អ្នកវិភាគនយោបាយនិងសង្គមលើកឡើងថា កម្ពុជាកំពុងទទួលឥទ្ធិពលចិន ហើយបញ្ហានេះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរភ័យខ្លាចពីការបង្កើតមូលដ្ឋានទ័ពចិន និងកំណើនជនជាតិចិនខុសច្បាប់។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលច្រានចោលការលើកឡើងនេះ។
អ្នកវិភាគនយោបាយបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា វត្តមានរបស់ជនជាតិចិនកាន់តែច្រើនទៅៗ នឹងធ្វើឱ្យមានភាពចលាចលនៅកម្ពុជា។ លោកថា ការបើកដៃ ឱ្យក្រុមហ៊ុនចិនរកស៊ីនៅក្នុងប្រទេសកម្ពុជា គឺជាគ្រោះថ្នាក់ធំបំផុតសម្រាប់អនាគតប្រជាពលរដ្ឋខ្មែរ ពីព្រោះចិនអាចនឹងត្រួតត្រាកម្លាំងសេដ្ឋកិច្ចកម្ពុជា។
បណ្ឌិត ឡៅ ម៉ុងហៃ បន្តថា ក្រុមហ៊ុនចិនទាំងតូចទាំងធំកាន់តែរីកធំទៅៗ ហើយពួកគេនឹងគ្រប់គ្រងធនធានធម្មជាតិរបស់ខ្មែរ ព្រមទាំងតំបន់សមុទ្រដែលមានភោគទ្រព្យល្អ ត្រូវបានអ្នកវិនិយោគចិនយកទៅត្រួតត្រាជាបណ្ដើរៗហើយ៖ «បើសិនជាយើងបណ្ដែតបណ្ដោយឱ្យជនជាតិចិន ហើយអនុញ្ញាតគេមកកម្ពុជាបន្តិចម្តងៗ ហើយគេមានវត្តមានជនជាតិគេមកដូចសព្វថ្ងៃ គឺគេមកកាន់កាប់ក្រុមហ៊ុនរួមទាំងក្រុមហ៊ុនអចលនទ្រព្យនោះហើយ គេចូលសញ្ជាតិអីដូចជាងាយៗជាងមុន ដូច្នេះគេអាចកាន់លិខិតឆ្លងដែនជាជនជាតិខ្មែរ ខ្មែរតែខ្លួន ប៉ុន្តែចិត្តថ្លើមគឺគេចិន»។
របាយការណ៍ក្រសួងមហាផ្ទៃបានឱ្យដឹងថា សព្វថ្ងៃមានជនជាតិចិនរស់នៅក្នុងប្រទេសកម្ពុជារយ:ពេលវែងចំនួន ២៥ ម៉ឺននាក់ ក្នុងនោះមានប្រមាណ ១០ ម៉ឺននាក់នៅទីក្រុងភ្នំពេញ និងជាង១១ម៉ឺននាក់នៅខេត្តព្រះសីហនុ។ ក្រៅពីនេះនៅខេត្តស្វាយរៀង មានជនជាតិចិនចំនួនជាង ២ ម៉ឺននាក់ នៅខេត្តបន្ទាយមានជ័យមានជិត ២ ម៉ឺននាក់ និងនៅខេត្តកណ្តាលមានជាង ១ ម៉ឺននាក់។
របាយការណ៍នេះក៍បានឱ្យដឹងផងដែរថា សព្វថ្ងៃមានក្រុមហ៊ុនចិនជិត១ពាន់ ៤រយ(១.៤០០) ក្រុមហ៊ុន បានដាក់ពាក្យធ្វើការវិនិយោគជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងនោះមានប្រមាណ១.៣០០ក្រុមហ៊ុន បានវិនិយោគទៅលើវិស័យរោងចក្រ សហគ្រាស និងមាន៧០ក្រុមហ៊ុន វិនិយោគទៅលើវិស័យកសិកម្ម។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា ចិនធ្លាប់បានអញ្ជើញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ទៅធ្វើទស្សនកិច្ចនៅប្រទេសចិនជារឿយៗ ប៉ុន្តែលោកមិនបានឃើញមានការអញ្ជើញមន្ត្រីរដ្ឋាភិបាលពីក្រសួងស៊ីវិលកម្ពុជា ដើម្បីទៅធ្វើទស្សនកិច្ចនៅប្រទេសចិនទេ៖ «អ៊ីចឹងគេអាចសន្និដ្ឋានថា ចិនមានទំនាក់ទំនងជាមួយកងទ័ពច្រើនជាងក្រសួងឯទៀតៗ។
ដំណើរទស្សនកិច្ចចុងក្រោយរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ ទៅជួបមន្ត្រីយោធាជាន់ខ្ពស់ ថ្ងៃទី ២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង។ ក្នុងដំណើរទស្សនកិច្ច នេះ លោក ទៀ បាញ់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្ដីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា ចិន ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិន គឺលោក វី ហ្វេងហ៊ី (WEI FENG HE)។ ប៉ុន្តែមិនបានបង្ហាញជាសាធារណៈនូវសេចក្តីលំអិតជាក់លាក់នៃកិច្ចព្រមព្រៀងទាំងនោះទេ។
ក្នុងខណ: វិលត្រឡប់ពីការធ្វើទស្សនកិច្ចនៅប្រទេសចិននៅរសៀលថ្ងៃពុធ ទី២៣ ខែតុលានេះ លោក ទៀ បាញ់ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញថា រដ្ឋាភិបាលចិន នឹងបន្តផ្ដល់ជំនួយឥតសំណងដែលមានទឹកប្រាក់ចំនួន៦០០លានយ័ន ស្មើនឹងប្រមាណ៨៤លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា ដើម្បីពង្រឹងវិស័យយោធា។
លោក ទៀ បាញ់បានអះអាងថា ប្រាក់ជំនួយឥតសំណងរបស់មហាមិត្តចិននេះ គឺជាការបញ្ជាក់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធារវាងកម្ពុជា-ចិន។ លោកបន្តថា ចិនបានសន្យាបន្តផ្ដល់ជំនួយឥតសំណងដល់កម្ពុជា ដើម្បីពង្រឹងវិស័យយោធា ហើយទឹកប្រាក់ដែលមានចំនួន ៦០០លានយ័ន នេះនឹងប្រើប្រាស់សម្រាប់យកមកពិភាក្សា និងចាត់ចែងដើម្បីបង្កើននូវសមត្ថភាពវិស័យយោធាកម្ពុជា ដែលកិច្ចសហប្រតិបត្តិការនេះធ្លាប់មានជាស្រេចរួចមកហើយ។
អ្នកវិភាគនយោបាយនិងសង្គម លោក គឹម សុខ និយាយថា ឥទ្ធិពលធំពីររបស់ចិនដែលពលរដ្ឋខ្មែរកំពុងភ័យខ្លាចបំផុតនោះ គឺមូលដ្ឋានយោធារបស់ចិន ដែលហាក់នៅតែជាអាថ៌កំបាំង ហើយមូលដ្ឋានទ័ពនេះ ក៍បានធ្វើឱ្យមានការព្រួយបារម្ភខ្លាំង ទៅដល់បណ្ដាប្រទេសនៅក្នុងតំបន់ និងប្រទេសសេរីមួយចំនួនទៀត ក្នុងនោះក៏មានសហរដ្ឋអាមេរិកផងដែរ។
