សមាជិកសភាអូស្ត្រាលី រម្លឹករបបលោក ហ៊ុន សែន ថា រដ្ឋាភិបាលនៃរបបនេះ មានកាតព្វកិច្ចចាំបាច់ ក្នុងការធ្វើយ៉ាងណា ធានាថា ការវិលត្រឡប់របស់លោក សម រង្ស៊ី ប្រព្រឹត្តទៅដោយសុវត្ថិភាព។ រដ្ឋមន្ត្រីស្រមោលនៃក្រសួងសុខាភិបាលអូស្ត្រាលី លោក គ្រីស្ត បូវ៉ិន (Chris Bowen) តាមរយៈមន្ត្រីខុទ្ទកាល័យរបស់លោក គឺលោក ថំម៉ាស់ ម៉ាកគ្រូដិន (Thomas McCrudden) បញ្ជាក់ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិក កាលពីថ្ងៃទី២ ខែកញ្ញា ថាសមាជិកសភាអូស្ត្រាលីរូបនេះ សូមកោតសរសើរភាពក្លាហានរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ក្នុងការប្ដេជ្ញាវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកានោះ។
លោក គ្រីស្ត បូវ៉ិន គឺជាសមាជិកសភាអូស្ត្រាលីមួយរូប ក្នុងចំណោមសមាជិកសភាអូស្ត្រាលី និង សមាជិកព្រឹទ្ធសភាផង ដែលលោក សម រង្ស៊ី បានជួប ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក សម រង្ស៊ី ទៅប្រទេសអូស្ត្រាលី កាលពាក់កណ្តាលខែសីហា រហូតដល់ចុងខែសីហា។
ក្នុងបេសកកម្មកៀរគរ រកការគាំទ្របន្ថែមពីតំណាងរាស្ត្របរទេស ក្នុងការវិលត្រឡប់ទៅកម្ពុជាវិញនេះ លោក សម រង្ស៊ី បានជួបសមាជិកសភាមួយចំនួន របស់ប្រទេសនូវែលហ្សេឡង់ផងដែរ ដែលអ្នកទាំងសុទ្ធតែគាំទ្រជំហរវិលត្រឡប់ទៅកម្ពុជាវិញនេះ។
ជាងនេះទៅទៀត សមាជិកសភានៃសហភាពអឺរ៉ុបជាច្រើនរូប ក៏បានប្រកាសគាំទ្រ និងប្រកាសថានឹងរួមដំណើរជាមួយលោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងដទៃទៀត ទៅកម្ពុជាវិញផងដែរ។អាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបពីមន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន ជុំវិញការលើកឡើងអំពីកាតព្វកិច្ចរបស់របបនេះ ក្នុងការធានាសុវត្ថិភាពរបស់លោក សម រង្ស៊ី។ ប៉ុន្តែ លោក ហ៊ុន សែន បានប្រកាសជាប្រចាំ ថា លោកស្វាគមន៍លោក សម រង្ស៊ី គ្រប់ពេល តែមិនមែនស្វាគមន៍ដោយត្រេកអរទេ គឺស្វាគមន៍ចាប់ដាក់គុក ឱ្យតែលោក សម រង្ស៊ី ជាន់ដីខ្មែរភ្លាម។
គិតត្រឹមថ្ងៃទី៣ ខែកញ្ញា នេះ គឺសល់តែ ៦៧ ថ្ងៃទៀតតែប៉ុណ្ណោះ ដល់ថ្ងៃដែលលោក សម រង្ស៊ី ប្រកាសថា នឹងវិលទៅស្រុកខ្មែរវិញ។ លោក សម រង្ស៊ី ថា បើរបបលោក ហ៊ុន សែន មិនធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងអ្នកគាំទ្របក្សប្រឆាំងទេ លោកថា ពលរដ្ឋខ្មែរ មិនតិចជាងមួយលាននាក់ឡើយ នឹងមកទទួលលោក។ លោកថែមទាំងបបួលលោក ហ៊ុន សែន ភ្នាល់គ្នា បើមានអ្នកចូលរួមគាំទ្រលោកតិចជាងនេះ។ ប៉ុន្តែ លោក ហ៊ុន សែន មិនបានទទួលយកការភ្នាល់នេះទេ។ ផ្ទុយទៅវិញលោក ហ៊ុន សែន ដែលជាបុរសខ្លាំងខាងអំពើហិង្សា បែរជាភ្នាល់ថា លោកនឹងចាប់លោក សម រង្ស៊ី ឱ្យបានក្នុងរយៈពេល ២៤ ម៉ោង បើលោក សម រង្ស៊ី ត្រឡប់ទៅស្រុកខ្មែរនៅថ្ងៃទី ៩ ខែ វិច្ឆិកានោះមែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។