ក្រុមយុវជន ១០០រាត្រី ដែលបន្តបេសកកម្មពីបណ្ឌិត កែម ឡី បានផ្សាយរបាយការណ៍ស្រាវជ្រាវថ្មីមួយទៀត រកឃើញថា រដ្ឋាភិបាលអសមត្ថភាពទប់ស្កាត់បន្លែ ផ្លែឈើ និងចំណីអាហារផ្ទុកសារធាតុគីមី នាំចូលពីប្រទេសវៀតណាម។ ការលាតត្រដាងរបាយការណ៍នេះ បន្ទាប់ពីពួកគេបានចុះសិក្សាស្រាវជ្រាវ រយៈពេល ១ឆ្នាំ និងបានចុះអង្កេតសកម្មភាពនាំចូលទំនិញ ចំណីអាហារ និងបន្លែពីប្រទេសវៀតណាម នៅតាមបណ្ដាខេត្តមួយចំនួន ជាប់ព្រំដែនកម្ពុជា-វៀតណាម។
ចំណីអាហារ ត្រីសាច់ ភេសជ្ជៈ និង បន្លែផ្ទុកសារធាតុគីមី នាំចូលពីប្រទេសវៀតណាម មកលក់ និងចែកចាយទូទាំងប្រទេសកម្ពុជា គឺជាប្រធានបទសំខាន់ ដែលក្រុមយុវជន ពលរដ្ឋ និងក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកថា ជាឃាតកលាក់មុខ បំផ្លាញអាយុជីវិតមនុស្ស និងប្រព័ន្ធសេដ្ឋកិច្ចប្រជាជនខ្មែរ រយៈពេលវែង។
របាយការណ៍ ៦ទំព័រ ដែលចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា បានលាតត្រដាងពីគុណវិបត្តិ និងបញ្ហាប្រឈមជាច្រើន ទាក់ទិនចំណីអាហារលក់ដូរ ដោយសេរីលើទីផ្សារ ក្នុងប្រទេសកម្ពុជាផ្ទុកធាតុគីមី និងគ្មានការត្រួតពិនិត្យត្រឹមត្រូវពីសំណាក់ អាជ្ញាធរពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។ លើសពីនេះ ផ្សារដើមគ ក្នុងរាជធានីភ្នំពេញ ជាទីតាំងចែកចាយ ចំណីអាហារខ្នាតធំ នាំចូលពីប្រទេសវៀតណាម។
ទំនិញ និងចំណីអាហារទាំងនោះរួមមាន ត្រី សាច់ បន្លែ ផ្លែឈើ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត នាំចូលពីប្រទេសវៀតណាម ផ្ទុកសារធាតុគីមី។
របាយការណ៍បន្ថែមថា ទំនិញភាគច្រើននាំចូលពីប្រទេសវៀតណាម ថៃ និងចិនគ្មានគុណភាព លួចបន្លំស្លាក និងផ្ទុកសារធាតុគីមី ត្រូវបានចែកចាយនៅទូទាំងប្រទេសកម្ពុជា។ កាលពីឆ្នាំ២០១៨ ប្រទេសវៀតណាមបាននាំទំនិញ និងចំណីអាហារ ចូលមកលក់នៅប្រទេសកម្ពុជា គិតជាប្រាក់ជិត ៤០០ពាន់លានដុល្លារ (៣.៧០០)។ ចំណីអាហារទាំងនោះ រួមមាន ត្រី សាច់ បន្លែ និងគ្រឿងឧបភោគបរិភោគ ជាដើម ដែលគេនាំចូលគ្មានការត្រួតពិនិត្យត្រឹមត្រូវពីសំណាក់អាជ្ញាធរកម្ពុជា។
សមាជិកក្រុមការងារ ១០០រាត្រី លោក មួង សូនី ថ្លែងថា ក្រុមការងារលោក បានចុះសិក្សាស្រាវជ្រាវបញ្ហានេះ នៅផ្សារដើមគរ និងផ្សារមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ ហើយផ្សារទាំងនោះបានចែកចាយ បន្លែ និងចំណីអាហារនាំចូលពីប្រទេសវៀតណាម។ លោកថា ក្រុមការងារលោករកឃើញថា តាមច្រកព្រំដែនអន្តរជាតិ និងច្រករបៀងស្ទើរតែទាំងអស់ ឋិតក្នុងនៅខេត្តរតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ និងខេត្តស្វាយរៀង គឺសមត្ថកិច្ចពាក់ព័ន្ធ បានបបណ្ដោយឱ្យពាណិជ្ជករវៀតណាមនាំទំនិញចូលលក់ក្នុងប្រទេសកម្ពុជាដោយសេរី។ លោកថា អាជ្ញាធរពាក់ព័ន្ធតាមព្រំដែន គ្មានឧបករណ៍ និងសម្ភារគ្រប់គ្រាន់ពិនិត្យទំនិញមានសារជាតិគីមីឱ្យគ្រប់ជ្រុងជ្រោយនោះទេ៖ «ទំនិញចេញពីវៀតណាម មកកម្ពុជា ដោយអនាធិបតេយ្យ តាមរយៈការសូកលុយ ។ ពលរដ្ឋវៀតណាម គេចេញចូលមកខ្មែរយើងដោយសេរីដែរ ឧទាហរណ៍ដូចជា នៅបាវិត ក្រុងបាវិតមានច្រករបៀង ៣ ទៅ ៤ ជាច្រកស្ពានជាដើម ដែលវៀតណាមចេញចូលដោយសេរី ដោយសូកលុយឲ្យខ្មែរយើង ប៉ូលិស និងទាហានខ្មែរយើង។ ទំនិញវៀតណាម ចូលមកកម្ពុជាយើង យើងខ្វះឧបករណ៍ត្រួតពិនិត្យ ខ្វះប៉ុស្តិ៍ត្រួតពិនិត្យ យើងជូនត្រួត ជូនក៏អត់ ហើយអំពើពុករលួយ វាធ្វើឲ្យទំនិញទាំងអស់ហ្នឹងចូលមកម្ពុជាដោយសេរី » ។
ខ្លឹមសាររបាយការណ៍បានបង្ហាញពីចំណុចសំខាន់ៗ មួយចំនួន ឆ្លុះបញ្ចាំងពីតួនាទី និងភារកិច្ចរបស់រដ្ឋាភិបាល ដែលមិនយកចិត្តទុកដាក់ទប់ស្កាត់ទំនិញខូចគុណភាព និងផ្ទុកសារធាតុគីមី ពីប្រទេសវៀតណាម ដើម្បីការពារសុវត្ថិភាព និងសុខុមាលភាពប្រជាជនខ្មែរ។ នៅតាមច្រកព្រំដែនកម្ពុជា-វៀតណាម ស្ទើរតែគ្រប់ខេត្តមានច្រកអន្តរជាតិ និងច្រករបៀងតូចៗ ជាច្រើនទៀត ភាគច្រើនគ្មានប្រព័ន្ធត្រួតពិនិត្យទំនិញខូចគុណភាពនោះទេ។ របាយការណ៍បន្ថែមថា ច្រកព្រំដែនដូងរ័ត្ន ក្នុងខេត្តត្បូងឃ្មុំ និងច្រកព្រំដែនជាច្រើនកន្លែងទៀត នៅក្រុងបាវិត ក្នុងខេត្តស្វាយរៀង មានច្រករបៀងខុសច្បាប់ជាច្រើន ដែលពាណិជ្ជករវៀតណាម នាំទំនិញ និងចំណីអាហារចូលមកប្រទេសកម្ពុជា គ្មានការពិនិត្យ។ ច្រកព្រំដែនទាំងនោះសមត្ថកិច្ចកម្ពុជា មានមនោសញ្ចេតនាជាមួយជនជាតិវៀតណាម ហើយបានប្រព្រឹត្តអំពើពុករលួយ ជាថ្នូរអនុញ្ញាតឱ្យនាំទំនិញចូលដោយងាយស្រួល។
លោក មួង សូនី អះអាងថា ទំនិញ និងចំណីអាហារប្រមាណ ៨០ភាគរយ លក់នៅផ្សារដើមគ និងផ្សារមួយចំនួនទៀតក្នុងក្រុងភ្នំពេញ គឺនាំចូលពីប្រទេសវៀតណាម។ លោកថា ឥទ្ធិពលសេដ្ឋកិច្ចទីផ្សារទំនិញវៀតណាម ស្ទើរតែក្ដោបក្ដាប់ទីផ្សារកម្ពុជាទាំងមូល៖ «វៀតណាមគេអត់យករបស់ខ្មែរយើងលក់ទេ។ របស់ខ្មែរយើងដែលយកទៅបោះដុំនៅផ្សារដើមគ គេអត់យកទេ គេយកតែរបស់វៀតណាមទេ។ ខ្មែរយើង អាជីវកម្មខ្មែរយើងនៅតាមខែត្រ មកយកតែរបស់វៀតណាមទៅលក់ មានន័យថា វៀតណាមគ្រប់គ្រង ផ្សារដើមគ និងផ្សារនាគមាស រួចបាត់ទៅហើយ គឺគេក្តោបក្តាប់សេដ្ឋកិច្ចទីផ្សារបន្លែបង្ការ និងការហូបចុងរបស់ខ្មែរបាត់ទៅហើយ » ។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី១២ កញ្ញា។
ចំណែកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន ចាត់ទុករបាយការណ៍នេះ មិនបង្ហាញពីសុក្រឹត និងឯករាជភាពនោះទេ ហើយផ្ទុយទៅវិញបានដាក់ទម្ងន់មកលើរាជរដ្ឋាភិបាល។ លោកបញ្ជាក់ថា របាយការណ៍នេះ គឺមិនអាចយកជាផ្លូវការបាននោះទេ ព្រោះក្រុមការងារ ១០០រាត្រី ពុំមែនអ្នកបច្ចេកទេសទេ។ លោកថា រដ្ឋាភិបាលកំពុងខិតខំកសាងព្រំដែន សន្តិភាព មិត្តភាព និងសហប្រតិបត្តិការ ទាក់ទិនការនាំទំនិញចេញចូលទៅវិញទៅមក។ រីឯការដោះស្រាយបញ្ហានេះ ជាកត្តារួម ដែលទាំងអស់គ្នាត្រូវទទួលខុសត្រូវ ពុំមែនដាក់បន្ទុកតែលើរដ្ឋាភិបាលម្នាក់នោះទេ៖ «យើងមិនអាចយកជាផ្លូវការបានទេ ក្នុងរបាយការណ៍របស់គាត់ ព្រោះគាត់ពុំមែនអ្នកបច្ចេកទេសទេ គាត់គ្រាន់តែជាថា។ ចំពោះការ រាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់មិនត្រឹមត្រូវទេ ជាតិគីមីនេះ មិនមែនតែទំនិញមកពីវៀតណាមទេ ? មកពីណាក៏ដោយ ដោយសារតែវិទ្យាសាស្ត្រទំនើបវាមានលាយគីមីហ្នឹងឯង។ ទាំងផលិតនៅក្នុងស្រុក ទាំងនាំចូល និងនាំចេញ។ បញ្ហាសំខាន់គឺ យើងខិតខំទាំងអស់គ្នាពុំមែនដាក់បន្ទុកលើនរណាម្នាក់ទេ » ។
កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានស្ដីបន្ទោសពលរដ្ឋ ដែលប្រើប្រាស់ និងបរិភោគ បន្លែ ផ្លែឈើ អាហារ ត្រី សាច់ ផ្ទុកសារធាតុគីមី ហើយបែរជាទម្លាក់កំហុសទៅលើរដ្ឋាភិបាលទៅវិញ។ លោកថា ជារឿងជ្រុលពេកហើយ ដែលមកស្ដីបន្ទោសរដ្ឋាភិបាល។ តាមពិតពលរដ្ឋខ្លួនឯងទេ ដែលប្រើប្រាស់មិនចេះមើល៖ «បើកុំទិញវាចប់ហើយ អ្នកដែលនាំបន្លែបង្ការ ដែលមានសារធាតុគីមីលក់ លែងដាច់ហើយ នាំគ្នាធ្វើពហិការកុំទិញបន្លែបង្ការ ឬ សាច់ ដែលមានសារធាតុគីមីទៅវាចប់រឿងហើយ ចាំបាច់ទៅជេររដ្ឋាភិបាលធ្វើអី ? តែខ្លួនឯង ទៅទិញអាហ្នឹងយកមកស៊ី។ ស៊ីហើយមានជំងឺជេររដ្ឋាភិបាល។ ស៊ីខ្លួនឯងសោះមកជេរគ្នាដែរ រឿងជេររដ្ឋាភិបាល គឺជេរ ហ៊ុន សែន តែម្តង។ ឆ្នាំងលោកឯង ទិញខ្លូនឯង ស៊ីខ្លួនឯង ចុះមិនរើស រួចលាងក៏លាងមិនស្អាត » ។
យុវជនរស់នៅរាជធានីភ្នំពេញ លោក ម៉ា ចិត្រា បារម្ភថា រដ្ឋាភិបាលហាក់មើលរំលងអំពីសុខភាពរបស់ប្រជាជន ដែលកំពុងប្រើប្រាស់ផលិតផលប្រចាំថ្ងៃ មានសារធាតុគីមីក្នុងបន្លែ ផ្លែឈើ និងម្ហូបអាហារនេះ បំផ្លាញសុខភាពរបស់ប្រជាជនដោយមិនដឹងខ្លួន។ លោកថា រដ្ឋាភិបាលហាក់មានចេតនាបណ្ដោយឱ្យមានអំពើពុករលួយតាមរយៈការនាំចូលនេះហើយ ជាមូលហេតុមិនគាំទ្រ ផលិតផលក្នុងស្រុករបស់ខ្លួន៖ «ខ្ញុំយល់ថា រដ្ឋាភិបាលនៅមានភាពទន់ខ្សោយក្នុងការផលិត ផលិតក្នុងស្រុក ដើម្បីឲ្យបានទៅកាន់ដាក់លក់នៅលើទីផ្សារ មានន័យថា រដ្ឋាភិបាលមិនបានជំរុញ ឬលក់ទឹកចិត្ត ដើម្បីឲ្យពលរដ្ឋគាត់ផលិត អាហារមានសារធាតុល្អ » ។
មន្ត្រីនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា យល់ឃើញថា របាយការណ៍នេះ ឆ្លុះបញ្ចាំងពីការពិត និងមានសារៈសំខាន់ណាស់ ដែលរដ្ឋាភិបាលគួរមានវិធានការដោះស្រាយឱ្យបានត្រឹមត្រូវ។ លោកថា បើរដ្ឋាភិបាលនៅតែបណ្ដោយឱ្យបាតុភាពនេះ កើតឡើងដដែលៗ ទៀត នឹងប៉ះពាល់សុខុមាលភាព និងជីវភាពពលរដ្ឋ កាន់តែធ្ងន់ធ្ងរ៖ «រដ្ឋធម្មនុញ្ញ ក្នុងមាត្រា ៧២ បានលើកឡើងច្បាស់ថា រដ្ឋជាអ្នកការពារ និងធានាទៅលើសុខភាព និងសុវត្ថិភាពពលរដ្ឋហ្នឹង។ យើងគួរពិនិត្យមើលឡើងវិញថា តើរកវិធីសាស្ត្របែបណា ដើម្បីកុំឲ្យទប់ស្កាត់ កុំឲ្យទំនិញទាំងអស់កើតមាន។ គួរតែមានការចុះត្រួតពិនិត្យ បើសិនជា ខ្វះសម្ភារណាមួយ ក្នុងការត្រួតពិនិត្យទំនិញនាំចូល គួរធ្វើការរៀបចំឲ្យបានច្បាស់លាស់ » ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មើលឃើញថា ការធ្វេសប្រហែសឱ្យនាំទំនិញចូលពីវៀតណាម ផ្ទុកសារធាតុគីមី បង្កប៉ះពាល់សុខភាពពលរដ្ឋអ្នកប្រើប្រាស់ធ្ងន់ធ្ងរ។ លោកថា ពលរដ្ឋខ្មែរមួយចំនួនមានជំងឺ និងសុខភាពទ្រុឌទ្រោម បានយកលុយជាច្រើន ទៅព្យាបាលនៅក្រៅប្រទេស៖ «ត្រូវមានប្រព័ន្ធត្រួតពិនិត្យ មានការត្រួតពិនិត្យជាក់ស្តែងតាមព្រំដែន ដើម្បីធានាថា បន្លែ ត្រីសាច់នាំចូលពីវៀតណាម គ្មានសារធាតុគីមី។ បន្លែត្រីសាច់ និងគ្រឿងទេសមានសារធាតុគីមីមានអ្វីខ្លះ ? មិនបាច់ទៅមើលទីឆ្ងាយទេ យើងមើលតែពលរដ្ឋកម្ពុជាឈឺ សុខភាពទ្រុឌទ្រោម យកលុយទាំងដុំៗ ទៅព្យាបាលទៅក្រៅប្រទស មានថៃ វៀតណាម និងសិង្ហបុរីជាដើម។ នេះហើយជាផលប៉ះពាល់ » ។
ក្រុមការងារ ១០០ រាត្រី បន្ថែមថា បច្ចុប្បន្ន ពលរដ្ឋខ្មែរភាគច្រើន កំពុងរស់នៅដោយភាពភ័យខ្លាច ក្នុងការបរិភោគ និងបន្លែលក់នៅទីផ្សារ។ ពួកគេសង្ស័យថា សារធាតុគីមី ក្នុងចំណីអាហារទាំងនោះ ជាមូលហេតុធ្វើឱ្យអ្នកប្រើប្រាស់ កើតជំងឺ មានដូចជា មហារីកក្រពះ និងទឹកនោមផ្អែមជាដើម។ ក្រុមយុវជន ១០០រាត្រី ចាត់ទុកបញ្ហានេះថា ជាយុទ្ធសាស្ត្រនយោបាយរយៈពេលវែងរបស់រដ្ឋាភិបាលវៀតណាម មានចេតនាធ្វើទុក្ខបុកម្នេញប្រជាជនខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។