លោក គឹម សុខ ដែលហ៊ានរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឥតសំចៃមាត់ បន្តថា ចិនប្រើប្រាស់ប្រទេសកម្ពុជា ដើម្បីបង្កើនឋាមពលគ្រប់គ្រង វាទីនិយមរបស់ខ្លួនក្នុងតំបន់ ហើយរឿងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខក្នុងប្រទេសកម្ពុជា៖ «ខ្ញុំគិតថា មានឥទ្ធិពលធំពីរដែលប្រឈមចំពោះមុខ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការលូកដៃរបស់ចិន មកក្នុងផ្ទៃក្នុងប្រទេសកម្ពុជា ហើយកងទ័ពមួយចំនួនមានរូបភាពជាការលាក់បាំងនៅក្នុងយុទ្ធសាស្ត្រ យោធាហើយរឿងនេះវាមានលក្ខណ : សម្ងាត់ និងស៊ីជម្រៅខ្លាំងណាស់»។
របាយការណ៍មួយដែលបានចេញផ្សាយក្នុងកាសែត The Wall Street Journal កាលពីថ្ងៃទី ២១ ខែកក្កដាកន្លងទៅនេះ បានដកស្រង់សម្ដីមន្ត្រីអាមេរិកដែលបាននិយាយថា ទីក្រុងភ្នំពេញនិងទីក្រុងប៉េកាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលបានអនុញ្ញាតឱ្យចិនចូលទៅបង្កើតមូលដ្ឋានទ័ពនៅកំពង់ផែរាម នៅជាយក្រុងព្រះសីហនុ នៅជិតអាកាសយានដ្ឋានដ៏ធំមួយដែលក្រុមហ៊ុនចិនកំពុងសាងសង់ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានបដិសេធចំពោះព័ត៌មាននេះ។
លោក គឹម សុខ ឱ្យដឹងទៀថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវការអាវុធ ត្រូវការយោធាព្រមទាំងថវិការបស់ចិនដើម្បីការពារអំណាចរបស់ខ្លួន។ លោកថា ចិនបានបង្ហូរលុយចូលមកកម្ពុជាតាមរយ:ការផ្តល់ប្រាក់កម្ចី និងបញ្ជូនអ្នកវិនិយោគទុនជាច្រើនមករកស៊ីនៅកម្ពុជា ដើម្បីជួយរំលោះសម្ពាធ ក្នុងពេលប្រទេសតូចមួយនេះកំពុងទទួលការគំរាមកំហែងពីសហគមន៍អន្តរជាតិ ដូចជាករណីបាត់បង់ EBA និង GSP ជាដើម៖ «លុយងងឹតមួយចំនួនដែលហូរចូលប្រទេសកម្ពុជា លុយងងឹតដែលហូរចូលនេះហើយ ដែលបង្កនូវអសន្តិសុខធំណាស់ដល់ប្រទេសកម្ពុជា បង្កចលាចលសង្គម ហើយមានទាំងគ្រប់វិស័យទាំងអស់ ដូចជាវិស័យព័ត៌មានវិទ្យា ទាក់ទងទៅនឹងរឿងរវាងប្រទេសកម្ពុជា និងចិន វាអត់មានតម្លាភាព ហើយរឿងទាំងអស់ហ្នឹងវាបង្កភាពចលាចលសង្គម ការមិនទុកចិត្តពីប្រជាពលរដ្ឋខ្មែរ»។
ចំណែកបណ្ឌិត អៀ សុផល អ្នកវិភាគនយោបាយ និងជាសាស្ត្រាចារ្យកិច្ចការពិភពលោក នៃមហាវិទ្យាល័យ Occidental College នៃរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា ចិនមិនមែនជាប្រទេសប្រជាធិបតេយ្យទេ។ ចិនមានឥទ្ធិពលលើប្រទេសនានាដែលអាចបង្កគ្រោះថ្នាក់បាន ហើយថា ប្រទេសនេះបាននាំការត្រួតពិនិត្យរបស់ខ្លួនចូលមកក្នុងដួងចិត្ត និងផ្ទះរបស់ប្រជាជនកម្ពុជា។
លោកថា សម្រាប់ឥស្សរជនខ្មែរដែលកាន់អំណាចតែងតែស្រឡាញ់លុយ និងអំណាចច្រើនជាងសេរីភាព និងប្រជាធិបតេយ្យ។ លោកថា ចិនធ្វើបែបនេះព្រោះវាជួយដល់ការព្យាករណ៍ថាមពលសេដ្ឋកិច្ច របស់ចិន។ លោកថា ប្រទេសកម្ពុជាឥឡូវជាទីតាំងរបស់ចិន ហើយបានផ្តល់សន្តិសុខដល់ប្រទេសចិនទៀតផង។ លោកបញ្ជាក់ថា អាជ្ញាធរខ្មែរចេញលិខិតឆ្លងដែនកម្ពុជាដល់បុគ្គលិកយោធាចិន ដើម្បីប្រគល់សិទ្ធិឱ្យពួកគេចូលក្នុងប្រទេសកម្ពុជា និងទទួលបានការហាមឃាត់ពីរដ្ឋធម្មនុញ្ញរបស់កម្ពុជាលើមូលដ្ឋានបរទេសនៅខាងក្នុងប្រទេសកម្ពុជា។
ការពិតគឺថាចិនគឺជាវិនិយោគិនបរទេសធំជាងគេនៅកម្ពុជា។ ចិនបានកាន់កាប់សេដ្ឋកិច្ចនៅក្រុងព្រះសីហនុស្ទើរតែទាំងស្រុងព្រោះពួកគេមានសណ្ឋាគារចំនួន ១៥០ ក្នុងចំណោម១៥៦ ភោជនីយដ្ឋាន ៤១៤ ក្នុងចំណោម ៤៣៥ កន្លែង កាស៊ីណូ ៤៨ ក្នុងចំណោម ៦២ កន្លែង ក្លឹបខារ៉ាអូខេ ៤១ និងហាងម៉ាស្សា ៤៦។
លោកថា ក្រុងព្រះសីហនុសព្វថ្ងៃបានក្លាយជារបស់ចិន ដោយសារមានមូលដ្ឋានកងទ័ពជើងទឹករាមបើទោះបីជារដ្ឋាភិបាលបដិសេធក៏ដោយ។ ចិនក៏មានអាកាសយានដ្ឋាន ដែលសាងសង់ដោយ ក្រុមហ៊ុន UDG និងមានកំពង់ផែទឹកជ្រៅក្នុងខេត្តកោះកុង។ ទាំងនេះជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រដែលចិនធ្វើជាតំបន់ទេសចរណ៍។
ទោះជាយ៉ាងណាក្តី អ្នកនាំពាក្យគណ:បក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត មានប្រសាសន៍ថា ការលើកឡើងរបស់អ្នកវិភាគទាំងនេះមានភាពលម្អៀងខាងនយោបាយ និងមនោគមវិទ្យា ហើយមិនបានផ្សាភ្ជាប់ទៅនឹងសភាពការណ៍ពិតរបស់កម្ពុជាទេ។
លោក សុខ ឥសាន្ត ក៏បានរិះគុណកាសែតបរទេសនិងជនបរទេសមួយចំនួនដែលបានចោទប្រកាន់មកលើរដ្ឋាភិបាលរបស់លោកថា មានដាក់មូលដ្ឋានទ័ពចិននៅឆ្នេរសមុទ្រកម្ពុជា លោកបញ្ជាក់ជាថ្មីម្តងទៀតថា ពត៌មាននេះមិនពិតទេ ព្រោះថ្មីៗនេះមានអ្នកកាសែតជាតិនិងអន្តរជាតិជិត១០០នាក់បានទៅពិនិត្យជាក់ស្ដែងនៅតំបន់នោះ ប៉ុន្តែមិនបានឃើញមូលដ្ឋានទ័ពចិនដូចការចោទប្រកាន់ទេ។
ទាក់ទងនឹងការនាំអ្នកកាសែតទៅពិនិត្យមើលតំបន់យោធារាមកន្លងទៅនេះ អ្នកកាសែតមួយចំនួនដែលបានចូលទៅមើលទីនោះ ឱ្យដឹងថា ខ្លួនមិនបានអនុញ្ញាតឱ្យចូលមើលដោយសេរី និងគ្រប់ទីកន្លែងនោះទេ។
ទោះជាយ៉ាងណា លោក សុខ ឥសាន្ត អះអាង កម្ពុជាពិតជាគ្មាន និងគ្មានផែនការឱ្យចិនមានមូលដ្ឋានទ័ពនៅកម្ពុជាទេ៖ «ខ្ញុំច្រានចោលមួយរយភាគរយហើយ ព្រោះវាអត់ការពិតទេបាទ បើគេភ័យខ្លាចមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅពាសពេញពិភពលោក គ្រាន់តែនៅអាស៊ីអាគ្នេយ៍មានប៉ុន្មានកន្លែងហើយ យើងគិតមើល ហើយមូលដ្ឋានទ័ពចិននៅអាស៊ីអាគ្នេយ៍មានប៉ុន្មានកន្លែង វាអត់មាន ហីខ្ញុំមិននិយាយវ៉ៃប្រហារអាមេរិកទេ ក៏ប៉ុន្តែសួរមើលនៅ Philippine នៅកូរ៉េខាងត្បូង នៅជប៉ុនអី សួរថាអាមេរិកមានមូលដ្ឋានទ័ពដែរឬទេ មកព័ទ្ធជុំវិញចិន សួរថាចិនដែលភ័យខ្លាចទេ»។
លោកបានបន្តថា អ្នកដែលភ័យខ្លាចចិន ដោយសារឃើញចិនក្លាយទៅជាមហាអំណាច ព្រោះប្រជាជនចិនក៏មានច្រើនលើសលប់គេលើពិភពលោក ហើយកម្លាំងសេដ្ឋកិច្ចចិនក៏មិនមែនធម្មតាដែរ។ លោកថា ប្រទេសដែលភ័យខ្លាចចិន តែងតែរករឿងចិនទាក់ទងនឹងយោធានិងពាណិជ្ជកម្ម។ ទោះបីជាយ៉ាងណាក៏ដោយលោក ឡៅ ម៉ុងហៃ ថា សំដីរបស់លោក សុខ ឥសាន្ត ហាក់បីដូចជាលោកទទួលស្គាល់ថា ខ្មែរមានមូលដ្ឋានយោធាចិន។ លោកបន្តថា ការអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពចិននៅកម្ពុជា វាមិនមែនបង្កឱ្យមានសង្គ្រាមនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែវាមានការប៉ះពាល់ដល់សន្តិសុខនៅក្នុងតំបន់។
ទាក់ទងទៅនឹងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងនៅអាស៊ីអាគ្នេយ៍ លោក បណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកមានមូលទ័ពទាំងអស់ហ្នឹងយូរមកហើយ តាំងពីបញ្ចប់សង្គ្រាមលោកលើកទី២មកម្ល៉េះ មូលទ័ពរបស់អាមេរិកមានជាហូរហែមក ហើយវាអត់ប៉ះពាល់ដល់ប្រទេសកម្ពុជាទេ៖ «រឿងពិភពលោក ខ្ញុំអត់ហ៊ាននិយាយទេ ប៉ុន្តែរឿងខ្មែរ វាអត់មានប៉ះពាល់ទេ ហើយនៅពេលកងទ័ពវៀតណាមចូលមកកាន់កាប់ស្រុកខ្មែរ អាមេរិកអត់បានប្រើប្រាស់ទ័ពដូចកាលពីសង្គ្រាមនៅវៀតណាមទេ»។
ស្ថានទូតអាមេរិកបដិសេធមិនធ្វើអត្ថាធិប្បាយទៅនឹងការលើកឡើងរបស់លោក សុខ ឥសាន្ត ទេ ប៉ុន្តែបញ្ជាក់ថា អាមេរិកនឹងបន្តតាមដានរបាយការណ៍នៃការបង្កើតកន្លែងយោធាចិននៅប្រទេសកម្ពុជា។ ស្ថានទូតបានប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា អាមេរិកស្វាគមន៍សេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជា ហាមឃាត់ដាច់ខាតចំពោះមូលដ្ឋានយោធាបរទេសនៅលើទឹកដីកម្ពុជា។
ស្ថានទូតសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា ផ្ដល់នូវតម្លាភាពបន្ថែមទៀតអំពីការវិនិយោគ និងការអភិវឌ្ឍដែលកើតឡើងនៅតាមឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា ហើយថា អធិបតេយ្យភាពរបស់ប្រទេសកម្ពុជាត្រូវបានការពារមនុស្សជំនាន់ក្រោយ។
អ្នកវិភាគតែងតែលើកឡើងជារឿយៗថា ចិនបានផ្តល់ប្រាក់កម្ចីសន្ធឹកសន្ធាប់ដល់កម្ពុជា ដែលមកដល់ពេលនេះមានចំនួនជាង ៤ពាន់ ៧រយលានដុល្លារសហរដ្ឋអាមេរិក ហើយប្រាក់កម្ចីនេះអាចនឹងធ្វើឱ្យរដ្ឋាភិបាលជំពាក់ចិនវ័ណ្ឌក ស្ទើរតែលក់ប្រទេសសងលុយគេ។ ការវិនិយោគរបស់ចិនក៏ជាការគំរាមកំហែងដល់កម្ពុជាផងដែរ ព្រោះវាអាចធ្វើឱ្យប្រទេសចិនគ្រប់គ្រងសេដ្ឋកិច្ចរបស់កម្ពុជា។ទោះជាយ៉ាងណាលោក សុខ ឥសាន្ត មានប្រសាសន៍ផ្ទុយទៅនឹងការលើកឡើងថា គ្មានការគំរាមកំហែងទេ ពីព្រោះរដ្ឋាភិបាលរបស់លោកមានការទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនារបស់ប្រទេសជាតិ និងអនាគតរបស់ប្រជាជនខ្មែរ៖ «ខ្ញុំដឹងថា សន្ទុះដែលអាចខ្ចីបានគឺមានរហូតដល់ ៤១ ភាគរយនៃ GDP របស់ប្រទេសជាតិ ប៉ុន្តែបំណុលបច្ចុប្បន្នជាបំណុលអន្តរជាតិ ពីព្រោះកម្ពុជាជំពាក់បរទេសបច្ចុប្បន្ននេះគឺមានតែ ២០ ភាគរយ ហើយទន្ទឹមនឹងនេះ បណ្តាប្រទេសដែលមានការរីកចម្រើនជឿនលឿននៅ Europe ខាងកើត ខ្ចីគេរហូតដល់១០០ភាគរយនៃ GDP ម៉េចក៏អស់លោកមិនមើលអាហ្នឹងផង»។
ប៉ុន្តែរបាយការណ៍ដែលចេញផ្សាយក្នុងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈ របស់ក្រសួងសេដ្ឋកិច្ចកម្ពុជា គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៩នេះ កម្ពុជាចុះកិច្ចព្រមព្រៀងខ្ចីបុលពីម្ចាស់ឥណទានបរទេសសរុប មានតម្លៃដល់ទៅជិត ១ម៉ឺន ២ពាន់លានដុល្លារអាមេរិក ឬប្រមាណជិត ១២ប៊ីលានដុល្លារអាមេរិក ស្មើនឹងប្រមាណជិត ៤០ភាគរយ នៃបំណុលដែលកម្ពុជាជំពាក់បរទេសសរុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
