
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដានេះ។ ការបោះឆ្នោតដែលក្រុមអ្នកសង្កេតការណ៍ចាត់ទុកថា ជាព្រឹត្តិការណ៍បង្គ្រប់កិច្ចឱ្យលោក ហ៊ុន សែន ជាលើកទី២ នេះ មានគណបក្សចូលរួមចំនួន១៨។ ការបោះឆ្នោតនេះ គឺជាការបោះឆ្នោតជាតិលើកទី៧ របស់កម្ពុជា ចាប់តាំងពីអង្គការសហប្រជាជាតិរៀបចំ និងដំណើរការបោះឆ្នោតឆ្នាំ១៩៩៣ ពោលគឺពីរឆ្នាំបន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីខែឧសភា បានសម្រេចមិនឱ្យគណបក្សនយោបាយចំនួន២ គឺគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងធំជាងគេ និងគណបក្សខ្មែររួបរួមជាតិ ចូលរួមការបោះឆ្នោតនេះទេ ដោយសារតែគណបក្សទាំងពីរនេះពុំមានឯកសារគ្រប់គ្រាន់។
គណបក្សភ្លើងទៀន ត្រូវគេជឿជាក់ថាជាគណបក្សតែមួយគត់ដែលមានសមត្ថភាពអាចប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ ការមិនឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោត មានន័យថា គណបក្សកាន់អំណាចត្រូវបានគេរំពឹងថានឹងឈ្មះសំឡេងឆ្នោតភាគច្រើន និងអាចទទួលបានអាសនៈទាំងអស់នៃរដ្ឋសភាចំនួន១២៥អាសនៈ។
ហើយប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនទទួលបានអាសនៈរដ្ឋសភាទាំងអស់ក៏ដោយ ក៏គណបក្សផ្សេងទៀតភាគច្រើនជាគណបក្សដែលធ្វើតាម ឬស្តាប់បង្គាប់គណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន។ មន្ត្រីជាច្រើនមកពីគណបក្សតូចៗទាំងនោះ ត្រូវបានតែងតាំងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលជាស្ថាប័នប្រឹក្សាយោបល់បង្កើតឡើងដោយលោក ហ៊ុន សែន ក្រោយការបោះឆ្នោតឆ្នាំ២០១៨ ដើម្បីពង្រឹងអំណាចរបស់លោកឱ្យមើលទៅដូចជាមានការគាំទ្របែបពហុបក្ស។
តើគណបក្សទាំងនោះមានប្រភពមកពីណាខ្លះ? ខាងក្រោមនេះ ជាប្រវត្តិសង្ខេបរបស់គណបក្សដែលមានឈ្មោះនៅលើសន្លឹកឆ្នោតថ្ងៃទី២៣ ខែកក្កដា នេះ៖

គណបក្សដែលមានលេខរៀងទី១ នៅក្នុងសន្លឹកឆ្នោត គឺគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ ម្ចាស់វិទ្យុសំបុកឃ្មុំ។ គណបក្សនេះត្រូវបានចុះបញ្ជីទទួលស្គាល់នៅឆ្នាំ២០១៦។ លោក ម៉ម សូណង់ដូ ជាអតីតអ្នករិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ឥតសំចៃមាត់ និងធ្លាប់តាំងខ្លួនជា អ្នកប្រជាធិបតេយ្យ។ តែក្រោយមក លោកបានដើរតាមបន្ទាត់នយោបាយរបស់លោក ហ៊ុន សែន វិញ តាមរយៈការចូលរួមក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលលោក ហ៊ុន សែន បង្កើតឡើង ក្រោយការបោះឆ្នោតបង្គ្រប់កិច្ចឆ្នាំ២០១៨។ គណបក្សសំបុកឃ្មុំរបស់លោក ម៉ម សូណង់ដូ បានចេញមុខគាំទ្រជាបន្តបន្ទាប់ចំពោះចំណាត់ការរបស់របបលោក ហ៊ុន សែន ទោះជារឿងនោះត្រូវប្រាសចាកពីគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យយ៉ាងណាក៏ដោយ ដូចជា ការបំបិទមិនឱ្យគណបក្សប្រឆាំងចូលរួមការបោះឆ្នោតអាណត្តិទី៨ ជាដើម។

