ក្រុមនិស្សិត ព្រះសង្ឃ និងសកម្មជនយោបាយសង្កេតឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានអនុវត្តតាមការសន្យាកន្លងមកនោះទេ ដោយរបបរបស់លោកនៅតែតាមធ្វើទុក្ខបុកម្នេញសកម្មជនគណបក្សសង្គ្រោះជាតិដដែល។ ពួកគេថា សិទ្ធិសេរីភាពរបស់ពលរដ្ឋកំពុងឋិតក្នុងភាពផុយស្រួល និងប្រឈមការចាប់ចងគ្រប់ពេល ប្រសិនបើពួកគេមានទស្សននយោបាយ ផ្ទុយពីរដ្ឋាភិបាល។
សកម្មជនគណបក្សប្រឆាំង ដែលភៀសខ្លួន ទៅប្រទេសថៃ លោក នាង សុឃុន យល់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រាន់តែជាឆាកល្ខោន ដើម្បីទាក់ទាញ សកម្មជនគណបក្សសង្គ្រោះជាតិ ឱ្យវិលចូលទ្រុងវិញប៉ុណ្ណោះ។ លោកបញ្ជាក់ថា ការអំពាវនាវរបស់លោក ហ៊ុន សែន ពុំមែនធ្វើឡើងដោយចិត្តស្មោះត្រង់ក្នុងស្មារតីបង្រួបបង្រួមជាតិនោះទេ។ «»
កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យដោះលែង និងបញ្ឈប់ការចាប់ចង ឬធ្វើទុក្ខបុកម្នេញ លើអ្នកទោសនយោបាយ ដែលត្រូវរងការបង្ក្រាបក្នុងអំឡុងពេលយុទ្ធនាការ ធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កន្លងមក។
លោកអះអាងថា ការដោះលែង និងបញ្ឈប់ការចាប់ចងនេះ ដោយសារលោកពិភាក្សាជាមួយ លោក ស ខេង ហើយយល់ថា អ្នកគាំទ្របក្សប្រឆាំងទាំងនោះ ជាអ្នកចាញ់បោកក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលរុញច្រានឱ្យពលរដ្ឋរងទុក្ខទោសជំនួសខ្លួន និងយល់ថា ផែនការធ្វើរដ្ឋប្រហារនៅថ្ងៃទី៩ វិច្ឆិកា ទទួលបរាជ័យ៖ «ខ្ញុំព្រះករុណាខ្ញុំអំពាវនាវ ឱ្យមនុស្សទាំងអស់ ដែលកំពុងរត់គេចខ្លួន ត្រឡប់មកភូមិកំណើតវិញ កុំលាក់ខ្លួននៅកន្លែងនេះ និងលាក់ខ្លួននៅកន្លែងនោះ តទៅទៀត ហើយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ជាពិសេសនគរបាល និងអាវុធហត្ថ ក៏ដូចជា មន្ត្រីនៅមូលដ្ឋានទាំងអស់ កុំធ្វើអីឱ្យសោះ ហើយគេមកផ្ទះយ៉ាងស្រួល ហើយរាប់អានគ្នាទៅ ធ្វើការជាមួយគ្នាទៅ»។
ការលើកឡើងរបស់ លោក ហ៊ុន សែន បែបនេះ ញ៉ាំងឱ្យសកម្មជនគណបក្សប្រឆាំង និងអ្នកគាំទ្របក្សប្រឆាំងមួយចំនួន ដែលភៀសខ្លួនទៅក្រៅប្រទេស សប្បាយចិត្ត រហូតមានអ្នកខ្លះ នាំគ្នាវិលទៅស្រុកកំណើតរៀងៗខ្លួន ដោយរំពឹងថា អាចនឹងរួចផុតពីការយាយី។ ក៏ប៉ុន្តែធាតុពិតពុំដូច្នេះទេ នៅគ្រាដែលផ្ទុះជំងឺកូវីដ-១៩ ហើយអាជ្ញាធរថៃ បិទព្រំដែនគ្រប់ច្រក បែររដ្ឋាភិបាលកម្ពុជាឆក់ឱកាសនេះ ចាប់ខ្លួនសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់ កើនដល់ចំនួន ១២នាក់ ហើយគិតត្រឹមថ្ងៃទី២២ មេសា។
