ក្រុមសកម្មជនដែលតវ៉ាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ចំនួន៥នាក់ ត្រូវបានតុលាការដោះលែងពីពន្ធនាគារវិញហើយនៅថ្ងៃទី៥ ខែវិច្ឆិកា បន្ទាប់ពីពួកគាត់ជាប់ពន្ធនាគារជាង១ឆ្នាំ។ ទោះយ៉ាងណា សកម្មជនទាំងនេះ នៅតែអះអាងថា ពួកគាត់ នៅតែរងភាពអយុត្តិធម៌ធ្ងន់ធ្ងរដដែល ព្រោះតុលាការ បន្តរក្សាបទចោទ និងដាក់ឲ្យក្រោមការត្រួតពិនិត្យរយៈពេល២ឆ្នាំទៀត។
សកម្មជនទាំង៥នាក់ដែលត្រូវបានដោះលែងពីពន្ធនាគារលើកឡើងថា ពួកគាត់ មិនមានអារម្មណ៍រំភើបនោះទេ ព្រោះតុលាការ បានឃុំខ្លួនពួកគាត់ទាំងអយុត្តិធម៌ជាង១ឆ្នាំ ហើយការដោះលែងនៅពេលនេះ ក៏មិនទាន់បានផ្តល់សេរីភាពពេញលេញជូនពួកគាត់នៅឡើយ។សកម្មជនទាំង៥នាក់នេះ រួមមានសមាជិកយុវជនខ្មែរថាវរៈ គឺអតីតព្រះសង្ឃ កើត សារ៉ាយ លោក ថា ឡាវី និងអនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរលោក មាន ព្រហ្មមុនី ព្រមទាំងសកម្មជនគណបក្សសង្គ្រោះជាតិ២រូបទៀត គឺលោក ជុំ ពុទ្ធី និងលោក ឈួ ផេង។ ចំណែកសកម្មជនមួយចំនួនទៀត រួមមាន លោក ហ៊ុន វណ្ណៈ លោកស្រី ឈឿន ដារ៉ាវី កញ្ញា អេង ម៉ាឡៃ និងលោក មួង សុភ័ក្ត្រ នោះ តុលាការ នឹងដោះលែងជាបន្តបន្ទាប់នៅសប្តាហ៍ក្រោយនេះ។
អតីតព្រះសង្ឃ កើត សារ៉ាយ ថ្លែងថា ទោះបីជាតុលាការ បានដោះលែងពួកលោក នៅពេលនេះក្តី ក៏ពួកលោក នៅតែទទួលរងភាពអយុត្តិធម៌ធ្ងន់ធ្ងរដដែល ព្រោះតុលាការ បន្តរក្សាបទចោទប្រកាន់ និងដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរយៈពេល២ឆ្នាំទៀត។ លោកបន្តថា ពួកលោកជាប់គុក ដោយសារតុលាការខ្វះភាពឯករាជ្យ៖ «ទោះជាយើងចេញពីការឃុំឃាំងក៏ដោយ យើងនៅតែជាប់ជាជនល្មើស និងមានការរឹតត្បិតសិទ្ធិសេរីភាពមួយចំនួនដដែលហើយជាពិសេសយើងអត់បានធ្វើអីខុសទេ។ យើងមិនបានទៅបំផ្លាញ ឬធ្វើឲ្យវឹកវរដល់សន្តិសុខសង្គមទេ។ ផ្ទុយទៅវិញក្នុងនាមយើងជាយុវជន គ្រាន់តែគិតថា មានកាតព្វកិច្ចចូលរួមជំរុញ ផ្នែកយុត្តិធម៌ និងមានតម្លាភាពក្នុងការអនុវត្តច្បាប់សម្រាប់ការតស៊ូមតិ។ ជាពិសេស យើងចង់ធ្វើឲ្យច្បាប់តស៊ូមតិនេះ មានយុត្តិធម៌មានភាពត្រឹមត្រូវសម្រាប់ប្រជាពលរដ្ឋ ដែលទាមទារចង់បានអីមួយទៅតាមបែបសន្តិវិធី»។
សមាជិកយុវជនខ្មែរថាវរៈរូបនេះ ឲ្យដឹងថា លោកនឹងមិនបួសជាព្រះសង្ឃវិញនោះទេ។ ទោះជាយ៉ាងណា លោកប្ដេជ្ញាថា នឹងនៅតែប្រកាន់ខ្ជាប់គោលជំហរដូចដើមក្នុងការតស៊ូមតិដោយអហិង្សា ដើម្បីរួមចំណែកធ្វើឲ្យសង្គមកម្ពុជា មាននីតិរដ្ឋ មានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ៖ «បើសួរខ្ញុំថា តើខ្ញុំស្រលាញ់គុកទេ គឺខ្ញុំអត់ស្រលាញ់ទេហើយខ្ញុំក៏អត់ចង់ទៅកន្លែងហ្នឹងដែរ ប៉ុន្តែបើសួរខ្ញុំថា តើឲ្យខ្ញុំចោលកិច្ចការងាររបស់ខ្ញុំ ទេ គឺខ្ញុំមិនចោលទេ។ រឿងមួយចំនួន ទោះជាមិនចង់ទៅ ក៏កាតព្វកិច្ចក្នុងការស្រលាញ់ និងបារម្ភអំពីបញ្ហាប្រទេសជាតិនេះ វាធំជាងទុក្ខលំបាកដែលយើងត្រូវជួប ដូច្នេះរឿងខ្លះចង់មិនចង់ ទោះជាមានទុក្ខលំបាកក៏ដោយ ក៏ត្រូវតែព្រមទទួលយក។ សម្រាប់ខ្ញុំអត់មានអីត្រូវខ្លាចទេ ព្រោះយើងតែងតែអនុវត្តអ្វីដែលស្របនឹងច្បាប់»។
