ក្រុម​សកម្មជន​ដែល​តវ៉ា​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ចំនួន​ ៥​នាក់ ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ

0:00 / 0:00

ក្រុម​សកម្មជន​ដែល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ចំនួន​៥​នាក់ ត្រូវ​បាន​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​វិញ​ហើយ​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា បន្ទាប់​ពី​ពួកគាត់​ជាប់ពន្ធនាគារ​ជាង​១​ឆ្នាំ​។ ទោះ​យ៉ាងណា សកម្មជន​ទាំងនេះ នៅតែ​អះអាង​ថា ពួកគាត់ នៅតែ​រង​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ​ដដែល ព្រោះ​តុលាការ បន្ត​រក្សា​បទ​ចោទ និង​ដាក់​ឲ្យ​ក្រោម​ការ​ត្រួត​ពិនិត្យ​រយៈពេល​២​ឆ្នាំ​ទៀត។

សកម្មជន​ទាំង​៥​នាក់​ដែល​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​លើកឡើង​ថា ពួកគាត់ មិន​មាន​អារម្មណ៍​រំភើប​នោះ​ទេ ព្រោះ​តុលាការ បាន​ឃុំខ្លួន​ពួកគាត់​ទាំង​អយុត្តិធម៌​ជាង​១​ឆ្នាំ ហើយ​ការ​ដោះលែង​នៅ​ពេល​នេះ ក៏​មិនទាន់​បាន​ផ្តល់​សេរីភាព​ពេញលេញ​ជូន​ពួកគាត់​នៅឡើយ​។​សកម្មជន​ទាំង​៥​នាក់​នេះ រួមមាន​សមាជិក​យុវជន​ខ្មែរ​ថាវរៈ គឺ​អតីត​ព្រះសង្ឃ កើត សារ៉ាយ លោក ថា ឡាវី និង​អនុប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក មាន ព្រហ្មមុនី ព្រមទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប​ទៀត គឺ​លោក ជុំ ពុទ្ធី និង​លោក ឈួ ផេង។ ចំណែក​សកម្មជន​មួយ​ចំនួន​ទៀត រួមមាន លោក ហ៊ុន វណ្ណៈ លោកស្រី ឈឿន ដារ៉ាវី កញ្ញា អេង ម៉ាឡៃ និង​លោក មួង សុភ័ក្ត្រ នោះ តុលាការ នឹង​ដោះលែង​ជា​បន្តបន្ទាប់​នៅ​សប្តាហ៍​ក្រោយ​នេះ។

អតីត​ព្រះសង្ឃ កើត សារ៉ាយ ថ្លែង​ថា ទោះបីជា​តុលាការ បាន​ដោះលែង​ពួក​លោក នៅ​ពេល​នេះ​ក្តី ក៏​ពួក​លោក នៅតែ​ទទួលរង​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ​ដដែល ព្រោះ​តុលាការ បន្ត​រក្សា​បទចោទប្រកាន់ និង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​រយៈពេល​២​ឆ្នាំ​ទៀត។ លោក​បន្ត​ថា ពួក​លោក​ជាប់គុក ដោយសារ​តុលាការ​ខ្វះ​ភាព​ឯករាជ្យ៖ «ទោះជា​យើង​ចេញពី​ការ​ឃុំ​ឃាំង​ក៏ដោយ យើង​នៅតែ​ជាប់​ជា​ជនល្មើស និង​មានការ​រឹតត្បិត​សិទ្ធិ​សេរីភាព​មួយចំនួន​ដដែល​ហើយ​ជាពិសេស​យើង​អត់​បាន​ធ្វើ​អី​ខុស​ទេ។ យើង​មិនបាន​ទៅ​បំផ្លាញ ឬ​ធ្វើ​ឲ្យ​វឹកវរ​ដល់​សន្តិសុខ​សង្គម​ទេ​។ ផ្ទុយ​ទៅ​វិញ​ក្នុង​នាម​យើង​ជា​យុវជន គ្រាន់តែ​គិតថា មាន​កាតព្វកិច្ច​ចូលរួម​ជំរុញ ផ្នែក​យុត្តិធម៌ និង​មាន​តម្លាភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​សម្រាប់​ការ​តស៊ូ​មតិ។ ជាពិសេស យើង​ចង់​ធ្វើ​ឲ្យ​ច្បាប់​តស៊ូ​មតិ​នេះ មាន​យុត្តិធម៌​មាន​ភាព​ត្រឹមត្រូវ​សម្រាប់​ប្រជាពលរដ្ឋ ដែល​ទាមទារ​ចង់បាន​អី​មួយ​ទៅ​តាម​បែប​សន្តិវិធី»។

សមាជិក​យុវជន​ខ្មែរ​ថាវរៈ​រូប​នេះ ឲ្យ​ដឹង​ថា លោក​នឹង​មិន​បួស​ជា​ព្រះសង្ឃ​វិញ​នោះ​ទេ។ ទោះជា​យ៉ាងណា លោក​ប្ដេជ្ញា​ថា នឹង​នៅតែ​ប្រកាន់ខ្ជាប់​គោលជំហរ​ដូចដើម​ក្នុង​ការ​តស៊ូ​មតិ​ដោយ​អហិង្សា ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​សង្គម​កម្ពុជា មាន​នីតិរដ្ឋ មានការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ៖ «បើ​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ស្រលាញ់​គុក​ទេ គឺ​ខ្ញុំ​អត់​ស្រលាញ់​ទេ​ហើយ​ខ្ញុំ​ក៏​អត់​ចង់ទៅ​កន្លែង​ហ្នឹង​ដែរ ប៉ុន្តែ​បើ​សួរ​ខ្ញុំ​ថា តើ​ឲ្យ​ខ្ញុំ​ចោល​កិច្ច​ការងារ​របស់ខ្ញុំ ទេ គឺ​ខ្ញុំ​មិន​ចោល​ទេ​។ រឿង​មួយ​ចំនួន ទោះជា​មិន​ចង់ទៅ ក៏​កាតព្វកិច្ច​ក្នុង​ការ​ស្រលាញ់ និង​បារម្ភ​អំពី​បញ្ហា​ប្រទេសជាតិ​នេះ វា​ធំ​ជាង​ទុក្ខ​លំបាក​ដែល​យើង​ត្រូវ​ជួប ដូច្នេះ​រឿង​ខ្លះ​ចង់​មិន​ចង់ ទោះជា​មានទុក្ខ​លំបាក​ក៏ដោយ ក៏​ត្រូវ​តែ​ព្រម​ទទួល​យក។ សម្រាប់​ខ្ញុំ​អត់​មានអី​ត្រូវ​ខ្លាច​ទេ ព្រោះ​យើង​តែងតែ​អនុវត្ត​អ្វី​ដែល​ស្រប​នឹង​ច្បាប់»។

ស្រដៀង​គ្នា​នេះ អនុប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក មាន ព្រហ្មមុនី លើកឡើង​ថា ថ្វី​ដ្បិត​តែ​តុលាការ​ដោះលែង​ពួក​លោក​ក្តី ក៏​ពួក​លោក បន្ត​បាត់បង់​សិទ្ធិ​សេរីភាព ឬ​បន្ត​ជាប់គុក​ឥត​ជញ្ជាំង​រយៈពេល​២​ឆ្នាំ​ទៀត​តាមរយៈ​ការ​ដាក់​ឲ្យ​ស្ថិត ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​។ លោក រិះគន់​ថា ការ​ដាក់​ទោសទណ្ឌ​ពួក​លោក នេះ គឺជា​រឿង​អយុត្តិធម៌​បំផុត ព្រោះ​ពួក​លោក គ្រាន់តែ​តស៊ូ​មតិ​ដើម្បី​យុត្តិធម៌​សង្គម ស្របតាម​ច្បាប់​ជាតិ​និង​អន្តរជាតិ​ប៉ុណ្ណោះ៖ «យើង​ឃើញថា តុលាការ​សម្រេច​ក្តី​នេះ វា​អយុត្តិធម៌​និង​ធ្ងន់ធ្ងរ​ខ្លាំងពេក ដូចជា​ផ្ដន្ទាទោស​២០​ខែ ឲ្យ​ជាប់ពន្ធនាគារ​ឈឺចាប់​១៤​ខែ​ខាត​ពេលវេលា អស់​លុយ​កាក​ច្រើនណាស់ ហើយ​ឥឡូវនេះ​មក​ព្យួរទោស​២​ឆ្នាំ​ទៀត ដាក់​លក្ខខណ្ឌ​កាតព្វកិច្ច​ត្រួតពិនិត្យ​មួយចំនួន គឺ​វា​ធ្ងន់ធ្ងរ​ណាស់​។ យើង​ចង់​ឲ្យ​តុលាការ ទម្លាក់​បទ​ចោទ​និង​ផ្តល់​ឲ្យ​យើង​មាន​សេរីភាព​ពេញលេញ ដើម្បី​យើង​មាន​សិទ្ធិ​ពេញ លេញ​ប្រកប​របរ​ជីវភាព​រស់នៅ និង​ធ្វើ​ការ​តស៊ូ​មតិ សម្ដែង​មតិ ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ យើង​ចូលរួម​ការពារ​សិទ្ធិមនុស្ស យើង​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ និង​ចូលរួម​អភិវឌ្ឍ​ប្រទេស​ដោយ​និរន្តរភាព»។

សកម្មជន​ផ្សេង​ទៀត ក៏​អះអាង​ថា ការ​ដោះលែង​នេះ នៅតែ​គ្មាន​យុត្តិធម៌ ហើយ​ពួកគាត់ នឹង​ដាក់​បណ្តឹង​ជំទាស់​ទៅ​តុលាការ​ជាន់ខ្ពស់ ឲ្យ​ទម្លាក់​ចោល​ការចោទប្រកាន់ និង​ផ្តល់​សេរីភាព​ពេញលេញ​ដល់​ពួក​លោក​ឡើងវិញ។ ក្រៅ​ពី​នេះ ពួកគាត់​ក៏​រៀបរាប់ អំពី​ទុក្ខ​លំបាក​នៅ​ក្នុង​ពន្ធនាគារ​ដែរ​ដូចជា បញ្ហា​ចង្អៀត​ណែន បញ្ហា​ទឹក និង​អាហារ​ភោគ​គ្មាន​អនាម័យ និង​ខ្វះខាត​ជាដើម។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ គឺ​លោក ឈួ ផេង និយាយ​ថា ការ​ចាប់​ឃុំខ្លួន​ពួក​លោក​ជាង​១​ឆ្នាំ​ឲ្យ​រង​ទុក្ខ​វេទនា​នេះ មិនអាច​បំបាក់ស្មារតី​ពួក​លោក​បាន​ឡើយ៖ «មិនអាច​បញ្ឈប់​ឆន្ទៈ​ខ្ញុំ ត្រឹម​ពាក់កណ្តាល​ទី​បាន​ទេ ដរាប​ណា​ប្រទេស​កម្ពុជា មិន​ទាន់​មាន​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ។ ខ្ញុំ​និង​ក្រុម​ខ្ញុំ​ដែល​ចេញ​ថ្ងៃនេះ បាន​ប្តេជ្ញា​ចិត្ត​រួចហើយ​ថា យើង​នឹង​បន្ត​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​មក​ឲ្យ​ប្រទេស​កម្ពុជា​ឲ្យ​បាន​ពេញលេញ មិន​ដូច​សព្វថ្ងៃ ដែល​ប្រជាធិបតេយ្យ​មានតែ​សំបក»។

អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាប់ និង​ឃុំខ្លួន​សកម្មជន​ទាំងនេះ កាលពី​ខែសីហា និង​ខែកញ្ញា ឆ្នាំ​២០២០ ដោយ​ចោទ​បទ​ញុះញង់​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព​និង​អ្នកឃ្លាំមើល​ព្រំដែន​លោក រ៉ុង ឈុន និង​មាន​គម្រោង​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម។

កាលពី​សប្តាហ៍​មុន​នេះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ទិត សុទ្ធី បូរ៉ាឆាត បាន​សម្រេច​ផ្ដន្ទាទោស​សកម្មជន​កំពុង​ជាប់ឃុំ​ចំនួន​១០​នាក់​ឲ្យ​ជាប់ពន្ធនាគារ ២០​ខែ និង​បង្គាប់​ឲ្យ​បង់ប្រាក់​ពិន័យ​ចំនួន​៥០០​ដុល្លារ​ក្នុង​ម្នាក់ៗ។ ប៉ុន្តែ​ចៅក្រម​រូប​នេះ បាន​តម្រូវ​ឲ្យ​សកម្មជន​ទាំងនេះ ជាប់​ពន្ធនាគារ​១៤​ខែ​ទៅ​១៥​ខែ ហើយ​ទោស​នៅសល់​ត្រូវ​ព្យួរ។ តុលាការ​ក៏បាន​ដាក់​ឲ្យ​ពួកគាត់​ដាក់​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​រយៈពេល​ពីរ​ឆ្នាំ​ទៀត ហើយ​តម្រូវ​ឲ្យ​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា ប្រសិនបើ​ពួកគេ​ផ្លាស់ប្ដូរ​អាសយដ្ឋាន ការងារ ឬ​ចង់ទៅ​ក្រៅប្រទេស។

ទាក់ទង​ករណីនេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​ដោះលែង​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ក្នុង​អំឡុង ពេល​នេះ មិនមែន​ដោយសារ​រដ្ឋាភិបាល រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ និង​ចង់​ស្ដារ​មុខមាត់​ក្នុង​ពេល​កម្ពុជា ក្លាយ​ជា​ប្រធាន​អាស៊ាន​នោះ​ទេ៖ «ការ​ដោះលែង​នេះ វា​ស្ថិត​នៅ​លើ​ចៅក្រម វា​ស្ថិត​នៅ​លើ​តុលាការ​មិនមែន​ដោះលែង​នៅក្នុង​ន័យ​នយោបាយ​ទេ»។

ទោះជា​យ៉ាងណា ការ​ចាប់ផ្តើម​ដោះលែង​សកម្មជន​សង្គម​និង​សកម្មជន និង​នយោបាយ​ជា​បន្តបន្ទាប់​នៅ​ពេល​នេះ កើតឡើង​ស្រប​ពេល​ដែល​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក កំពុង​ជំរុញ​ការ​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​កំពូលៗ​នៅ​កម្ពុជា។ លើស​ពី​នេះ ក៏​ជួន​ពេល​ដែល​កម្ពុជា កំពុង​ក្លាយជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ដែល​អ្នកឃ្លាំមើល​ជឿ​ថា លោក ហ៊ុន សែន អាច​បន្ធូរបន្ថយ​ភាព​តានតឹង​នយោបាយ​ខ្លះ ដើម្បី​កុំ​ឲ្យ​រង​សម្ពាធ​និង​ការរិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា លើកឡើង​ថា សកម្មជន​សង្គម និង​នយោបាយ​ទាំងនេះ ជាប់ឃុំ​ដោយ​អយុត្តិធម៌ តាំងពី​ដំបូង​មក ដូច្នេះ​តុលាការ គួរ​ផ្តល់​សេរីភាព​ពេញលេញ​ជូន​ពួកគាត់​ឡើងវិញ មិន​គួរ​ដាក់​លក្ខខណ្ឌ​ទៀត​នោះ​ទេ៖ «ធាតុ​ពិត​អ្នក​ទាំងអស់​នេះ បាន​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ស្របតាម​រដ្ឋធម្មនុញ្ញ ស្របតាម​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ និង​គោលការណ៍​សិទ្ធិមនុស្ស​អី​ទាំងអស់​ហ្នឹង។ យើង​មានការ​សោកស្តាយ​ណាស់​ដែល កន្លង​មក​អ្នក​ទាំងអស់​នេះ គួរតែ​ត្រូវ​បាន​គិតគូរ​ក្នុង​ការ​ដោះលែង​តាំង​ពី​ចាប់ផ្តើម​ចាប់​ខ្លួន​ពួកគាត់ ដោយ​មិន​គួរ​ណា​ចេះតែ​បន្ត​ឃុំខ្លួន​ក្នុង​ម្នាក់ៗ​ជាង​១​ឆ្នាំ​បែបនេះ​ទេ»។

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ដែល​ទើប​ត្រូវ​បាន​ដោះលែង​នេះ ក៏​អំពាវនាវ​ឲ្យ​តុលាការ​ពន្លឿន​ដោះលែង​សកម្មជន​សង្គម សកម្មជន​នយោបាយ បរិស្ថាន​និង​សិទ្ធិមនុស្ស​ផ្សេងៗ​ទៀត ឲ្យ​បាន​ឆាប់​ផង​ដែរ។ ពួកគាត់ ចាត់ទុកថា ការ​បន្ត​ឃុំខ្លួន​ទៀត​នេះ គឺជា​ការរំលោភ​សិទ្ធិមនុស្ស និង​រំលោភច្បាប់​ធ្ងន់ធ្ងរ ព្រោះ​ពួកគាត់​គ្រាន់តែ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​ដែល​ធានា​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