តំណាង​រាស្ត្រ​អូស្ត្រាលី​ជំរុញ​ឲ្យ​កម្ពុជា​ស៊ើប​អង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី

ដោយ តាំង សារ៉ាដា
2016.08.23
ដង្ហែ​សព កែម ឡី ទៅ​តាកែវ ២០១៦ ៨៥៥ ក្បួន​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក​នា​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

តំណាង​រាស្ត្រ​របស់​ប្រទេស​អូស្ត្រាលី ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​មាន​ប្រសិទ្ធភាព​មួយ ដើម្បី​ស្វែងរក​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ សមត្ថកិច្ច​កម្ពុជា អះអាង​ថា គេ​នៅ​មិន​ទាន់​រក​ឃើញ​តម្រុយ​ថ្មី​ទាក់ទង​ករណី​ឃាតកម្ម​នេះ​នៅ​ឡើយ។

តំណាង​រាស្ត្រ​សហព័ន្ធ​ពី​ខាង​គណបក្ស​ពលករ​នៃ​ប្រទេស​អូស្ត្រាលី លោក ម៉ាក់ បាត់លើ (Mark Butler) ក្រៅ​តែ​ពី​ចង់​ឃើញ​សមត្ថកិច្ច​នៃ​ប្រទេស​កម្ពុជា ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី លោក​ក៏​អះអាង​ថា សហគមន៍​អន្តរជាតិ កំពុង​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​លើ​អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ដោយ​ចំហ។

លោក ម៉ាក់ បាត់លើ ថ្លែង​ថា «ឃាតកម្ម​ដ៏​សាហាវ​ឃោរឃៅ​ទៅ​លើ​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បីល្បាញ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា ដែល​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ​នៅ​មិន​ទាន់​អាច​រក​អ្នក​បញ្ជា​ពី​ក្រោយ បាន​នាំ​ឲ្យ​មនុស្ស​ជាច្រើន​ក្នុង​ពិភពលោក​នេះ មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​សុវត្ថិភាព​ក្រុម​គ្រួសារ និង​សមត្ថភាព​នៃ​សកម្មជន និង​អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ​ដោយ​គ្មាន​ការ​គាប​សង្កត់ ឬ​ការ​ធ្វើ​ឃាត»

លោក​បណ្ឌិត កែម ឡី ដែល​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ជា​អ្នក​វិភាគ​ឯករាជ្យ​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កណ្ដាល​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា។ ឃាតកម្ម​នេះ កើត​ឡើង​ក្រោយ​ពេល​លោក​បាន​ចូលរួម​ពិភាក្សា​អំពី​របាយការណ៍ គ្លបល វីនេស (Global Witness) មាន​ចំណង​ជើង​ថា «អធិរាជ​ត្រកូល ហ៊ុន កំពុង​ក្តោប​ក្តាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា​ដោយ​អំពើ​ពុក​រលួយ ការ​រំលោភ​អំណាច និង​ការ​រំលោភ​សិទ្ធិ​មនុស្ស»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​នៅ​មិន​ទាន់​មាន​ជំនឿ​ចំពោះ​ចំណាត់​ការ​របស់​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ​នៅ​ពេល​នេះ ខណៈ​គេ​នៅ​មិន​ទាន់​អាច​បង្ហាញ​តម្រុយ​ថ្មី​ណា​មួយ​អំពី​អ្នក​បញ្ជា​នៅ​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា សមត្ថកិច្ច​ចាប់​បាន​ជន​ដៃ​ដល់​ឈ្មោះ ជួប សម្លាប់ បាន​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ភស្តុតាង​អ្វី​បន្ថែម​នៅ​ឡើយ​ទេ៖ «គាំទ្រ​ហើយ​ចំពោះ​មតិ​ដែល​បាន​លើក​ឡើង​ហ្នឹង គ្រាន់​តែ​យើង​នៅ​មិន​ទាន់​មាន​ជា​សញ្ញា​អ្វី​ទៅ​មុខ​ទៀត។ យើង​បាន​ចាប់​ខ្លួន​ជន​ដៃ​ដល់​ហើយ ហើយ​យើង​នឹង​ធ្វើ​ការ​បន្ថែម​ទៀត»

ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស ជំរុញ​ឲ្យ​សមត្ថកិច្ច​បើក​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​ក្នុង​ហាង​ស្តារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​ចាក់​សាំង​កាល់​តិច (Caltex) ក្បែរ​ស្តុប​បូកគោ ជា​ទី​ដែល​ជន​ដៃ​ដល់​បាញ់​សម្លាប់​លោក កែម ឡី ជា​សាធារណៈ ដើម្បី​បង្ហាញ​ពី​តម្លាភាព​នៃ​ដំណើរ​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច។

មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ជំនឿ​ថា កាមេរ៉ា​សុវត្ថិភាព​នោះ​នឹង​អាច​បង្ហាញ​តម្រុយ​ស៊ើប​អង្កេត​បន្ថែម៖ «គឺ​ករណី​នៃ​ការ​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ករណី​ឃាតកម្ម​ទៅ​លើ​បង​ប្អូន​ជីដូនមួយ​តារា​សម្ដែង​នាង ខៀវ សុខារ៉ាវី ហើយ​កាមេរ៉ា​សុវត្ថិភាព​ហ្នឹង​គឺ​បាន​ដាក់ ហើយ​ឃើញ​ថា​ដូចជា​មិន​ប៉ះពាល់​ដល់​ការងារ​ស៊ើប​អង្កេត​ហ្នឹង​ទេ។ ផ្ទុយ​ទៅ​វិញ​អាច​រក​ឃើញ​ឃាតក​បាន​ភ្លាមៗ»

លោក ខៀវ សុភ័គ អះអាង​ថា កាមេរ៉ា​សុវត្ថិភាព​នោះ​មិន​អាច​បង្ហាញ​ជា​សាធារណៈ​បាន​ទេ លុះត្រា​មេធាវី និង​គ្រួសារ​របស់​លោក កែម ឡី បាន​មើល​ជា​មុន​សិន។ ប៉ុន្តែ​លោក អំ សំអាត អះអាង​ថា ករណី​នេះ​បាន​នាំ​ឲ្យ​ពលរដ្ឋ​មាន​មន្ទិល​សង្ស័យ​កាន់​តែ​ខ្លាំង។ លោក​បន្ត​ថា ដើម្បី​ឲ្យ​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​មាន​តម្លាភាព នោះ​គេ​មិន​ត្រូវ​លាក់​កំបាំង​វីដេអូ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នោះ​ទេ។

របាយការណ៍​នៃ​ការ​កាន់​អំណាច​របស់​លោក ហ៊ុន សែន រយៈពេល ៣០​ឆ្នាំ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៣ បង្ហាញ​ថា ការ​វាយ​ប្រហារ និង​បាញ់​សម្លាប់​ក្រៅ​ច្បាប់​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង និង​សហជីព និង​អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល កើត​មាន​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​អាណត្តិ​ទី​ពីរ​នៃ​រដ្ឋាភិបាល។

អ្នក​ទាំង​នោះ​រួម​មាន សកម្មជន​នយោបាយ សកម្មជន​ការពារ​បរិស្ថាន អ្នក​កាសែត មេ​ដឹកនាំ​កម្មករ សិល្បករ និង​អ្នក​វិភាគ ជាដើម។ រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​ចាប់​អ្នក​បញ្ជា​ពី​ក្រោយ​ឃាតកម្ម​ទាំង​នោះ​យក​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។