ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ ២០២០នេះ បព្វជិតខាងពុទ្ធសាសនាមួយអង្គ មានសំណូមពរដោយទទូច ដោយស្នើឱ្យគណបក្សប្រឆាំងធ្វើរឿងបីយ៉ាងជាចាំបាច់ ចាប់ពីថ្ងៃឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីនេះ។ តើចំណុចទាំងបីនេះ មានអ្វីខ្លះដែរ?
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុតិញ ចង់ឃើញមន្ត្រីគណបក្សប្រឆាំង បង្ហាញឆន្ទៈ និងភាពសកម្ម និងមោះមុត ក្នុងការប្រឈម និងតតាំងរបបក្រុងភ្នំពេញ ដែលកំពុងជិះសេះលែងដៃ ពេលអវត្តមានគណបក្សប្រឆាំង ក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែលហ៊ានរិះគន់របបលោក ហ៊ុន សែន ឥតសំចៃមាត់ និងកំពុងនិរទេសព្រះកាយនៅក្រៅប្រទេស មានថេរដីកា រឿងបីយ៉ាងដែលគណបក្សប្រឆាំងត្រូវធ្វើឱ្យបានជាដាច់ខាត ចាប់ពីពេលនេះតទៅ គឺទីមួយ គណបក្សប្រឆាំង ត្រូវឈរជាមួយប្រជាពលរដ្ឋ ដែលហ៊ានក្រោកតស៊ូ ឈឺចាប់នឹងបញ្ហាជាតិ ដូចជាបញ្ហាផ្ដល់ដីឱ្យជនជាតិវៀតណាមរស់នៅ បញ្ហាសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០១៩ ដែលនាំឱ្យកម្ពុជាបាត់ដីទៅវៀតណាម ជាដើម៖ «ត្រូវឈរនៅជាមួយពលរដ្ឋដែលរងគ្រោះ ឧទាហរណ៍ ពលរដ្ឋគេហ៊ាននិយាយពីកាត់សន្ធិសញ្ញា ពលរដ្ឋគេហ៊ាននិយាយពីការបាត់បង់ដី ៤០ ហិកតារ ចុះអ្នកនយោបាយគណបក្សដែលនិយមប្រជាធិបតេយ្យ ពួននៅឯណាអស់ ? មានបន្ទប់ពួនក្នុងរូងភ្នំ ឬយ៉ាងម៉េច ? បើសិនដឹងថា ខ្លួនឯងជាអ្នកនយោបាយរងគ្រោះដែរ មកឈរជាមួយពលរដ្ឋមក ! ម៉េចក៏ខ្លាចខ្លាំងម្ល៉េះ គ្រាន់តែថា ខ្ញុំសុំគាំទ្រជំហរប្រជាពលរដ្ឋខ្មែរ ដែលហ៊ាននិយាយពីបូរណភាពទឹកដី ? ចុះចង្រៃអ្វីមួយឆ្នាំពេញ ប្រជាពលរដ្ឋគេនិយាយម៉ាគគោក ឯងមិននិយាយនឹងគេខ្លះទៅ ? ទៅឯណាអស់ទៅ ? តើឱ្យគេជឿខ្លួនឯងយ៉ាងម៉េចខ្លះទៅ ? ដូច្នេះ បើសិនធ្លាប់ល្ងង់ឆ្នាំចាស់ ឆ្នាំថ្មីងើបមកនិយាយមក !»។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាបន្ថែមថា កិច្ចការសំខាន់ និងជាគោលនយោបាយរបស់បក្សប្រឆាំង និងអ្នកប្រជាធិបតេយ្យ គឺការឆ្លាតវៃក្នុងការចាប់ឱកាសឱ្យបាន ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរ កំពុងបង្ហាញជំហររបស់ខ្លួនលើបញ្ហាចម្បងអ្វីមួយ៖ «កុំទុកឱ្យគេដេកទៅវិញ ! ព្យាយាមដាក់អុសឡើង ! បើសិនភ្លើងហ្នឹងកំពុងតែឆេះ គេសម្លឹងមើល ភ្លើងធ្លាក់វិញ ឬក៏ភ្លើងហ្នឹងវាទៅមុខ ? បើភ្លើងហ្នឹងនៅឆេះទៅមុខ យើងប្រើប្រាស់ភ្លើងហ្នឹងឱ្យបាន។ អាំងត្រី អាំងសាច់ ដាំបាយ ដាំទឹកជាដើម។ ប៉ុន្តែ បើភ្លើងប្រុងធ្លាក់វិញ គេដាក់អុសថែម។ មានន័យថា បើជំហរប្រជាពលរដ្ឋគេហ៊ានចោទប្រកាន់រដ្ឋាភិបាលពេញមុខទៅហើយ ខ្លួនឯងជាគណបក្សប្រឆាំង នៅសម្ងំធ្វើអ្វី ?»។
គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអាជ្ញាធរនៃរបបក្រុងភ្នំពេញ ដែលបានផ្តល់ដីចំនួន ៤០ ហិកតារ នៅខេត្តកំពង់ឆ្នាំង ដល់ពលរដ្ឋវៀតណាមប្រមាណ ២០០០ គ្រួសាររស់នៅ។ គណបក្សនេះ ក៏បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ចំពោះការឡាយព្រះហស្ថលេខា របស់ព្រះមហាក្សត្រ ក្នុងការប្រកាសឱ្យប្រើប្រាស់ច្បាប់ស្ដីពីការអនុម័ត យល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០១៩ លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបន្ថែមឆ្នាំ ២០០៥ រវាងកម្ពុជានិងវៀតណាម ដែលធ្វើឱ្យប្រទេសកម្ពុជា បាត់បង់បូរណភាពទឹកដីទៅប្រទេសវៀតណាម។
សេចក្ដីថ្លែងការណ៍នេះ ចេញពីក្រៅប្រទេស។ ចំណែកឯមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិនៅក្នុងប្រទេស ក៏នៅតែបន្តរក្សាការស្ងៀមស្ងាត់ ក្រោយរបបក្រុងភ្នំពេញរម្លាយគណបក្សប្រឆាំង និងហាមឃាត់សិទ្ធិនយោបាយមន្ត្រីជាន់ខ្ពស់បក្សនេះចំនួន ១១៨ នាក់ និងបន្តធ្វើទុក្ខបុកម្នេញមន្ត្រី និងសកម្មជនបក្សប្រឆាំងឥតស្រាកស្រាន្ត ឱ្យតែអ្នកទាំងនោះ ហ៊ានធ្វើសកម្មភាពនយោបាយ ប្រឆាំងនឹងរបបសព្វថ្ងៃ។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ថាការបន្តរក្សាការស្ងៀមស្ងាត់ ក្នុងស្ថានភាពដែលគណបក្សកាន់អំណាច ធ្វើអ្វីបានស្រេចតែអំពើចិត្តបែបនេះ គឺមិនមែនជាយុទ្ធសាស្ត្រសមស្រប សម្រាប់គណបក្សប្រឆាំងដ៏ធំជាងគេ តែមួយគត់នៅកម្ពុជានោះទេ។ ចំណុចទីពីរ ដែលព្រះតេជព្រះគុណ ចង់ឱ្យគណបក្សសង្គ្រោះជាតិធ្វើជាចាំបាច់ គឺត្រូវរៀបចំផែនការសកម្មភាពបែបដំដែកទាន់នៅក្តៅ ពោលគឺទាន់សហគមន៍អន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប កំពុងដែលត្រៀមសម្រេចព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជានៅខែ កុម្ភៈខាងមុខ គណបក្សប្រឆាំងនេះ ត្រូវរៀបជើងព្រួលឱ្យរួចស្រេចឱ្យហើយ ដើម្បីកុំឱ្យបាត់បង់ឱកាសមាសនេះ៖ «អ្នកនយោបាយប្រជាធិបតេយ្យ ត្រូវរៀបចំផែនការឱ្យទាន់ពេលវេលា កុំឱ្យពេលវេលាហ្នឹងយឺតក្រោយផុត EBA»។
ព្រះតេជព្រះគុណ រម្លឹកថា បើកាលណាផុត EBA នេះ គឺគណបក្សប្រឆាំង អត់មានអ្វីអាចតថ្លៃជាមួយមេដឹកនាំសព្វថ្ងៃ ដែលជាជនផ្ដាច់ការនោះទេ។
ឯចំណុចទីបី និងចុងក្រោយសម្រាប់គណបក្សប្រឆាំង យកទៅពិចារណា និងអនុវត្តឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាននោះ គឺគណបក្សនេះ ត្រូវមានផែនការយុទ្ធសាស្ត្រជាក់លាក់ ដែលអាចវាស់វែងបាន ទើបអាចយកឈ្នះ លើបញ្ហានយោបាយកម្ពុជាសព្វថ្ងៃបាន។
ស្របពេលដែលព្រះសង្ឃខ្មែរអង្គនេះ ផ្ដល់ឱវាទបីចំណុច ឱ្យគណបក្សសង្គ្រោះជាតិកែ និងធ្វើជាចាំបាច់ ចាប់ពីដើមឆ្នាំ២០២០ នេះ ព្រះសង្ឃខ្មែរមួយអង្គទៀត និងជាព្រះគ្រូចៅអធិការវត្តនៅប្រទេសកាណាដា ព្រះតេជព្រះគុណបណ្ឌិត ហុក សាវណ្ណ ក៏បានលើកទឹកចិត្តឱ្យគណបក្សសង្គ្រោះជាតិ បន្តរើបម្រះតទៅទៀត ដើម្បីទាមទារឱ្យមានការស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ព្រោះគណបក្សនេះ ជាជនរងគ្រោះ ដោយអំពើបាបរបស់គណបក្សកាន់អំណាច។ ព្រះតេជព្រះគុណ ហុក សាវណ្ណ អំពាវនាវឱ្យគណបក្សសង្គ្រោះជាតិ បន្តតស៊ូមតិ និងតវ៉ា ដោយរួបរួមគ្នា និងដោយមិនប្រើហិង្សា ទើបអាចទទួលជោគជ័យ ដោយមានការគាំទ្រពីសហគមន៍អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។