និស្សិតមួយរូប នៅខេត្តកំពង់ចាម កញ្ញា ជា គន្ធីន យល់ថា បើមេដឹកនាំមិនគោរពពាក្យសច្ចៈទេ ពលរដ្ឋនឹងបាត់ទំនុកចិត្ត ហើយនាយករដ្ឋមន្ត្រីក៏បាត់បង់ប្រជាប្រិយភាពដែរ។ កញ្ញាចង់ឃើញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយបញ្ហាប្រទេសជាតិ ឱ្យប្រសើរឡើងវិញ ជាពិសេសគោរពពាក្យសន្យាបញ្ឈប់ការចាប់ចងមន្ត្រីបក្សប្រឆាំងតទៅទៀត៖ «ការនិយាយពីសច្ចៈផ្ទាល់ខ្លួន និយាយម៉ាត់ណា គឺធ្វើបែបហ្នឹង មិនមែននិយាយ បាត់ដៃខ្នងដៃ ដល់ពេលគាត់និយាយអ៊ីចឹង ការបាត់បង់ប្រជាប្រិយភាពក៏បាត់បង់ដែរ ប្រជារាស្ត្រលែងមានទំនុកចិត្តលើគាត់ ហើយមួយវិញទៀត គាត់ធ្វើឱ្យប្រទេស អាចជ្រួលច្របល់ ដោយសារពាក្យសំដីរបស់គាត់»។
ចំណែក ព្រះតេជព្រះគុណ ថា សារ៉ាត់ មានថេរដីកាថា សច្ចៈវាចានេះ គឺជាតម្លៃស្នូល ដ៏សំខាន់របស់មេដឹកនាំប្រទេស ដែលចាំបាច់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន។ ព្រះអង្គមានថេរដីកាបន្ថែមថា ក្នុងព្រះពុទ្ធសាសនា ប្រសិនបើ មេដឹកនាំ មិនអនុវត្តតាមការសន្យា ទេ នឹងបាត់បង់តម្លៃ ធ្វើឱ្យពលរដ្ឋអស់ជំនឿចិត្ត៖ «ទី១ បាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋ នៅពេលដែលខ្លួននិយាយលើកក្រោយ ឬអំពាវនាវលើកក្រោយ ឱ្យពលរដ្ឋចូលរួម គឺគាត់បាត់បង់ទំនុកចិត្ត នៅពេលយើង កុំបន្ទោសពលរដ្ឋ ត្រូវដឹងថា ទង្វើដែលយើងនិយាយ យើងមិនផ្ដល់តម្លៃខ្លួនឯង និងមិនប្រកាន់ពាក្យសច្ចៈ។ នេះជាផលអាក្រក់ គឺជាបាបកម្មមួយ ដែលយើងមិនគោរពពាក្យសំដីខ្លួនឯង»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា ការចាប់ខ្លួន សកម្មជនគណបក្សប្រឆាំងជាច្រើននាក់ នៅពេលថ្មីៗនេះ គឺដោយសារតែពួកគេ នៅតែបន្តធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល។ លោកថា សកម្មជននយោបាយណា ដែលមិនមានសកម្មភាពប្រឆាំងរដ្ឋាភិបាលទេ អាជ្ញាធរនឹងមិនចាប់ខ្លួនទេ៖ «អតីតបក្សប្រឆាំង ត្រូវបានរំលាយ ដោយតុលាការកំពូលហើយ។ អ៊ីចឹងទៅ ជាខ្មោចដែលខុសច្បាប់ ហើយអ្នកដែលគាំទ្រអ្នកខុសច្បាប់ អ្នកហ្នឹងក៏ខុសច្បាប់ដែរ។ យល់ទេ ? បើបងប្អូននៅក្នុងស្រុកក្តី និងនៅក្រៅក្តី ឈប់ធ្វើសកម្មភាព គ្មានអ្នករុកគួនអីគាត់ វាអត់ទេ។ វាខូចតែគាត់ធ្វើសកម្មភាព»។
ចាប់តាំងពីឆ្នាំ ២០២០ មកទល់ថ្ងៃទី២២ មេសា មានសកម្មជនបក្សប្រឆាំង ១២ នាក់ហើយ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន និងបញ្ជូនទៅតុលាការ ដោយចោទថា រួមគំនិតក្បត់ ញុះញង់ឱ្យយោធាមិនស្ដាប់បញ្ជា និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ កាលពីចុងឆ្នាំ ២០១៩ តុលាការបានដោះលែងសកម្មជនបក្សប្រឆាំងជាង ៧០ នាក់ នៅសល់ជាង ១០នាក់ទៀត មិនទាន់ដោះលែង បន្ទាប់ពីលោក ហ៊ុន សែន បញ្ជាឱ្យដោះលែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។