របប​ក្រុងភ្នំពេញ​ឃុំខ្លួន​អង្គរក្ស​លោក សម រង្ស៊ី ៥នាក់ ​នៅ​ពន្ធនាគារ​​ព្រៃ​​ស

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​អាស៊ីសេរី​ថា តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន​អង្គរក្ស​លោក សម រង្ស៊ី ចំនួន​៥​នាក់​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ក្រោយពី​ពួកគេ​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ជិត​ព្រំដែន​ខ្មែរ​ថៃ។

របប​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា​កន្លង​ទៅ​នេះ បាន​ចាប់ខ្លួន​អង្គរក្ស​លោក សម រង្ស៊ី ចំនួន ៥​នាក់ នៅ​ប៉ោយប៉ែត ខណៈ​ដែល​ពួកគេ​ត្រៀម​ចាំ​អម​ដំណើរ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ចូល​ក្នុង​ប្រទេស រួចហើយ​បាន​បញ្ជូន​ពួកគេ​មក​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ក្រុងភ្នំពេញ។

អង្គរក្ស​ដែល​ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​ទាំង​ប្រាំ​នាក់​ទៀត ​រួមមាន​លោក សឹម គីមលៀង លោក ឈួន សារ៉េត លោក សឹម វុទ្ធី លោក រស់ ប៊ុនថាន និង​លោក បូ សុខឃាង ត្រូវ​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​ចាប់ខ្លួន នៅផ្ទះ​សំណាក់​សេះ​មាស នៅ​ប៉ោយប៉ែត នៅ​វេលា​ម៉ោង ​១១ និង ៣៨​នាទី ថ្ងៃត្រង់ ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា។

លោកស្រី ស្រី ពៅ ភរិយា​លោក រស់ ប៊ុនថាន បាន​ហៅ​ការ​ចាប់ខ្លួន​នេះ​ថា ធ្វើឡើង​ដោយ​អយុត្តិធម៌​ដោយសារតែ​ស្វាមី​លោកស្រី​បាន​លាឈប់​ពី​សមាជិក​គណបក្សប្រឆាំង​ហើយ​មក​ប្រកប​មុខ​របរ​​ជា​​អ្នក​រត់​ម៉ូតូឌុប៖ «ចង់​និយាយ​ចេះ​បង ពីព្រោះ​ម្ដាយ​ខ្ញុំ​គាត់​ចាស់ជរា ហើយ​កូន​ដល់​ទៅ​ពីរ។ កូន​ខ្ញុំ​រៀន​ទៀត​បង​អើយ។ ពិបាក​រកស៊ី​ចិញ្ចឹម​កូន​ណាស់​បង។ ខ្ញុំ​អត់​ដែរ ខ្ញុំ​ក្រ​ណាស់ ហើយ​ធ្វើការ​រោងចក្រ​ប្រាក់ខែ​តែ ២០០​ដុល្លារ​ទេ ចាយ​ម្ដេច​នឹង​គ្រាន់ កូន​ផង និង​ផ្ទះ​ជួល​ទៀត»។

គិត​ត្រឹម​ថ្ងៃ​ទី​១២ វិច្ឆិកា សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ចំនួន ៨៨​នាក់​ហើយ​ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​ចាប់ខ្លួន និង​ចំនួន ២០០​នាក់​ផ្សេងទៀត​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពី​បទ​សង្ស័យ​ថា បាន​ចូលរួម​អម​ដំណើរ​ជាមួយ​លោក សម រង្ស៊ី ចំនួន ១០៤​នាក់ បង្ខំ​ឱ្យ​ចូល​សារភាព ៥៨​នាក់​មាន​ដីកា​ចាប់ខ្លួន​ក្រោម​បទ​រួមគំនិត​ក្បត់ និង​ ១២​នាក់ រងគ្រោះ​ដោយសារ​ការ​វាយ​ប្រហារ​ដោយ​អំពើ​ហិង្សា​​​ពី​របប​ក្រុងភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។