ស្រដៀងគ្នានេះ អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរលោក មាន ព្រហ្មមុនី លើកឡើងថា ថ្វីដ្បិតតែតុលាការដោះលែងពួកលោកក្តី ក៏ពួកលោក បន្តបាត់បង់សិទ្ធិសេរីភាព ឬបន្តជាប់គុកឥតជញ្ជាំងរយៈពេល២ឆ្នាំទៀតតាមរយៈការដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យរបស់តុលាការ។ លោក រិះគន់ថា ការដាក់ទោសទណ្ឌពួកលោក នេះ គឺជារឿងអយុត្តិធម៌បំផុត ព្រោះពួកលោក គ្រាន់តែតស៊ូមតិដើម្បីយុត្តិធម៌សង្គម ស្របតាមច្បាប់ជាតិនិងអន្តរជាតិប៉ុណ្ណោះ៖ «យើងឃើញថា តុលាការសម្រេចក្តីនេះ វាអយុត្តិធម៌និងធ្ងន់ធ្ងរខ្លាំងពេក ដូចជាផ្ដន្ទាទោស២០ខែ ឲ្យជាប់ពន្ធនាគារឈឺចាប់១៤ខែខាតពេលវេលា អស់លុយកាកច្រើនណាស់ ហើយឥឡូវនេះមកព្យួរទោស២ឆ្នាំទៀត ដាក់លក្ខខណ្ឌកាតព្វកិច្ចត្រួតពិនិត្យមួយចំនួន គឺវាធ្ងន់ធ្ងរណាស់។ យើងចង់ឲ្យតុលាការ ទម្លាក់បទចោទនិងផ្តល់ឲ្យយើងមានសេរីភាពពេញលេញ ដើម្បីយើងមានសិទ្ធិពេញ លេញប្រកបរបរជីវភាពរស់នៅ និងធ្វើការតស៊ូមតិ សម្ដែងមតិ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ យើងចូលរួមការពារសិទ្ធិមនុស្ស យើងចូលរួមការពារធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍប្រទេសដោយនិរន្តរភាព»។
សកម្មជនផ្សេងទៀត ក៏អះអាងថា ការដោះលែងនេះ នៅតែគ្មានយុត្តិធម៌ ហើយពួកគាត់ នឹងដាក់បណ្តឹងជំទាស់ទៅតុលាការជាន់ខ្ពស់ ឲ្យទម្លាក់ចោលការចោទប្រកាន់ និងផ្តល់សេរីភាពពេញលេញដល់ពួកលោកឡើងវិញ។ ក្រៅពីនេះ ពួកគាត់ក៏រៀបរាប់ អំពីទុក្ខលំបាកនៅក្នុងពន្ធនាគារដែរដូចជា បញ្ហាចង្អៀតណែន បញ្ហាទឹក និងអាហារភោគគ្មានអនាម័យ និងខ្វះខាតជាដើម។
សកម្មជនគណបក្សសង្គ្រោះជាតិ គឺលោក ឈួ ផេង និយាយថា ការចាប់ឃុំខ្លួនពួកលោកជាង១ឆ្នាំឲ្យរងទុក្ខវេទនានេះ មិនអាចបំបាក់ស្មារតីពួកលោកបានឡើយ៖ «មិនអាចបញ្ឈប់ឆន្ទៈខ្ញុំ ត្រឹមពាក់កណ្តាលទីបានទេ ដរាបណាប្រទេសកម្ពុជា មិនទាន់មានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ។ ខ្ញុំនិងក្រុមខ្ញុំដែលចេញថ្ងៃនេះ បានប្តេជ្ញាចិត្តរួចហើយថា យើងនឹងបន្តទាមទារលទ្ធិប្រជាធិបតេយ្យមកឲ្យប្រទេសកម្ពុជាឲ្យបានពេញលេញ មិនដូចសព្វថ្ងៃ ដែលប្រជាធិបតេយ្យមានតែសំបក»។
អាជ្ញាធររបបលោក ហ៊ុន សែន បានចាប់ និងឃុំខ្លួនសកម្មជនទាំងនេះ កាលពីខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ដោយចោទបទញុះញង់ពាក់ព័ន្ធនឹងការតវ៉ាទាមទារឲ្យដោះលែងមេដឹកនាំសហជីពនិងអ្នកឃ្លាំមើលព្រំដែនលោក រ៉ុង ឈុន និងមានគម្រោងតវ៉ានៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារយុត្តិធម៌សង្គម។
