លោកប្រធានាធិបតី អូបាម៉ា (Obama) បានថ្លែងនៅក្រោយកិច្ចប្រជុំកំពូលដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺពីថ្ងៃទី១២ ដល់ ១៣ មេសា នៅឯទីក្រុងវ៉ាស៊ីនតោន ឌីស៊ី (Washington, DC) សហរដ្ឋអាមេរិកនោះថា ការទប់ស្កាត់ឧបករណ៍ និងសារធាតុបង្កើតអាវុធនុយក្លេអ៊ែរមានសារប្រយោជន៍ណាស់ ដើម្បីឲ្យប្រជាជនអាមេរិកាំង ក៏ដូចជាប្រជាជនក្នុងពិភពលោកទាំងមូលកាន់តែមានសុវត្ថិភាពថែមទៀត។
លោក អូបាម៉ា បានប្រកាសថា ភេរវកម្មនុយក្លេអ៊ែរ ជាការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខអន្តរជាតិ។ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក Dmitry Medvedev បានប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងបិទរោងចក្រផលិតសារធាតុ Plutonium ដែលជាសញ្ញាមួយក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីកសាយភាយនូវឧបករណ៍ និងសារធាតុសម្រាប់បង្កើតអាវុធប្រល័យលោកដ៏កាចសាហាវនោះ។
ក្រុមបណ្តាប្រទេសទាំងឡាយផ្សេងទៀត ក៏បានសន្យាថា គេនឹងរក្សាសន្តិសុខនៃឧបករណ៍នុយក្លេអ៊ែរនោះ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងប្រទេសរបស់គេនីមួយៗ។
លោក អូបាម៉ា បានបញ្ជាក់ថា គោលបំណងរបស់សហរដ្ឋអាមេរិក មានភាពច្បាស់លាស់ក្នុងការធានាកុំឲ្យសារធាតុ Plutonium និង Uranium ដែលជាគ្រឿងផ្សំសម្រាប់បង្កើតអាវុធនុយក្លេអ៊ែរធ្លាក់ចូលក្នុងកណ្ដាប់ដៃក្រុមភេរវជន៕