មន្ត្រី​បក្ស​ប្រឆាំង​ថា របប​ក្រុងភ្នំពេញ​បង្ក្រាប​អ្នក​រិះគន់​ខ្លាំង​ជាង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-១៩

ដោយ សុជីវី
2020-04-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ន ផល្លា (ដៃ​ប្រឡាក់​ទឹក​ថ្នាំ) ដែល​បាន​សាកល្បង​ជ្រលក់​ម្រាម​ដៃ​ចូល​ទឹក​ខ្មៅ​លាង​មិន​ជ្រះ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។
តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ន ផល្លា (ដៃ​ប្រឡាក់​ទឹក​ថ្នាំ) ដែល​បាន​សាកល្បង​ជ្រលក់​ម្រាម​ដៃ​ចូល​ទឹក​ខ្មៅ​លាង​មិន​ជ្រះ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA/Brach Chev

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​រិះគន់​ថា របប​លោក ហ៊ុន សែន កំពុង​និយាយ​ផ្សេង​ធ្វើ​ផ្សឹង​ទាក់ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩​។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​ក្រោយពេល​ថ្នាក់ដឹកនាំ​មួយ​រូប​នៃ​របប​ក្រុងភ្នំពេញ ស្នើ​ឱ្យ​ពលរដ្ឋ​ទាំងអស់​រួមគ្នា​ជា​ធ្លុង​មួយ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-១៩ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស លោក ម៉ន ផល្លា សង្កេត​ឃើញ​ថា អាជ្ញាធរ​របប​ក្រុងភ្នំពេញ​កំពុង​បង្កើន​ការ​បង្ក្រាប​លើ​សំឡេង​រិះគន់ និង​សំឡេង​ប្រឆាំង ខ្លាំង​ជាង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-១៩ ទៅទៀត​។ លោក​ថា អំឡុង​ការ​រាតត្បាត​នៃ​ជំងឺ​រលាក​សួត​ថ្មី​នេះ អាជ្ញាធរ​បាន​ចាប់ខ្លួន​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ដោយ​គ្រាន់តែ​ពួកគាត់​បញ្ចេញ​ទុក្ខ​កង្វល់​អំពី​ជំងឺ​ថ្មី​នេះ​។ ចំណែក សកម្មជន​គណបក្ស​សង្គ្រោះជាតិ​វិញ លោក​ថា ពួកគាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ផង ក៏​អាជ្ញាធរ​លោក ហ៊ុន សែន ចាប់​ពួកគាត់​ដាក់គុក​ដែរ ក្រោម​បទ​ចោទ​រួមគំនិត​ក្បត់ជាតិ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាដើម៖ «គាត់​គ្រាន់តែ​លើក​ឱ្យ​បាន​មាន​ជា​យោបល់​នៅ​ក្នុង​សារ​បង្ហោះ​ជា​សាធារណៈ តែ​ទង្វើ​គឺ​ផ្ទុយ​ស្រឡះ​។ គាត់​មិន​ធ្វើ​ដូច​អ្វី​ដែល​គាត់​បាន​និយាយ​ទេ គឺ​គាត់​រកតែ​ឱកាស រកតែ​បញ្ហា​ដើម្បី​ចាត់វិធានការ​លើ​ពលរដ្ឋ​ដែល​ហ៊ាន​បញ្ចេញ​មតិ លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លើ​សកម្មជន​អង្គការ​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន​ដែល​ហ៊ាន​សរសេរ ហ៊ាន​និយាយ​ការ​ពិត​ពាក់ព័ន្ធ​នឹង​បញ្ហា​កើតឡើង​នៅ​ក្នុង​សង្គម»

រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​២៣ មេសា ថា នៅ​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​រង​ការ​គំរាមកំហែង​ពី​ជំងឺ​កូវីដ-១៩ យើង​ត្រូវ​រួបរួម​គ្នា​ជា​ធ្លុង​មួយ លះបង់​កម្លាំងកាយ​ចិត្ត​ដើម្បី​ការពារ​ជាតិ និង​អាយុជីវិត​ប្រជាជន ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។