កាលពីសប្តាហ៍មុននេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ទិត សុទ្ធី បូរ៉ាឆាត បានសម្រេចផ្ដន្ទាទោសសកម្មជនកំពុងជាប់ឃុំចំនួន១០នាក់ឲ្យជាប់ពន្ធនាគារ ២០ខែ និងបង្គាប់ឲ្យបង់ប្រាក់ពិន័យចំនួន៥០០ដុល្លារក្នុងម្នាក់ៗ។ ប៉ុន្តែចៅក្រមរូបនេះ បានតម្រូវឲ្យសកម្មជនទាំងនេះ ជាប់ពន្ធនាគារ១៤ខែទៅ១៥ខែ ហើយទោសនៅសល់ត្រូវព្យួរ។ តុលាការក៏បានដាក់ឲ្យពួកគាត់ដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេលពីរឆ្នាំទៀត ហើយតម្រូវឲ្យរាយការណ៍ទៅព្រះរាជអាជ្ញា ប្រសិនបើពួកគេផ្លាស់ប្ដូរអាសយដ្ឋាន ការងារ ឬចង់ទៅក្រៅប្រទេស។
ទាក់ទងករណីនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការដោះលែងសកម្មជនសង្គម និងសកម្មជននយោបាយក្នុងអំឡុង ពេលនេះ មិនមែនដោយសាររដ្ឋាភិបាល រងសម្ពាធពីសហគមន៍អន្តរជាតិ និងចង់ស្ដារមុខមាត់ក្នុងពេលកម្ពុជា ក្លាយជាប្រធានអាស៊ាននោះទេ៖ «ការដោះលែងនេះ វាស្ថិតនៅលើចៅក្រម វាស្ថិតនៅលើតុលាការមិនមែនដោះលែងនៅក្នុងន័យនយោបាយទេ»។
ទោះជាយ៉ាងណា ការចាប់ផ្តើមដោះលែងសកម្មជនសង្គមនិងសកម្មជន និងនយោបាយជាបន្តបន្ទាប់នៅពេលនេះ កើតឡើងស្របពេលដែលតំណាងរាស្ត្រសហរដ្ឋអាមេរិក កំពុងជំរុញការអនុម័តច្បាប់ដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំកំពូលៗនៅកម្ពុជា។ លើសពីនេះ ក៏ជួនពេលដែលកម្ពុជា កំពុងក្លាយជាប្រធានអាស៊ានប្តូរវេន ដែលអ្នកឃ្លាំមើលជឿថា លោក ហ៊ុន សែន អាចបន្ធូរបន្ថយភាពតានតឹងនយោបាយខ្លះ ដើម្បីកុំឲ្យរងសម្ពាធនិងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា លើកឡើងថា សកម្មជនសង្គម និងនយោបាយទាំងនេះ ជាប់ឃុំដោយអយុត្តិធម៌ តាំងពីដំបូងមក ដូច្នេះតុលាការ គួរផ្តល់សេរីភាពពេញលេញជូនពួកគាត់ឡើងវិញ មិនគួរដាក់លក្ខខណ្ឌទៀតនោះទេ៖ «ធាតុពិតអ្នកទាំងអស់នេះ បានប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ ស្របតាមកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងគោលការណ៍សិទ្ធិមនុស្សអីទាំងអស់ហ្នឹង។ យើងមានការសោកស្តាយណាស់ដែល កន្លងមកអ្នកទាំងអស់នេះ គួរតែត្រូវបានគិតគូរក្នុងការដោះលែងតាំងពីចាប់ផ្តើមចាប់ខ្លួនពួកគាត់ ដោយមិនគួរណាចេះតែបន្តឃុំខ្លួនក្នុងម្នាក់ៗជាង១ឆ្នាំបែបនេះទេ»។
មន្ត្រីសង្គមស៊ីវិល និងអ្នកដែលទើបត្រូវបានដោះលែងនេះ ក៏អំពាវនាវឲ្យតុលាការពន្លឿនដោះលែងសកម្មជនសង្គម សកម្មជននយោបាយ បរិស្ថាននិងសិទ្ធិមនុស្សផ្សេងៗទៀត ឲ្យបានឆាប់ផងដែរ។ ពួកគាត់ ចាត់ទុកថា ការបន្តឃុំខ្លួនទៀតនេះ គឺជាការរំលោភសិទ្ធិមនុស្ស និងរំលោភច្បាប់ធ្ងន់ធ្ងរ ព្រោះពួកគាត់គ្រាន់តែអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួនដែលធានាក្នុងច្បាប់ជាតិ និងអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ
