ចំណុច​ខ្វែង​គំនិត​គ្នា និង​គន្លឹះ​រួមគ្នា​វិញ​របស់​សង្គ្រោះជាតិ

ដោយ ខែ សុណង
2020-10-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ឆ្វេង) លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
(ឆ្វេង) លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
រូប៖ RFA

អ្នកវិភាគ​លើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​ឡើង​ដោយ​ការ​ចង​សម្ព័ន្ធភាព​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ប៉ុន្តែ​សម្ពន្ធភាព​នេះ ហាក់​ចាប់ផ្ដើម​ខ្វែងគំនិត​គ្នា​បន្តិច ម្តងៗ ក្រោយ​ពេល​របប​ក្រុងភ្នំពេញ រំលាយ​គណបក្ស​នេះ​ចោល​ទាំង​ខុសច្បាប់ កាលពី​ចុង​ឆ្នាំ​២០១៧​។ បច្ចុប្បន្ន​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ទាំងពីរ​ក្រុម បាន​ចាប់ផ្តើម​ទទួលស្គាល់​ពី​ការ​ខ្វែង​គំនិត និង​របៀប​ធ្វើ​នយោបាយ​ផ្សេងគ្នា ប៉ុន្តែ​ពួកគេ នៅតែ​អះអាង​ថា មិនទាន់​ដល់​កម្រិត​បែកបាក់​គ្នា​នៅឡើយ ហើយ​នៅតែ​រឹងមាំ​ដដែល​។ តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​នាំ​ឲ្យ​មាន​ភាព​ប្រេះស្រាំ​ផ្ទៃក្នុង​បក្ស និង​មាន​គន្លឹះ​អ្វីខ្លះ​ដែល​អាច​ឲ្យ​គណបក្សប្រឆាំង​ដ៏​មាន​ឥទ្ធិពល​ក្នុង​ការ​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​មួយ​នេះ អាច​រួមគ្នា​ឡើងវិញ ដើម្បី​តស៊ូ​ទាមទារ​សិទ្ធិ​នយោបាយ ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ឆាក​នយោបាយ​កម្ពុជា​តទៅ​ទៀត?

មេដឹកនាំ​សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ​រូប​គឺ​លោក សម រង្ស៊ី និង លោក កឹម សុខា នៅ​មិន​ទាន់​ប្រកាស​ចេញពី​មាត់​រៀងៗ​ខ្លួន​ថា ភាគី​ណា​សុំ​បែកផ្លូវ​មុន​នោះ​ទេ ហើយ​ជា​ញឹកញយ​ភាគី​ក្រុម​លោក សម រង្ស៊ី ដែល​នៅ​ក្រៅ​ប្រទេស​តែង​ប្រកាស​ថា សម រង្សី និង កឹម សុខា ជា​មនុស្ស​តែមួយ​ដដែល ខណៈ​ក្រុម​លោក កឹម សុខា ដែល​នៅ​ក្នុង​ប្រទេស រក្សា​ភាព​ស្ងៀមស្ងាត់ ដោយសារ​បម្រាម​របស់​តុលាការ​នៃ​របប​លោក ហ៊ុន សែន។

ទោះជា​បែបនេះ​ក្តី គេ​សង្កេត​ឃើញ​ថា មាន​សកម្មជន​មូលដ្ឋាន រហូតដល់​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ដែល​ស្ម័គ្រស្មោះ​ជាមួយ​លោក សម រង្ស៊ី និង​ម្ខាង​ទៀត​ស្មោះស្ម័គ្រ​ជាមួយ លោក កឹម សុខា កំពុងបង្ហាញ​រូបភាព​នៃ​ការ​មិន​ចុះសម្រុង​គ្នា​លើ​ចំណុច​មួយ​ចំនួន តាមរយៈ​ការវាយប្រហារ​ដោយ​ពាក្យ​សម្តី​ធ្ងន់ធ្ងរ​ទៅវិញទៅមក​ជា​ចំហ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​កំពុង​ដើរ​តាម​លោក កឹម សុខា គឺ​លោក មាជ សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ថ្វី​ដ្បិត​មន្ត្រី​បក្ស​មានការ​ខ្វែងគំនិត​គ្នា​ខ្លះ ប៉ុន្តែ​ពួកគេ​មិនមែន​យកគ្នា ជា​សត្រូវ​ហើយ​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បែក​គ្នា​ជា​ពីរ​ផ្នែក​នោះ​ទេ​។ លោក​បន្ត​ថា ការ​ខ្វែងគំនិត​គ្នា​នេះ បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន ដូចជា​ក្រុម​លោក សម រង្ស៊ី ដែល​សំអាង​លើ​សំឡេង​គាំទ្រ​ភាគ​ច្រើន ចេះតែ​បង្កើត​ចលនា​ផ្សេងៗ​ដោយ​មិន​ខ្វល់​អំពី​ការ​ឯកភាព​ពី​ក្រុម​លោក កឹម សុខា និង​ថែមទាំង​មិន​បាន​ប្រើប្រាស់ និង​គោរព​អនុវត្ត​តាម​គោលការណ៍​និង​យន្តការ​គណបក្ស​ដែល​មាន​ស្រាប់​ក្នុង​ការ​រៀបចំ​យុទ្ធ​សាស្ត្រា​ជា​បន្តបន្ទាប់ ដើម្បី​តស៊ូ​ទាមទារ​គណបក្ស​មកវិញ​តាម​របៀប​ការ​ទូត និង​របៀប​បាតុកម្ម​អហិង្សា​ជាដើម​៖ «ខ្ញុំ​អត់​មាន​គិត​ថា ទៅ​បង្កើត​នូវ​២​ធ្នូ​អហិង្សា បង្កើត​ជា​ចលនា​សង្គ្រោះ​ជាតិ បន្ទាប់មក​បង្កើត​ជា​CNRPO អី​គឺ​ខ្ញុំ​អត់​មាន​ដាក់​កំហុស​ទេ ប៉ុន្តែ​គ្រាន់តែ​យើង​ធ្វើ អ្វីៗ​ត្រូវ​ឯកភាព​គ្នា​ពី​បក្ស​ទាំងពីរ គឺ​បក្ស សម រង្ស៊ី និង​បក្ស​សិទ្ធិមនុស្ស តែ​កន្លងមក​យើង​ធ្វើ​អ្វីៗ យើង​ចូលចិត្ត​តែ​យក​ឥទ្ធិពល​នៃ​កម្លាំង ដែល​កម្លាំង​ម្ខាង​ធំ​ហើយ​នៅ​ក្រៅ​ប្រទេស គេ​គាំទ្រ​អញ​ច្រើន ដូច្នេះ​កម្លាំង​ភាគតិច​ត្រូវតែ​ស្ដាប់​អញ គឺ​ធ្វើ​អ៊ីចឹង​គេ​ហៅថា អត្តនោម័តិ​ហើយ​ដោយ​សារ​អត់​ឯកច្ឆន្ទ​នៃ​មតិ​ភាគតិច និង​ភាគច្រើន»