ទោះជា​យ៉ាងណា លោក ម៉ន ផល្លា ថ្លែង​ថា ប្រសិនបើ​ថ្នាក់ដឹកនាំ​របប​ក្រុងភ្នំពេញ​មាន​សុឆន្ទៈ​ធ្វើ​បែប​នេះ​មែន នោះ​គឺ​ត្រូវតែ​បញ្ឈប់​ការ​ចាប់ចង​សកម្មជន​គណបក្សប្រឆាំង ប្រជាពលរដ្ឋ និង​អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ជាបន្ទាន់។

អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​រក​ឃើញ​ថា ចាប់​តាំង​ពី​ជំងឺ​កូវីដ​-១៩ បាន​ផ្ទុះឡើង​នៅ​កម្ពុជា​តាំងពី​ខែ​មករា រហូតដល់​ថ្ងៃ​ទី​២២ មេសា អាជ្ញាធរ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ៣០​នាក់​ហើយ ក្នុង​នោះ ១៦​នាក់ ត្រូវ​បាន​ដោះលែង​វិញ​ក្រោយ​ធ្វើ​កិច្ចសន្យា ប៉ុន្តែ​១៤ នាក់​ទៀត ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​។ ក្នុង​ចំណោម​មនុស្ស​១៤ នាក់​នោះ មាន ១១​នាក់ គឺជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ។

អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ឱ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ជាថ្មី​នេះ គឺ​ដោយសារ​ពួកគេ​បន្ត​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល៖ «អតីត​បក្ស​ប្រឆាំង ត្រូវ​បាន​រំលាយ ដោយ​តុលាការ​កំពូល​ហើយ​។ អ៊ីចឹង​ទៅ ជា​ខ្មោច​ដែល​ខុសច្បាប់ ហើយ​អ្នក​ដែល​គាំទ្រ​អ្នក​ខុសច្បាប់ អ្នក​ហ្នឹង​ក៏​ខុសច្បាប់​ដែរ​។ បើ​បងប្អូន​នៅ​ក្នុង​ស្រុក​ក្តី និង​នៅ​ក្រៅ​ក្តី ឈប់​ធ្វើ​សកម្មភាព គ្មាន​អ្នក​រុកកួន​អី​គាត់ វា​អត់​ទេ​។ វា​ខូច​តែ​គាត់​ធ្វើ​សកម្មភាព»

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក មើល​ឃើញថា រដ្ឋាភិបាល​បាន​ឆក់​ឱកាស​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នេះ ដើម្បី​បង្ក្រាប​ក្រុម​អ្នកប្រឆាំង និង​អ្នក​ហ៊ាន​បញ្ចេញមតិ​រិះគន់​ជា​ថ្មី​ទៀត​។ លោក​យល់ថា នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ រដ្ឋាភិបាល​គួរតែ​បញ្ឈប់​ទង្វើ​យាយី​នេះ​បន្ទាន់ ហើយ​ងាក​មក​ផ្តោត​អាទិភាព​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ និង​ស្ដារ​ស្ថានការណ៍​នយោបាយ​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ៖ «រដ្ឋាភិបាល​គួរតែ​ចូលរួម​នៅ​ក្នុង​ការ​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ ជាពិសេស​គឺ​ឱ្យ​សកម្មជន​នយោបាយ​ដែល​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​ហ្នឹង​វិលត្រឡប់​ចូល​ស្រុក​វិញ ហើយ​បញ្ឈប់​ការ​ចាប់ចង​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស ហើយ​និង​ការ​គំរាមកំហែង​ទៅលើ​អង្គការ​សង្គម​ស៊ីវិល​ដែល​គ្រាន់តែ​ផ្តល់​មតិ​ដើម្បី​បង្ហាញ​ផ្លូវ​ទៅ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ដែល​កំពុងតែ​កើតឡើង»

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​វាយ​តម្លៃ​ថា ក្រៅ​ពី​ការប្រើប្រាស់​វិបត្តិ​ជំងឺ​កូវីដ-១៩ ដើម្បី​បង្ក្រាប​សំឡេង​ប្រឆាំង និង​សំឡេង​រិះគន់​ហើយ របប​ក្រុង​ភ្នំពេញ​ក៏​បាន​ឆ្លៀតឱកាស​នេះ​ធ្វើ​ច្បាប់​ពង្រឹង​អំណាច​ឱ្យ​លោក ហ៊ុន សែន ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល