ប្រជាពលរដ្ឋនៅភូមិពេជ្របាន ឃុំលាជ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ថ្លែងប្រាប់វិទ្យុអាស៊ីសេរីនៅរសៀលថ្ងៃទី៨ មីនា ក្នុងលក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះថា នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី៨ ខែមីនា មន្ត្រីកងរាជអាវុធហត្ថចំនួន ៣រូប បានប្រើអំពើហិង្សាមកលើស្ត្រីអ្នកភូមិម្នាក់ ឈ្មោះ ហេង គឹមលាង ដោយបានច្រានស្ត្រីរូបនេះឲ្យដួលដេកទៅនឹងដី រួចបាញ់ភ្ជង់ដីប្រឡោះភ្លៅស្ត្រីរូបនេះ ដោយកាំភ្លើងខ្លីមួយគ្រាប់ថែមទៀត។
ប្រភពដដែលបានឲ្យដឹងដែរថា មន្ត្រីកងរាជអាវុធហត្ថទាំង ៣រូបនេះ មានឈ្មោះ ខន សុភឿន ឈ្មោះ តូ សាមីឌី និងម្នាក់ទៀតគេមិនស្គាល់ឈ្មោះ។ ឯមូលហេតុនៃការខឹងសម្បាររហូតបានប្រើអំពើហិង្សានេះ ដោយពួកគេបានរកឃើញក្នុងផ្ទះស្ត្រីឈ្មោះ ហេង គឹមលាង មានម៉ូតូដឹកឈើក្រញូងចំនួន ៣គ្រឿង សំចតក្នុងផ្ទះ ហើយពួកគេចង់ចាប់យកម៉ូតូទាំងនោះ។ តែស្ត្រីឈ្មោះ ហេង គឹមលាង មិនព្រមទើបកើតមានទំនាស់គ្នារហូតដល់ការប្រើអំពើហិង្សាយ៉ាងដូច្នេះ។
មេបញ្ជាការកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ គឺលោក តែម ភារ៉ា មានប្រសាសន៍ថា មន្ត្រីកងរាជអាវុធហត្ថទាំង ៣រូបនេះ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកនោះទេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានទេ នៅល្ងាចថ្ងៃទី៨ មីនានេះ ដោយទូរស័ព្ទលោកពុំអាចទាក់ទងបាន។
ការប្រើអំពើហិង្សាមកលើស្ត្រីឈ្មោះ ហេង គឹមលាង ដោយសារមន្ត្រីកងរាជអាវុធហត្ថនេះ បានកើតឡើងចំថ្ងៃខួបគម្រប់ ១០០ឆ្នាំ ថ្ងៃបុណ្យសិទ្ធិនារីអន្តរជាតិ៕