គណបក្សលេខរៀងទី២ គឺគណបក្សខ្មែរតែមួយ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨។ អតីតប្រធានគណបក្សនេះ គឺលោក កែម រិទ្ធិសិត ប្អូនប្រុសបណ្ឌិត កែម ឡី តែលោកបានលាលែងពីប្រធានបក្សនេះវិញកាលពីចុងឆ្នាំ២០២០។ ប្រធានបច្ចុប្បន្ននៃគណបក្សនេះ គឺលោក គុជ លី។ គណបក្សខ្មែរតែមួយនេះ ក៏ដូចជាគណបក្សសំបុកឃ្មុំដែរ បានចូលរួមក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងដើរតាមបន្ទាត់នយោបាយរបស់លោក ហ៊ុន សែន។

គណបក្សលេខរៀងទី៣ គឺគណបក្សសញ្ជាតិកម្ពុជា ដែលមានលោក សេង សុខេង ជាប្រធាន។ ក្រសួងមហាផ្ទៃបានចុះបញ្ជីទទួលស្គាល់គណបក្សនេះកាលពីឆ្នាំ២០១១។ គណបក្សនេះក៏មិនខុសពីបក្សមួយចំនួនទៀតដែរ គឺជាបក្សនយោបាយដែលដើរតាមបន្ទាត់នយោបាយ និងគាំទ្រការដឹកនាំរបស់លោក ហ៊ុន សែន ហើយវាយប្រហារលើគណបក្សប្រឆាំងវិញ។ បក្សនេះក៏ចូលរួមក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់របស់លោក ហ៊ុន សែន ដែរ។

គណបក្សលេខរៀងទី៤ គឺគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៦។ ប្រធានបក្ស គឺលោក ញឹក ប៊ុនឆៃ។ លោកជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអ្នកនយោបាយលេចអណ្ដែតក្នុងឆាកនយោបាយកម្ពុជា។ លោកធ្លាប់កាន់តំណែងជាអគ្គសេនាធិការរងទី១ នៃកងយោធពលខេមរភូមិន្ទ ជាអនុប្រធានទីពីរព្រឹទ្ធសភា ជាឧបនាយករដ្ឋមន្ត្រី ជាសហរដ្ឋមន្ត្រីការពារជាតិ និងជាទីប្រឹក្សារដ្ឋាភិបាល តែនៅពេលលោកធ្វើឱ្យលោក ហ៊ុន សែន ទាស់ចិត្ត រាសីរបស់លោកធ្លាក់ក៏ធ្លាក់ដល់បាត។ លោក ហ៊ុន សែន បានបញ្ចប់មុខតំណែងរបស់លោក ញឹក ប៊ុនឆៃ ហើយបញ្ជាឱ្យចាប់លោកដាក់ពន្ធនាគារកាលពីដើមខែសីហា ឆ្នាំ២០១៧ ក្រោយពេលលោកបានទាក់ទងជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង និយាយអំពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ លោកត្រូវបានដោះលែងវិញ នៅចុងខែមេសា ឆ្នាំ២០១៨ ដើម្បីចូលរួមការបោះឆ្នោតបែបបង្គ្រប់កិច្ចដែលលោក ហ៊ុន សែន បានរៀបចំនៅឆ្នាំ២០១៨។ គណបក្សរបស់លោក ញឹក ប៊ុនឆៃ មិនទទួលបានអាសនៈទេ តែលោកបានតំណែង និងឋានៈស្មើទេសរដ្ឋមន្ត្រី តាមរយៈការចូលរួមក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ នៅចុងឆ្នាំ២០២២ គណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រកាសចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិរបស់លោក ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតអាណត្តិទី៨ នេះ។

គណបក្សលេខរៀងទី៥ គឺគណបក្សកម្លាំងប្រជាធិបតេយ្យ។ គណបក្សនេះទើបតែបង្កើតឡើងនៅឆ្នាំ២០២០ ដែលមានប្រធានគណបក្សឈ្មោះ អ៊ុន វិសិទ្ធគុន។ គណបក្សនេះដើរតាមលំអានគណបក្សមួយចំនួនទៀតដែរ គឺលើកសរសើរ និងគាំទ្រនយោបាយរបស់លោក ហ៊ុន សែន ទោះជាការទង្វើនោះរំលោភលើសិទ្ធិមនុស្សក៏ដោយ ដូចជា ការផាត់ចោលគណបក្សប្រឆាំង និងការកែប្រែច្បាប់បោះឆ្នោតដ៏តក់ក្រហល់ ជាដើម។

គណបក្សលេខរៀងទី៦ គឺគណបក្សកសិករ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨៨។ ប្រធានគណបក្សនេះ ឈ្មោះ មាស បូពៅ។ ប្រធានគណបក្សកសិកររូបនេះធ្លាប់ជាសមាជិកគណបក្សប្រជាជនកម្ពុជា និងធ្លាប់មានរឿងអាស្រូវឆបោកលុយពលរដ្ឋទាក់ទងរឿងរត់ការដោះស្រាយទំនាស់ដីធ្លី។ គណបក្សនេះដើរតាមបន្ទាត់នយោបាយរបស់លោក ហ៊ុន សែន ដោយគាំទ្រទង្វើផ្ទុយពីគោលការណ៍ច្បាប់ និងសិទ្ធិមនុស្សប្រព្រឹត្តដោយរបបលោក ហ៊ុន សែន តួយ៉ាង ការកែប្រែច្បាប់បោះឆ្នោត ជាដើម ហើយបក្សនេះថែមទាំងចេញសារលិខិតអបអរដល់ខួបបង្កើតគណបក្សប្រជាជនកម្ពុជា និងគាំទ្រការដឹកនាំរបស់លោក ហ៊ុន សែន ថែមទៀតផង។

គណបក្សលេខរៀងទី៧ គឺគណបក្សស្ត្រីដើម្បីស្ត្រី ដែលបង្កើតឡើងកាលពីឆ្នាំ២០១៩។ ប្រធានគណបក្សនេះ គឺលោកស្រី ស៊ឹង សុធី ជាអ្នករកស៊ីផ្នែកសេវាកម្មទេសចរណ៍។ គណបក្សនេះទើបតែធ្វើសកម្មភាពនយោបាយក្នុងរដូវកាលឃោសនាបោះឆ្នោតនេះទេ ចាប់តាំងពីបង្កើតមក។

គណបក្សលេខរៀងទី៨ គឺគណបក្សខ្មែរឈប់ក្រ ដឹកនាំដោយលោក ក្រវ៉ាញ ដារ៉ន ពលរដ្ឋខ្មែរ-អាមេរិកាំង។ គណបក្សនេះត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០០៧។ គណបក្សខ្មែរឈប់ក្រមានសកម្មភាពតែនៅពេលជិតបោះឆ្នោត ប៉ុន្តែគណបក្សនេះក៏ធ្លាប់បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឆ្នាំ២០១៨ ដែរ ដោយសារមានការរំលាយបក្សសង្គ្រោះជាតិ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។ គណបក្សនេះមិនបានចូលរួមក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់របស់លោក ហ៊ុន សែន នោះទេ។ ទោះជាយ៉ាងណាក្ដី កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុកមួយឈ្មោះ Khmer Overseas បានទម្លាយរូបថតជាច្រើនសន្លឹកដែលលោក ក្រវ៉ាញ ដារ៉ន បានថតជាមួយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អមដោយសំណេរថា មេបក្សខ្មែរឈប់ក្ររូបនេះបានលួចជួបស្ងាត់ៗ ជាមួយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ហើយចោទសួរថា «តើមានអ្វីនៅពីក្រោយឆាកនេះ ?»។

គណបក្សលេខរៀងទី៩ គឺគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលត្រូវបានបង្កើតឡើងកាលពីខែមីនា ឆ្នាំ១៩៨១។ ប្រធានគណបក្សបច្ចុប្បន្ន គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បុត្រាច្បងរបស់សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ។ ហ៊្វុនស៊ិនប៉ិចជាគណបក្សចាស់វស្សា ដែលធ្លាប់ឈ្នះឆ្នោតតំណាងរាស្ត្រអាណត្តិទី១ ដែលរៀបចំដោយអ៊ុនតាក់។ ប៉ុន្តែទំនាស់ផ្ទៃក្នុង និងយុទ្ធសាស្ត្របំបែកបំបាក់របស់លោក ហ៊ុន សែន ជាច្រើនឆ្នាំមកនេះ បានធ្វើឱ្យគណបក្សមួយនេះចុះទន់ខ្សោយជាលំដាប់។ ម្យ៉ាងវិញទៀត ពលរដ្ឋម្ចាស់ឆ្នោតក៏ទំនងជាលែងឱ្យតម្លៃដល់បក្សហ៊្វុនស៊ិនប៉ិចទៀតដែរ ដោយសារបក្សនេះបានចូលដៃកម្ទេចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាមួយនឹងរបបលោក ហ៊ុន សែន។ ហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ បាននាំគ្នាដាក់សំណើទៅក្រសួងមហាផ្ទៃ ដើម្បីសុំឱ្យប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧។ ក្រៅពីនេះ គណបក្សរាជានិយមសល់តែសម្បកមួយនេះ បានធ្វើការជាដៃគូជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់ ដោយគ្មានជំហរឯករាជ្យច្បាស់លាស់ឡើយ។

គណបក្សលេខរៀងទី១០ គឺគណបក្សធម្មាធិបតេយ្យ ដឹកនាំដោយអ្នកស្រី ពោធិតី សាវត្ថី។ គណបក្សនេះបង្កើតឡើងកាលពីឆ្នាំ១៩៩៨ តែមិនបានធ្វើសកម្មភាពអ្វីនោះទេមកដល់ចុងឆ្នាំ ២០១៧។ ពេលដែលរបបលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិរួចហើយ ទើបគណបក្សនេះធ្វើសកម្មភាពនយោបាយ និងចូលរួមបោះឆ្នោតបង្គ្រប់កិច្ចឆ្នាំ២០១៨។ ប្រធានគណបក្សនេះ គឺអ្នកស្រី និងស្វាមី លោក តាន់ ច័ន្ទផល ដែលជាអនុប្រធានគណបក្ស ទទួលបានការតែងតាំង និងផ្ដល់ឋានៈស្មើទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី តាមរយៈការចូលរួមជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់របស់លោក ហ៊ុន សែន។ គណបក្សធម្មាធិបតេយ្យដើរតាមបន្ទាត់នយោបាយរបស់លោក ហ៊ុន សែន ដូចគណបក្សជាច្រើនផ្សេងទៀតដែរ។

គណបក្សលេខរៀងទី១១ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ដឹកនាំដោយលោក យ៉េង វីរៈ អតីតប្រធានអង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)។ គណបក្សនេះបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០១៥ ដោយបញ្ញវន្តមួយក្រុម ដែលមានអតីតភាពជាថ្នាក់ដឹកនាំ និងសមាជិកសង្គមស៊ីវិល។ GDP ជាគណបក្សតែមួយគត់នៅក្នុងចំណោមគណបក្សទាំងឡាយដែលហ៊ានរិះគន់ទង្វើរំលោភបំពានច្បាប់ និងសិទ្ធិមនុស្ស ប្រព្រឹត្តដោយរបបលោក ហ៊ុន សែន និងទទូចឱ្យមានការពិនិត្យ ឬកែតម្រូវឡើងវិញចំពោះទង្វើមិនត្រឹមត្រូវទាំងនោះ ជាពិសេសករណីផាត់ចោលបក្សភ្លើងទៀនចេញពីការបោះឆ្នោត និងកែប្រែច្បាប់បោះឆ្នោតដ៏ទាន់ហន់។ គណបក្សប្រជាធិបតេយ្យមូលដ្ឋានសកម្មក្នុងការចុះពង្រឹងនៅមូលដ្ឋាន និងផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួនដល់ពលរដ្ឋ។ ថ្មីៗនេះ GDP បានជួបព្យុះបោកបក់ខ្លាំងនៅផ្ទៃក្នុងបក្ស ដោយសារតែសមាជិកជាន់ខ្ពស់មួយចំនួនបាននាំគ្នារត់ទៅចុះចូលជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីស្រវាយកតំណែង និងលាភសក្ការៈផ្ទាល់ខ្លួន។ ប៉ុន្តែបក្សនេះនៅតែរក្សាគោលជំហររឹងមាំ ហើយបន្តការតស៊ូផ្នែកនយោបាយតទៅមុខទៀត។

គណបក្សលេខរៀងទី១២ គឺគណបក្សបំណងពលរដ្ឋ។ ប្រធានគណបក្សនេះ គឺលោក អ៊ិត សារម្យ អតីតអនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)។ ចាប់តាំងពីត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៩ មក គណបក្សនេះហាក់មិនមានសកម្មភាពអ្វីនៅតាមមូលដ្ឋាននោះទេ តែប្រធានគណបក្សគឺលោក អ៊ិត សារម្យ សកម្មក្នុងការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដើម្បីវែកញែកអំពីបញ្ហាសង្គម និងនយោបាយ ព្រមទាំងផ្សាយបន្តកម្មវិធីព័ត៌មានរបស់ស្ថាប័នព័ត៌មាន។

