ទស្សនៈ​ផ្សេង​គ្នា អំពី​គោល​បំណង​នៃ​ការ​ឈ្លានពាន​របស់​កងទ័ព​វៀតណាម​មក​លើ​ប្រទេស​កម្ពុជា កាល​ពី ៤២ឆ្នាំ​មុន

ដោយ ជី វិតា
2021-01-07
Share
ទស្សនៈ​ផ្សេង​គ្នា អំពី​គោល​បំណង​នៃ​ការ​ឈ្លានពាន​របស់​កងទ័ព​វៀតណាម​មក​លើ​ប្រទេស​កម្ពុជា កាល​ពី ៤២ឆ្នាំ​មុន កងទ័ព​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៨០។
រូប៖ ហ្វេសប៊ុក​ស្ថានទូតវៀតណាមប្រចាំកម្ពុជា ថ្ងៃ​ទី៤ ខែមករា ឆ្នាំ២០២១

នៅ​ថ្ងៃ​ទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ កងទ័ព​វៀតណាម​ប្រមាណ ១៥ម៉ឺន​នាក់ បាន​ចាប់​ផ្ដើម​វាយ​លុក​ចូល​ប្រទេស​កម្ពុជា និង​ដណ្ដើម​បាន​ទីក្រុង​ភ្នំពេញ​ពី​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩។ វៀតណាម​បាន​ដក​ទ័ព​ចេញ​ទៅ​វិញ​ក្រោយ​ត្រួតត្រា​កម្ពុជា បាន​រយៈ​ពេល ១០ឆ្នាំ។

ប្រជាពលរដ្ឋ និង​អ្នក​នយោបាយ​ខ្មែរ ហាក់​នៅ​មិន​ទាន់​ឯកភាព​គ្នា​នៅ​ឡើយ​ទេ អំពី​គោល​បំណង​នៃ​ការ​ឈ្លានពាន​របស់​កងទ័ព​វៀតណាម​មក​លើ​ប្រទេស​កម្ពុជា កាល​ពី ៤២ឆ្នាំ​មុន។

តើ​អ្នក​ស្រាវជ្រាវ​ប្រវត្តិ​រឿងរ៉ាវ​ខ្មែរក្រហម និង​វៀតណាម​វិញ យល់​យ៉ាង​ណា​ដែរ?

កងទ័ព​វៀតណាម​​ ដែល​មាន​មនោគមន៍​វិជ្ជា​កុម្មុយនិស្ត​ដូច​គ្នា និង​ធ្លាប់​ប្រកៀក​ស្មា​គ្នា​ធ្វើ​សង្គ្រាម​ប្រឆាំង​អាមេរិកកាំង​​ជាមួយ​គ្នា​ផង ហេតុ​អ្វី​បានជាចាប់​ផ្ដើម​ចូល​លុកលុយ​កម្ពុជា នៅចុង​ឆ្នាំ​១៩៧៨ នោះ តើ​ក្នុង​បំណង​ជួយ​សង្គ្រោះ​ពលរដ្ឋ​កម្ពុជា​ឱ្យ​រួច​ផុត​ពី​ការ​កាប់​សម្លាប់​របស់​ខ្មែរ​ក្រហម ឬ​មាន​គោល​បំណង​ផ្សេង?

គោល​បំណង​ចម្បង​នៃ​ការ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​នៅ​ដើម​ឆ្នាំ១៩៧៩ ដោយ​កងទ័ព​វៀតណាម មិន​មែន​ដើម្បី​សង្គ្រោះ​ប្រជាជន​កម្ពុជា​ឱ្យ​រួច​ផុត​ពី​ការ​កាប់​សម្លាប់​របស់​ខ្មែរ​ក្រហម​នោះ​ទេ នេះ​បើ​តាម​ការ​រក​ឃើញ​របស់​បណ្ដា​អ្នក​ស្រាវជ្រាវ។

លោក បើនដ៍ សេហ្វឺ (Bernd Schaefer) ជនជាតិ​អាល្លឺម៉ង់ ជា​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ និង​កិច្ចការ​អន្តរជាតិ នៅ​សាកលវិទ្យាល័យ ហ្ចច វ៉ាស៊ីងតោន (George Washington) សហរដ្ឋ​​អាមេរិក ឱ្យ​ដឹង​ថា វត្ថុ​បំណង​នៃ​ការ​ឈ្លាន​ពាន​ប្រទេស​កម្ពុជា​ពី​សំណាក់​កងទ័ព​វៀតណាម គឺ​ដើម្បី​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ដែល​មិន​រណប​វៀតណាម។ លោក​ថា ឯកសារ​ការ​ទូត​ខ្សែ​កាប ដែល​លោក​ប្រទះ​ឃើញ​នៅ​ប្រទេស​អាល្លឺម៉ង់​ខាង​កើត កាលពីទសវត្សរ៍ឆ្នាំ១៩៨០ បញ្ជាក់​ថា វៀតណាម​មិន​ពេញ​ចិត្ត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​នេះ ចាប់តាំងពីដើមឆ្នាំ១៩៧៨ មក វៀតណាម​បាន​គិតគូរ​រក​វិធី​ផ្លាស់​ប្ដូរ ប៉ុល ពត ចេញ​ពី​មេ​ដឹក​នាំ​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​ដាក់​ជំនួស​មក​វិញ នូវ​មនុស្ស​ណា​ដែល​មាន​សមាន​ចិត្ត​ចំពោះ​វៀតណាម។