អតីត​អ្នក​ទោស​នយោបាយ​រូប​នេះ បន្ត​ថា អ្នក​ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា និង​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង​បក្ស​ឡើងវិញ គឺ​មាន​តែ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៨ ដែល​មាន​សមាសភាព លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ កញ្ញា កឹម មនោវិទ្យា និង​លោក យ៉ែម បុញ្ញឫទ្ធិ ជាដើម​។ លោក មា​ជ សុវណ្ណារ៉ា បញ្ជាក់​ថា សម្រាប់​លោក កឹម សុខា វិញ មិន​អាច​ផ្ញើ​សារ​ឲ្យ​សកម្មជន និង​មន្ត្រី​គ្រប់​ជាន់​ថ្នាក់ បញ្ឈប់​សកម្មភាព​ហែកហួរ​គ្នា លាប​ពណ៌​គ្នា​បាន​នោះ​ទេ ព្រោះ​លោក​កំពុង​រួបរឹត​ដោយ​បម្រាម នយោបាយ​។ លោក​ព្រួយបារម្ភ​ថា ចំណុច​ខ្វែងគំនិត​គ្នា​ទាំងនេះ ប្រសិនបើ​គ្មាន​ដំណោះស្រាយ​នោះ​ទេ នឹង​ក្លាយ​ជា​បញ្ហា​ធំ ឬ​អាច​ឈាន​ដល់​ការ​បែកបាក់​គ្នា​៖ «គឺ​ធ្វើ​យ៉ាងម៉េច​ដាក់​កម្រិត​បទបញ្ជាផ្ទៃក្នុង​នៃ​សកម្មជន​ក្នុង​បក្ស និង​កម្រិត​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដូច​នៅ​ក្រៅ​ប្រទេស​ថា តើ​យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ប្រសិទ្ធភាព នៃ​របៀប​វិន័យ​ជា​បក្សធំ​ដែល​មាន​សក្ដានុពល​ស្មើនឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ តើ​យើង​ត្រូវ​ធ្វើ​យ៉ាងម៉េច ។ អីចឹង​ហើយ​ដោយ​សារ​យើង​អនាធិបតេយ្យ បែងចែក និន្នាការ​ខាង​លោក សម រង្ស៊ី ខាង​លោក កឹម សុខា ធ្វើ​ឲ្យ​វិន័យ​នៃ​បក្ស​នេះ អ្នកណា​ក៏​និយាយ​បាន គ្មាន​អ្នកនាំពាក្យ​ណា​ពិតប្រាកដ ហើយ​អ្នក​នេះ​ក៏​ថា ខ្លួន​ជា​សកម្មជន​ស្រលាញ់​ជាតិ​ដែរ ហើយ​អ្នកណា​ដែល​មិន​ពេញចិត្ត​ខ្លួន ក្រុម​ខ្លួន បក្ស​ខ្លួន ចោទ​អ្នកនោះ​ថា ក្បត់​ជាតិ លក់​ក្បាល លក់ខ្លួន ការ​លាប​ពណ៌​បែបនេះ គឺ​ខ្ញុំ​មើល​ឃើញ​ថា នៅ​តែ​មាន​ភាព​រញ៉េរញ៉ៃ»

ទាក់ទង​នឹង​បញ្ហា​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស លោក អេង ឆៃអ៊ាង លើក​ឡើង​ថា មក​ដល់​ពេល​នេះ លោក សម រង្ស៊ី និង កឹម សុខា នៅតែ​ជា​មនុស្ស​តែមួយ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ខ្លាំង និង​រឹងមាំ​ដដែល ដូច្នេះ​ហើយ​ទើប​លោក ហ៊ុន សែន មិន​អនុញ្ញាត​ឲ្យ​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ និង​បន្ត​ធ្វើទុក្ខបុកម្នេញ ព្រមទាំង​អូសទាញ​សកម្មជន​និង​ថ្នាក់ដឹកនាំ​សង្គ្រោះ​ជាតិ​គ្រប់​បែប​យ៉ាង​។ លោក​អះអាង​ថា អ្នក​ស្រលាញ់​ជាតិ និង​មាន​បេះដូង​សង្គ្រោះ​ជាតិ​ពិតប្រាកដ កំពុង​ប្រើប្រាស់​ពេលវេលា និង​កម្លាំងកាយ​កម្លាំង​ប្រាជ្ញា ដើម្បី​តតាំង​ជាមួយ​របប​លោក ហ៊ុន សែន ហើយ​គ្មាន​ពេលវេលា​ឈ្លោះ​ឆ្លើយឆ្លង និង​បន្ទោស​ជនរងគ្រោះ​គ្នាឯង​នោះ​ទេ​។ លោក​ចាត់ទុក​ថា ចំពោះ​អ្នក​ដែល​ពាក់អាវ​សង្គ្រោះ​ជាតិ តែ​ខ្វាយខ្វល់​តែ​រឿង​ជេរប្រមាថ​គ្នា​នោះ គឺជា​ក្រុម​វង្វែង​សមរភូមិ និង​មិនមែន​ជា​អ្នក​សង្គ្រោះ​ជាតិ​ពិតប្រាកដ​នោះ​ទេ​៖ «ពួក​មនុស្ស​ខ្លះ​ចង់​បាន​ប្រយោជន៍​ពី​របប​លោក​ហ៊ុន សែន ដែល​ខ្លួនឯង​ពាក់អាវ​សង្គ្រោះ​ជាតិ ប៉ុន្តែ​បេះដូង​ខ្លួនឯង​ប្រែប្រួល​អស់ហើយ ដូច្នេះ​ហើយ​បាន​និយាយ ស្តី​មិន​ដឹង​ខ្យល់ និយាយ​ស្តី​ឲ្យ​ផល​ប្រយោជន៍ ហ៊ុន សែន បាន​ន័យ​ថា ហ៊ុច​ដង​ដាវ​ឲ្យ​ហ៊ុន សែន ចាក់​សង្គ្រោះ​ជាតិ ប៉ុន្តែ​ចាក់​វា​មិន​ស្លាប់​ទេ ព្រោះ​សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែមួយ​។ ខ្ញុំ​ឃើញ​គេ​និយាយ​ពី​រឿង​បែកបាក់​គ្នា ខ្ញុំ​ចេះតែ​អស់​សំណើច គេ​មិនមែន​មើល​ពួក​កូនក្មេង​ខាំ​គ្នា ឈ្លោះ​គ្នា​ឯណា បើ​គ្រួសារ​នេះ​បែកបាក់​គ្នា ទាល់តែ​ឪពុកម្ដាយ​នៃ​គ្រួសារ​ទាំងពីរ​នេះ លែងលះ​គ្នា ឬ​ឈ្លោះប្រកែក​គ្នា​។ រឿង​សំខាន់​សកម្មភាព​តស៊ូ​ក្នុង​ស្ថានភាព​មួយ​ដែល​របប​លោក ហ៊ុន សែន មិន​អនុញ្ញាត​ឲ្យ​យើង​តតាំង​ជាមួយ​គាត់​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ការ​បង្កើត​ចលនា ផ្សេងៗ​ដើម្បី​តស៊ូ​ជាមួយ​ជន​ផ្ដាច់ការ គឺ​វា​ជា​រឿង​ចាំបាច់»

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ អំពាវនាវ​ឲ្យ​សកម្មជន និង​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ទាំង​អស់​កុំ​ទាស់​គ្នា កុំ​វង្វេង​សមរភូមិ ហើយ​ត្រូវ​ស្គាល់​គូ​បដិបក្ខ​ឲ្យ​បាន​ច្បាស់ នោះ​គឺ​គណបក្ស​កាន់អំណាច​តែមួយគត់ ដូច្នេះ​មិនមែន​គ្នាឯង មិនមែន​អ្នកវិភាគ និង​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ​។ លោក​យល់​ថា ការវាយប្រហារ​គ្នាឯង ទោះបីជា​ឈ្នះ សម រង្ស៊ី ក្តី ឬ​ឈ្នះ​លោក កឹម សុខា គឺ​គ្មាន​បាន​ប្រយោជន៍​អ្វី​ទាំងអស់​៖ «​ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន​នេះ លោក ហ៊ុន សែន បាន​សម្លាប់​ប្រជាធិបតេយ្យ​បាត់​ហើយ លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស​រាល់​ថ្ងៃ លោក ហ៊ុន សែន ចាប់ខ្លួន​មនុស្ស​រាល់ថ្ងៃ ដូច្នេះ​យើង​មិន​ត្រូវ​ដាក់​បន្ទុក​ជនរង​គ្រោះ​ទេ យើង​ត្រូវតែ​ដាក់​បន្ទុក​ទៅ​លើ​ជនល្មើស ជន​ដែល​ធ្វើបាប​គេ ដូច​ចោរប្លន់​ផ្ទះ​គេ ហើយ​យើង​ទៅ​បន្ទោស​ម្ចាស់ផ្ទះ​ថា មក​ពី​មិន​បាន​បិទទ្វារ ទើប​ចោរ​ប្លន់ គឺ​មិនមែន​អ៊ីចឹង​ទេ គឺ​យើង​ត្រូវ​នាំគ្នា​វៃ​ចោរ ថ្កោលទោស​ចោរ និង​ចាប់​ចោរ ដូច្នេះ​ត្រូវតែ​ច្បាស់​ក្នុង​រឿង​នេះ ហើយ​អ្នក​ច្បាស់​ក្នុង​រឿង​ហ្នឹង ទើប​ជាស​ង្គ្រោះ​ជាតិ​ពិតប្រាកដ ប៉ុន្តែ​អ្នក​ដែល​ថា​ខ្លួនឯង​សង្គ្រោះ​ជាតិ ហើយ​អត់​ឃើញ​ធ្វើការ​ប្រយុទ្ធ​តតាំង​ជាមួយ​ជន​ផ្ដាច់ការ ហើយ​មក​ប្រយុទ្ធ​តតាំង​ជាមួយ​អ្នក​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជន​ផ្ដាច់ការ គឺ​អាហ្នឹង​ជា​ក្រុម​ជន​ផ្ដាច់ការ​ហើយ ដូច្នេះ​មិន​ចាំបាច់​ខ្ញុំ​អំពាវនាវ​ទៀត​ទេ ព្រោះ​ទោះបីជា​ខ្ញុំ​ចង់​និយាយ​សារ​យ៉ាងម៉េច​ក៏​អត់​មានន័យ​ដែរ»

ក្រុម​អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​មួយ​ចំនួន វាយតម្លៃ​ថា ទោះបីជា​របប​ក្រុងភ្នំពេញ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង ក្នុង​ឆាក​នយោបាយ​ជិត​៣​ឆ្នាំ ហើយ​ក្តី ប៉ុន្តែ​គណបក្ស​មួយ​នេះ នៅតែ​មាន​ស្រមោល​ជា​គណបក្សប្រឆាំង​ដ៏​មាន​ឥទ្ធិពល​ក្នុង​ឆាក​នយោបាយ​កម្ពុជា​ដដែល។

អ្នកវិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ថា លោក​មិនទាន់​មើល​ឃើញ​ថា នេះ​ជា​ដំណាក់កាល​នៃ​ការ​បែកបាក់​គ្នា​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា នោះ​ទេ​។ លោក បន្ត​ថា ប្រជាប្រិយភាព​របស់​មេ​បក្ស​ប្រឆាំង​ទាំងពីរ នៅតែ​ខ្លាំង​ជាពិសេស​ប្រជាប្រិយភាព លោក សម រង្ស៊ី ហើយ ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ​និង​ស្មារតី​ផ្លាស់ប្ដូរ នៅតែ​ដក​ជាប់​ក្នុង​ចិត្តគំនិត​របស់​ប្រជា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​។ ទោះជា​យ៉ាងណា លោក​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គួរតែ​តែ​មាន​គំនិត​ថ្មី និង​ធ្វើ​អ្វី​ថ្មី​សម្រាប់​អ្នកគាំទ្រ​៖ «​យើង​មាន​បទពិសោធន៍​ជាមួយគ្នា​ស្រាប់ គួរតែ​រក​មធ្យោបាយ​ដោះស្រាយ​ជម្លោះ​ហើយ​កុំ​ថា​បែកបាក់​គ្នា​អី រួបរួម​គ្នា​ទៅ​ហើយ​រៀបចំ​ជើង​ព្រួល​ដើម្បី​រៀង​ចំ​ប្រឡូក សកម្ម​ក្នុង​ការ​ប្រកួត​ប្រជែង​យក​អំណាច​ពី​ប្រជាពលរដ្ឋ​ដើម្បី​ទៅ​គ្រប់​គ្រង​ប្រទេស​។ ស្មារតី​ផ្លាស់ប្ដូរ​ហើយ​គំនិត​ធំៗ​ស្នូល​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ វា​នៅ​ដិត​ជាប់​ក្នុង​អារម្មណ៍​បេះដូង របស់​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន ដូច្នេះ​ហើយ​ទើប​មាន​វិធានការ​ចេះតែ​បង្ក្រាប ចេះតែ​អីចឹង​ទៅ ដើម្បី​កុំ​ឲ្យ​ស្មារតី និង​គំនិត​ហ្នឹង​វា​លេចចេញ​ជា​សកម្មភាព​ជាក់ស្ដែង រូបរាង​ជា​សកម្មជន​អីចឹង​ទៅ»

ចំណែក​អ្នកវិភាគ​នយោបាយ​មួយ​រូប​ទៀត​គឺ​លោក គឹម សុខ មាន​ទស្សនៈ​ថា ក្រុម​លោក សម រង្ស៊ី និង​ក្រុម​លោក កឹម សុខា មាន​កំហុស​ដូចគ្នា មាន​សក្ដានុពល​ដូចគ្នា និង​មាន​គោលដៅ​ស្ដារ​លទ្ធិ ប្រជាធិបតេយ្យ​ដូចគ្នា ហើយ​ប្រជាពលរដ្ឋ ចង់​ឃើញ​ក្រុម​ទាំងពីរ​នេះ បន្ត​ចង​សម្ពន្ធភាព​គ្នា និង​ធ្វើការ​រួមគ្នា ដើម្បី​សម្រេច​គោលដៅ​ផ្លាស់ប្ដូរ​ប្រទេស​កម្ពុជា​ទៅកាន់​ប្រជាធិបតេយ្យ​ឡើងវិញ​។ លោក បន្ថែម​ថា ប្រសិនបើ​អ្នក​ប្រជាធិបតេយ្យ​ទាំងពីរ​ក្រុម បន្ត​ហែកហួរ​គ្នា​គ្មាន​ទី​បញ្ចប់​ឈាន​ដល់​ចែក​ផ្លូវ​គ្នា​នោះ គឺ​កាន់តែ​ធ្វើ​អំណាច​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន កាន់តែ​រឹងមាំ​ទៅវិញ​ទេ​៖ «ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ឥទ្ធិពល​ទាំងពីរ​នេះ ដឹង​ដូចគ្នា​ដឹង​ថា ទាល់តែ​ធ្វើការ​រួមគ្នា​ទើប​អាច​នាំ​ការ​ផ្លាស់ប្ដូរ​ប្រទេស​កម្ពុជា ទៅកាន់​ប្រជាធិបតេយ្យ ក្នុង​សេចក្ដី​សង្ឃឹម​រយៈពេល​ឆាប់​បាន បើ​មិន​ដូច្នេះ​ទេ របៀប​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន នៅតែ​បន្ត​យូរអង្វែង​អាច​នឹង​ដល់​ត​ត្រកូល​របស់​គាត់​ថែម​ទៀត​ផង»

កាលពី​ជិត​ជិត ៣​ឆ្នាំមុន តុលាការ​កំពូល បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល និង​បាន​ហាម​ថ្នាក់ ដឹកនាំ ១១៨​រូប​នៃ​គណបក្ស​នេះ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។ នៅមុន​ការ​រំលាយ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​អាសនៈ ៥៥​ក្នុង​រដ្ឋសភា និង​ទទួល​បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ប្រមាណ​ជា ៥​ពាន់ ដែល​ស្ទើរតែ​ប្រហាក់ ប្រហែល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​។ គិត​ចាប់តាំង​ពី​របប​ក្រុងភ្នំពេញ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​រហូតដល់​ខែ​តុលា ឆ្នាំ​២០២០ នេះ មាន​មន្ត្រី​ជាន់ខ្ពស់​តែ ១២​នាក់​ប៉ុណ្ណោះ ក្នុងចំណោម ១១៨​នាក់ បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។ ចំណែក ក្រុ​មប្រឹក្សាឃុំ​សង្កាត់​ជាប់ឆ្នោត​ទាំង ៥០០៧​នាក់​នោះ​វិញ មាន​តែ​ប្រមាណ ២០% ប៉ុណ្ណោះ ដែល​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​តួនាទី​របស់​ខ្លួន ក្រោយ​មាន​អូសទាញ​និង​ការ​ធ្វើទុក្ខបុកម្នេញ​ឥត​ឈប់ឈរ​ពី​សំណាក់​អាជ្ញាធរ របប​ក្រុងភ្នំពេញ។

អ្នកវិភាគ​នយោបាយ បន្ត​ថា ប្រសិនបើ​សម្ពន្ធភាព​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅតែ​គង់វង្ស ហើយ​បន្ត​សកម្មភាព​នយោបាយ​ស្រុះគ្នា​កាន់តែ​ខ្លាំង បូករួម​ទាំង​សហគមន៍ អន្តរជាតិ កំពុង​ដាក់​សម្ពាធ​ជា​បន្តបន្ទាប់​ផង​នោះ អាច​ជំរុញ​ឲ្យ​គណបក្ស​កាន់អំណាច បន្ទន់​ឥរិយាបថ​ដោះស្រាយ​វិបត្តិ​នយោបាយ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​នេះ ត្រូវ​បាន​​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​ថ្មី នៅ​ថ្ងៃ​ទី១២ ខែតុលា ក្នុង​បំណង​កែលម្អ​តុល្យភាព​នៃ​សេចក្ដីរាយការណ៍។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល