មជ្ឈដ្ឋានជាច្រើនលើកឡើងថា យុវវ័យខ្មែរអាចមានចំនួនតិចតួចណាស់ក្នុងការស្វែងយល់ដឹងអំពីពិធីបុណ្យចូលឆ្នាំខ្មែរ ឬព្រឹត្តិការណ៍បុណ្យចូលឆ្នាំខ្មែរកាលពីសម័យអ៊ំ ពូ មីង ឬតាយាយរបស់ពួកគេកាលពីជាង ៥០ឆ្នាំមុន។
តើបរិយាកាសសង្គមក្នុងពេលប្រារព្ធបុណ្យចូលឆ្នាំខ្មែរនៅពេលនោះ មានសភាពយ៉ាងណាដែរ?
ក្រោយពីរដូវច្រូតកាត់ស្រូវស្រាលចប់សព្វគ្រប់នៅអំឡុងខែធ្នូ ដែលត្រូវនឹងខែបុស្ស រដូវច្រូតកាត់ស្រូវធ្ងន់ក៏ចូលមកដល់ គឺនៅអំឡុងខែកុម្ភៈ រហូតដល់ខែមីនា ដែលត្រូវនឹងខែមាឃ ឬខែផល្គុន ពេលនោះ ពលរដ្ឋខ្មែរកាលពី ៥០ឆ្នាំមុន គឺនៅសម័យសង្គមរាស្ត្រនិយម បានរៀបចំទុកដាក់ផ្ទះសម្បែង ផលស្រូវ និងគោក្របី ក្នុងការត្រៀមខ្លួនដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ គឺនៅពាក់កណ្ដាលខែមេសា ដែលត្រូវនឹងខែចេត្រ ជាខែប្រាំង។
នៅពេលបុណ្យចូលឆ្នាំម្តងៗទាំងនៅទីជនបទស្រុកស្រែចម្ការក៏ដូចជានៅទីក្រុងដែរ គឺមិនសូវមានភាពអ៊ូអរគគ្រឹកគគ្រេងអ្វីទេ ចំណែកចរាចរណ៍វិញ ក៏មានសភាពស្ងប់ស្ងាត់គ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងពេលបុណ្យទានម្តងៗដូចសព្វថ្ងៃនេះដែរ។ មនុស្សជាច្រើនបានជួបជុំគ្នាតែតាមទីវត្តអារាមប៉ុណ្ណោះ។
រាជការរបស់ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ បានអនុញ្ញាតឲ្យមានការឈប់សម្រាកបីថ្ងៃ ហើយបើកទូលាយឲ្យមានការលេងល្បែងប្រជាប្រិយ និងល្បែងស៊ីសងដូចជាខ្លាឃ្លោក ឬអាប៉ោងនៅតាមវត្តអារាម។ ប្រសិនបើល្បែងស៊ីសងលេងលើសពីថ្ងៃកំណត់ នោះនឹងត្រូវទទួលទោសតាមផ្លូវច្បាប់។
រីឯល្បែងប្រជាប្រិយទាំងនោះមានដូចជា ល្បែងដណ្ដើមស្លឹកឈើ បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែងចាប់កូនខ្លែង ចោលឈូង។ ក្រៅពីនេះ ក៏គេមានសម្ដែងបោកចំបាប់ គុណដំបង ស្នៀតល្បុក្កតោ ឬសំដែងរបាំ ប្រជាប្រិយ លោ្ខន និងរាំរែកជាដើម។
ចំណែកសម័យបច្ចុប្បន្នវិញ ល្បែងប្រជាប្រិយហាក់បាត់បង់សាបរលាបបន្តិចម្តងៗបាត់ទៅហើយ ដោយសារបរិយាកាសនយោបាយ សង្គមមានការប្រែប្រួល ជីវភាពរបស់មនុស្សកាន់តែក្រ បច្ចេកវិទ្យាកាន់តែទំនើប បានធ្វើឲ្យការគោរពប្រតិបត្តិប្រពៃណីកាន់តែមានការរួមចង្អៀត។
មជ្ឈដ្ឋានជាច្រើនលើកឡើងថា នៅខណៈសីលធម៌សង្គមវប្បធម៌ សង្គម ឬកម្រិតជីវភាពរស់នៅរបស់មនុស្សមានការធ្លាក់ចុះ ពេលនោះអំពើហិង្សា និងភាពភ្លើតភ្លើនរបស់យុវវ័យមានការកើនឡើង។
ដូចជាការសេពគ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសង ការរកស៊ីផ្លូវភេទ ឬការបង្ហោះរូបភាពអាក្រាតនៅតាមប្រព័ន្ធអ៊ីនធឺណិត អំពើចោរកម្ម និងអំពើប្លន់ប្រដាប់អាវុធជាដើម។ វិបត្តិសង្គមទាំងនេះ មានការផ្ទុយគ្នាស្រឡះ បើប្រៀបធៀបទៅនឹងសង្គមខ្មែរកាលពី ៥០មុន។
លោក អ៊ូ គឹមហួត អាយុ ៦៨ឆ្នាំ រស់នៅក្នុងទីក្រុងហ្វីឡាឌែលព្យា Philadelphia និងជាអ្នកនាំពាក្យនៃអង្គការបណ្ដាញពលរដ្ឋខ្មែរដើម្បីកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានរំលឹកអំពីព្រឹត្តិការណ៍បុណ្យចូលឆ្នាំខ្មែរកាលពីអំឡុងទសវត្សទី៥០ និងទី៦០ ថា យុគសម័យមួយដែលមានការសប្បាយទាំងផ្លូវកាយ និងផ្លូវចិត្ត គឺសង្គមមានសុវត្ថិភាព សន្តិសុខល្អ រីឯប្រជារាស្ត្រក៏គ្មានការស្រែកយំអំពីការរំលោភដីធ្លី ឬផ្ទះសម្បែងនោះឡើយ។
លោក អ៊ូ គឹមហួត៖ «ចំពោះការប្រារព្ធពិធីបុណ្យចូលឆ្នាំវិញហ្នឹង មុនដំបូងហ្នឹងយើងធម្មតាបីថ្ងៃអីអ៊ីចឹង មិនមានអ្វីជាប្លែកទេ ប៉ុន្តែដោយសារស្ថានភាពខាង សន្តិសុខហ្នឹង វាស្រួលបួលអ៊ីចឹង ទៅមនុស្សគេទៅវត្តទៅវ៉ាហ្នឹង ក៏សប្បាយរីករាយធម្មតា។ មិនជាមានអ្វីធំដុំ ប៉ុន្តែអារឿងថា ខ្វះបាយទទួលទានខ្វះអីហ្នឹង វាតិចតួចណាស់នៅស្រុកខ្មែរកាលហ្នឹង កាលពីឆ្នាំ១៩៦០ ហ្នឹង។ វាពិបាកណាស់ កាលហ្នឹងរឿងយំស្រែក អំពីរឿងផ្ទះសម្បែងដូចឥឡូវហ្នឹងទេ»។
កាលពី ៥០ឆ្នាំមុន ទីក្រុងភ្នំពេញ មិនសូវមានភាពអ៊ូអរគគ្រឹកគគ្រេង ស្ទះចរាចរណ៍អនាធិបតេយ្យមិនគោរពច្បាប់ដូចសព្វថ្ងៃនេះទេ។ នៅតាមដងវិថីនានា គេឃើញមានតែកង់ ស៊ីក្លូ រ៉ឺម៉ក ម៉ូតូ ហើយចំណែកឡានវិញ គេឃើញមានមួយៗប៉ុណ្ណោះ ហើយមនុស្សភាគច្រើនតែងគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួន។
របាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់នៃក្រសួងមហាផ្ទៃ បង្ហាញថា ក្នុងអំឡុងថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ គ្រោះថ្នាក់ចរាចរណ៍មានចំនួន ១៦៥ករណី ក្នុងនោះមានមនុស្សចំនួន ៤៨នាក់បាត់បង់ជីវិត ហើយ ២១៤នាក់ផ្សេងទៀតរបួសធ្ងន់។
ចំណែកប្រពៃណីវប្បធម៌ទំនៀមទម្លាប់របស់ខ្មែរកាលពី ៥០ឆ្នាំមុននោះវិញ តែងមានការគោរពយកចិត្តទុកដាក់ជាខ្លាំង ជាពិសេសគោរពឪពុក ម្តាយ ព្រះសង្ឃ ព្រឹទ្ធាចារ្យ ឬអប្បិយជំនឿផ្សេងៗ។
លើសពីនេះទៅទៀត លោកយាយ ហោ ឡាង ជាពលរដ្ឋខ្មែរក្នុងរដ្ឋវឺជីនៀ (Virginia) មានដើមកំណើតនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង បានរៀបរាប់ថា ប្រពៃណីខ្មែរកាលពី ៥០ឆ្នាំមុន មានការប្រតិបត្តិយ៉ាងតឹងតែង ហើយមនុស្សភាគច្រើនបានគោរពយ៉ាងខ្ជាប់ខ្ជួន។
លោកយាយ ហោ ឡាង៖ «វត្តអារាមគេលេងប្រពៃណី ទៅលេងឈូងលេងអីអ៊ីចឹងទៅតាមធម្មតា។ គេទៅធ្វើបុណ្យធ្វើអីអ៊ីចឹង។ តែការពិតកាលពីដើមមិនសូវមានព្រះសង្ឃអីប៉ុន្មានទេ។ ប៉ុន្តែលោកមួយអង្គៗ កាលណាបួសទៅ នៅហ្នឹងមួយជីវិតតែម្ដងហ្នឹងមិនសូវសឹកទេ។ តាមស្រែមានព្រះចៅអធិការវត្ត ហើយម៉ិតប្រាយណាស់ ពីព្រោះកាលពីសម័យពីដើមប្រពៃណីហ្នឹងមានសារសំខាន់ណាស់។ អ្នកមានកូនក្រមុំអីហ្នឹងមិនសូវឲ្យដើរទេ។ កាលពីដើមទៅរៀនអីហ្នឹង គេមិនឲ្យទៅទេ គេខ្លាចសរសេរសំបុត្រឲ្យសង្សារ មិនមែនដូចសម័យឥឡូវទេ។ សម័យឥឡូវហ្នឹងវាជ្រុលពេកហើយ សំពត់ខ្លីកាន់តែច្រើន»។
កាលពីអំឡុងឆ្នាំ១៩៥០ ទៅឆ្នាំ១៩៦០ ពលរដ្ឋខ្មែរភាគច្រើននៅស្លៀកពាក់តាមបែបបុរាណ។ បុរសភាគច្រើនតែងស្លៀកខោចែវ ពាក់អាវស បង់កក្រមាសូត្រ ហើយស្ត្រីវិញស្លៀកសំពត់ព្រែខ្មៅអាវសដើម្បីទៅវត្ត។
លោកតា កៅ អ៊ួ អាយុ ៧១ឆ្នាំ ជាព្រឹទ្ធាចារ្យក្នុងទីក្រុងហ្វីឡាឌែលព្យា បានប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា កំលោះក្រមុំកាលពីដើមតែងគោរពគ្នាទៅវិញទៅមកតាមច្បាប់ប្រពៃណី និងគោរពពូជពង្សវង្សត្រកូលបានយ៉ាងល្អ។
លោកបន្តថា ពួកគេតែងសុំការអនុញ្ញាតពីគ្នាទៅវិញទៅមក ឬពីអាណាព្យាបាលមុនពេលលេងល្បែងផ្សេងៗក្នុងពេលបុណ្យចូលឆ្នាំ៖ «ខ្លះក៏ដើរទៅណាមិនរួច ជើងខ្លី ដៃខ្លី កង់ក៏មិនមានជិះ។ ដូច្នេះមានអីមានតែបបួលនារីក្នុងភូមិជាមួយគ្នាទៅ កំលោះក្រមុំហ្នឹងលេងសប្បាយទៅ។ អ្នកខ្លះមានកង់ក៏នាំគ្នាជិះស្កាត់ពីភូមិមួយទៅភូមិមួយ ទៅរកការសប្បាយទៅ»។
ក្រៅពីភាពរុងរឿងខាងផ្នែកវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ព្រះករុណា ព្រះបាទ នរោត្តម សីហនុ នៅឆ្នាំ១៩៥៣ ក្រោយពីបានឯករាជ្យពីបារាំងមក ព្រះអង្គបានព្យាយាមធ្វើឲ្យកម្ពុជា ជាប្រទេសមួយដែលមានអរិយធម៌ទំនើបក្នុងការប្រែក្លាយប្រទេសពីវិស័យកសិកម្មអន់ថយទៅជាកសិកម្មទំនើបអមដោយវឌ្ឍនភាព ខាងវិស័យ ហេដ្ឋារចនាសម្ពន្ធ ឧស្សាហ៍កម្ម អប់រំ សុខាភិបាល ទេសចរណ៍ និងសិល្បៈ។
ផ្អែកលើការរីកចម្រើនរបស់ប្រទេសនៅពេលនោះ ការសប្បាយរបស់មនុស្សក្នុងសង្គមប្រកបដោយភាពសុខដុមរមនាទាំងផ្លូវកាយនិងផ្លូវចិត្ត បានធ្វើឲ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែមានន័យ ដោយសារមនុស្សភាគច្រើនមិនមានវិបត្តិធ្ងន់ធ្ងរដូចពលរដ្ឋខ្មែរសព្វថ្ងៃ នៅគ្រាពួកគេតែងបារម្ភអំពីដីស្រែចម្ការ ព្រៃសហគមន៍ ផ្ទះសម្បែង ដែលអាចប្រឈមនឹងការឈូសកម្ទេចគ្រប់ពេលពីសំណាក់ក្រុមឈ្មួញ និងអ្នកមានអំណាចសម្រាប់គម្រោងអភិវឌ្ឍន៍ ដីសម្បទានសេដ្ឋកិច្ចនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