ការ​លើក​ឡើង​របស់​លោក បើនដ៍ សេហ្វឺ នេះ ស៊ី​សង្វាក់​គ្នា​នឹង​ការ​បញ្ជាក់​របស់​អតីត​អ្នក​កាសែត​ជាន់​ខ្ពស់​នៃ​កងទ័ព​ប្រជាជន​វៀតណាម គឺ​លោក ប៊ុយ ទីន (Bui Tin)។ លោក ប៊ុយ ទីន ដែល​អម​ដំណើរ​កងទ័ព​វៀតណាម​ចូល​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩ នោះ និយាយ​ថា កងទ័ព​វៀតណាម​ឈ្លានពាន​​កម្ពុជា គឺ​ដោយ​សារ​តែ​កងទ័ព​ខ្មែរ​ក្រហម​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​វៀតណាម។

លោក ប៊ុយ ទីន ដែល​មាន​ឋានៈ​ជា​វរសេនីយ៍ឯក​នៃ​កងទ័ព​ប្រជាជន​វៀតណាម​ផង​នោះ ក្រោយមក គឺ​នៅ​ឆ្នាំ១៩៩០ បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម ទៅ​សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅ​ប្រទេស​បារាំង បន្ទាប់​ពី​លោក​បាន​រិះគន់​គោល​នយោបាយ​ដឹក​នាំ និង​អំពើ​ពុក​រលួយ​របស់​មេ​ដឹក​នាំ​បក្ស​កុម្មុយនិស្ត​វៀតណាម។ លោក​ទទួល​មរណភាព​នៅ​ខែ​សីហា ឆ្នាំ២០១៨ ក្នុង​វ័យ ៩០ឆ្នាំ។

Bui_Tin_1.jpg
លោក ប៊ុយ ទីន (Bui Tin) អតីត​អ្នក​កាសែត​ជាន់​ខ្ពស់​នៃ​កងទ័ព​ប្រជាជន​វៀតណាម ដែល​មាន​ឋានន្តរសក្ដិ​​ជា​វរសេនីយ៍ឯក។

ក្រោយ​ពេល​សង្គ្រាម​បង្ហូរ​ឈាម​ប្រឆាំង​បារាំង និង​អាមេរិក អស់​រយៈ​ពេល​បី​ទសវត្សរ៍​មក វៀតណាម​ខាងជើង និង​វៀតណាម​ខាង​ត្បូង បាន​បង្រួបបង្រួម​គ្នា​ជា​ប្រទេស​តែ​មួយ នៅ​ចុង​ខែ​មេសា ឆ្នាំ​១៩៧៥។ លោក ប៊ុយ ទីន កាល​នៅ​មាន​ជីវិត បាន​អះអាង​ប្រាប់​អាស៊ី​សេរី​ថា ក្រោយ​សង្គ្រាម​ដ៏​មហា​វិនាសកម្ម​នោះ វៀតណាម​ទាំង​មូល​​ខ្សោះ​កម្លាំង និង​ធនធាន ដូច្នេះ​ពុំ​មាន​ទឹក​ចិត្ត​បន្តិច​ណា​ចង់​ឈ្លានពាន​កម្ពុជា​នោះ​ទេ៖ «ខ្ញុំ​ច្បាស់​ណាស់ មេ​ដឹក​នាំ​កុម្មុយនិស្ត​វៀតណាម មិន​មាន​គោល​បំណង​ឈ្លានពាន​ប្រទេស​កម្ពុជា​ទេ ពីព្រោះ​ក្រោយ​ពេល​សង្គ្រាម ដែល​វៀតណាម​ទាំង​ពីរ​បាន​បង្រួបបង្រួម​គ្នា​ជា​ប្រជាជាតិ​តែ​មួយ​ហើយ​នោះ វៀតណាម​បាន​ជួប​ប្រទះ​បញ្ហា​ធំៗ ជា​ច្រើន​នៅ​ក្នុង​ប្រទេស។ ហេតុ​ដូច​នេះ មេ​ដឹក​នាំ​កុម្មុយនិស្ត និង​ប្រជាជន​វៀតណាម គឺ​ចង់​បាន​តែ​សន្តិភាព​ប៉ុណ្ណោះ ពីព្រោះ​បន្ទាប់​ពី​សង្គ្រាម​អស់​រយៈ​ពេល ៣០ឆ្នាំ​មក ប្រទេស​វៀតណាម​រង​ការ​ខូចខាត​ខ្ទេចខ្ទាំ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​មនុស្ស​ស្លាប់ និង​រង​របួស​ក៏​ច្រើន​សន្ធឹកសន្ធាប់​ដែរ»

អ្នក​សិក្សា​ស្រាវជ្រាវ​ប្រវត្តិ​ខ្មែរ​ក្រហម បណ្ឌិត ក្រែក អិចជេសិន (Craig Etcheson) យល់​ស្រប​ជាមួយ​ការ​លើក​ឡើង​របស់​លោក ប៊ុយ ទីន។ លោក​ថា តាម​ការ​ស្រាវជ្រាវ ​លោក​ពុំ​ដែល​ឃើញ​មាន​ឯកសារ​ណា​មួយ​បង្ហាញ​ថា កងទ័ព​វៀតណាម ចូល​មក​កម្ពុជា ដើម្បី​សង្គ្រោះ​ជីវិត​ពលរដ្ឋ​កម្ពុជា ឬ​ពលរដ្ឋ​វៀតណាម ដែល​ខ្មែរ​ក្រហម​កំពុង​កាប់​សម្លាប់​នោះ​ទេ៖ «អត់​ទេ ខ្ញុំ​មិន​គិត​ថា កងទ័ព​វៀតណាម​ចូល​កម្ពុជា​ក្នុង​គោល​បំណង​មនុស្សធម៌​នោះ​ទេ បើ​ទោះ​ជា​ពេល​នោះ ប្រាកដ​ណាស់​ថា ប្រជាជន​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ត្រូវ​ខ្មែរ​ក្រហម​ធ្វើ​បាប​ក៏​ដោយ​ចុះ ពីព្រោះ​ក្នុង​គ្រា​នោះ ប្រទេស​វៀតណាម​កំពុង​មាន​បញ្ហា​ជា​ច្រើន​របស់​ខ្លួន ដែល​ត្រូវ​ដោះ​ស្រាយ​ចំពោះ​មុខ នោះ​គឺ​ការ​ខិតខំ​ច្របាច់​បញ្ចូល​គ្នា​រវាង​វៀតណាម​ខាង​ជើង និង​វៀតណាម​ខាង​ត្បូង។ ហេតុ​ដូច​នេះ វៀតណាម​មិន​ចង់​ធ្វើ​សង្គ្រាម ដែល​មិន​ចាំបាច់​នោះ​ទេ។ ប៉ុន្តែ​ខ្មែរ​ក្រហម​ទេ ដែល​ធ្វើ​ឱ្យ​វៀតណាម​អស់​ផ្លូវ​ជ្រើសរើស»

ទោះ​ជា​យ៉ាង​ណា លោក ប៊ុយ ទីន អះអាង​ថា ចិន​ជា​អ្នក​ញុះញង់​ឱ្យ​ខ្មែរ​ក្រហម​វាយ​ប្រហារ​វៀតណាម ព្រោះ​ចិន​មិន​ចង់​ឃើញ​វៀតណាម​ខាង​ជើង និង​ខាង​ត្បូង​រួបរួម​គ្នា ក្លាយ​ជា​ប្រទេស​ធំ​មួយ​ទេ៖ «ជា​យុទ្ធសាស្ត្រ ចិន​ចង់​ធ្វើ​ឱ្យ​វៀតណាម​ចុះ​ខ្សោយ គឺ​ចិន​មិន​ចង់​ឃើញ​វៀតណាម​ខាង​ត្បូង និង​ខាង​ជើង​រូប​រួម​គ្នា​ក្លាយ​ជា​ប្រទេស​ធំ​មួយ​នោះ​ទេ។ ដូច្នេះ​ហើយ ទើប​ចិន​បាន​ញុះញង់ ឬ​ជំរុញ​ឱ្យ​ខ្មែរ​ក្រហម​វាយ​ប្រហារ​ទៅ​លើ​វៀតណាម​នៅ​តាម​ព្រំដែន​ផ្នែក​ខាង​ត្បូង ហើយ​នេះ​ក៏​ជា​ការ​យល់​ឃើញ​របស់​លោក ហ៊ុន សែន និង​លោក ហេង សំរិន ដែរ ដែល​ខ្ញុំ​បាន​ជួប​ញឹកញាប់។​ ពួក​គាត់​ប្រាប់​ខ្ញុំ​ថា ចិន​បាន​ប្រើប្រាស់​ខ្មែរ​ក្រហម​ជា​ឧបករណ៍ ដើម្បី​បញ្ឆេះ​សង្គ្រាម​ជាមួយ​វៀតណាម ដើម្បី​ធ្វើ​ឱ្យ​វៀតណាម​ចុះ​ទន់​ខ្សោយ។  ពេលនោះ ចិនដឹងថា វៀតណាម​ខាង​ត្បូង​ដែល​ទើប​ត្រូវ​បាន​រំដោះ​នោះ មាន​បញ្ហា​ជា​មួយ​វៀតណាម​ខាង​ជើង ដូច្នេះ​ទើប​ចិន​ឆក់​ឱកាស​ពន្យុះ​វៀតណាម​ខាង​ត្បូង ឱ្យ​ងើប​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម​ថ្មី ពីព្រោះ​ចិន​ដឹង​ថា វៀតណាម​ខាង​ត្បូង​ស្អប់​វៀតណាម​កុម្មុយនិស្ត» 