គណបក្សលេខរៀងទី១៣ គឺគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានលោក ហួន ច័ន្ទថុន ជាប្រធានគណបក្ស។ គណបក្សនេះបានចូលរួមជាសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់របស់លោក ហ៊ុន សែន និងបានចេញសេចក្ដីថ្លែងការណ៍ គាំទ្រនយោបាយរបស់លោក ហ៊ុន សែន ជាបន្តបន្ទាប់ មិនថាជានយោបាយទុច្ចរិតយ៉ាងណានោះទេ។ សូម្បីតែខួបបង្កើតគណបក្សប្រជាជនកម្ពុជា ក៏គណបក្សនេះចេញលិខិតអបអរសាទរ និងជូនពរដែរ។

គណបក្សលេខរៀងទី១៤ គឺគណបក្សឯកភាពជាតិខ្មែរ ដែលមានលោក អ៊ុន ជឹម ជាប្រធានគណបក្ស។ លោកធ្លាប់ត្រូវបានគណបក្សបណ្ដេញចេញពីបក្សម្ដងរួចមកហើយ កាលពីដើមឆ្នាំ ២០២២ ទាក់ទងនឹងការក្លែងបន្លំសារសំឡេងរបស់លោក ហ៊ុន សែន និងធ្វើបក្សប្រហារ។ ប៉ុន្តែដោយមិនដឹងមូលហេតុ លោកក៏លេចមុខជាប្រធានគណបក្សនេះវិញ។ គណបក្សឯកភាពជាតិខ្មែរត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០២០ ប៉ុន្តែបក្សនេះក៏មិនខុសពីគណបក្សមួយចំនួនទៀតដែរ តែងចេញសេចក្ដីថ្លែងការណ៍គាំទ្រទង្វើរំលោភបំពានច្បាប់ និងសិទ្ធិមនុស្ស ប្រព្រឹត្តដោយរបបដឹកនាំរបស់លោក ហ៊ុន សែន។

គណបក្សលេខរៀងទី១៥ គឺគណបក្សខ្មែរអភិរក្សដឹកនាំដោយលោក រៀល ខេមរិន្ទ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ គណបក្សនេះត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០១៩។

គណបក្សលេខរៀងទី១៦ គឺគណបក្សយុវជនកម្ពុជា ដែលមានលោក ពេជ្រ ស្រស់ ជាប្រធាន។ គណបក្សនេះត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ២០១៥។ គណបក្សយុវជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិចបាននាំគ្នាដាក់សំណើទៅក្រសួងមហាផ្ទៃ ដើម្បីសុំឱ្យប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧។ ក្រោយការបោះឆ្នោតបង្គ្រប់កិច្ច ឆ្នាំ២០១៨ លោក ពេជ្រ ស្រស់ ទទួលបានឋានៈស្មើទេសរដ្ឋមន្ត្រី តាមរយៈការចូលរួមក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់របស់លោក ហ៊ុន សែន។ លោក ពេជ្រ ស្រស់ ជាអ្នកនយោបាយសកម្មមួយរូបក្នុងការវាយប្រហារលើគណបក្សប្រឆាំង និងចេញមុខគាំទ្ររំលោភបំពានច្បាប់របស់របបលោក ហ៊ុន សែន។

គណបក្សលេខរៀងទី១៧ គឺគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដែលមានទីស្នាក់ការនៅខេត្តមណ្ឌលគិរី។ ប្រធានគណបក្សនេះ គឺលោក ប្លាង សីន ជាជនជាតិដើមភាគតិចព្នង។ គណបក្សនេះត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំ២០១៧។ គណបក្សនេះបានចូលរួមក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់របស់លោក ហ៊ុន សែន តែបក្សនេះមិនមានសកម្មភាពអ្វីជាដុំកំភួននោះទេ។

