អាជ្ញាធរ​កំពង់ឆ្នាំង​ថា ដី​៤០​ហិកតារ ជា​ដី​ជួល​សម្រាប់​ប្ដូរ​ការ​រស់​នៅ​របស់​វៀតណាម ខ្មែរ និង​ចាម​ពី​ទន្លេ

ដោយ សុ ជីវី
2019.11.29
អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង ស៊ុន សុវណ្ណារិទ្ធិ ៦២០ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​ក្រុង លោក ស៊ុន សុវណ្ណារិទ្ធិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​ក្រោម​ដើម​ពោធិ៍​ក្បែរ​មាត់​ទន្លេ​ផ្សារ​ក្រោម ឋិត​នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៥។
RFA

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​អះអាង​ថា ដី​ទំហំ ៤០​ហិកតារ ដែល​ត្រូវ​ផ្លាស់​ទី​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក ឱ្យ​ឡើងគោក គឺជា​ដី​ជួល មិនមែន​ចែក​ឱ្យ​ទទេ​ទេ។ អ្នកឃ្លាំមើល ជំរុញ​ឱ្យ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ដោយ​បញ្ជូន​ជនជាតិ​វៀតណាម​ត្រឡប់​ទៅ​វិញ។

អភិបាលរង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មការ​ផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក លោក ស៊ុន សុវណ្ណារិទ្ធិ អះអាង​ថា អ្នក​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក មិនមែន​មានតែ​ជនជាតិ​វៀតណាម​ទេ គឺ​មាន​ជនជាតិ​ខ្មែរ និង​ចាម​ដែរ។ តំណាង​អាជ្ញាធរ​រូប​នេះ ប្រាប់​សារព័ត៌មាន​ក្នុងស្រុក (RFI) ថា លោក​មិន​ចាំ​តួលេខ​ជនជាតិ​វៀតណាម​កំពុង​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ជាក់លាក់​ទេ តែ​តម្រូវ​ឱ្យ​ទៅ​ជួល​ដី​នៅ​លើ​គោក​ទំហំ ៤០​ហិកតារ ក្បែរ​បឹង​ទន្លេសាប​រស់នៅ​វិញ៖ «ម្ចាស់​ដី គឺ​ខ្មែរ​ទេ មិនមែន​ម្ចាស់​ដី​ជនជាតិ​វៀតណាម​ទេ គ្រាន់តែ​គាត់​ធ្វើ​សហការ​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​ដូច​សមាគម​វៀតណាម ដើម្បី​ជួយ​ធ្វើការ​សហការ​គ្នា ហើយ​ដី​នេះ ក៏​អត់​មាន​ជនជាតិ​វៀតណាម​អ្វី​ទិញ​ទេ ព្រោះ​សូម្បី​បងប្អូន​មក​នៅ​បណ្ដោះអាសន្ន ១០០​ម៉ែត្រ​ពី​ទន្លេ ក៏​គាត់​ជួល​ដែរ ជួល​ម្ចាស់​ដី​ទាំងអស់ ដែល​មាន​ម្ចាស់​ដី​ជា​ខ្មែរ អត់​មាន​ភាគី​ណា​ទៅ​កាត់​ដី​ឱ្យ​យួន មាន​សិទ្ធិ ឬក៏​អ្វី ដូច​អ្នកចោទ​ប្រកាន់ ទៅ​ទិញ​ដី​ទិញ​អ្វី គឺ​អត់​ទេ​។ អត់​មាន​អាជ្ញាធរ​ណា ហ៊ាន​ស៊ីញ៉េ​ទេ។ ដី​ឯកជន​គេ​ជួល​យក​លុយ ផ្នែក​រដ្ឋ​គេ​ពិភាក្សា​គ្នា វា​មាន​គោលការណ៍​អ្វី​ផ្សេងៗ​ទៀត»

ដំណឹង​នៃ​ការ​ផ្លាស់​ទី​ជនជាតិ​វៀតណាម​ឡើងគោក ឱ្យ​ទទួល​បាន​ដី​ទំហំ​សរុប ៤០​ហិកតារ ត្រូវ​បាន​រង​ការរិះគន់​ជា​ខ្លាំង​ពី​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ នេះ​។ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ធ្លាប់​លើកឡើង​ពី​គម្រោង​ធ្វើ​អនុប្បយោគ ដោយ​កាត់​ដី​លិច​ទឹក ទំហំ ៤០​ហិកតារ ឋិត​នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ឋិត​នៅ​កៀក​បឹង​ទន្លេសាប ដើម្បី​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច ឱ្យ​ពលរដ្ឋ​ផ្លាស់​ទី ពី​ផ្ទះ​បណ្ដែត​ទឹក​ជាង ២​ពាន់​គ្រួសារ​ទៅ​រស់នៅ​ទីនោះ ក្នុង​នោះ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម។

ផ្ទះ​បណ្ដែត​ទឹក​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម នៅ​តំបន់​ផ្សារក្រោម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។
ផ្ទះ​បណ្ដែត​ទឹក​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម នៅ​តំបន់​ផ្សារក្រោម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។

អាស៊ីសេរី បាន​ព្យាយាម​ទូរស័ព្ទ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ស៊ុន សុវណ្ណារិទ្ធិ និង​លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត​កំពង់ឆ្នាំង​ច្រើន​ដង នៅ​ថ្ងៃ​ទី២៩ វិច្ឆិកា តែ​ពួក​លោក​មិន​ទទួល​ទូរស័ព្ទ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​លម្អិត ពី​រឿង​ផ្លាស់​ទី​ជនជាតិ​វៀតណាម​ឡើងគោក​នេះ​ទេ តែ​លោក​គ្រាន់​ដឹង​ថា ជនជាតិ​វៀតណាម រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​នោះ មាន ៣​ប្រភេទ គឺ​អ្នក​មក​រស់​នៅមុន និង​កំឡុង​ឆ្នាំ​១៩៧៩ អ្នក​មក​រស់នៅ​កំឡុង​ឆ្នាំ​១៩៩០ និង​ជនអន្តោប្រវេសន៍​ខុសច្បាប់​។ លោក ផៃ ស៊ីផាន បង្វែរ​ឱ្យ​សួរ​ទៅ​ខាង​នាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់ រឿង​ជនជាតិ​វៀតណាម​ផ្លាស់​ទី​ឡើងគោក​នេះ។ អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានទេ ដោយសារ​លោក កែវ វណ្ណថន និង​លោក អាត់ បូនី មិន​ទទួល​ទូរស័ព្ទ នៅ​ថ្ងៃ​ដដែល​នេះ។

តែ​យ៉ាងណា លោក ស៊ុន សុវណ្ណារិទ្ធិ អះអាង​ថា មក​ដល់​ពេល​នេះ ជនជាតិ​វៀតណាម​ខុសច្បាប់ រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក នៅ​ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញ​អស់​ហើយ​។ លោក​ថា អ្នក​កំពុង​រស់នៅ​បច្ចុប្បន្ន គឺជា​ជនជាតិ​វៀតណាម​ស្របច្បាប់។ បន្ថែម​ពី​នេះ លោក​អះអាង​ថា ក្រោយ​ការ​ឡើង​គោក ជនជាតិ​វៀតណាម​ទាំងអស់ ត្រូវ​រស់នៅ​ក្រោម​ច្បាប់ និង​រដ្ឋបាល​របស់​អាជ្ញាធរ​កម្ពុជា គឺ​ក្រោម​រដ្ឋបាល មេភូមិ មេឃុំ​ខ្មែរ​ជាដើម៖ «វៀតណាម ឬក៏​ជនជាតិ​អ្វី ដែល​ថា​ខុសច្បាប់ គឺ​យើង​បញ្ជូន​ចេញ​ហើយ​។ ប៉ុន្តែ អ្វី​ដែល​គាត់​មាន​សិទ្ធិ​រស់នៅ​ដោយ​ស្របច្បាប់ អាហ្នឹង គឺ​យើង​ត្រូវតែ​បម្រើ​ទៅ តាមច្បាប់​ជាតិ ក៏ដូចជា​ច្បាប់​អន្តរជាតិ​ដែរ»

