ប៉ូលិស​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​នៅ​ព្រំដែន​ថៃ​ពាក់ព័ន្ធ​នឹង​គម្រោង​​មាតុភូមិ​និវត្តន៍​​របស់​​លោក សម រង្ស៊ី

ដោយ ខែ សុណង
2019.10.25
Share on WhatsApp
Share on WhatsApp
គង់ ស៊ីវង្ស លោក គង់ ស៊ីវង្ស សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី២៥ ខែ​តុលា ឆ្នាំ២០១៩។
រូប៖ សកម្មជន​ផ្ដល់​ឱ្យ

ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ បាន​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​កំពង់ចាម​ នៅ​ពេល​លោក​ឆ្លងដែន​ដល់​ទឹក​ដី​ថៃ​នៅ​រសៀល​ថ្ងៃ​ទី​២៥​ តុលា។ សមត្ថកិច្ច​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​នេះ​ថា  ពាក់ព័ន្ធ​នឹង​គម្រោង​មាតុភូមិនិវត្តន៍​របស់ លោក សម រង្ស៊ី ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ។ សកម្មជន​បក្ស​ប្រឆាំង​ហៅ​ការ​ចាប់​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សកម្មជន​ដោយ​អយុត្តិធម៌។

ប៉ូលិស​ចាប់ខ្លួន​សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម គឺ​លោក គង់ ស៊ីវង្ស នៅ​ក្នុង​ទឹក​ដី​ថៃ​កន្លែង​ឆែកឆេរ​សម្ភារៈ​ប្រមាណ ១០០​ម៉ែត្រ​ពី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត។ សមាជិក​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម ដែល​ស្ថិត​ក្នុង​ហេតុការណ៍​លោក រឹន រដ្ឋ ដែល​ឃើញ​ការ​ចាប់​ខ្លួន​នោះ​បាន​រៀបរាប់​ថា​ សកម្មជន​គណបក្ស​ប្រឆាំង​មាន​ ៤​នាក់​ ដែល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​ទៅ​ប្រថាប់ត្រា​​លិខិត​ឆ្លងដែន​នៅ​កម្ពុជា។​ លោក​បញ្ជាក់​ថា​ ពួកគាត់​មិន​បាន​ចូល​ទៅ​ដល់​ប៉ុស្តិ៍​ប៉ូលិស​ខ្មែរ​ដោយ​ផ្ទាល់​ទេ គឺ​មាន​​មេខ្យល់​រត់ការ​បំពេញ​បែបបទ​ជំនួស​ ដោយ​ពួកគេ​រង់ចាំ​នៅ​ខាងមុខ​ច្រក​ព្រំដែន​ក្នុង​ដី​ថៃ​។ លោក​បន្ត​ថា​ ប៉ូលិស​ខ្មែរ​ ៨​នាក់​ស្លៀកពាក់​ស៊ីវិល​ដើរ​តាម​ពី​ក្រោយ​មេខ្យល់​ចូល​ទៅ​ចាប់​លោក គង់ ស៊ីវង្ស ​រីឯ​សកម្មជន​ ៣នាក់​ផ្សេង​ទៀត​រត់​រួច​ខ្លួន​ ដោយសារ​ពួកគេ​ដើរ​​ជួរ​មុខ៖ «និយាយ​រួម​ទៅ​គាត់​ដើរ​ក្រោយ​ ហើយ​ប៉ូលិស​ចាប់​ស្មា​ជាប់​តែ​ម្ដង។ ពួក​ខ្ញុំ​ក្រឡេក​ឃើញ​តែ​មិន​ហ៊ាន​ស្រែក​ទេ​ នាំ​គ្នា​នៅ​ស្ងៀម​ដើរ​ទៅ​មុខ​តាម​សម្រួល​ ព្រោះ​ប្រសិន​បើ​ស្រែក ​ប៉ូលិស​នឹង​ចាប់​ទាំង​អស់​គ្នា​។ ចាប់​នៅ​ចំណុច​ប៉ូលិស​ថៃ​ឆែក​កាបូប​ គឺ​ចូល​ផុត​តង់​ទី​មួយ​ហើយ​ ស្រាប់​តែ​វា​ចូល​មក​ចាប់​នៅ​ទី​នោះ​តែ​ម្ដង»

