កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ក្រោមមូលបទ “ជំរុញភាពជាដៃគូសម្រាប់ចិរភាព” នឹងប្រព្រឹត្តទៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២២ និងទី២៣ មិថុនា ចុងសប្ដាហ៍នេះ។ កិច្ចប្រជុំនេះនឹងផ្ដោតសំខាន់លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងគោលការណ៍កុងសង់ស៊ីស ក្នុងចំណោមសមាជិកអាស៊ាន ដើម្បីដោះស្រាយបញ្ហាថ្មីៗ ដែលសកលលោកកំពុងប្រឈម។ កិច្ចប្រជុំនេះក៏នឹងរិះរកមធ្យោបាយយ៉ាងណាឱ្យអាស៊ានឈានទៅកាន់កម្រិតខ្ពស់ថែមទៀត និងមានទំនាក់ទំនងតភ្ជាប់ដោយរលូន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៩ មិថុនា ឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំមន្ត្រីគ្រាក់ៗនៃរបបរបស់លោក ព្រមទាំងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ទៅចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ មេដឹកនាំរបបក្រុងភ្នំពេញរូបនេះ នឹងចូលរួមកិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋាភិបាលអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន ជាមួយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និងជាមួយតំណាងយុវជនអាស៊ានផងដែរ។
គោលការណ៍កុងសង់ស៊ីស ឬការសម្រេចចិត្តជាឯកច្ឆន្ទរបស់អាស៊ាន ហាក់មិនសូវមានប្រសិទ្ធភាពឡើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែទំនាស់ផលប្រយោជន៍របស់រដ្ឋសមាជិក ឬអាចនិយាយមួយបែបទៀតថា ប្រទេសអាស៊ានខ្លះមាននិន្នាការទៅរកអាមេរិក ក្រុមប្រទេសសេរី និងមួយចំនួនទៀតលម្អៀងទៅរកចិនកុម្មុយនិស្ត ដែលធ្វើឱ្យអាស៊ានពិបាករកសំឡេងរួមគ្នា ក្នុងការសម្រេចចិត្តទាក់ទងនឹងបញ្ហាសាកល។ ជាឧទាហរណ៍ អាស៊ានបានបរាជ័យជាលើកដំបូងក្នុងការសម្រេចចិត្តជាឯកច្ឆន្ទ ឬកុងសង់ស៊ីស ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៥ នៅទីក្រុងភ្នំពេញ កាលពីឆ្នាំ២០១២ ដោយសារបញ្ហាសមុទ្រចិនខាងត្បូង ។ ៤ឆ្នាំក្រោយមក គឺនៅខែកក្កដា ឆ្នាំ២០១៦ អាស៊ានបានបរាជ័យជាលើកទី២ នៅទីក្រុងវៀងចន្ទ ប្រទេសឡាវ ដោយសាររឿងសមុទ្រចិនខាងត្បូងដដែលនេះ។
ទោះជាយ៉ាងណា ថ្នាក់ដឹកនាំអាស៊ានរំពឹងថា កិច្ចប្រជុំកំពូលលើកទី៣៤ នេះ នឹងឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការជំរុញដំណើរការកសាងសហគមន៍ និងលើកកម្ពស់ភាពជាដៃគូរបស់អាស៊ាន សម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនអាស៊ានទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