ប៉ុន្តែ​អ្នកឃ្លាំមើល​វិញ រក​ឃើញ​ថា ជនជាតិ​វៀតណាម​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក ភាគច្រើន​លើសលប់ គ្មាន​លិខិតស្នាម​ស្នាក់ នៅ​ប្រទេស​កម្ពុជា​ត្រឹមត្រូវ​ទេ តែ​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ តាមរយៈ​អំពើពុករលួយ។

ប្រធាន​ក្រុម​យុវជន ១០០​រាត្រី លោក មួង សូនី ក្នុង​បន្ទប់​ផ្សាយ​​របស់​វិទ្យុ​អាស៊ីសេរី។
ប្រធាន​ក្រុម​យុវជន ១០០​រាត្រី លោក មួង សូនី ក្នុង​បន្ទប់​ផ្សាយ​​របស់​វិទ្យុ​អាស៊ីសេរី។
RFA

ប្រធាន​ក្រុម​យុវជន ១០០​រាត្រី លោក មួង សូនី ដែល​អះអាង​ថា បាន​ចុះទៅ​ស្រាវជ្រាវ​ដល់​ទីតាំង​ផ្ទាល់​ឱ្យ​ដឹង​ថា គ្រាន់តែ​តំបន់​ផ្សារ​ក្រោម​មួយ​តំបន់ មាន​ជនជាតិ​វៀតណាម​ស្នាក់នៅ​ស្ទើរ​ទាំងស្រុង សឹងតែ​គ្មាន​ជនជាតិ​ខ្មែរ និង​ចាម​រស់​នៅឡើយ។ ចំណែក​ឯកសារ​វិញ លោក​រកឃើញ​ថា ជនជាតិ​វៀតណាម​នៅ​តំបន់​ផ្សារ​ក្រោម មិន​មាន​ឯកសារ​ចូល​ប្រទេស​កម្ពុជា ឯកសារ​ស្នាក់នៅ ឬ​ឯកសារ​ផ្ដល់​សញ្ជាតិ​ឡើយ តែ​មាន​អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ។

លោក មួង សូនី មិន​គាំទ្រ​ចំពោះ​សកម្មភាព​អាជ្ញាធរ​ចែក​ដី ជួល​ដី ឬ​បន្ត​ឱ្យ​ជនជាតិ​វៀតណាម​ខុសច្បាប់ រស់នៅ​ទឹកដី​ប្រទេស​កម្ពុជា​ឡើយ។ យុវជន​រូប​នេះ យល់ថា រដ្ឋាភិបាល​ត្រូវ​ចាប់​បញ្ជូន​ជនជាតិ​វៀតណាម កំពុង​រស់នៅ​ខុសច្បាប់ លើ​បឹង​ទន្លេសាប​ចេញ​ពី​កម្ពុជា ត្រឡប់​ទៅ​ប្រទេស​កំណើត​ពួកគេ​វិញ​។ លោក​អះអាង​ថា វត្តមាន​ជនជាតិ​វៀតណាម ទាំង​រស់នៅ​លើទឹក ឬ​លើគោក មិនបាន​ផ្ដល់​ផល​ចំណេញ​ដល់​ម្ចាស់​ប្រទេស​ទេ​។ ដូច្នេះ អាជ្ញាធរ​គួរ​បញ្ជូន​ពួកគេ​ទៅវិញ ព្រោះ​ប្រទេស​វៀតណាម ក៏​ជា​ប្រទេស​មាន​ជាង​កម្ពុជា​ដែរ៖ «គឺជា​រូបភាព​នៃ​ការអនុវត្ត​នយោបាយ​ឈ្លានពាន​របស់​វៀតណាម មក​លើ​ជនជាតិ​កម្ពុជា​។ ខ្ញុំ​និយាយ​នេះ មិនមែន​ថា​រើសអើង​ពូជសាសន៍​ទេ​។ វា​ជា​ការ​ក្រើនរំលឹក​ជូន​ដល់​ប្រមុខ​រដ្ឋាភិបាល​យើង ប្រជាជន​ខ្មែរ​យើង​ហ្នឹង ឱ្យ​ចេះ​ប្រយ័ត្នប្រយែង ក្នុង​ការ​ការពារ​ទឹកដី ហើយ​វា​គ្មាន​ហេតុផល ដែល​យើង​ជួល​ដី​ឱ្យ​ជនជាតិ​វៀតណាម ចេញពី​ក្នុង​ទឹក ឱ្យ​ឡើង​លើគោក​ទេ វា​អត់​មាន​ហេតុផល​ណា​ជួល​ឱ្យ ចេញ​លុយ​រដ្ឋ​ឱ្យ​អត់​ទេ ព្រោះ​គាត់​មិនមែន​ជា​ជនជាតិ​ខ្មែរ ជា​ជនជាតិ​វៀតណាម ដែល​មក​រស់នៅ​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា​។ ចង់​មិន​ចង់ យើង​ត្រូវតែ​ឱ្យ​ពួកគាត់​ទៅវិញ​។ បើកាលណា យើង​ជួល​ឱ្យ​គាត់ មានន័យថា​ម្ដេច​? មាន​ន័យថា យើង​អត់​គោរព​ច្បាប់​។ យើង​អត់​ពង្រឹង​ច្បាប់ ក្នុង​ប្រទេស​របស់​យើង​ទេ​។ ហេតុអ្វី យើង​ត្រូវ​ជួល​ផ្ទះ​ឱ្យ​ជនបរទេស​រស់នៅ​លើ​ប្រទេស​ខ្មែរ​ខ្លួនឯង មើល​ទៅ វា​អត់​សម អត់​មាន​ទំនង​ថា អត់​មាន​ធ្វើ​អ៊ីចឹង​ទេ​។ គួរតែ​បញ្ជូន​ពួកគាត់​ទៅវិញ ពីព្រោះ​ប្រទេស​វៀតណាម គេ​មិនមែន​ប្រទេស​ក្រីក្រ​ឯណា​។ គេ​មាន​ជាង​ខ្មែរ​ទៀត ហេតុអ្វី យើង​ត្រូវ​ទទួល​កាតព្វកិច្ច​ការពារ​ពួកគាត់​។ ប្រទេស​វៀតណាម ក៏​គេ​មាន​សន្តិភាព​ដែរ គ្មាន​ហេតុផល​អ្វី ដែល​យើង​ត្រូវ​ជួល ឬក៏​ផ្ដល់​ដី​ឱ្យ​ពួកគាត់​ទេ»

