក្រ​បាន​ប្ដឹង​ទៅ​តុលាការ​ថា អ្នកស្រី​ទើប​តែ​ចូល​ធ្វើ​ការ​បាន ២​ខែ ហើយ​បាន​បញ្ឈប់​ការងារ​អ្នកស្រី ព្រោះ​អ្នកស្រី​បាន​ចូល​ជា​សមាជិក​សហជីព​សេរី​កម្មករ​កម្ពុជា។ តុលាការ​ក៏​បាន​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​លេខ​៥៨ក ចុះ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១១ តាម​តែ​ពាក្យ​បណ្ដឹង​របស់​រោងចក្រ​ដោយ​ពុំ​មាន​ធ្វើ​ការ​ស៊ើប​អង្កេត។

កាល​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១១ ខែ​តុលា កន្លង​ទៅ កម្មករ កម្មការិនី​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​អ៊ឹមវ៉េ នៅ​ខេត្ត​កំពង់ឆ្នាំង បាន​នាំ​គ្នា​ធ្វើ​កូដកម្ម។ តែ​បន្ទាប់​ពី​ទទួល​បាន​សេចក្ដី​បញ្ជា​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​លេខ ០១៣/១១ កបអ កម្មករ កម្មការិនី​ទាំង​អស់​ក៏​បាន​ចូល​ធ្វើ​ការងារ​ជា​ធម្មតា​វិញ និង​រង់ចាំ​ថ្ងៃ​បើក​សវនាការ​ជំនុំ​ជម្រះ​សេចក្ដី​ពី​តុលាការ​ខេត្ត៕