មន្ត្រី​ប៉ូលិស​ម្នាក់​ស្លាប់​ដោយ​សារ​ក្រឡាប់​រថយន្ត​នៅ​ខេត្ត​រតនគិរី

មន្ត្រី​ប៉ូលិស​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ក្រឡាប់​រថយន្ត​ម៉ាក​ឡង់គ្រីស័រ (Lancruiser) នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧៨ ចម្ងាយ ២​គីឡូម៉ែត្រ​ពី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​នឹង​ប្រទេស​វៀតណាម។
ដោយ រដ្ឋា វីសាល
2012.12.19

ហេតុការណ៍​នាំ​ឲ្យ​មន្ត្រី​ប៉ូលិស​ស្លាប់​នេះ កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី១៨ ធ្នូ កន្លង​ទៅ​នេះ។ ជន​រងគ្រោះ​ជា​មន្ត្រី​នៃ​កង​វរៈ​ប៉ូលិស​ការពារ​ព្រំដែន​៦២៣ គឺ​លោក ហែម សេរីវុធ។

ប្រភព​ព័ត៌មាន​ខ្លះ​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​រថយន្ត​នេះ បណ្ដាល​មក​ពី​ជន​រងគ្រោះ​ដឹក​ឈើ​ប្រណិត​បំណង​រត់​ពន្ធ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម។

អធិការ​ប៉ូលិស​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ មាន​ប្រសាសន៍​បញ្ជាក់​ថា ពិត​ជា​មាន​ហេតុការណ៍​ក្រឡាប់​រថយន្ត​ស្លាប់​មន្ត្រី​ប៉ូលិស​នោះ​មែន ប៉ុន្តែ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​មក​យក​សព​ជន​រងគ្រោះ និង​រថយន្ត​មុន​ពេល​ប៉ូលិស​មក​ដល់​ទី​កើត​ហេតុ៖ «ទទួល​ព័ត៌មាន​ភ្លាម ចុះ​ទៅ​ភ្លាមៗ គេ​ប្រមូល​បាត់ គ្រួសារ​គេ​ប្រមូល​ទៅ​អស់​ហើយ ទាំង​មធ្យោបាយ​ទាំង​ស្អី​អ៊ីចឹង។ របាយការណ៍​ខ្ញុំ​ហ្នឹង គឺ​ដាក់​ថា ពេល​ដែល​យើង​ទៅ​ដល់​ពេល​ណា ឃើញ​ជាក់ស្តែង​ប៉ុណ្ណឹង។ ហើយ​ខ្ញុំ​ចុះ​ទៅ​សួរ​គ្រួសារ​គាត់​ហ្នឹង គេ​បំភ្លឺ​ថា​បែក​កង់​ក្រោយ ហើយ​ជាក់ស្តែង​ឡាន​ហ្នឹង​បែកកង់​ក្រោយ​ក្រឡាប់​ប្រហែល ៥​ត្រឡប់»

របាយការណ៍​ប៉ូលិស​ចរាចរណ៍​ខេត្ត​ឲ្យ​ដឹង​ថា ចាប់​ពី​ដើម​ខែ​ធ្នូ រហូត​បច្ចុប្បន្ន​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ១០​ករណី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៦​នាក់ និង​របួស ១០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។