ពលរដ្ឋវៀតណាមទាំងបីនាក់នេះ ត្រូវសមត្ថកិច្ចប៉ូលិសចាប់បាន ២នាក់ និងកងរាជអាវុធហត្ថចាប់បានម្នាក់ខណៈពេលពួកគេទាំងបីនាក់បានចូលមកកាន់ទឹកដីស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយមធ្យោបាយម៉ូតូ ២គ្រឿង។
អធិការប៉ូលិសស្រុកកែវសីមា លោក ស៊ុន ប៊ុនធឿន មានប្រសាសន៍បញ្ជាក់ថា ពលរដ្ឋវៀតណាម នេះឆ្លងដែនពីប្រទេសវៀតណាម តាមច្រករបៀងខុសច្បាប់ក្នុងស្រុកមេមត់ ខេត្តកំពង់ចាម ហើយធ្វើដំណើរមកកាន់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ លោកបន្តថា ការចាប់ខ្លួនជនជាតិវៀតណាម ទាំងបីនាក់នេះ ធ្វើឡើងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋដែលសង្ស័យថា ពួកគេជាមុខសញ្ញាឆបោកប្រជាពលរដ្ឋស្រុកកែវសីមា កាលពីថ្ងៃទី២៦ ម្តងហើយ ទើបសមត្ថកិច្ចតាមស្ទាក់ចាប់បានអ្នកទាំងបី ហើយឆែកឆេររកឃើញអាវុធជាតិផ្ទុះខុសច្បាប់បន្ថែមទៀត។
លោក ស៊ុន ប៊ុនធឿន៖ «ករណីនេះ យើងសហការជាមួយខាងកងរាជអាវុធហត្ថៗគេក្នុងចំណោមបីនាក់ គេយកបានម្នាក់ ខ្ញុំយកបានពីរនាក់។ កាំភ្លើង អាម្នាក់នៅកងរាជអាវុធហត្ថ គេដកហូតយកបានក្នុងនោះកាំភ្លើង ៤ដើម អាអ៊ែមួយដើម កាំភ្លើងខ្លីកា៥៤ មួយដើម និងកាំភ្លើងកីឡា កាំភ្លើងបាញ់សត្វពីរដើម ប៉ុន្តែមួយដើមវាឆ្នៃប្រើគ្រាប់អាអ៊ែបាន។ ក្នុងហ្នឹងខាងអាវុធហត្ថគេដកបានទាំងកាំភ្លើងទាំងគ្រាប់មួយចំនួនដែរ បើគិតទៅ គ្រាប់ជាង ១០០គ្រាប់ហើយ»។
រហូតមកទល់នឹងរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២ លោក ស៊ុន ប៊ុនធឿន ឲ្យដឹងថា ប៉ូលិសកំពុងស៊ើបអង្កេតបន្ត ដើម្បីបំពេញសំណុំរឿងជនសង្ស័យទាំងបី ទៅស្នងការប៉ូលិសចាត់ការបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។