អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ប៊ូ ថង ដែលអ្នកតស៊ូជំនាន់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងជាមន្ត្រីជើងចាស់របស់គណបក្សប្រជាជនកម្ពុជា ទទួលមរណភាពនៅថ្ងៃទី១២ ខែកញ្ញា នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងអាយុ ៨២ឆ្នាំ ដោយរោគាពាធ។
ក្នុងសាររំលែកទុក្ខក្រុមគ្រួសារលោក ប៊ូ ថង រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានរៀបរាប់ថា លោកចងចាំគំរូវីរភាពរបស់លោក ប៊ូ ថង ដែលលោកចាត់ទុកថា មានគុណបំណាច់ចំពោះជាតិ។
លោក ប៊ូ ថង ជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អតីតសមាជិករដ្ឋសភា និងព្រឹទ្ធសភា និងជាទីប្រឹក្សាប្រធានព្រឹទ្ធសភា។
លោក ប៊ូ ថង កើតនៅភូមិកាចូន ឃុំកាចូន ស្រុកវ៉ឺនសៃ ខេត្តរតនគិរី សពរបស់លោកត្រូវបានតម្កល់ធ្វើបុណ្យនៅក្រុងបានលុង ខេត្តរតនគិរី។
លោក ប៊ូ ថង ជាមេដឹកនាំតស៊ូម្នាក់ក្នុងជួរគណបក្សប្រជាជនកម្ពុជាប្រឆាំងរបបខ្មែរក្រហម នៅភូមិភាគឦសាន។ សព្វថ្ងៃកូនប្រុសរបស់លោកម្នាក់ធ្វើអភិបាលខេត្តរតនគិរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។