ស្ត្រីឈ្មោះ សេង វីន ជាប្រជាពលរដ្ឋរស់នៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ បានរកជួបអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ដើម្បីសុំឲ្យជួយជ្រោមជ្រែង និងការពារផ្លូវច្បាប់ ក្នុងការប្រឆាំងនឹងមន្ត្រីកងរាជអាវុធហត្ថ ដែលគាត់អះអាងថា បានប្រើអំពើហិង្សានោះ។
ស្ត្រីដដែលបានមានប្រសាសន៍ថា កូនប្រុសរបស់គាត់ម្នាក់ដែលពិការជើងម្ខាង បានទៅចូលរួមស៊ីការនៅក្នុងភូមិ កាលពីថ្ងៃទី៧ ខែមករា កន្លងទៅ ប៉ុន្តែបន្ទាប់ពីស៊ីការរួចចូលដល់ពេលរាំសប្បាយក៏កើតជម្លោះ ហើយភាគីម្ខាងក៏បានទៅប្តឹងកងរាជអាវុធហត្ថឲ្យចាប់ខ្លួនកូនរបស់គាត់ជាមួយនឹងមនុស្ស ៤នាក់ផ្សេងទៀត ៖ «ពីដើមហេតុមកទៅហូបការ ដល់ហូបរួចទៅកូនខ្ញុំពិការជើងម្ខាងឈរមើលគេរាំ ស្រាប់តែមនុស្សម្នាក់មកដល់បុក វ៉ៃកូនខ្ញុំ ដល់កូនខ្ញុំងើបទៅយកឈើចែវវ៉ៃវិញ។ កូនខ្ញុំសន្លប់ បែកក្បាល ហើយគេមកប្ដឹងប៉េអឹម ប៉េអឹមមកចាប់យកកូនខ្ញុំ រួចហើយវ៉ៃជេរ។ គ្នាជើងម្ខាងឡើងឡានមិនរួច អុកគ្នាពីក្រោយទៀត...។ សន្លប់ទៅគេដាក់ខ្នោះ រួចគេវ៉ៃទៀត»។
ទោះយ៉ាងណាលោក លី ដារិទ្ធិ មេបញ្ជាការកងរាជអាវុធហត្ថប្រចាំស្រុកត្រពាំងប្រាសាទ បានបដិសេធចោលការចោទប្រកាន់នោះថា កម្លាំងរបស់លោកមិនបានចាប់ខ្លួនមនុស្សណាម្នាក់ទេ ឬវាយដុំលើរាងកាយអ្នកណាម្នាក់ដែរ។
លោក ស្រី ណារ៉េន អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC )ប្រចាំខេត្តឧត្តរមានជ័យ បានមានប្រសាសន៏ថា កាលពីព្រឹកថ្ងៃច័ន្ទ ទី១៧ ខែមករា គេបានទទួលប្រជាពលរដ្ឋ១គ្រួសារ ដែលទៅសុំឲ្យអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលជួយសរសេរពាក្យបណ្តឹងដើម្បីដាក់ជូនទៅសាលាខេត្តឧត្តរមានជ័យ ក្នុងការប្រឆាំងមន្ត្រីកងរាជអាវុធហត្ថមួយចំនួនដែលបានចាប់ខ្លួនកូនរបស់គាត់ទៅវាយធ្វើបាបលើរាងកាយនោះ៕