លោក​បន្ត​ថា​ ប៉ូលិស​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដោយ​អយុត្តិធម៌​ ពី​ព្រោះ​លោក គង់ ស៊ីវង្ស មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​នោះ​ទេ​ និង​មិន​មាន​កិច្ច​សហការ​ជា​មួយ​សមត្ថកិច្ច​ថៃ​នោះ​ឡើយ។ យុវជន​បក្ស​ប្រឆាំង​រូប​នេះ​បន្ថែម​ទៀត​ថា ប៉ូលិស​បាន​បញ្ជូន​លោក​គង់ ស៊ីវង្ស ទៅ​ខាង​ដី​ខ្មែរ​ភ្លាមៗ ដោយ​ស្ងៀមស្ងាត់។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​មេ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន្ត​នៅ​ច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែត លោក ខឹម ចិត្រា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​ពី​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៥​តុលា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម​លោក​ហាក់ ហាន់​ បាន​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​ លោក គង់ ស៊ីវង្ស ពី​បទ​សម​គំនិត​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩​ វិច្ឆិកា​។សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ បាន​រត់​គេច​​ខ្លួន​ទៅ​ប្រទេស​ថៃ​ប្រមាណ ​២​ខែ​ហើយ​ បន្ទាប់​ពី​ប៉ូលិស​ខេត្ត​កំពង់ចាម​ឡោមព័ទ្ធ​ផ្ទះ​រក​ចាប់​លោក ​កាល​ពី​ថ្ងៃ​ទី​២១​ សីហា​កន្លង​ទៅ។​

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចាប់​ចង​សកម្មជន​បក្ស​ប្រឆាំង​នេះ​ គឺ​ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​ផ្នែក​នយោបាយ​ដល់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បញ្ជាក់​ថា ​ ប្រសិន​បើ​សមត្ថកិច្ច​​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ​នោះ សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ​នឹង​រួចផុត​ពី​ការ​ចោទ​ប្រកាន់​។លោក​បន្ត​ថា​ ការ​បង្ហោះ​សារ​រឿង​នយោបាយ​មិន​ខុស​ច្បាប់​ឡើយ​ ពី​ព្រោះ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក​ហៅ​វិធានការ​របស់​សមត្ថកិច្ច​នេះ​ថា ​ជា​​ការ​រារាំង​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ៖ «ហើយ​អ្វី​ដែល​សំខាន់​គឺ​អាជ្ញាធរ​មិន​ចង់​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ការ​បញ្ចេញ​មតិ​ណា​មួយ​ដើម្បី​ឱ្យ​មាន​ការ​គាំទ្រ​ទៅ​លើ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​វិល​ចូល​ស្រុក​វិញ​ទេ​។អីចឹង​ហើយ​ឱ្យ​តែ​សកម្មជន​បក្ស​ប្រឆាំង​ដែល​សកម្ម​កន្លង​មក​ ដោយ​មាន​ការ​បង្ហោះ​សារ​គាំទ្រ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​គឺ​ត្រូវ​ការ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​និង​ចាប់​ខ្លួន​ហើយ»

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី២៥​ តុលា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥៥នាក់​ហើយ ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ និង​ឃុំ​ក្នុង​ខ្លួន​ពន្ធនាគារ ហើយ​មាន​សកម្មជន​ចំនួន​ ១៨៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​កោះហៅ​​ទៅ​បំភ្លឺ និង​សមត្ថកិច្ច​តាម​​ចាប់​ខ្លួន ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់។ ក្រៅ​ពី​នេះ​ ក៏​មាន​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ទៀត​ បាន​រត់​ភៀស​ខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព ដើម្បី​គេច​ចេញ​ពី​ការ​តាម​យាយី និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ឬ​ចាប់​ខ្លួន​ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ។

មន្ត្រី​បក្ស​ប្រឆាំង​លោក រឹន រដ្ឋ​ ថ្លែង​ថា បើ​ទោះ​បី​ជា​សមត្ថកិច្ច​របប​លោក​ ហ៊ុន សែន​ ចាប់​ចង​មនុស្ស​តាម​ទំនើង​ចិត្ត​បែប​នេះ​ក្ដី​ ក៏​មិន​អាច​ទប់​ស្កាត់​​ពួកគេ​មិន​ឱ្យ​ដឹក​នាំ​ប្រជាពលរដ្ឋ​ទៅ​ចូល​រួម​អម​ដំណើរ​​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​បាន​ដែរ។ ផ្ទុយ​ទៅ​វិញ​ពួកគាត់​កាន់​តែ​មាន​កំហឹង​ទ្វេដង​ ហើយ​ពួក​គេ​រង់ចាំ​តែ​ថ្ងៃ​កំណត់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​វិញ​ ដើម្បី​​នាំ​គ្នា​ទៅ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
បទសម្ភាសន៍​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ដែល​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក​
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
បទសម្ភាសន៍​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ដែល​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក​
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល