អ្នក​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី ក្នុង​និង​ក្រៅ​ប្រទេស​ប្រារព្ធ​ខួប​បី​ឆ្នាំ​នៃ​ឃាតកម្ម

ដោយ មួង ណារ៉េត
2019.07.11
កែម ឡី ខួប ៣ឆ្នាំ ៦២២ ព្រះសង្ឃ និង​ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ប្រារព្ធ​បុណ្យ​បី​ឆ្នាំ​នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃទី១០ ខែ​កក្កដា ​ឆ្នាំ​២០១៩។
Photo Provided

ថ្ងៃ​ប្រារព្ធ​បុណ្យ​បី​ឆ្នាំ​នៃ​ឃាតកម្ម​លោក បណ្ឌិត កែម ឡី អ្នក​គោរព​ស្រលាញ់ លោក​បណ្ឌិត កែម ឡី ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ដើម្បី​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ លោក កែម ឡី តាម​លទ្ធភាព​របស់​ពួកគេ​ដែល​អាច​ធ្វើ​បាន ទោះបីជា​មានការ​រារាំង​រំខាន​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​ក្ដី។ អ្នក​គោរព​ស្រលាញ់ បណ្ឌិត កែម ឡី នៅតែ​ទាមទារ​រក​យុត្តិធម៌ ដោយ​ត្រូវ​រក​ឱ្យ​ឃើញ​ឃាតក ​និង​អ្នក​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​នេះ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

អ្នក​គោរព​ស្រលាញ់​លោក​បណ្ឌិត កែម ឡី ស្ទើរ​ទូទាំង​ប្រទេស រួមមាន រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ព្រៃវែង និង​ខេត្ត​តាកែវ​ជាដើម និង​ពលរដ្ឋ​រស់នៅ​ក្រៅ​ប្រទេស​ដូចជា ប្រទេស​ហ្វីលីពីន កូរ៉េ​ខាងត្បូង និង​អូស្ត្រាលី​ជាដើម បាន​ធ្វើ និង​ត្រៀម​រៀបចំ​ធ្វើ​ពិធីបុណ្យ ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​លោក បណ្ឌិត កែម ឡី។

ពលរដ្ឋ​និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​បាត់ដំបង​ប្រមាណ​៣០០​នាក់ បាន​រួមគ្នា​សង់​រោង​បុណ្យ​ធ្វើ​ពិធី​នេះ តាម​ព្រះពុទ្ធសាសនា ដោយ​និមន្ត​ព្រះសង្ឃ​ជាង ២០​អង្គ មាន​អាចារ្យ សូត្រ​ធម៌​ជូន​ដល់​វិញ្ញាណក្ខន្ធ បណ្ឌិត កែម ឡី ហើយ​ពួកគេ​រៀបចំ​អាហារ​នំ​បញ្ចុក ដើម្បី​ទទួល​ភ្ញៀវ ដែល​ចូលរួម​បុណ្យ​នោះ​។ ទោះជា​ការ​ធ្វើ​បុណ្យ​នេះ មានការ​រំខាន និង​ឃ្លាំមើល​យ៉ាង​ស្អិត ពី​សមត្ថកិច្ច ក៏​ក្រុម​ប្រជាពលរដ្ឋ នៅតែ​មានះ ប្រារព្ធ​ពិធី​នេះ​រហូត​ចប់​ចុង​ចប់​ដើម និង​បាន​អាន​វិយោគកថា ទាមទារ​រក​យុត្តិធម៌​ដល់​បណ្ឌិត កែម ឡី។ «»

អ្នក​រៀបចំ​ពិធីបុណ្យ​នេះ​ម្នាក់ លោក ឡី សុខុន ឱ្យ​អាស៊ីសេរី​ដឹង​ថា ពិធីបុណ្យ​ដែល​កើត​ចេញ​ពី​ទឹកចិត្ត​របស់​ពលរដ្ឋ​នេះ គឺ​ប្រជាពលរដ្ឋ បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​របស់​ពួកគេ ដើម្បី​រៀបចំ​កម្មវិធី​។ លោក​បន្ត​ថា លោក​នៅ​តែ​មាន​អារម្មណ៍​ក្ដុកក្ដួល​រំជួលចិត្ត នៅ​ពេល​មិនទាន់​ឃើញ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​របប​ក្រុងភ្នំពេញ វែកមុខ​រក​ឃាតក​ពិត និង​អ្នក​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​នេះ​ឃើញ​នៅ​ឡើយ។ «»

ចំណែក​ពលរដ្ឋ​រស់នៅ ភូមិ​ព្រៃ​ស្លា ឃុំ​ព្រៃព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង ដែល​គេ​គ្រប់គ្នា​ហៅ​ភូមិ​នេះ​ថា ភូមិ​យាយ​ចាស់​កូនខ្ចី ជា​កន្លែង​លោក​បណ្ឌិត កែម ឡី ចុះ​ស្រាវជ្រាវ​សរសេរ​របាយការណ៍​យុទ្ធនា​ការណ៍​១០០​រាត្រី ពួកគេ​ក៏​ប្រារព្ធ​បុណ្យ​នេះ​ដែរ​។ អ្នកភូមិ​បាន​ដាក់​តាំង​រូបថត​បណ្ឌិត កែម ឡី និង​និមន្ត​ព្រះសង្ឃ​សូត្រ​ធម៌​តាម​បែប​ព្រះពុទ្ធសាសនា។ «»

ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​នេះ​លោក ថន សុភាព ឱ្យ​អាស៊ីសេរី​ដឹង​ថា ពិធីបុណ្យ​មាន​ពលរដ្ឋ​ជាង​៦០​នាក់​ចូលរួម និង​បាន​និមន្ត​ព្រះសង្ឃ​៥​អង្គ​ធ្វើ​ពិធី​សាសនា ឧទ្ទិស​ដល់​ដួងវិញ្ញាណក្ខន្ធ លោក កែម ឡី ។ លោក​ថា អ្វី​ដែល​ជំរុញ​ចិត្ត​ឱ្យ​ពលរដ្ឋ​ធ្វើ​ពិធីបុណ្យ​នេះ ដើម្បី​រំលឹក​គុណ​របស់​លោក​បណ្ឌិត កែម ឡី ដែល​បាន​ផ្តល់​ចំណេះដឹង និង​បាន​ចំណាយ​ពេល​វេលា​ដ៏​មានតម្លៃ​របស់​លោក​មក​អប់រំ​ពលរដ្ឋ ឱ្យ​យល់ដឹង​ពី​បញ្ហា​សង្គម​និង​នយោបាយ។ «»

ក្រៅពី​ពលរដ្ឋ​អ្នក​គោរព​ស្រលាញ់​នៅ​ក្នុង​ស្រុក ប្រារព្ធ​បុណ្យ​បី​ឆ្នាំ នៃ​ឃាតកម្ម​លោក បណ្ឌិត កែម ឡី នេះ ក៏​មាន​អ្នក​គោរព​ស្រលាញ់​លោក​បណ្ឌិត កែម ឡី នៅ​ក្រៅ​ប្រទេស​ឯណោះ រៀបចំ​ធ្វើ​ពិធីបុណ្យ​ដើម្បី​ឧទ្ទិស​កោសល្យ ជូន​វិញ្ញាណក្ធន្ធ​លោក កែម ឡី ផង​ដែរ។ ពលករ​ខ្មែរ​ម្នាក់​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក ឈុន ប៊ុនហៀ ឱ្យ​ដឹង​ថា បើ​ទោះ​ជា​ក្រុម​ពលករ បាន​ពិធីបុណ្យ​គម្រប់ ៣​ឆ្នាំ ជូន​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី រួចទៅ​ហើយ​ក្តី​កាលពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា កន្លងទៅ ប៉ុន្តែ​លោក​ថា នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ជា​ថ្ងៃ​ឃាតក​សម្លាប់​លោក កែម ឡី ក៏​មាន​ក្រុម​ពលករ​បាន​ធ្វើ​រៀបចំ​ដាក់​តាំង​រូបថត​លោក កែម ឡី និង​អុជ​ធូប​ទៀន​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ដែរ។ «»

ចំណែក​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ហ្វីលីពីន លោកស្រី មាស លក្ខិណា ឱ្យ​ដឹង​ថា ក្រុម​លោកស្រី​ក៏បាន​រៀបចំ​ដាក់​តាំង​រូបថត​លោក​បណ្ឌិត កែម ឡី និង​បាន​អុជ​ធូប ដើម្បី​ឧទ្ទិស​កោសល្យ​ជូន​វិញ្ញាណក្ខន្ធ​លោក កែម ឡី​។ លោកស្រី រៀបរាប់​បន្ថែម​ថា ដោយសារ​នៅ ទីនេះ មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​តិច និង​គ្មាន​វត្ត​អារាម ដូច្នេះ​ក្រុម​លោកស្រី មិន​អាច​រៀបចំ​ធំដុំ​បាន​នោះ​ទេ។ «»

រីឯ​សហព័ន្ធ​ខ្មែរ និង​សមាគម​ខ្មែរ​ទីក្រុង​ម៉ែលប៊ន (Melbourne) នៃ​ប្រទេស​អូស្ត្រាលី​គ្រោង​ប្រារព្ធ​បុណ្យ​បី​ឆ្នាំ​នៃ​ឃាតកម្ម​លោក បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ខាងមុខ​។ ពិធី​នោះ​នឹង​មាន​ភរិយា កូនៗ លោក កែម ឡី រង់ចាំ​ទទួល​ភ្ញៀវ ហើយក៏​មានការ​ចូលរួម​ពី​សមាជិកសភា​ជា​ច្រើនរូប​របស់​ប្រទេស​អូស្ត្រាលី។

ក្រៅ​ពី​នេះ ពលរដ្ឋ​ខ្មែរ​នៅ​ក្រុង​ទីក្រុង​អាតឌើលែត (Adelaide) រដ្ឋ​អូស្ត្រាលី​ខាងត្បូង ប្រទេស​អូស្ត្រាលី​ដែរ​នោះ ក៏​គ្រោង​ប្រារព្ធ​ពិធីបុណ្យ​ជូន​វិញ្ញាណក្ខន្ធ លោក កែម ឡី និង​វីរជន​ខ្មែរ​ផ្សេងទៀត​រួមមាន លោក ជា វិជ្ជា និង​លោក ឈុត វុទ្ធី នៅ​ថ្ងៃអាទិត្យ​ទី​១៤ ខែ​កក្កដា ខាងមុខ។

សមាជិក​គណៈកម្មការ​បុណ្យ​ម្នាក់ លោក លឹម សុមេធ ឱ្យ​អាស៊ីសេរី​ដឹង​ថា ពិធីបុណ្យ​នេះ​ធ្វើ​នៅ​វត្ត​ខ្មែរ​សន្តិភាព ចាប់ពី​ម៉ោង​៩​កន្លះ​ព្រឹក ដល់​ម៉ោង​៣​ល្ងាច ដែល​ក្នុង​នោះ​ក្រៅពី​ធ្វើ​ពិធី​សាសនា​ក៏​មាន​ការ​ថ្លែង​សារ​ទាមទារ​រ​យុត្តិធម៌​ផង​ដែរ​។ លោក​អំពាវនាវ​ដល់​ព​ល​រដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​និង​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ផ្សេងទៀត​ចូលរួម​ពិធីបុណ្យ​នេះ​។ អ្នក​រៀបចំ​ពិធីបុណ្យ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ថវិកា​ដែល​បាន​ពី​ពិធីបុណ្យ គណៈកម្មការ​នឹង​ចាត់ចែង​ជូន​ទៅ​ដល់​គ្រួសារ លោក បណ្ឌិត កែម ឡី គ្រួសារ​លោក ជា វិជ្ជា និង​គ្រួសារ លោក ឈុត វុទ្ធី។ «»

លោក កែម ឡី អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ នៅតែ​ស្ថិត​ក្នុង​បេះដូង​ខ្មែរ​គ្រប់រូប ទោះ​លោក​បាន​លាចាក​លោក​នេះ អស់​រយៈ​ពេល​បី​ឆ្នាំ​ទៅ​ហើយ​ក្ដី។ លោក​តែងតែ​ជំរុញ​ឱ្យ​មហាជន​ទូទៅ ឱ្យ​ធ្វើ​បដិវត្ត​ន៏​ផ្នត់គំនិត​ហ៊ាន​និយាយ​ការ​ពិត។ លោក​ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ​ក្នុង​ហាង​លក់ទំនិញ​ឈ្មោះ ស្តារ ម៉ាត (Star Mart) នៃ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់​តិច (Caltex) ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ។ លោក កែម ឡី បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​កាល​ពី​លោក​នៅ​មាន​ជីវិត​ថា ករណី​អ្នក​ខ្លាច​អំណាច​ប្រមូល​ផ្ដុំ ខ្លាច​ការ​ចាប់​ដាក់​ពន្ធនាគារ ខ្លាច​ស្លាប់ នោះ​អ្នក​គ្មាន​ឱកាស​និយាយ​ការពិត​រហូត​ដល់​ស្លាប់ ហើយ​ពលរដ្ឋ​របស់​យើង នឹង​គ្មាន​ឱកាស​ស្ដាប់​ការពិត​ក្នុង​សង្គម​ខ្មែរ​ជា​រៀង​រហូត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
វៀតណាម​​ពង្រាយ​កម្លាំង​​ហាម​ឃាត់​​សកម្មជន​ខ្មែរ​ក្រោម​​មិន​ឱ្យជួប​​​​​ថ្នាក់​ដឹកនាំ​កម្ពុជា​នៅ​ថ្ងៃ​បុណ្យ​កឋិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។