គណបក្សចុងក្រោយគេនៅក្នុងសន្លឹកឆ្នោត គឺគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន។ គណបក្សនេះមានឈ្មោះដើមថា ជាបក្សប្រជាជនបដិវត្តន៍កម្ពុជា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយលោក សឺន ង៉ុកមិញ ហៅអាចារ្យ មៀន អតីតសមាជិកគណបក្សកុម្មុយនិស្តឥណ្ឌូចិនរបស់លោក ហូ ជីមិញ (Ho Chi Minh)។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស លោក ហ៊ុន សែន តែងតែព្យាយាមនិយាយបង្វែរការពិតថា គណបក្សនេះមានប្រភពមកពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជាប្រឆាំងនឹងពួកអាណានិគមនិយម ដើម្បីឯករាជ្យជាតិ ទាំងដែលការពិត បក្សនេះមានឫសគល់ចេញពីសាខាគណបក្សកុម្មុយនិស្តឥណ្ឌូចិនដឹកនាំដោយមេដឹកនាំវៀតណាម។
ប្រធានគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន គឺលោក ហ៊ុន សែន។ លោកត្រូវបានវៀតណាមលើកបន្តុបឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ១៩៨៥។ លោក ហ៊ុន សែន អាចបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីបានរហូតដល់រយៈពេលជិត ៤០ឆ្នាំមកនេះ មិនមែនដោយសារពលរដ្ឋស្រឡាញ់គាំទ្រនោះទេ តែដោយសារលោកហ៊ានប្រព្រឹត្តទង្វើរំលោភច្បាប់ និងសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើនរាប់មិនអស់។ គណបក្សប្រជាជនកម្ពុជាធ្លាប់ចាញ់ឆ្នោតកាលពីឆ្នាំ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់ តែដោយសារការគំរាមធ្វើអបគមន៍ ឬបំបែកប្រទេសកម្ពុជាជាពីរ ទើបមានការសម្រុះសម្រួលឱ្យបក្សនេះចូលរួមដឹកនាំជាតិជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សឈ្នះឆ្នោតវិញ។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក លោក ហ៊ុន សែន បានបញ្ជាកងកម្លាំងដែលស្មោះស្ម័គ្រនឹងរូបលោកឱ្យធ្វើរដ្ឋប្រហារបង្ហូរឈាមបណ្ដេញនាយករដ្ឋមន្ត្រីទី១ គឺសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចេញពីអំណាច។ ក្រៅពីរឿងធ្វើរដ្ឋប្រហារនេះហើយ លោក ហ៊ុន សែន បានរងការចោទថា ជាអ្នកបញ្ជាឱ្យគប់គ្រាប់បែកលើហ្វូងបាតុករអហិង្សាដឹកនាំដោយលោក សម រង្ស៊ី បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៦នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតរងរបួស កាលពីខែមីនា ឆ្នាំ១៩៩៧ នោះទៀតផង។
ទង្វើរំលោភបំពានច្បាប់ និងគោលការណ៍ប្រជាធិបតេយ្យធំបំផុតរបស់លោក ហ៊ុន សែន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ គឺការរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ ការបំបិទមិនឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតឆ្នាំ២០២៣ នេះ ព្រមទាំងការចាប់សកម្មជននយោបាយ និងអ្នករិះគន់ដាក់ពន្ធនាគារឥតឈប់ឈរដោយចោទប្រកាន់ពីបទព្រហ្មទណ្ឌ។ គ្រប់គ្រងកម្ពុជាអស់រយៈពេលជិត ៤០ឆ្នាំមិនទាន់អស់ចិត្ត ពេលនេះ លោក ហ៊ុន សែន កំពុងរៀបចំគម្រោងលើកបន្តុបកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ឱ្យធ្វើជានាយករដ្ឋមន្ត្រីបន្តត្រកូល ហើយលោកបានប្រកាសឥតលាក់លៀមថា លោកចង់ឱ្យចៅរបស់លោកធ្វើជានាយករដ្ឋមន្ត្រីបន្តនៅថ្ងៃមុខទៀត។ ទំនងជាចង់ប្រែក្លាយកម្ពុជាជាកម្មសិទ្ធិផ្ដាច់មុខរបស់លោកបែបនេះហើយ ទើបបានជាលោក ហ៊ុន សែន ហ៊ានប្រព្រឹត្តទង្វើរំលោភបំពានច្បាប់ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យជាច្រើនរាប់មិនអស់ ដើម្បីធានាថា គ្មានកម្លាំងនយោបាយណាមួយអាចប្រកួតប្រជែង ឬបង្កជាឧបសគ្គដល់ផែនការទុច្ចរិតរបស់លោកមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។