លោក ប៊ុយ ទីន បន្ថែម​ថា នៅ​ថ្ងៃ​ទី៧ មករា ឆ្នាំ១៩៧៩ ពេល​លោក​ចូល​មក​ដល់​ទីក្រុង​ភ្នំពេញ លោក​បាន​ចូល​ទៅ​ក្នុង​ស្ថានទូត​ចិន ដែល​នៅ​ទៅ​នោះ លោក​បាន​ប្រទះ​ឃើញ​ឯកសារ​ជា​ច្រើន​បង្ហាញ​ថា នៅ​កម្ពុជា​ក្នុង​សម័យ​ខ្មែរក្រហម មាន​វត្តមាន​ទីប្រឹក្សា​ចិន ទាំង​យោធា ទាំង​ស៊ីវិល​ប្រមាណ ៧ពាន់​នាក់ (៧០.០០០)

តើ​ចិន​ជា​អ្នក​គាំទ្រ​ខ្មែរក្រហម​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ពន្យុះ​ឱ្យ​​ខ្មែរក្រហម​វាយ​ប្រហារ​ទៅ​លើ​វៀតណាម​នៅ​ពេល​នោះ​មែន​ឬ​​ទេ?

ផ្ទុយ​ពី​ការ​អះអាង​របស់​លោក ប៊ុយ ទីន ដែល​ថា ចិន​ជា​អ្នក​ពន្យុះ​ខ្មែរ​ក្រហម​ឱ្យ​វាយ​ប្រហារ​វៀតណាម​នោះ បណ្ឌិត ក្រែក អិចជេសិន (Craig Etcheson) ដែល​ជា​អតីត​ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​ការិយាល័យ​សហ​ព្រះរាជអាជ្ញា របស់​សាលា​ក្តី​ខ្មែរ​ក្រហម​និយាយ​ថា ការ​វាយ​ប្រហារ​របស់​ខ្មែរក្រហម​ទៅ​លើ​ទឹក​ដី​វៀតណាម គឺ​កើត​ចេញ​ពី​ខ្មែរ​ក្រហម​ខ្លួន​ឯង៖ «ដើម​ហេតុ​ដែល​ខ្មែរ​ក្រហម​វាយ​ប្រហារ​ទៅ​លើ​វៀតណាម គឺ​អាច​កើត​ចេញ​ពី​ភាព​សង្ស័យ​របស់​ខ្មែរ​ក្រហម​ទៅ​លើ​វៀតណាម និង​ការ​ស្អប់​ខ្ពើម​របស់ ប៉ុល ពត និង នួន ជា ទៅ​លើ​វៀតណាម ជា​ជាង​ការ​លូក​ដៃ​ជ្រៀតជ្រែក​របស់​ជន​បរទេស»

ចំណែក​លោក ស្ទីវ ហេដឌ័រ (Steve Heder) អ្នក​ជំនាញ​រឿងរ៉ាវ​ខ្មែរ​ក្រហម​មួយ​រូប​ទៀត ក៏​មិន​យល់​ស្រប​ជា​មួយ​លោក ប៊ុយ ទីន ដែរ។ លោក​ប្រាប់​អាស៊ី​សេរី តាម​សារ email ថា លោក ប៊ុយ ទីន អ្នក​កាសែត​កងទ័ព​ប្រជាជន​វៀតណាម​រូប​នោះ គឺ​តែងតែ​ឃោសនា​ប្រឆាំង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ លោក​ថា គ្មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា ចិន​ជា​អ្នក​ជំរុញ​ឱ្យ​ខ្មែរ​ក្រហម​វាយ​ប្រហារ​ទៅ​លើ​វៀតណាម​នោះ​ទេ។ មិនតែប៉ុណ្ណោះលោកថា ក្នុង​អំឡុង​ពេល​នោះ ចិន​ថែម​ទាំង​បាន​បញ្ជូន​អ្នកស្រី តេង យិងចៅ (Deng Yingchao) ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​ចិន លោក ជូ អេងឡាយ ឱ្យ​ទៅ​កម្ពុជា នៅ​ដើម​ឆ្នាំ១៩៧៨ ដើម្បី​បញ្ចុះបញ្ចូល ប៉ុល ពត និង នួន ជា ឱ្យ​អត់ធ្មត់​ជាមួយ​វៀតណាម ទៀត​ផង ប៉ុន្តែប៉ុល ពត និង នួន ជា មិន​បាន​ស្តាប់​ឡើយ។

ទោះ​ជា​យ៉ាង​ណា សម្រាប់​នាយក​ផ្នែក​ភាសា​ចិន​នៃ​អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) អ្នកស្រី សូហ្វី រីច្ឆាដសុន (Sophie Richardson) វិញ បើ​ទោះ​ជា គ្មាន​ភស្តុតាង​ជាក់លាក់​បញ្ជាក់​ថា ចិន​បាន​ជំរុញ​ឱ្យ​ខ្មែរ​ក្រហម​វាយ​ប្រហារ​វៀតណាម​ក៏​ដោយ ក៏​នៅ​អំឡុង​ពេល​នោះ ចិន​បាន​ផ្តល់​ជំនួយ​ជា​អាវុធ​យុទ្ធភណ្ឌ​ជា​ច្រើន និង​ទីប្រឹក្សា​ផ្នែក​យោធា​ និង​ស៊ីវិល​ជា​ច្រើន​ពាន់​នាក់​ដល់​របប​ខ្មែរ​ក្រហម​ដែរ។

នៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧៥ ពោល​គឺ ពីរ​សប្ដាហ៍​ក្រោយ​រំដោះ​បាន​ទីក្រុង​ភ្នំពេញ ខណៈ​កាណុង​កាំភ្លើង​នៅ​មិន​ទាន់​បាត់​ឈ្ងៀម​ក្លិន​រំសេវ​ផង កងទ័ព​ខ្មែរ​ក្រហម​បាន​ចាប់​ផ្ដើម​វាយ​លុក​កោះ​ត្រល់។ កោះ​ត្រល់ ដែល​វៀតណាម​ហៅ​ថា កោះ​ភូកុក (Phú Quốc) គឺ​ជា​អតីត​ទឹក​ដី​ខ្មែរ តែ​ត្រូវ​បាន​បារាំង​ប្រគល់​ឱ្យ​វៀតណាម​កាន់កាប់​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ១៩៥៤។ ថ្វី​ដ្បិត​តែ​កងទ័ព​ខ្មែរក្រហម​ដណ្តើម​កាន់កាប់​កោះ​ត្រល់​បាន​មួយ​រយៈ​ពេល​ខ្លី​មែន តែ​វៀតណាម​វាយ​ដណ្ដើម​យក​ទៅ​វិញ​បាន​ភ្លាម និង​វាយ​បង្ក្រាប​កងទ័ព​ខ្មែរ​ក្រហម​ស្លាប់​គរ​ជើង​គ្នា។ បន្ទាប់​ពី​នោះ​មក សង្គ្រាម​រវាង​ខ្មែរ​ក្រហម និង​វៀតណាម​នៅ​តាម​ព្រំដែន និង​ចូល​ក្នុង​ទឹក​ដី​នៃ​ប្រទេស​ទាំង​ពីរ ក៏​ចេះ​តែ​បន្ត​កើត​មាន​ជា​ហូរហែ​រហូត​ដល់​មេ​ដឹក​នាំ​វៀតណាម​សម្រេច​ចិត្ត​ផ្ដួល​រំលំ​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ប៉ុល ពត ពី​អំណាច។

លោក ប៊ុយ ទីន បញ្ជាក់​ថា ទង្វើ​ឈ្លានពាន​របស់​ខ្មែរ​ក្រហម ប៉ុល ពត ទៅ​ក្នុង​ទឹក​ដី​វៀតណាម ធ្វើ​ឱ្យ​មេ​ដឹក​នាំ​វៀតណាម​ទ្រាំ​លែង​បាន ហើយ​យល់​ថា ខ្លួន​មាន​ហេតុផល​សម​ស្រប ដើម្បី​លើក​ទ័ព​ចូល​ប្រទេស​កម្ពុជា ដោយ​គិត​ថា បើ​មិន​ធ្វើ​នៅ​ចុងឆ្នាំ១៩៧៨ នោះ​ទេ គឺ​នឹង​គ្មាន​ឱកាស​ទៀត​ឡើយ៖ «នៅ​ចុង​ឆ្នាំ១៩៧៨ ក្រោយ​ពី​មាន​ការ​ពិភាក្សា​គ្នា​យ៉ាង​យូរ​មក ការិយាល័យ​នយោបាយ​នៃ​ទីក្រុង​ហាណូយ បាន​សម្រេច​ចិត្ត​រៀបចំ​ប្រមូល​ផ្តុំ​កងទ័ព ដើម្បី​ឈ្លានពាន​កម្ពុជា។ មេ​ដឹក​នាំ​វៀតណាម​គិត​ថា សង្គ្រាម​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​វេលា​ពី ១ឆ្នាំ ទៅ ២ឆ្នាំ ដើម្បី​យក​ជ័យជម្នះ​លើ​ខ្មែរក្រហម ពីព្រោះ​ខ្មែរ​ក្រហម​មិន​មែន​ជា​កងទ័ព​ទន់​ខ្សោយ​នោះ​ទេ ហើយ​នៅ​ពី​ក្រោយ​ខ្មែរ​ក្រហម គឺ​មាន​ចិន​ទៀត​ផង។ ក៏​ប៉ុន្តែ នៅ​ពេល​កងទ័ព​វៀតណាម​ចាប់​ផ្ដើម​វាយ​ប្រហារ​ចូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ១៩៧៨ ដែល​ចំ​ថ្ងៃ​បុណ្យ​ណូអែល​នោះ អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល គឺ​ថា បន្ទាប់​ពី​កងទ័ព​វៀតណាម​វាយ​ឆ្លង​ផុត​ទី​ប្រជុំ​ជន​អ្នក​លឿង​ហើយ គឺ​ពុំ​ឃើញ​មាន​ការប្រយុទ្ធ​ទប់ទល់​ពី​កងទ័ព​ខ្មែរ​ក្រហម​ទៀត​ឡើយ»

