លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបចំផ្ចុងផ្ដើមកូនប្រុសច្បងរបស់គាត់ជាច្រើនឆ្នាំមកហើយ។ លុះមកដល់ខែធ្នូ ឆ្នំា២០២១ ទីបំផុតទៅ លោកបានប្រកាសថា កូនប្រុសច្បងរបស់លោក គឺឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ដែលទទួលបានការអប់រំពីបរទេស នៅថ្ងៃណាមួយនឹងបន្តវេនពីរូបលោក ធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់របស់កម្ពុជា។
« ឥឡូវ អនាគតនៅពេលក្រោយ ហ៊ុន សែន គឺ ហ៊ុន ម៉ាណែត ... ។ មើលអ្ហែងធ្វើអីអញ ? ហ៊ុន សែន វាមានថ្ងៃងាប់ ថ្ងៃចាស់ណា »។ លោក ហ៊ុន សែន ចោទសួរយ៉ាងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ។
នៅសប្តាហ៍នេះ លោក ហ៊ុន សែន បាននិយាយថា ការផ្ទេរអំណាចទៅឱ្យកូនប្រុសច្បងរបស់លោកអាចនឹងក្លាយជាការពិត ភ្លាមៗនៅខែក្រោយ។
ប៉ុន្តែ មិនមែនមានតែកូនប្រុសរបស់លោក ហ៊ុន សែន តែម្នាក់ទេដែលចាំស្នងដំណែងកាន់អំណាចបន្តពូជពីក្រុមឥស្សរជននយោបាយជំនាន់មុនៗនោះ។ ពួកគេហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចហើយដើម្បីប្រគល់រដ្ឋាភិបាលទៅឱ្យមនុស្សជំនាន់ថ្មី ដែលភាគច្រើនជាកូនៗរបស់ពួកគេ។
កាលពីខែមេសា លោក ហ៊ុន សែន បានបញ្ជូនការតែងតាំងមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងស្ថាប័នរដ្ឋមិនតិចជាង១០រូបទេ ដាក់ថ្វាយទៅព្រះមហាក្សត្រ នរោត្តម សីហមុនី ដើម្បីឱ្យព្រះអង្គឡាយព្រះហស្តលេខា។ បេក្ខជននីមួយៗសុទ្ធតែមានទំនាក់ទំនងជាសាច់ញាតិរបស់មន្ត្រីជាន់ខ្ពស់យោធា រដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចុងក្រោយក្នុងឆ្នាំ២០១៨ ត្រូវបានសហគមន៍អន្តរជាតិថ្កោលទោសជាទូទៅថា មិនសេរី និងមិនយុត្តិធម៌ ក្រោយតុលាការកំពូលបានបញ្ជាឱ្យរំលាយគណបក្សប្រឆាំងដ៏សំខាន់ជាងគេនាពេលនោះ គឺគណបក្សសង្គ្រោះជាតិ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលបច្ចុប្បន្នកំពុងរស់នៅភៀសខ្លួននៅប្រទេសថៃ លោក ដួង ចន្ត្រា និយាយថា ការអនុវត្តបែបបក្ខពួកនិយមរបស់គណបក្សប្រជាជនកម្ពុជា មិនយុត្តិធម៌សម្រាប់យុវជនខ្មែរជំនាន់ក្រោយឡើយ ដែលពួកគេមានបំណងចង់ធ្វើនយោបាយ និងមានសមត្ថភាព តែមិនជាប់សាច់ញាតិជាមួយក្រុមអ្នកមានអំណាច។
លោកនិយាយថា៖ « យើងមិនចង់ឃើញពួកគេអនុវត្តការផ្ទេរអំណាចតពូជបែបនេះទេ។ វាធ្វើឱ្យយុវជនជំនាន់ក្រោយដែលមិនមែនជាសាច់ញាតិអ្នកមានអំណាច អស់សង្ឃឹមក្នុងការតស៊ូ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីនៅសប្ដាហ៍នេះថា គណបក្សប្រជាជនកម្ពុជា កំពុងត្រៀមស្វាគមន៍សមាជិកជំនាន់ថ្មីទៅក្នុងគណៈរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីថ្មីនៅក្រោយការបោះឆ្នោតរួច។
នៅក្នុងបទសម្ភាសន៍មួយកាលពីលើកនេះ លោកបានប្រាប់វិទ្យុអាស៊ីសេរីថា គណបក្សឈ្នះឆ្នោតមានសិទ្ធិតែងតាំងអ្នកទាំងឡាយណាដែលពួកគេចង់បាន។
លោកចោទសួរថា៖ « តើមានប្រទេសណាខ្លះនៅលើពិភពលោកដែលយកកូនចៅបក្សប្រឆាំងយកទៅតែងតាំង »។ លោកបន្តថា៖ « សម្រាប់បក្សទេវតា បើតែងតាំង គឺយកកូនទេវតាមកតែងតាំង មិនដែលយកកូនប្រេត កូននរក យកមកតែងតាំងនោះទេ »៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។