លោក ស៊ុន សុវណ្ណារិទ្ធិ ធ្លាប់​អះអាង​ថា ពលរដ្ឋ​រស់នៅ​ក្នុង​ផ្ទះ​បណ្ដែត​ទឹក​ទូទាំង​ខេត្ត​កំពង់ឆ្នាំង មាន​សរុប​ជាង ៤​ពាន់ ៣​រយ (.៣៨៥) គ្រួសារ ក្នុង​នោះ ពលរដ្ឋ​វៀតណាម មាន​ជាង ២​ពាន់ (.១៩៧) គ្រួសារ​។ លោក​ក៏​ធ្លាប់​ប្រាប់​ថា មូលហេតុ​ចម្បង ដែល​អាជ្ញាធរ​តម្រូវ​ឱ្យ​ពលរដ្ឋ​ឡើង​មក​រស់នៅ​លើគោក​វិញ ដើម្បី​ស្ដារ​បរិស្ថាន ក្នុង​ផ្ទៃ​បឹង​ទន្លេសាប មាន​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ពលរដ្ឋ និង​បង្កើត​តំបន់​ទេសចរណ៍​ធម្មជាតិ​លើ​ផ្ទៃ​បឹង​ទន្លេសាប​។ តែ​យ៉ាងណា អ្នកឃ្លាំមើល​ទាមទារ​ឱ្យ​បញ្ជូន​ជនជាតិ​វៀតណាម​ខុសច្បាប់​ត្រលប់​ទៅវិញ ហើយ​ស្ដារ​បរិស្ថាន​បឹង​ទន្លេសាប ជាជាង​ការ​បញ្ជូន​ឡើងគោក ដែល​បង្ក​គ្រោះថ្នាក់​ធំ​ទៅ​ថ្ងៃក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
គណបក្ស​កម្លាំង​ជាតិ​បោះឆ្នោត​ជ្រើសតាំង​លោក ជា មុនី ធ្វើ​ជា​ប្រធាន​បក្ស
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។