របប​ក្រុង​ភ្នំពេញ​ឃាត់​ខ្លួន​សន្តិសុខ​យាម​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ១០នាក់

0:00 / 0:00

របប​ក្រុង​ភ្នំពេញ​ឃាត់ខ្លួន​សន្តិសុខ​យាម​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ចំនួន​ ១០នាក់​ និង​សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​ទៀត ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ដោយ​សង្ស័យ​ថា បាន​ទទួល​ផែន​ការ​ពី​លោក សម រង្ស៊ី​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។ មន្ត្រី​បក្ស​ប្រឆាំង​ និង​អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា​ ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ និង​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​អាជ្ញាធរ​របស់​លោក​ ហ៊ុន សែន។

អាជ្ញាធរ​ក្រុង​ភ្នំពេញ​ប្រដាប់​ដោយ​អាវុធ​នៅ​ថ្ងៃ​ទី៥ វិច្ឆិកា​នេះ​ បាន​ដាក់​កម្លាំង​ទៅ​ឡោម​ព័ទ្ធ​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​ចាក់​លើ​ក្រុង​ភ្នំពេញ។ ការ​ដាក់​កម្លាំង​នេះ នៅ​ពេល​ដែល​នៅ​សល់​តែ ៤ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ពេល​លោក​ សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​មាតុប្រទេស​វិញ។

ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ​លោក ស ថេត​ ប្រាប់​អាស៊ី​សេរី​ថា​ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​សន្តិសុខ​យាម​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១០នាក់ និង​បាន​រឹបអូស​យក​ឯកសារ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ទទួលផែន​ការ​ពី​​លោក សម រង្ស៊ី។

លោក​បញ្ជាក់ថា​ សមត្ថកិច្ច​ នឹង​យក​ពួក​គេ​ទៅ​សាកសួរ​នៅ​ប៉ូលិស​ប៉ុស្តិ៍​ចាក់​អង្រែ​លើ​មុន​នឹង​សម្រេច​បញ្ជូន​ទៅ​តុលាការ​ដោយ​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​ផែន​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល៖ « រៀបចំ​ផែនការ ដើម្បី​រង់ចាំ​ទទួល​ក្រុម​ឧទ្ទាម។ និយាយ​ក្រុម​ឧទ្ទាម​មួយ​មាត់​យើង​ដឹង​ហើយ​ថា វា​ខុស​ច្បាប់ ហើយ​គ្មាន​ទាម​ទារ​គណបក្ស​ប្រជាធិបតេយ្យ​អ្វីទេ។ អ្នក​ឯង​រៀប​ផែនការ​កៀរគរ​មនុស្ស​ទៅ គឺ​ខុស​ច្បាប់​ទាំង​អស់។ នៅ​ក្នុង​នោះ វា​មាន​បញ្ជី​ឈ្មោះ​ វា​មាន​រចនាសម្ព័ន្ធ​ប្រមែប្រមូល​កម្លាំង​ទៅ​កន្លែង​ណា ក្នុង​ដៃ​របស់​សមត្ថកិច្ច​អស់​ហើយ »

ក្នុង​ចំណោម​សន្តិសុខ ១០នាក់ ដែល​យាម​នៅ​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ​ក្នុង​នោះ​មាន​លោក ពួក ចន្ដា ប្រធាន​អង្គរក្ស​លោក សម រង្ស៊ី ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ឱ្យ​រង​របួស​កាល​ពី​ថ្ងៃ​ទី២២ ខែ​កញ្ញា​កន្លង​ទៅ​ម្នាក់​ផង។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​អ្នកស្រី មូរ សុខហួរ​ បាន​ថ្កោលទោស ចំពោះ​ការ​ចាប់​ខ្លួន​នេះ។ លោកស្រី​ចាត់​ទុក​ការ​ចាប់​នេះ​ថា ជា​ការ​គំរាម​កំហែង​បំបាក់​ស្មារតី​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ៖ « ការ​ទៅ​ព័ទ្ធ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់ចង ឃុំ​ខ្លួន និង​ការ​ចោទ​ប្រកាន់​អត់​មាន​អ្វី​ទាំង​អស់​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស ជា​ការ​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​ពី​សំណាក់​រដ្ឋាភិបាល »

អាស៊ីសេរី​មិន​អាច​ទាក់​ទង​សុំ​សេចក្តី​អត្ថាធិប្បាយ​ពី​លោក ពួក ចន្ដា ប្រធាន​អង្គរក្ស​លោក សម រង្ស៊ី​បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​ត្រូវ​បាន​បិទ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត​មាន​ប្រសាសន៍​ថា នេះ​ជា​រូបភាព​បំភិត​បំភ័យ និង​ជា​ការ​គំរាម​កំហែង​ ដើម្បី​បំបាក់​ស្មារតី​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​មក​ចូល​រួម​គាំទ្រ​លោក​សម រង្ស៊ី៖ « ខ្ញុំ​យល់​ឃើញ​ថា ​កាលៈទេសៈ​នេះ​សារធារណៈ​មតិ​ជាតិ​ និង​អន្តរជាតិ ហ្នឹង​គេ​មើល​មក​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​យើង​ហ្នឹង កាន់​តែ​ធ្លាក់​ចុះ​ទៅ​ហើយ ព្រម​ទាំង​លទ្ធិ​ប្រជាធិបតេយ្យ ក៏​ធ្លាក់​ចុះ​ដែរ​ចុះ​ទៅ​ទៀត ដែល​ផ្ទុយ​ពី​ការ​ស្នើសុំ​របស់​សហគមន៍​អឺរ៉ុប ឬ​ក៏​សហរដ្ឋ​អាមេរិក​ ទទូច​ឲ្យ​ស្តារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស »

ការ​ចាប់​ឃាត់​ខ្លួន​មន្ត្រី​សន្តិសុខ​គណបក្ស​សង្គ្រោះ​ជាតិ ១០នាក់ នៅ​ទីស្នាក់ការ​ក្រុង​ភ្នំពេញ​នេះ បាន​ធ្វើ​ឡើង​ស្រប​ពេល​នឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត ឈ្មោះ ហែម ញូដេលី អាយុ ៥៣ឆ្នាំ ត្រូវ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​នៅ​ក្នុង​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ។

គិត​ត្រឹម​ថ្ងៃ​ទី៥ វិច្ឆិកា​នេះ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​សរុប​ចំនួន ៧១នាក់​ហើយ ត្រូវ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង​ និង​ចំនួន ១៩៩នាក់​ផ្សេង​ទៀត ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់» ទាក់​ទិន​នឹង​ការ​ប្រមូល​កម្លាំង​មហាជន​មក​ចូល​រួម​គាំទ្រ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​នឹង​វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ​នេះ។

ក្រុម​អ្នក​ច្បាប់ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ថា ការ​ចាប់​ខ្លួន​ទាំង​អស់​នោះ​ធ្វើ​ឡើង ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។