តែ​ក្នុង​រយៈ​ពេល ១៣ថ្ងៃ​ប៉ុណ្ណោះ កងទ័ព​វៀតណាម​បាន​រុល​ទៅ​ដល់​ទីក្រុង​ភ្នំពេញ។ បើ​តាម​លោក ប៊ុយ ទីន ជ័យជម្នះ​របស់​វៀតណាម​យ៉ាង​ឆាប់​រហ័ស​ដោយ​មិន​រំពឹង​ទុក​នេះ ក៏​ដោយសារ​ខ្មែរ​ក្រហម​បាន​ដក​កម្លាំង​ទ័ព​ភាគ​ច្រើន​ទៅ​ត្រៀម​ប្រយុទ្ធ​ទប់ទល់​ជាមួយ​វៀតណាម​នៅ​តាម​ព្រំដែន ធ្វើ​ឱ្យ​ចំនួន​កងទ័ព​នៅ​សល់​តិចតួច នៅ​ខាង​ផ្ទៃក្នុង​ប្រទេស។ ហេតុ​ដូច​នេះ នៅ​ពេល​កងទ័ព​វៀតណាម​វាយ​ទម្លុះ​ខ្សែ​ត្រៀម​ព្រំដែន​បាន​ហើយ ធ្វើ​ឱ្យ​ការ​រុល​សម្រុក​ទៅ​មុខ​ឆ្ពោះ​ទៅ​ទីក្រុង​ភ្នំពេញ​របស់​ពួក​គេ ជួប​ឧបសគ្គ​តិចតួច​ប៉ុណ្ណោះ។

អតីត​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​ទស្សនាវដ្ដី​សេដ្ឋកិច្ច​ចុង​បូព៌ា (Far Eastern Economic Review Magazine) លោក ណេត ថេយើ (Nate Thayer) ដែល​ជា​អ្នក​កាសែត​បរទេស​ទី២ ដែល​បាន​សម្ភាស ប៉ុល ពត នៅ​ខែ​តុលា ឆ្នាំ១៩៩៧ នៅ​ស្រុក​អន្លង់វែង​នោះ បា្រប់​អាស៊ី​សេរី​ថា គោល​នយោបាយ​របស់ ប៉ុល ពត និង​ការ​បែកបាក់​ផ្ទៃក្នុង​ខ្មែរ​ក្រហម​ខ្លួន​ឯង បាន​បើក​ឱកាស​ឱ្យ​កងទ័ព​បរទេស​ចូល​ឈ្លានពាន​កម្ពុជា​បាន​យ៉ាង​ងាយ​ស្រួល៖ «ការ​ពិត​ទៅ ការ​ផ្ដោត​ចិត្ត​ទាំង​ស្រុង​របស់ ប៉ុល ពត ទៅ​លើ​ការ​លេប​យក​ប្រទេស​កម្ពុជា​ដោយ​វៀតណាម ជា​ហេតុ​ធ្វើ​ឱ្យ​គាត់​បង្កើត​គោល​នយោបាយ​មួយ​ចំនួន ដែល​បណ្ដាល​ឱ្យ​មាន​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ចុះ​ទន់​ខ្សោយ ជា​ហេតុ​បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​ឈ្លានពាន​របស់​កងទ័ព​វៀតណាម»

ទោះ​ជា​យ៉ាង​ណា ប៉ុល ពត បាន​ព្យាយាម​បក​ស្រាយ​ប្រាប់​លោក ណេត ថេយើ ខណៈ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​របស់​មេ​ខ្មែរ​ក្រហម តា ម៉ុក នៅ​ស្រុក​អន្លង់វែង​ថា នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ការ​ចរចា ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន​ជាមួយ​វៀតណាម ធ្វើ​ឡើង​ជា​ហូរហែ ប៉ុន្តែ​ស្រប​ពេល​គ្នា​នោះ កងទ័ព​វៀតណាម ក៏​ចេះ​តែ​បង្ក​ជម្លោះ​តាម​ព្រំដែន​ជា​បន្ត​បន្ទាប់​ដែរ។ ប៉ុល ពត ថែម​ទាំង​អះអាង​ថា កម្ពុជា​ជា​ប្រទេស​តូច មិន​ហ៊ាន​ថ្លើម​ធំ​ទៅ​ឈ្លានពាន​វៀតណាម ដែល​ជា​ប្រទេស​ធំ​នោះ​ទេ ហើយ​ថា ផ្ទុយ​ទៅ​វិញ គឺ​វៀតណាម​មាន​មហិច្ឆតា​យក​កម្ពុជា និង​ឡាវ ធ្វើ​ជា​ប្រទេស​ក្រោម​រណប​ខ្លួន«បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ក្រោយ​មក​វា​ចែក​ជា​បក្ស​បី បក្ស​ពលករ​វៀតណាម បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ និង​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ គ្រាន់​តែ​ចែក​ជា​បី​ទេ ប៉ុន្តែ​យុទ្ធសាស្ត្រ​តែ​មួយ ប្រទេស​តែ​មួយ ពាក្យ​យួន​ថា បី​បង​ប្អូន យើង​ថា បង​ប្អូន​បី​នាក់។ វា​គឺ​ជា​យុទ្ធសាស្ត្រ​ការពារ​ដែន​ដី​វា។ ខ្ញុំ​យល់​ថា ចុះ​មក​យក​ដែនដី​កម្ពុជា​ទៅ​ការពារ​យួន យើង​មិន​ត្រូវ​ការពារ​ដី​យើង? ទី១។ ទី២ ម៉្យាង​ទៀត វា​ថា យក​បរិវេណ​ដី​ពីព្រោះ​មនុស្ស​វា​ច្រើន.. គេ​មិន​ចង់​រស់​ដែរ? តើ​ខ្មែរ​មិន​ចង់​រស់? ដូច្នេះ ខួរ​ក្បាល​ខ្ញុំ គឺ (ធ្វើ​ម៉េច) មិន​ឱ្យ​យួន​យក​ខ្មែរ​បាន»។

Pol_Pot_tiral_072597_Nate_Thayer.jpg
ប៉ុល ពត ឬ សាឡុត ស ជា​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ពី​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩ ត្រូវ​បាន​មេទ័ព​ខ្មែរក្រហម​ឈ្មោះ តា ម៉ុក យក​ទៅ​កាត់​ទោស​ក្បត់ នៅ​ស្រុក​អន្លង់​វែង ខេត្ត​ឧត្ដរ​មានជ័យ កាល​ពី​ថ្ងៃ​ទី២៥ ខែ​កក្កដា ឆ្នាំ១៩៩៧។ រូប៖ Nate Thayer

ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ និង​ជា​អ្នក​និពន្ធ​សៀវភៅ​អំពី​រឿងរ៉ាវ​ខ្មែរ​ក្រហម លោក ស្ទីវ ហេដឌ័រ (Steve Heder) អះអាង​ថា ការ​វាយ​ប្រហារ​របស់​កងទ័ព​ខ្មែរ​ក្រហម​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹក​ដី​វៀតណាម នៅ​ចុង​ឆ្នាំ​១៩៧៧ និង ដើម​ឆ្នាំ១៩៧៨ ធ្វើ​ឱ្យ​វៀតណាម​អស់​ភាព​អត់ធ្មត់ ហើយ​លើក​ទ័ព​វាយ​បក​លុកលុយ​ចូល​កម្ពុជា។

តើ​ហេតុ​អ្វី​បាន​ជា​មេ​ដឹក​នាំ​វៀតណាម​រើស​យក​ថ្ងៃ​ទី២៥ ខែ​ធ្នូ ឆ្នាំ១៩៧៨ ជា​ថ្ងៃ​លើក​ទ័ព​ជាង​ប្រមាណ ១៥ម៉ឺន​នាក់​វាយ​លុកលុយ​ចូល​កម្ពុជា?

ការ​ជ្រើសរើស​យក​ថ្ងៃ​ទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ របស់​មេ​ដឹក​នាំ​វៀតណាម ដើម្បី​វាយ​លុក​ចូល​ប្រទេស​កម្ពុជា ពី​ព្រោះ​ពេល​នោះ គឺ​ចំ​ពេល​មេ​ដឹក​នាំ​បក្ស​កុម្មុយនិស្ត​ចិន ដែល​គាំទ្រ​ខ្មែរ​ក្រហម កំពុង​ជាប់​រវល់​ទាស់ទែង​ខ្វែង​គំនិត​គ្នា ស្រប​ពេល​មេ​ដឹក​នាំ​កំពូល​ចិន​លោក តេង ស៊ាវពិង (Teng Xiao Ping) កំពុង​ព្យាយាម​ធ្វើ​ប្រក្រតីភាវូបនីយកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើង​វិញ ។ ហើយ​ហេតុផល​មួយ​ទៀត ថ្ងៃទី២៥ ធ្នូ គឺ​ចំ​ពេល​ពួក​ប្រទេស​ប្លុក​សេរី​កំពុង​ឈប់​សម្រាក​បុណ្យ​ណូអែល និង​ចូល​ឆ្នាំ​សកល។ ប្រហែល​ជា​វៀតណាម​គិត​ថា ព្រឹត្តិការណ៍​ទាំង​ពី​នេះ អាច​ទាញ​អារម្មណ៍​របស់​ពិលោក​ចេញ​ពី​ការ​ឈ្លានពាន​កម្ពុជា​របស់​ខ្លួន។

មួយ​ថ្ងៃ​ក្រោយ​ពី​ដណ្ដើម​បាន​ទីក្រុង​ភ្នំពេញ​ពី​ខ្មែរ​ក្រហម អាជ្ញាធរ​ក្រុង​ហាណូយ​បាន​ជួយ​បង្កើត​ជូន​កម្ពុជា​នូវ​រដ្ឋាភិបាល​ថ្មី​សន្លាង​មួយ នៅ​ថ្ងៃ​ទី៨ ខែមករា ឆ្នាំ១៩៧៩ ដាក់​ឈ្មោះ​ថា «សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា» ដោយ​មាន​លោក ហេង សំរិន ជា​ប្រមុខ​រដ្ឋ។

ជិត​ប្រាំ​បី​ខែ​បន្ទាប់​មក គឺ​នៅ​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ១៩៧៩ តុលាការ​ប្រជាជន​បដិវត្តន៍​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​សម្រេច​បើក​សវនាការ​កំបាំង​មុខ​កាត់​ទោស ប៉ុល ពល និង​អៀង សារី ប្រហារជីវិត ពី​បទ​ប្រល័យ​ពូជ​សាសន៍។

តើ​ពេលនោះ​ហេតុ​អ្វី​បាន​កាត់​ទោស​មេ​ខ្មែរ​ក្រហម​​តែ​ពីរ​នាក់​នោះ?

ការ​ផ្ដន្ទាទោស​មេ​ខ្មែរ​ក្រហម​តែ​ពីរ​រូប​នេះ ត្រូវ​បាន​អ្នក​សង្កេត​ការណ៍​មើល​ឃើញ​ថា គឺ​ជា​ឈុត​ឆាក​នយោបាយ​របស់​អាជ្ញាធរ​ក្រុង​ហាណូយ ក្នុង​បំណង​បំបែក​បំបាក់​ក្រុម​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ដែល​កំពុង​តស៊ូ​ប្រដាប់​អាវុធ នៅ​ឯ​ព្រំដែន​កម្ពុជា-ថៃ។ ការ​ផ្ដន្ទាទោស​ខ្លះ អត់​ខ្លះ​នេះ គឺ​ក្នុង​បំណង​ទុក​ឱកាស​ឱ្យ​មេ​ដឹក​នាំ​ខ្មែរក្រហម​ផ្សេង​ទៀត ដូចជា នួន ជា ខៀវ សំផន ជា​ដើម ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល​ថ្មី។

នេះ​ក៏​ជា​សក្ខីកម្ម​មួយ​ទៀត ដែល​អាច​បញ្ជាក់​ពី​គោល​បំណង​ចម្បង​នៃ​ការ​លុកលុយ​របស់​កងទ័ព​វៀតណាម​មក​លើ​កម្ពុជា គឺ​ដើម្បី​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ណា ដែល​អមិត្ត និង​មិន​រណប​វៀតណាម​តែ​ប៉ុណ្ណោះ មិន​មែន​ក្នុង​គោល​បំណង​មនុស្សធម៌​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វត្តមាន​កងទ័ព​វៀតណាម​នៅ​លើ​ទឹក​ដី​កម្ពុជា​នៅ​ពេល​នោះ ដែល​អាច​បញ្ចប់​ភាព​ឃោរឃៅ​របស់​ខ្មែរ​ក្រហម​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្លួន​ផង​នោះ ត្រូវ​អ្នក​ស្រាវជ្រាវ​មើល​ឃើញ​ថា គឺ​ជា​សមិទ្ធផល​មិន​បាន​ត្រៀម​ទុក​របស់​មេ​ដឹក​នាំ​វៀតណាម។ គឺ​ប្រហែល​ផ្អែក​លើ​ហេតុផល​ទាំង​នេះ​ហើយ បាន​ជា​មនុស្ស​មួយ​ចំនួន នៅ​តែ​មិន​ទទួល​ស្គាល់​ថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ថា ជា​ថ្ងៃ​ដែល​វៀតណាម ជួយ​រំដោះ​ប្រជាជន​កម្ពុជា ហើយ​នៅ​តែ​ចាត់​ទុក​ថា នោះ​ជា​ថ្ងៃ​ដែល​វៀតណាម​ចូល​ឈ្លានពាន​កម្ពុជា​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល